Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
(ឃ្លីបទី១) បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់! ដើម្បីសម្រួលទៅដល់ការបើកប្រទេសឡើងវិញសម្រាប់ការទទួលភ្ញៀវទេសចរ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើងដែលចេញទៅក្រៅប្រទេស និងត្រឡប់មកវិញ សម្រួលទៅដល់បងប្អូនយើងដែលកំពុងរស់នៅក្រៅប្រទេស ហើយចង់មកលេងស្រុកទេសដើម្បីជុំគ្រួសារ ហើយក៏សម្រួលទៅដល់ខាងផ្នែកវិនិយោគិនដែលមកដល់ក្នុងព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះ ខ្ញុំបានពិភាក្សាជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ពិនិត្យ និងស្រាវជ្រាវឃើញថា យើងចាំបាច់ត្រូវតែកែប្រែជាមួយនឹងអ្វីដែលយើងបានត្រៀមធ្វើរយៈពេលកន្លងទៅ និងបាននិងកំពុងអនុវត្ត។ មុននេះយើងបានអនុវត្តដោយរក្សាទុកធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ២ ដូស ហើយចំពោះ(អ្នក)ធុរកិច្ច និងគណៈប្រតិភូខ្មែរយើងនៅបរទេសត្រូវធ្វើចត្តាឡីស័ករយៈពេល ៣ ថ្ងៃ ឯការគ្រោងគិតអំពីទេសចរវ៉ាក់សាំងវិញគឺឲ្យធ្វើចត្តាឡីស័កនៅក្នុងតំបន់រយៈពេល ៥ ថ្ងៃ។ ឥឡូវនេះសភាពការណ៍លែងត្រូវហើយ ដោយសារកម្ពុជារបស់យើងគឺបានចាក់វ៉ាក់សាំងពេញលេញ អត្រាគ្របដណ្តប់រហូតទៅដល់ជិត ៨៨ ភាគរយនៃចំនួនប្រជាជន ១៦ លាននាក់។ ដូច្នេះ មិនមានតម្រូវការឲ្យធ្វើចត្តាឡីស័កទៀតទេ លើកលែងតែអ្នកមិនទាន់បានចាក់វ៉ាក់សាំង។ អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែល។ ប៉ុន្តែសម្រាប់អ្នកទាំងជនជាតិខ្មែរ ទាំងជនជាតិបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺមិនតម្រូវឲ្យធ្វើចត្តាឡីស័កទៀតទេ។ ប៉ុន្តែអ្នកទាំងអស់ដែលធ្វើដំណើរតាមផ្លូវអាកាសចុះទាំងនៅរាជធានីភ្នំពេញ ទាំងនៅខេត្តព្រះសីហនុ ទាំងនៅខេត្តសៀមរាប ត្រូវយកតេស្តធ្វើសំណាកដោយម៉ាស៊ីន PCR។ ក្នុងរយៈពេលនៃការរង់ចាំនៃការធ្វើតេស្តដើម្បីរកនូវអ្នកឆ្លងកូវីដ–១៩ អ្នកទាំងនោះត្រូវរង់ចាំតាមបែប ប្រសិនបើប្រជាជនកម្ពុជា គឺត្រូវទៅរង់ចាំលទ្ធផលនៅឯផ្ទះរបស់ខ្លួន។ សម្រាប់អ្នកវិនិយោគិនដែលមានគេហដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា…
ក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ, គណៈចាងហ្វាងនៃសាសនាឥស្លាម ថ្នាក់ដឹកនាំនៃសាសនាគ្រឹស្ត និងសាសនាដទៃទៀតដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសុំជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពឲ្យបានជ្រាប! (១)យកទំហំទីតាំងធំ ឬតូច ដើម្បីកំណត់ចំនួនមនុស្សចូលរួមពិធីអាពាហ៍ពិពាហ៍ បូកវិធានការសុខាភិបាល បន្ទាប់ពីការពិនិត្យឡើងវិញ ហើយដែលបានពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ខ្ញុំព្រះករុណាខ្ញុំ សុំធ្វើការណែនាំទៅដល់គ្រប់ស្ថាប័ន គ្រប់អាជ្ញាធរដែនដី ក៏ដូចជាចំពោះប្រជាពលរដ្ឋកម្ពុជាយើង មានចំណុច ២ សំខាន់។ ទី ១ កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសថា ឲ្យរៀបចំអាពាហ៍ពិពាហ៍ដោយកំណត់មនុស្សយ៉ាងច្រើន ២០០ នាក់ ដោយមិនគិតអ្នកផ្តល់សេវា។ ប៉ុន្តែក្រោយពីការពិនិត្យ បើការកំណត់បែបនេះគឺមិនសមស្របនោះទេ គឺយើងយកស្តង់ដានៃការអនុវត្តតាមវិធានសុខាភិបាល។ ឧទាហរណ៍ គម្លាតដែលត្រូវដាក់មួយតុចំនួន ៧ នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន។ គេអាចអញ្ជើញ ៥០០ នាក់ ៧០០ នាក់ ឬដូច ១.០០០ នាក់។ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សានូវគម្លាតទៅតាមតុដែលត្រូវបានរៀបចំ។ ទីកន្លែងធ្វើពិធីទៀតសោត គ្នាតិច ឬគ្នាច្រើន ក៏អាស្រ័យទៅលើការរក្សាគម្លាត ដែលអាចធ្វើទៅបាន តាមវិធានការសុខាភិបាល ព្រោះបើសិនយើងកំណត់ ២០០ នាក់ស្មើៗគ្នា…
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន; ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន; ឯកឧត្តមអគ្គលេខាធិការអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស ដែលបានចូលរួមជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងបរិបទបច្ចុប្បន្ននេះ, ក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរៀបចំយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, ពិភពលោក ក៏បាននិងកំពុងប្រឈមនឹងបញ្ហារួមជាច្រើន ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ជាដើម។ ក្នុងកម្រិតតំបន់, ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនេះ ប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាន, កម្ពុជាយល់ថា អាស៊ានត្រូវប្រកាន់ខ្ជាប់នូវ ទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន (“We Care, We Prepare, We Prosper”)។ ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង…