សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី!
លោក LU WEI និងប្រធានក្រុមហ៊ុន AIAI និងបុគ្គលិកទាំងអស់ ដែលបានចូលរួមការងារជាមួយយើង!
“តារារះនៅទិសឧត្តរ” … វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ខ្ញុំក៏សូមធ្វើគារវកិច្ច ចំពោះកម្មករ ទាំងកម្ពុជា/ចិន ដែលធ្វើការនៅទីនេះ។ ខ្ញុំក៏សូមថ្លែងពីទីនេះ ជូនចំពោះបងប្អូនជនរួមជាតិ ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ចេញពីទឹកដីនៃខេត្តសៀមរាប។ ថ្ងៃនេះ យើងទាំងអស់គ្នា បានមកពិនិត្យវឌ្ឍនភាពនៃការកសាងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយនៅថ្ងៃស្អែកនេះ សម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវ(ចំនួន) ៣៨ ខ្សែ នៅឯទីក្រុងសៀមរាប។ ខ្ញុំគិតថា វាល្មមដល់ពេល ដែលយើង ត្រូវប្រកាសថា “តារារះនៅទិសឧត្តរ” បន្ទាប់ពីយើងបានប្រកាស “តារារះនៅទិសនិរតី” ដែលសំដៅទៅលើតំបន់ឆ្នេរ ដែលជាតំបន់ទេសចរណ៍របស់យើង។
បន្ទាប់ពីរបាយការណ៍របស់ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ហើយបន្ទាប់ពីយើងបានឃើញផ្ទាល់ភ្នែកនូវការដ្ឋានដែលបានសាងសង់រួចមកហើយ ជាពិសេស ផ្លូវរត់និងការដ្ឋានមួយចំនួនផ្សេងទៀត យើងមានការជឿជាក់ចំពោះវឌ្ឍនភាពដែលបានកើតរួចមកហើយ បើទោះបីជា មានការលំបាកនៅក្នុងដំណាក់កាលកូវីដ-១៩ ដែលធ្វើឱ្យរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារបរិក្ខារមកកាន់ទីនេះ។ បើទោះបីមានការរអាក់រអួលបែបនេះ ឃើញថាក្រុមហ៊ុនក៏ដូចជា គណៈកម្មការសាងសង់នៅតែសម្រេចឱ្យបាន ដើម្បីឈានទៅបើកឱ្យប្រើប្រាស់នៅក្នុងឆ្នាំ ២០២៣ ខាងមុខ។
ខ្ញុំគួរតែរំលឹកថា កិច្ចការទាំងឡាយដែល ឯកឧត្តម តឹករ៉េត សំរេច បានរាយការណ៍អម្បាញ់មិញ គម្រោងមួយនេះ មិនមែនជាគម្រោងតូចតាចទេ។ ជាគម្រោងធំហំធំ ហើយដែលការចុះហត្ថលេខានោះ (ប្រព្រឹត្តទៅ)ក្រោមអធិបតីភាពរបស់ប្រធានាធិបតី Xi Jinping ជាមួយនឹងខ្ញុំ ក្នុងដំណើរទស្សនកិច្ចរបស់គាត់នៅព្រះរាជាណាចក្រកម្ពុជាក្នុង ឆ្នាំ ២០១៦។ យើងនឹងមានអាកាសយានដ្ឋានថ្មីមួយនៅឯខេត្តសៀមរាបរបស់យើង។
សង់ព្រលានយន្តហោះថ្មី ដើម្បីទទួលការចុះចតយន្តហោះធុនធំ ពង្រីកសមត្ថភាពអគារទទួលអ្នកដំណើរ
ខ្ញុំក៏ចង់យកឱកាសនេះ ដើម្បីនឹងធ្វើការជម្រាបជូន ចំពោះប្រជាពលរដ្ឋកម្ពុជារបស់យើងឱ្យបានជ្រាបថា … នៅសៀមរាប មានព្រលានយន្តហោះរួចហើយ តើចាំបាច់អ្វីក្នុងការកសាងព្រលានយន្តហោះមួយទៀត? សូមជម្រាបថា ព្រលានយន្តហោះសៀមរាប ដែលយើងប្រើរយៈពេលកន្លងទៅ និងកាលពីមុនចាត់ទុកថាជាព្រលានយន្តហោះធំ។ ប៉ុន្តែ នៅពេលដែលយន្តហោះ(ត្រូវបានសង់)កាន់តែធំ (ធ្វើឲ្យ)ព្រលានយន្តហោះរបស់យើង មិនអាចទទួលយន្តហោះធុនធំចុះចតបាន។ ម្ខាងគឺ ផ្លូវរត់វា(មានចម្ងាយ)តិច/ទាប និងមិនអាចទ្រទម្ងន់ ដែលយន្តហោះខ្នាតធំចុះបាន។ ម្ខាងទៀត អ្នកបច្ចេកទេសមានការកង្វល់ពាក់ព័ន្ធជាមួយនឹងបេតិកភណ្ឌប្រវត្តិសាស្ត្រ គឺប្រាង្គប្រាសាទអង្គរវត្ត។
ដូច្នេះ បានជាយើងត្រូវជ្រើសរើសនៅទីកន្លែងនេះ ដែលមានចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ហើយនិង ៤០ គីឡូម៉ែត្រពីព្រលានយន្តហោះសៀមរាប ដើម្បីយើងធានាថាវាសុវត្ថិភាពដល់បេតិកភណ្ឌប្រវត្តិសាស្ត្រ។ មានអ្នកជំនាញខ្លះគេបារម្ភ មិនមែនគ្រាន់តែបញ្ហាសម្លេងយន្តហោះទេ ក៏ប៉ុន្តែនៅពេលដែលយន្តហោះចុះចត គឺប៉ះទង្គិចទៅដី ដែលអាចរង្គោះរង្គើទៅដល់ប្រាង្គប្រាសាទ។ ខ្ញុំមិនច្បាស់ទេ(អំពីការអះអាងនេះ)។ ខ្ញុំនិយាយតាមអ្នកបច្ចេកទេសខ្លះដែលគេបានលើក។ ព្រលានយន្តហោះនោះទៀតសោត (អាចទទួលឲ្យ)ចុះចតបាន តែយន្តហោះធុនតូច ដែលមកដល់ពេលនេះយើងអាចថា Boeing 737, Airbus 320, 321, 319 ឬអាចធំជាងនោះបន្តិចបន្តួច។ សម្រាប់យន្តហោះធុនធំ គឺមិនអាចចុះចតបានទេ។
(អាកាសយានដ្ឋានថ្មី)នេះជាទីកន្លែងសម្រាប់ការចុះចតនៃយន្តហោះធុនធំដែលធ្វើដំណើរលើសពី ១០ ម៉ោង។ បច្ចុប្បន្ននេះ យន្តហោះអាចធ្វើដំណើរ ដូចជាពីសាំងហ្គាពួរទៅអាមេរិក ឬក៏ទៅអឺរ៉ុប។ គេតភ្ជាប់ពីបាងកកទៅអឺរ៉ុប ឬទៅអាមេរិក ដោយហោះក្នុងរង្វង់ ១៣ ម៉ោង ឬ ១៤ ម៉ោង។ អញ្ចឹង យើងក៏អាចមានលទ្ធភាពទទួល(ការចុះចតនិងហោះឡើង)នៅព្រលានយន្តហោះរបស់យើងនៅទីនេះ។ នៅទីក្រុងភ្នំពេញក៏ដូចគ្នា ព្រលានយន្តហោះចាស់ ទទួលឲ្យចុះចតបានយន្តហោះធុនធំហើយ ក៏ប៉ុន្តែសមត្ថភាពទទួលភ្ញៀវវាមិនគ្រប់។ ដូច្នេះ បានជាយើងកំពុងធ្វើព្រលានយន្តហោះមួយទៀតនៅខេត្តកណ្តាល។ ករណីនេះវាដូចគ្នា សំរាប់ខេត្តសៀមរាប លើកលែងតែខេត្តព្រះសីហនុ ដែលមានតម្រូវការធ្វើពីស (piste) បន្ថែម សម្រាប់ការចុះចតយន្តហោះធុនធ្ងន់។
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវផ្តល់សំណងសមរម្យទៅក្រុមហ៊ុនបារាំង
ឥឡូវ ទាក់ទិននឹងបញ្ហាការសាងសង់នៅទីនេះ (សួរថា)តើមានការខុសគ្នាយ៉ាងណា រវាង(ការសាងសង់)ព្រលានយន្តហោះទាំងបី ដែលយើងកំពុងតែទទួលការចូលរួមវិនិយោគនិងការគ្រប់គ្រងនៃក្រុមហ៊ុនបារាំង ជាមួយនឹងព្រលានយន្តហោះថ្មីមួយនេះ(ដែលសាងសង់ដោយក្រុមហ៊ុនចិន) តើមានចំណុចខុសគ្នាកន្លែងណា? ព្រលានយន្តហោះដែលយើងធ្វើជាមួយបារាំង គឺយើងមិនប្រើប្រាស់ភាសាទាំងស្រុងថា យកម្សៅរបស់យើងធ្វើនំឱ្យយើងស៊ីទេ។ ប៉ុន្តែ ម្សៅរបស់យើងមួយភាគធំត្រូវបានគួបផ្សំជាមួយម្សៅរបស់បារាំងធ្វើនំឱ្យខ្មែរស៊ី។ បានសេចក្តីថា យើងមានព្រលានយន្តហោះកំពុងតែដំណើរការ ប៉ុន្តែយើងខ្វះទុនវិនិយោគ។
យើងក៏បានហៅបារាំង ដើម្បីចូលរួមក្នុងការវិនិយោគ ដើម្បីពង្រឹងសមត្ថភាព(ការទទួលយន្តហោះនិងការទទួលអ្នកដំណើរ) ព្រមជាមួយការកសាងមូលដ្ឋាន(អាកាសយានដ្ឋានព្រលានយន្តហោះសៀមរាបចាស់) ដើម្បីបម្រើទៅឱ្យការអភិវឌ្ឍប្រទេសរបស់យើង។ អញ្ចឹងមានន័យថា ម្សៅរបស់យើងពាក់កណ្ដាល ឬអាចជាងពាក់កណ្ដាលរួមជាមួយម្សៅបារាំង គឺត្រូវបានធ្វើនំសម្រាប់ប្រជាជនកម្ពុជាទទួលទាន រាប់ទាំងព្រលានយន្តហោះសៀមរាបនេះ … កាលណាបារាំងដេញថ្លៃបានព្រលានយន្តហោះនៅទីក្រុងភ្នំពេញ បារាំងត្រូវមានសិទ្ធតាមគ្រប់គ្រងព្រលានយន្តហោះនៅខេត្តសៀមរាបនិងខេត្តព្រះសីហនុ។
(ចំពោះការសាងសង់អាកាសយានដ្ឋានថ្មី)នៅកន្លែងនេះ យើងត្រូវតែមានសំណងសមរម្យមួយទៅឱ្យបារាំង ដែលសង្ឃឹមថា បារាំងនឹងមិនទារយើងថ្លៃហួសហេតុ បន្ទាប់ពីផុតពីការទទួលផលពីព្រលានយន្តហោះដ៏តូច ដែលស្ថិតនៅក្នុងខេត្តសៀមរាបរបស់យើងនោះទេ។ និយាយយ៉ាងដូច្នេះ ខ្ញុំមិនមែនបន្តុះបង្អាប់ចំពោះក្រុមហ៊ុនបារាំង ដែលបានចូលរួមជាមួយយើងក្នុងការអភិវឌ្ឍកម្ពុជាទេ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សង់តាមរបៀប BOT និង ៥៥ ឆ្នាំក្រោយជារបស់កម្ពុជាទាំងស្រុង
ខ្ញុំគ្រាន់តែបញ្ជាក់អំពីចំណុចខុសគ្នារវាងព្រលានយន្តហោះ(សាងសង់ថ្មី)នៅសៀមរាប ដែលយើងកំពុងនៅទីនេះ ជាមួយនឹងព្រលានយន្តហោះទាំង ៣ ដែលយើងធ្វើជាមួយបារាំង។ ឯ(ព្រលាន)យន្តហោះដែលនៅកន្លែងនេះ BOT ដូចគ្នា ប៉ុន្តែម្សៅរបស់ចិនយកមកធ្វើនំឱ្យយើងស៊ីស្ទើរតែទាំងស្រុង។ យើងគ្រាន់តែមានដីទេ។ ៥៥ ឆ្នាំក្រោយ ព្រលានយន្តហោះ និងផ្លូវថ្នល់ទាំងនេះ ត្រូវប្រគល់មកឱ្យកម្ពុជាដាច់វិញតែម្ដង។ អញ្ចឹងខាងចិននាំទុនប្រមាណជិត ១ ពាន់លានដុល្លារ មកវិនិយោគនៅទីនេះ ក្នុងដំណាក់កាលដំបូង ប៉ុន្តែ ៥៥ ឆ្នាំក្រោយ គឺព្រលានយន្តហោះនេះត្រូវប្រគល់ឱ្យយើង ទាំង High Ways ផ្លូវចេញពីហ្នឹងទាំងអស់។ ពេលនោះយើងជាម្ចាស់កម្មសិទ្ធ។
អញ្ចឹងស្ថានភាពវាមិនដូចគ្នារវាងព្រលានយន្តហោះពោចិនតុង សៀមរាប ព្រះសីហនុដែលជាព្រលានយន្តហោះរបស់យើង ហើយដែលយើងចាត់ទុកថាជាម្សៅរបស់យើងទេ។ អ្នកខ្លះប្រើពាក្យជ្រុលហួសថាម្សៅរបស់យើងធ្វើនំឱ្យយើងស៊ីវិញ។ ម្សៅរបស់ខ្មែរ តែបារាំងយកម្សៅយើងធ្វើនំឱ្យយើងស៊ី។ ខ្ញុំមិននិយាយអញ្ចឹងទេ ម្សៅរបស់យើងខ្លះបូកជាមួយម្សៅបារាំងធ្វើនំឱ្យខ្មែរស៊ី។ ឥឡូវនៅកន្លែងនេះ ម្សៅយើងតិចតួចណាស់។ យើងមានធនធានដី។ ដីនេះជារបស់កម្ពុជា។ ចិនយកថវិកាមកវិនិយោគនៅកន្លែងនេះ។
៥៥ ឆ្នាំក្រោយ គឺកន្លែងនេះនៅតែជារបស់កម្ពុជា។ ហ្នឹងគេហៅថាវិនិយោគតាមរបៀប BOT គឺកសាង ប្រតិបត្តិការ និងផ្ទេរ ឬ Build, Operate and Transfer។ នេះជាចំណុចយើងចង់បានអំពីការវិនិយោគពីខាងក្រៅ។ វាជាភ័ព្វសំណាងដែលយើងមានទំនាក់ទំនងល្អជាមួយមិត្តចិន ហើយត្រូវបានជម្រុញដោយប្រធានាធិបតីរបស់ចិនតែម្ដង។ យើងបានទទួលក្រុមហ៊ុន ៣ ដែលចូលរួមជាមួយគ្នាក្នុងការកសាងព្រលានយន្តហោះនេះ។
ប្រុងប្រៀបការផ្គត់ផ្គង់ទឹក អគ្គិសនី និងការរៀបចំក្រុង
ខ្ញុំសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ដូចដែលឯកឧត្តម តឹករ៉េត សំរេច បានរៀបរាប់ដែលបានជួយសម្រួលកិច្ចការទាំងឡាយដែលមាននៅទីនេះ ហើយដែលកំពុងត្រូវធ្វើកិច្ចការបន្ត ដើម្បីចង្អុលទិសនិងអ្វីៗ ដែលព្រលានយន្តហោះនេះត្រូវដំណើរការ។ ដូចជាបញ្ហាការផ្គត់ផ្គង់ទឹកស្អាតមកកាន់ទីនេះ។ ទីនេះមិនទាន់មានទឹកគ្រប់គ្រាន់ទេ។ ម្សិលមិញឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានរាយការណ៍ឱ្យខ្ញុំ ទឹកនៅតំបន់នេះមិនទាន់គ្រប់គ្រាន់ទេ។ រដ្ឋាករទឹកខេត្តសៀមរាបត្រូវទទួលខុសត្រូវដើម្បីផ្គត់ផ្គង់(ទឹក)មកកាន់ទីនេះ។ បើយោងទៅលើការប៉ាន់ស្មានរបស់យើង វាមិនមែនគ្រាន់តែមានព្រលានយន្តនោះប៉ុណ្ណឹងទេ អាចមានកូនក្រុងរណបនៅជាប់ផ្នែកខាងជើងនេះ។
តំបន់នេះអាចនឹងក្លាយទៅជាក្រុងមួយថែមទៀតនៅពេលក្រោយ។ ពេលនោះផ្នែក(ក្រសួង)មហាផ្ទៃត្រូវគិតគូរថាត្រូវបង្កើតជាក្រុង។ យើងមានរបៀបចាត់តាំងរបស់យើង គឺមានស្រុក/ខណ្ឌ ក្រុង ដែលសំដៅទៅដល់ទីប្រជុំជនដែលមានមនុស្សច្រើន។ អញ្ចឹងជួនកាលអាចព្រលានយន្តហោះនិងតំបន់មួយចំនួន ក្លាយជាតំបន់លំនៅឋានដែលមានការអភិវឌ្ឍត្រូវរៀបចំជាកូនក្រុងមួយទៀត ដែលមានលក្ខណៈសម្បត្តិស្មើនឹងស្រុក។ ផ្នែកអគ្គិសនីបានជួយសម្រួលទាក់ទងនឹងការផ្គត់ផ្គង់អគ្គិសនី … ខ្ញុំសូមអបអរសាទរ ហើយសូមអរគុណជាមួយនឹងការយកចិត្តទុកដាក់ទាំងឡាយ ដើម្បីសម្រួលឱ្យការវិនិយោគនៅទីនេះទទួលបានជោគជ័យ។
គ្រោងទទួលទេសចរពី ៧ ទៅ ២០ លាននាក់ នៅសៀមរាប
សូមកុំភាន់ច្រឡំថា ការវិនិយោគនៅទីនេះ ផ្ដល់ផលប្រយោជន៍ត្រឹមតែក្រុមហ៊ុនចិន … យើងត្រូវការទទួលនូវទេសចរក្នុងទំហំធំនៅពេលក្រោយ។ យើងធ្លាប់បានទទួលរួចមកហើយនូវទេសចរចំនួនជិត ៧ លាននាក់ មុនសម័យកូវីដ-១៩។ បើសិនជា កូវីដ-១៩ កុំកើត ប្រហែលជាមកដល់ពេលនេះ កម្ពុជាមានទេសចរប្រមាណជិត ១០ លាននាក់ទៅហើយ បើយោងទៅលើចំនួនកើនឡើង។ ឥឡូវនេះ យើងគ្រោងបម្រុងទុក ដំណាក់កាលទីមួយ នៅព្រលានយន្តហោះសៀមរាបនេះ យើងត្រូវទទួលចំនួន ៧ លាននាក់។ ដំណាក់កាលទី ២ ពង្រីកដល់ ១០ លាននាក់។ ដំណាក់កាលទី ៣ ដល់ ២០ លាននាក់។ ៧ លាននាក់ ឬ ១០ លាននាក់ ឬ ២០ លាននាក់ គឺក្នុងមួយឆ្នាំ។ អញ្ចឹងសមត្ថភាពនៃការទទួលនៅព្រលានយន្តហោះសៀមរាបមិនគ្រប់គ្រាន់ទេ។ យើងត្រូវមានព្រលានយន្តហោះទំនើបដែលទ្រទ្រង់បានចំនួនអ្នកធ្វើដំណើរដ៏ច្រើនមកកាន់ព្រះរាជាណាចក្រកម្ពុជា។
កន្លងទៅអ្នកធ្វើដំណើរតាមយន្តហោះធុនធំ គឺត្រូវចុះនៅភ្នំពេញសិន ទើបត្រូវធ្វើដំណើរតាមយន្តហោះបន្តទៀតមកកាន់ខេត្តសៀមរាប។ ប៉ុន្តែនៅពេលដែលព្រលានយន្តហោះធុនធំនេះចុះចតបាន ភ្ញៀវទេសចរដែល(ធ្វើដំណើរ)មកពីចំងាយ(ដោយ)យន្តហោះធំ អាចចុះចតនៅទីនេះ រាប់ទាំងយើងត្រូវធ្វើជាម្ចាស់ផ្ទះការប្រជុំអាស៊ាន ដែលពេលនោះ ដៃគូរបស់យើងមកពីចម្ងាយ យន្តហោះសុទ្ធតែធុនធំ អាចប្រជុំនៅសៀមរាបបាន។ កន្លងទៅ កាលពីឆ្នាំ ២០១២ ខ្ញុំក៏ចង់ប្រជុំអាស៊ាននៅទីក្រុងសៀមរាបដែរ ក៏ប៉ុន្តែយើងធ្វើទៅវាមិនរួច ដោយសារតែដូចជា ប្រធានាធិបតីអាមេរិក ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រីជប៉ុន នាយករដ្ឋមន្ត្រីរបស់ចិន សុទ្ធតែធ្វើដំណើរដោយយន្តហោះធុនធំ។ អញ្ចឹងធុនធំទៅចុះនៅសៀមរាបចុះយ៉ាងម៉េចបាន? ថ្ងៃក្រោយ យើងនឹងហ៊ានធ្វើប្រជុំអាស៊ាននៅសៀមរាបតែម្តង ដោយព្រលានយន្តហោះរបស់យើងអាចទទួលបានអ្នកមកពីចម្ងាយ។
ប៉ូល ៤ នៃកម្ពុជា៖ ភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប និងភូមិភាគឦសាន
ការកសាងនៅកន្លែងនេះ វាជំរុញឲ្យការអភិវឌ្ឍនៅទិសឧត្តរ ដែលខ្ញុំសូមយកឱកាសនេះប្រកាសថា តារារះនៃទិសឧត្តរមួយទៀត។ វាល្មមដល់ពេលដែលយើងត្រូវនិយាយយ៉ាងដូច្នេះ ដោយសារយើងមានវឌ្ឍនភាពច្រើន លើការតភ្ជាប់រវាងទីក្រុងភ្នំពេញមកកាន់សៀមរាប និងពីសៀមរាបទៅកាន់ខេត្តបន្ទាយមានជ័យ និងបាត់ដំបង បូកជាមួយនឹងការដែលយើងដាក់ទុនច្រើនចូលទៅទីរួមខេត្តសៀមរាប ក៏សាងនូវហេដ្ឋារចនាសម័្ពន្ធទ្រទ្រង់ដ៏ល្អ នៅក្នុងទីរួមខេត្តដែលដាក់សម្ពោធនៅកន្លែងនោះ។ យើងកំពុងតែសាងសង់នូវអាកាសយានដ្ឋានអន្តរជាតិខ្នាតយក្សនៅខេត្តសៀមរាបនេះ។ ដូច្នេះវាបម្រើឲ្យការអភិវឌ្ឍនៅតំបន់ឧត្តរ ដែលក្នុងនោះអាចគ្របដណ្តប់ ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ ហើយអាចផ្នែកមួយនៃខេត្តព្រះវិហារ … ប្រទេសយើងបានបែងចែកទៅជាប៉ូល ៣៖ ប៉ូលទី ១ ទីក្រុងភ្នំពេញ ប៉ូលទី ២ គឺខេត្តព្រះសីហនុ និងប៉ូលទី ៣ គឺខេត្តសៀមរាប។ នៅសល់ ប៉ូលទី ៤ មួយទៀត ដែលនឹងអាចជាតារារះនៃទិសឦសាន គឺសម្រាប់ខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង នៅខាងនោះ។
សៀមរាបនៅជាសមរភូមិប្រយុទ្ធក្នុងឆ្នាំ ១៩៩៣ សម័យ UNTAC
ចំណុចនេះ ទោះបីកន្លែងនេះជាទឹកដីនៃអតីតសមរភូមិប្រយុទ្ធក៏ដោយ កុំថាឡើយជំនាន់ទសវត្សរ៍ ៨០ សូម្បីតែជំនាន់ អ៊ុនតាក់ ក៏យើងពិបាកមកនៅកន្លែងនេះដែរ។ សៀមរាបនេះ មកដល់ក្នុងខែ មីនា ឆ្នាំ ១៩៩៣ ហើយ ខ្មែរក្រហម នៅវាយចូលសៀមរាបនៅឡើយទេ។ វាយកាត់ព្រលានយន្តហោះសៀមរាបតែម្តង។ ពេលនោះ (ប្រមុខ UNTAC លោក Yasushi) Akashi ស្នើសុំអន្តរាគមន៍។ ខ្ញុំប្រាប់ Yasushi Akashi ថា បើសិនជាអ្នកឯងមិនអាចគ្រប់គ្រងអ្នកនាំពាក្យ UNTAC ឈ្មោះ Eric Falt បានទេ ខ្ញុំបណ្តោយឲ្យខ្មែរក្រហមវាយចូលបន្ទាយ UNTAC។ UNTAC ពេលនោះ មួយចំនួនត្រូវររបួស មិនមែនដោយសារគ្រាប់ទេ តែគឺរត់បុកក្បាលរបួស(ពេលចូលលេណដ្ឋាន)។
ពេលនោះ ខ្ញុំឲ្យបង ហោ ណាំហុង បញ្ជាក់ទៅ Akashi គ្រប់គ្រង Eric Falt បានអត់? ព្រោះអញ្ចេះ ខ្មែរក្រហមមកវាយឯង ទីចុងបំផុត UNTAC ប្រកាសថា ខ្មែរក្រហមនិងរដ្ឋកម្ពុជា រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់។ វាគួរតែថ្កោលទោសខ្មែរក្រហមម្នាក់ឯង។ មកថ្កោលទោសទាំងឯងអត់ដឹងអីផង។ កាលហ្នឹងខ្ញុំថា ខ្ញុំអត់ទាន់ឲ្យយោធភូមិភាគទី ៤ ចេញទេ។ កាលហ្នឹងថាកុំអាលចេញទុកឲ្យវាយបន្តិចទៀត។ ប៉ុន្តែមើលទៅទ្រាំមិនបាន។ ក្រែងលោវាវាយយកមែនទែន។ កាលហ្នឹងនៅ ឡុង សុភាព។
ឥឡូវមានទៅព្រួយអីកន្លែងហ្នឹង។ យើងមកអង្គុយនៅកន្លែងនេះ ដោយគ្មានគ្រាប់ផ្លោង ឬក៏ត្បាល់អីបាញ់ចូលមកកន្លែងនេះទេ។ ពីដើម ភ្នំគូលែនហ្នឹង ឆ្នាំ ១៩៩៥, ១៩៩៦, ១៩៩៧ អត់ហ៊ានទាន់ឡើងទេ (ហើយ)បាញ់ឧទ្ធម្ភាគចក្រ។ ឥឡូវនេះអត់ទេ។ មកដល់ម៉ោងនេះ ខ្ញុំអត់ដែលបានឡើងភ្នំគូលែនបានម្តងទេ។ មិនដឹងថា ជាតិមុនវាមកពីអី? ភ្នំគូលែននេះ(ទី)មួយ គិរីរម្យនេះ(ទី)ពីរ អត់ដែលបានទៅ។ ដល់ទៅបាន ទៅបា្រសាទព្រះវិហារឯណោះវិញ។ កន្លែងគេថាស័ក្តិសិទ្ធិ ហើយកន្លែងសប្បាយរីករាយ ទៅឯងអត់បានទៅ។ មិនដឹងថាមកពីឆុងឆ្នាំឬយ៉ាងម៉េចអីយ៉ាងម៉េច បានជាភ្នំគូលែនអត់ទាន់បានទៅដល់ ឬចាំដល់អាយុប៉ុន្មានបានទៅដល់? ហើយគិរីរម្យក៏ដូចគ្នា។
នយោបាយឈ្នះឈ្នះ បង្កើតបានសន្តិភាព ប្រែក្លាយអតីតសមរភូមិជាតំបន់អភិវឌ្ឍន៍
ប៉ុន្តែបើទោះបីខ្ញុំមិនទៅដល់ហ្នឹង ប៉ុន្តែខ្ញុំដឹងភូមិសាស្ត្រ ទាក់ទងទៅនឹងប្រវត្តិនៅក្នុងតំបន់នេះ គឺជាតំបន់នៃការប្រយុទ្ធ។ ជាអតីតសមរភូមិ។ អញ្ចឹងវាស្ថិតនៅក្នុងចំណោមគោលដៅ ដែលខ្ញុំប្រែក្លាយពីអតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ឥឡូវមិនមែនគ្រាន់តែជាតំបន់ដាំដុះ ដែលយើងមកតាមផ្លូវឃើញប្រជាពលរដ្ឋដាំដុះ ធ្វើស្រូវនោះទេ ឥឡូវនេះព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាប ដែលហ្នឹងប្រមូលផ្តុំនូវសំណង់ផ្សេងៗ បានកើតនៅក្នុងទឹកដីសៀមរាប នៅក្នុងស្រុកសូទ្រនិគមរបស់យើងនេះ។ មិនមែនជាការចៃដន្យទេ ដែលយើងធ្វើបានដូចនេះ។
វាចេញមកពីការខិតខំរបស់យើង នាំប្រទេសចេញពីសង្គ្រាមមកកាន់ទឹកដី ដែលមានការឯកភាពជាតិ និងឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ។ តាមរយៈនៃសន្តិភាពនេះ យើងទាញយកផលប្រយោជន៍ពីសន្តិភាពដែលយើងរកបានដោយពិបាកដើម្បីអភិវឌ្ឍ។ នៅទីនេះ ក្រុមហ៊ុនបានដាក់ទុករាប់រយលានដុល្លាររួចស្រេចទៅហើយ។ គ្រាន់តែផ្លូវរត់មួយនេះ តើវាត្រូវអស់ប៉ុន្មានសិបលានទៅ? មិនមែនជារឿងលេងទេ។ ហើយមិនមែនធ្វើកូនខ្ទមទេ។ សុទ្ធតែអគារត្រូវរឹងមាំណាស់ដើម្បីធានាសុវត្ថិភាពព្រលានយន្តហោះអន្តរជាតិមួយ ដែលចុះដោយយន្តហោះធុនធំ។ មានតាំងហើយស្រេចហើយ តាំងពីពោងប្រេង តាំងពីសម្ភារបញ្ជាស្អីៗ ផ្នែករ៉ាដា និយាយរួមខ្នាតប្រទេសគេយ៉ាងម៉េច គឺយើងអញ្ចឹងដែរ។
យើងត្រូវបន្តរួមគ្នាទៀតដើម្បីធ្វើកិច្ចការនេះ។ ផ្នែកទឹកត្រូវបន្តដោះស្រាយទឹក ផ្នែកអគ្គិសនី ជំហានទី ១ សម្រេច ៥ មេហ្គាវ៉ាត់ ត្រៀម ១៦ មេហ្គាវ៉ាត់។ ដំណាក់កាលដំបូង ៥ មេហ្គាវ៉ាត់។ អាហ្នឹងសម្រាប់តែព្រលានយន្តហោះទេ? ប៉ុន្តែ ឧទាហរណ៍ថាស្រាប់តែមានកូនក្រុងកើតឡើងនៅម្តុំហ្នឹង វាត្រូវតែគ្រប់គ្រងបន្ថែម (១៦ មេហ្គាវ៉ាត់គ្រប់)។ ទឹកមិនអាចយកតាមកូនស្រះមកប្រើប្រាស់ទេ … ត្រូវតែមានបំពង់បង្ហូរទឹកធុនធំដើម្បីបញ្ជូនទឹកយកមកប្រើប្រាស់នៅព្រលានយន្តហោះនេះ។ ការធ្វើផ្លូវ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានរាយការណ៍ ដើម្បីកុំឲ្យវាកកស្ទះ ទៅពីនេះ high way ទៅដល់អាផ្លូវជាតិលេខ ៦។ វាតូច អញ្ចឹងត្រូវភ្ជាប់ពីអាផ្លូវហ្នឹងចូលទៅកាន់ក្រុងសៀមរាបត្រូវតែ ៤ គន្លងទៀត។ ពង្រីកពី ២ គន្លងទៅ ៤ គន្លង។ បើមិនអញ្ចឹងវាទៅកដបនៅឯផ្លូវជាតិលេខ ៦។ អញ្ចឹងត្រូវពង្រីកអាផ្លូវជាតិលេខ ៦ ឲ្យទៅជា ៤ គន្លង។
គំរោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ស្រាយការងារធ្វើពេលសាងសង់និងពេលប្រតិបត្តិការ
ខ្ញុំសុំកោតសរសើរចំពោះក្រុមហ៊ុន ក៏ដូចជាកម្មករ កម្មការិនី ទាំងខ្មែរ ទាំងចិនដែលធ្វើការនៅទីនេះ ដែលបានខិតខំធ្វើកិច្ចការទាំងឡាយ ប៉ុន្តែកិច្ចការនោះ ម្ខាងយើងដោះស្រាយការងារធ្វើបាន ដែលទទួលបាននូវប្រាក់ចំណូល ដោះស្រាយការងារធ្វើនៅក្នុងស្រុកតាមរយៈក្រុមហ៊ុនវិនិយោគ។ ឥឡូវមាន(កម្មករ បុគ្គលិក) ១៩០០ នាក់ ក្នុង ១៩០០ នាក់ មានទាំងខ្មែរ មានទាំងចិន ប៉ុន្តែ ខ្មែរភាគច្រើន។ ចិនមិនច្រើនប៉ុន្មានទេ។ គេត្រូវការអ្នកបច្ចេកទេសប៉ុណ្ណោះ។ អញ្ចឹងជាផ្នែកមួយនៃការដោះស្រាយការងារធ្វើ។ ពេលព្រលានយន្តហោះប្រតិបត្តិការ វាមានតម្រូវការការងារធ្វើ មិនមែនជនជាតិចិនទេ ប៉ុន្តែភាគច្រើនជនជាតិខ្មែរយើង … ពេលនោះសូម្បីអ្នកលក់ដូរ គេត្រូវមកជួលលក់ដូរពេញហ្នឹង។ ហ្នឹងជាផ្នែកមួយនៃការអភិវឌ្ឍប្រទេស។ គ្មានជម្រើសណាផ្សេងទេ។
កម្ពុជាអត់ត្រូវការយោធាបរទេសទេ ត្រូវការទេសចរបរទេសច្រើន
អ្នកវិភាគទាំងឡាយ តិចនាំគ្នាវិភាគថា អា(កាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ)នេះ ជាមូលដ្ឋានសម្រាប់ចុះយន្តហោះចិន។ តិចនាំគ្នាវិភាគអាធុនហ្នឹង។ បើគេចង់ចុះ និយាយឲ្យត្រង់តែម្តងទៅ គេចុះពោធិ៍ចិនតុងក៏បានដែរ។ គេចុះនៅទីណាក៏បានដែរ បើសិនជាគេចង់ចុះ។ ឧបមាថាគេបើកប្រតិបត្តិការយោធា អញ្ចឹងចុះគេចុះនៅទីណាក៏គេចុះបានដែរ។ សង្ឃឹមថាអ្នកធ្វើអត្ថាធិប្បាយនិងអ្នកវិភាគ មិនចាត់ទុកការធ្វើព្រលានយន្តហោះអន្តរជាតិសៀមរាបនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពយោធាចិននៅក្រៅប្រទេស(នោះទេ)។ ផ្ញើសារជូនទុកឲ្យហើយ។ កុំឲ្យវិភាគបែបឆ្កួត។ កម្ពុជាអត់ត្រូវការយោធាបរទេសទេ។ ត្រូវការទេសចរបរទេសមកឲ្យច្រើន។ ដំណាក់កាលទីមួយ ៧ លាននាក់។ បើថាសមត្ថភាពទទួលផុតអស់ពី ៧ លាននាក់ហើយ ត្រូវពង្រីកឡើងទៅ ១០ លាននាក់។ បើ ១០ លាននាក់នៅតែមិនទាន់គ្រប់ ពង្រីកឲ្យដល់ ២០ លាននាក់ ដូចការគ្រោងទុក។
សង្ឃឹមថា អ្នកវិភាគមិនវិភាគទៅជ្រុល។ ឲ្យតែធ្វើជាមួយចិន ដឹងតែដាក់កងទ័ពឲ្យចិនតែម្តង? បរទេសខ្លះទៅ ខ្មែរខ្លះទៅ។ នេះយូរៗទៅ ចូលក្បួនឡប់។ បើនិយាយគិតពីយុទ្ធសាស្រ្តយោធាវិញ ព្រលានយន្តហោះមានស្រាប់ចុះបានម៉េចមិនចុះ? និយាយតាមអញ្ចេះតែម្តងទៅ។ ខ្លះគេថា ព្រលានយន្តហោះនៅតារាសាគរ ជាព្រលានយន្តហោះមួយសម្រាប់ទទួលយោធាចិន។ ម៉េចក៏មិនចុះនៅព្រលានយន្តហោះកងកេងបណ្តោយទៅ វាស្រួល។ បើបានជ្រុលថាមួលបង្កាច់ហើយ មួលបង្កាច់ឲ្យវាច្បាស់ហ្មងថា ព្រលានយន្តហោះទាំងអស់នៅស្រុកខ្មែរត្រៀមចុះយោធាចិនទាំងអស់។ អញ្ចឹងតែម្តងទៅ។ និយាយឲ្យវាហើយតែម្តងទៅ ព្រោះគង់តែពួកនេះដើរដល់កន្លែងហ្នឹង។
មិនត្រូវការទ័ពបរទេសណាទាំងអស់ ប៉ុន្តែទទួលអនុព័ន្ធយោធា
យើងប៉ាន់ស្មាន បន្ទាប់ពីហ្នឹងទៅ ពួកនេះថ្ងៃហ្នឹងថាត្រៀមចុះយន្តហោះចិនទៀតហើយ។ ព្រោះក្រុមហ៊ុនចិនមកវិនិយោគ។ លោកឯងចាំមើល ខ្មែរខ្លះក៏វិភាគបរទេសខ្លះក៏វិភាគ ប៉ុន្តែក៏អាចខុសដែរ។ ជួនកាលគេថាអត់ទេ មិនមែនទេ បើមិនមែនខ្ញុំអរគុណ ប៉ុន្តែបើអ្នកឯងថាត្រៀមចុះយន្តហោះ អ្នកឯងត្រូវមាត់ខ្ញុំហើយ ច្បាស់ហើយថាយន្តហោះចុះ យន្តហោះមកពីណាថា យន្តហោះចិនប្រើលុយចូលដល់រាប់ពាន់លានមិនមែនគ្រាន់តែទទួលយកយន្តហោះចិនទេ គ្រប់ប្រភេទយន្តហោះមកពីត្រង់ណាក៏ដោយចុះបានទាំងអស់។
កម្ពុជាមិនល្ងង់រហូតទៅដល់ឲ្យទឹកដីរបស់ខ្លួន បោះកងទ័ពបរទេសខុសពីធម្មនុញ្ញរបស់ខ្លួន ហើយយកកងទ័ពបរទេសមកដាក់ស្រុកខ្មែរធ្វើអី? ថ្ងៃមុនខ្ញុំប្រាប់ឯកអគ្គរដ្ឋទូតអូស្រ្តាលីហើយ ក៏មានអនុព័ន្ធយោធាអូស្រ្តាលីទៅជាមួយថា ខ្ញុំអត់មានត្រូវការទ័ពបរទេសណាទាំងអស់ ប៉ុន្តែខ្ញុំទទួលអនុព័ន្ធយោធា។ សុំនៅចុះ។ អញ្ចឹងអនុព័ន្ធយោធាអូស្រ្តាលីអង្គុយកត់ត្រាហ្នឹងគាត់សើច។ អនុព័ន្ធយោធានៅបាន ប៉ុន្តែកងទ័ពបរទេសនៅមិនបានទេ។ យោធាបរទេសនៅបាន ប៉ុន្តែនៅក្នុងឋានៈជាអនុព័ន្ធ …។
ស្នើជំនួយឥតសំណងចិនសង់ផ្លូវ ១៥ គម តភ្ជាប់ទៅក្រុងសៀមរាប
ថ្ងៃនេះ មិនដឹងថាភ្លៀងទៀតទេ។ ខ្លះគេថា មកពីយើងស្តេចនាគមក បានជាភ្លៀងនៅសៀមរាប។ វាមិនមែនទេ ដោយសារវាត្រូវតែភ្លៀងអញ្ចឹងតែម្តង។ យើងមិនមក ក៏វាភ្លៀងដែរ។ ម្សិលមិញភ្លៀងតាំងពីព្រឹកដល់ល្ងាច ប៉ុន្តែភ្លៀងមួយប្រទេស មិនមែនភ្លៀងតែសៀមរាបឯណា។ ហ្នឹងមេឃវាត្រូវភ្លៀង។ ប៉ុន្តែវាគាប់ជួបយើងមកទៅ គេថាពួកយើងអ្នកកើតឆ្នាំនាគនាំទឹកនាំអីមក។ ដូចខែវស្សាមែន។ ម្សិលមិញធ្វើដំណើរតាមផ្លូវ តាមមើលទៅដូចខែវស្សា មុនចូលឆ្នាំថ្មី។ សង្ឃឹមថា ឆ្នាំក្រោយ ខ្ញុំគិតថាបន្ទាប់ពីការចុះចតសាកល្បងរួចហើយ ខ្ញុំក៏នឹងធ្វើដំណើរតាមរយៈយន្តហោះពិសេសចុះចតនៅហ្នឹង។ យកល្អយាងព្រះករុណា ដើម្បីព្រះអង្គអាចចុះចតបានមុន សំរាប់ព្រលានយន្តហោះសៀមរាបថ្មីរបស់យើង។
ក្នុងការវិនិយោគនេះ គ្រាន់តែវិនិយោគលើផ្លូវចំណាយជាង ១១០ លានដុល្លារ … ព្រោះបើមិនចឹងទេ គេចុះចតនៅ(អាកាសយានដ្ឋាន)សៀមរាប រួចហើយធ្វើដំណើរប៉ុន្មានម៉ោងបានដល់(ក្រុង)សៀមរាប។ ដូច្នេះត្រូវតែមាន highway មួយចេញទៅ … highway ទៅពីនេះ ដល់ចេញទៅផ្លូវជាតិលេខ ៦ ទៅ small way វិញ។ អញ្ចឹងបានជាទៅដល់ហ្នឹងក៏ត្រូវតែតភ្ជាប់ដូចជា ១៥ គីឡូម៉ែត្រទេ។ សង្ឃឹមថា ១៥ គីឡូម៉ែត្រនេះ យកល្អ ឯកឧត្តម ស៊ុន ចាន់ថុល ស្នើសុំមិត្តចិនជួយបណ្តោយចុះ ព្រោះក្រុមហ៊ុនសៀងហៃសិក្សា។ ស្នើសុំជំនួយឥតសំណងរបស់មិត្តចិនតែម្តងទៅ ដើម្បីតភ្ជាប់ទៅក្រុងសៀមរាប …។
ប្រទេសរបស់យើងកំពុងតែដំណើរការឈានឡើង។ ពិតមែនតែ(យើងកំពុងតែរស់ជាមួយ) Covid-19 ប៉ុន្តែពេលណាមួយ Covid-19 វាចេះតែស្បើយតិចទៅៗ ទៅជាជំងឺផ្តាសាយធម្មតា។ ការធ្វើដំណើរនឹង(មានសភាព)ធម្មតាវិញ។ ឥឡូវច្បាស់ហើយ សំបុត្រយន្តហោះឡើងថ្លៃ។ ឡើងថ្លៃ ២ បែប ឡើងថ្លៃទី ១ ដោយសារតែយន្តហោះគេឲ្យរក្សាគម្លាត យន្តហោះមួយគ្រឿងធ្លាប់តែជិះបាន ៣០០ នាក់ ២០០ នាក់ ឥឡូវគេឲ្យជិះតែ ១០០ នាក់។ អញ្ចឹងតម្លៃវាឡើងហើយអាហ្នឹងមួយទៅ។
ឯមួយទៀត គេកំពុងវាយគ្នា គេកំពុងដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក អញ្ចឹងបង្កើតជាបញ្ហាការឡើងថ្លៃប្រេងពេញពិភពលោក ធ្វើឲ្យសំបុត្រយន្តហោះឡើងថ្លៃ។ នៅស្រីលង្កាចាប់ផ្តើមប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ដោយសារតែប្រេងឡើងថ្លៃ វិបត្តិសេដ្ឋកិច្ច ធ្វើឲ្យមានការចលាចល។ ដល់អញ្ចឹងរដ្ឋាភិបាលស្រីលង្កាប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នតែម្តង។ ឯនៅកម្ពុជាមិនទាន់ដល់ថ្នាក់នោះទេ ប៉ុន្តែយើងត្រូវប្រឹងទាំងអស់គ្នាបន្តទៀត។ ខ្ញុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្តសៀមរាបតែម្តង ដែលបានប្រឹងប្រែងសម្រួលគ្រប់កិច្ចការទាំងអស់ដែលពាក់ព័ន្ធជាមួយការដ្ឋានមួយនេះ ហើយសុំឲ្យបន្តដើម្បីយើងឈានទៅសម្រេចជោគជ័យនៃដំណើរការសាងសង់។
សំណេះសំណាលជាមួយបុគ្គលិកកម្មករគំរោងសាងសង់អាកាសយានដ្ឋាន
ឥឡូវចង់សួរនរណាម្នាក់នៅខាងណេះ មើលគេឲ្យប្រាក់ខែប៉ុន្មាន ខ្ញុំសួរត្រង់ ដោយឲ្យដឹងតែម្តង។ ឥឡូវនេះក្មួយពាក់នាឡិកាសនេះ។ ប្រាក់ខែបានប៉ុន្មាន? ៦០០ ដុល្លារ ធ្វើការខាងអី? មើលឡើងមកក្បាលមេក្រូតិច ដើម្បីយើងចរចាគ្នាតិច។ ប្រាក់ខែបានប៉ុន្មាន? យកម៉ាស់ចេញ ស្រណុកនិយាយគ្នា តម្លើងក្បាលមេក្រូផង។ បាន ៦០០ ដុល្លារ? [ការសន្ទនាយ៉ាងស្និទ្ធស្នាលជាមួយបុគ្គលិកនិងកម្មករ ៤ នាក់ អ្នកបកប្រែភាសា ៣ នាក់ ក្នុងនោះមានស្រី ១ នាក់ និងមេការសំណង់ចាក់ផ្លូវយន្តហោះ ១ នាក់ ដែលបំរើការក្នុងគំរោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ] …។
ការដែលខ្ញុំចង់និយាយ ចង់សួរកម្មករ (បុគ្គលិក) គឺខ្ញុំចង់បាននូវព័ត៌មានខ្លះ ពាក់ព័ន្ធជាមួយការងារ ប្រាក់ចំណូល តាមរយៈនៃការដ្ឋានព្រលានយន្តហោះនៅខេត្តសៀមរាបនេះរាប់ទាំងអ្នកចេះភាសាចិន អ្នកកាន់ការងារខាងសំណង់អីជាដើម។ នេះហើយជារបៀបអភិវឌ្ឍន៍ប្រទេសមួយ ដែលយើងប្រើប្រាស់គួបផ្សំនៃគ្រប់កម្លាំងទាំងអស់ដែលចូលរួម នៅក្នុងដំណើរការនេះ។ ថ្ងៃនេះ ខ្ញុំក៏បានពាំនាំមកសម្រាប់បុគ្គលិក និងកម្មករ ខ្មែរ-ចិនចំនួន ១៩០០ នាក់ ក្នុងម្នាក់ៗជូន ៥ ម៉ឺនរៀលសម្រាប់ចូលឆ្នាំខាងមុខនេះ។ ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីនេះចំនួន ៣ លានរៀល។
អរគុណសម្រាប់លោកប្រធានក្រុមហ៊ុន អរគុណសម្រាប់ការចូលរួមរបស់សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូន កូនក្មួយកម្មករ កម្មការិនីទាំងអស់ ដែលបានទទួលគណៈប្រតិភូសម្រាប់ការពិនិត្យនៅថ្ងៃនេះ។ មិនភ្លេចអរគុណចំពោះការផ្សាយបន្តផ្ទាល់នៃបណ្ដាអង្គភាពទូរទស្សន៍ ដែលថ្ងៃនេះ មិនមែនគ្រាន់តែ(ផ្សព្វផ្សាយក្នុងប្រទេស)ប៉ុណ្ណឹងទេ ផ្សព្វផ្សាយមិនដឹងទូរទស្សន៍ប៉ុន្មានទេ កំពុងផ្សាយចេញទៅក្រៅ។ នេះហើយ ជាសមិទ្ធិផលដែលជាផ្លាផ្កា ដែលចេញមកពីសន្ដិភាព ហើយក៏ជាផ្លែផ្កានៃសហប្រតិបត្តិការកម្ពុជា-ចិន ដែលយើងមាន៕