ស្ពានអាកាស ផ្លូវក្រោមដីចោមចៅ សមិទ្ធផលថ្មីរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយក៏សូមថ្លែងនូវការគោរពចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសក៏ដូចជាបងប្អូនជនរួមជាតិកម្ពុជាយើង ដែលកំពុងរស់នៅនៅឯបរទេស ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅឯបរទេស ដែលកំពុងមើលការផ្សាយបន្តផ្ទាល់ពីទីនេះ។
ថ្ងៃនេះ យើងពិតជាមានការរីរករាយ ដែលបានមកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។ យើងធ្វើពិធីសម្ពោធថ្ងៃនេះ គឺនៅក្នុងឆ្នាំចាស់ ឆ្នាំឆ្នូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥។ សមិទ្ធផល ០២ ទៀត៖ ទី ១ ថ្ងៃនេះ សម្ពោធនូវទីនេះ តែនៅមានសមិទ្ធផលដ៏ធំមួយទៀត នៅឯខេត្តសៀមរាប ដែលត្រូវចំណាយថវិកាប្រមាណជាជាង ២០០ លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវសម្ពោធនៅថ្ងៃទី ០៤ មេសា ខាងមុខនេះ។ នៅមានសមិទ្ធផលជាច្រើនទៀត ដែលយើងនឹងត្រូវចាប់ផ្ដើមសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្រោយចូលឆ្នាំខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅពេលខាងមុខ។
ខ្ញុំសូមអនុគ្រោះជាមុន អំពីបងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ ក្ដី តាមផ្លូវជាតិលេខ ៣ ក្ដី ដែល(ត្រូវ)កាត់(រង្វង់មូលចោមចៅ)នៅថ្ងៃនេះ ត្រូវសុំបិទផ្លូវបន្ដិច ដើម្បីយើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនិងក្រោមដី។ សមិទ្ធផលដែលយើងបានទទួលនៅទីនេះ តើវាចាប់ផ្ដើមពីអ្វី? នេះជាចំណុចដែលយើងគួរតែត្រូវនិយាយដល់វាមុនគេ។ តើចាប់ផ្ដើមពីអ្វី បានជាយើងត្រូវធ្វើផ្លូវក្រោមដីផង ផ្លូវលើដីផង និងមាន(ស្ពាន)អាកាសផង។ នោះវាផ្ដើមពីតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង ដោយសារការរីកចម្រើនរបស់ប្រទេសជាតិ។ ប្រសិនបើស្ថានភាពដូចកាលពីក្នុងទសវត្សរ៍ ៧០, ទសវត្សរ៍ ៨០ ឬទសវត្សរ៍ ៩០ វាគ្មានការចាំបាច់ណាមួយ ដើម្បីនឹងធ្វើស្ពានអាកាស ផ្លូវក្រោមដី និងផ្លូវលើដី នៅកន្លែងនេះនោះទេ។
សម្ភារកើនមុនគំនិត … ការរីកចម្រើនរបស់ប្រជាជន តម្រូវឱ្យធ្វើស្ពានធ្វើផ្លូវ
ត្រង់នេះ មុននេះ … រវាងលទ្ធិសម្ភារនិយម និងលទ្ធិគំនិតនិយម មានការជជែកគ្នាយ៉ាងតឹងតែង ដោយម្ខាងថាគំនិតកើតមុនសម្ភារ ឯម្ខាងទៀតថាសម្ភារកើតមុនគំនិត។ ប៉ុន្តែមិនមែនជាការបង្រៀន ហើយក៏មិនមែនគាំទ្រទស្សនៈណាមួយនោះទេ ក៏ប៉ុន្តែអ្វីដែលបានលេចឡើងនៅទីនេះ ច្បាស់ណាស់សម្ភារកើនមុនគំនិត ដោយសារតែមើលឃើញថា ស្ថានភាពនៅទីនេះមានការកកស្ទះចរាចរណ៍។ ដូច្នេះហើយ បានចាប់ផ្ដើមមានគំនិតផ្លូវធ្វើស្ពានអាកាស ផ្លូវក្រោមដី និងលើដី។ ដោយមូលហេតុនេះ បានជាមនុស្សភាគច្រើន ហើយជា logic ផងដែរ ទាក់ទិននឹងលទ្ធិសម្ភារនិយម វាត្រឹមត្រូវជាងលទ្ធិគំនិតនិយម។ ហ្នឹងខ្ញុំមិនអះអាង ហើយខ្ញុំក៏មិនជំទាស់ជាមួយនឹងនរណាមួយ ដែលលើកអំពីគំនិតកើតមុនសម្ភារៈ ឬក៏សម្ភារៈកើតមុនគំនិតនោះទេ។ ប៉ុន្តែ ខ្ញុំចង់និយាយដល់ថា ចាប់ផ្ដើមពីការរីកចម្រើនរបស់ប្រជាជន ដែលតម្រូវឱ្យយើងធ្វើស្ពាននេះ ធ្វើផ្លូវនេះ។ តំបន់នេះ ជាតំបន់កកស្ទះយ៉ាងខ្លាំង ដូច្នេះវាមានតម្រូវការឱ្យយើងធ្វើ(ស្ពានអាកាស និងផ្លូវក្រោមដី)នៅទីនេះ …។
កម្ពុជាមានស្ពានអាកាស ៦
… យើងចាប់ផ្ដើមអំពីស្ពាន(អាកាស)ទី ១ … ដែលស្ពាននោះ ត្រូវគេថាមានស្ពាន(អាកាស)មួយ ប្រឹងអួត។ ដល់គេមានស្ពាន(អាកាស)រាប់រយ រាប់ពាន់ គេមិនអួត(ផង)។ បានខ្ញុំឆ្លើយទៅវិញថា ដោយសារតែមាន(ស្ពានអាកាស)តែមួយហ្នឹងហើយ បានប្រឹងអួត បើសិនជាមាន(ស្ពានអាកាស)ច្រើន ឥឡូវលែងចង់អួតហើយ ព្រោះមាន(ស្ពានអាកាស)ច្រើនហើយ។ (ស្ពានអាកាសចោមចៅ)ទី ៥ និង(ស្ពានអាកាស)ទី ៦ ដែលបានបើកការដា្ឋនថ្ងៃមុននោះ។ នៅមានតទៅទៀត។ ដល់ពេលមានច្រើនទៅ ឈប់អួតហើយ … ឥឡូវវាមាន។ អញ្ចឹងយើងចាប់ផ្ដើមទី ១ ចេញពីស្ពានអាកាសក្បាលថ្នល់។ ទី ២ ស្ពានអាកាស ៧មករា ពេទ្យលោកសង្ឃ។ ទី ៣ ស្ពានអាកាសនិងផ្លូវក្រោមដី ស្ទឹងមានជ័យ។ ស្ពានអាកាសនិងផ្លូវក្រោមដី ៥ មករា តិចណូ ហើយទី ៥ ស្ពានអាកាស និងផ្លូវក្រោមដី នៅទីនេះ(ចោមចៅ) និងទី ៦ កំពុងសាងសង់។
វិធីសាស្រ្ត យកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត
ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះសាលារាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ដែលក្នុងរយៈពេលកន្លងទៅ ស្ពានទាំង ៥ នេះ គឺប្រើប្រាស់នូវថវិកាដែលយើងបានមកពីការអភិវឌ្ឍនូវកោះពេជ្រ និងការអភិវឌ្ឍនៅជ្រោយចង្វារ គឺយើងយកតម្លៃជួលដី ដែលយើងបានផ្ដល់ទៅឱ្យវិស័យឯកជននោះ យកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ បំរើឱ្យទីក្រុង។ មានន័យថា យើងបាននិងកំពុងប្រើប្រាស់វិធីសាស្រ្ត យកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត។ គ្មានអ្វីខុសទេ ប្រសិនបើយើងមិនធ្វើបែបនេះ តើជម្រើសណាមួយ ដែលវាល្អជាងនេះ។
ប្រសិនបើបង្វែរថវិកាទាំងនោះ ទៅកាន់ថវិកាជាតិ ហើយថវិកាជាតិត្រូវបែងចែកត្រឡប់មកវិញ តើមានលទ្ធភាពដើម្បីនឹងផ្ដល់ឱកាសសម្រាប់ឱ្យរាជធានីភ្នំពេញ អភិវឌ្ឍន៍បែបនេះទេ? បើពិនិត្យអំពីការសាងសង់ទាំងអស់នេះ យើងប្រើប្រាស់ថវិកាអស់រាប់សិបលានដុល្លាររួចស្រេចទៅហើយ … សម្រាប់ការអភិវឌ្ឍ។ នេះវាផ្ដើមចេញពីតម្រូវការ។ បើសិនពុំមានតម្រូវការ (ដែលចេញពី)ការកើនឡើងនៃចំនួនប្រជាជន ជាពិសេសការកើនឡើងនូវគ្រឿងយន្ត គឺរថយន្ត ម៉ូតូ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ … (មិនមានការចាំបាច់ធ្វើទេ) … រាជរដ្ឋាភិបាល និងវិស័យឯកជន គេចាប់ដៃគ្នាធ្វើ។ ផ្ដើមចេញពីតម្រូវការនោះហើយ ដែលយើងត្រូវធ្វើអាហ្នឹង។
កំណើនប្រជាសាស្ត្រកម្ពុជាលឿនជាងឡាវ
ចំណុចនេះ យើងគួរធ្វើការប្រៀបធៀបអញ្ចេះ។ ខ្ញុំនៅតែឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនខ្មែរកើនខ្លាំងម្ល៉េះ? ក្រោយរំដោះ ៧ មករា ១៩៧៩ (ចំនួន)ប្រជាជនកម្ពុជា និងប្រជាជនឡាវ គឺប្រហាក់ប្រហែលគ្នាទេ គឺប្រហែល ៥ លាននាក់ដូចគ្នា។ ឥឡូវ ៤៣ ឆ្នាំក្រោយ ឡាវ(មានប្រជាជន)បានឡើងដល់ជាង ៧ លាននាក់ (ឯ)កម្ពុជា(មានប្រជាជន)ឡើង(ជាង ១០ លាននាក់)។ ឥឡូវគេដាក់ក្នុងវេបសាយ Worldometer សម្រាប់មើលកូវីដ-១៩ ថាយើង(មានប្រជាជន) ១៧ លាននាក់ហើយតើ។ ការពិតយើងកៀក ១៧ លាននាក់រួចស្រេចទៅហើយ។ អញ្ចឹងវាកើនឡើងច្រើន។ ក្រោយរបប ប៉ុល ពត កំណើនដំបូង ៣,២ ភាគរយ បន្ទាប់ទៅចុះមកនៅ ២,៨ ភាគរយ ហើយឥឡូវហ្នឹង នៅសល់ ១,៣ ភាគរយទៀត អញ្ចឹងបានជាចំនួននេះកើនឡើងខ្លាំង។
ខ្ញុំនៅតែនឹកស្រមៃថា នៅពេលដែលខ្ញុំជួបភរិយារបស់ខ្ញុំឡើងវិញ, នៅឆ្នាំ ១៩៧៩ គឺនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៧៩ ខ្ញុំជួបភរិយារបស់ខ្ញុំឡើងវិញ បន្ទាប់ទៅយើងមានកូន ប៉ុន្តែកូននោះ ជាអកុសលក៏រលូតបាត់ទៅទៀត ដោយសារតែអត់មានទឹកប្រើប្រាស់។ បន្ទាប់ទៅ ស្រាប់តែអត់មានកូន។ (ខ្ញុំ)ភ័យតែម្ដង នឹកស្មានថា មើលទៅខ្ញុំអត់មានកូនទៀតទេ បានតែកូនមួយហ្នឹង(ហ៊ុន ម៉ាណែត)។ ហើយចេះតែនឹកគិត ពេលហ្នឹង គឺថា ភ្នំពេញយើងវាស្ងាត់ ហើយពេលខ្ញុំចេញទៅក្រៅប្រទេស ប្រពន្ធខ្ញុំពរកូនមកពោធិចិនតុងដើម្បីមកទទួលខ្ញុំទៅផ្ទះ។ យើងតែ ០២ នាក់ប្ដីប្រពន្ធនិងកូនមួយប៉ុណ្ណឹង។ ប៉ុន្តែអត់នឹកស្មានថា ក្រោយមកទៀតមួយឆ្នាំ(កូន)មួយៗ … ខែកញ្ញា ឆ្នាំ ១៩៨០ កើតមួយ, ខែតុលា ឆ្នាំ ១៩៨១ កើតមួយ, ខែវិច្ឆិកា ១៩៨២ កើតមួយ, ខែធ្នូ ១៩៨៣ កើតមួយ។ អញ្ចឹងបានសេចក្ដីថា ១៣ ខែ កើតបានកូនមួយ។ រឿងអីវាមិនច្រើន។
ចាប់ផ្ដើមពីមនុស្សតែ ០២ នាក់ ឥឡូវក្នុងគ្រួសារ គ្រាន់តែចៅឡើងដល់ ២២ នាក់។ ឥឡូវហ្នឹង ចៅមាន ២២ ខ្ញុំសង្ឃឹមថា បើសិនជាខ្ញុំនៅរស់បានយូរ គឺខ្ញុំនឹងមានចៅទួតឡើងដល់រាប់សិប។ ដូចឪពុករបស់ខ្ញុំ គ្រាន់តែចៅទួតរបស់គាត់ ឥឡូវចូលដល់រយនាក់ គ្រាន់តែចៅខ្ញុំមាន ២២ នាក់ ចុះនៅអ្នកដទៃទៀតនោះ ខ្ទង់តែ(ចៅ) ១៥ នាក់ក្នុងម្នាក់ គឺចៅទួតរបស់គាត់(ឡើងដល់រយនាក់)។
អតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ មានការវិវត្តនិងប្រែប្រួលមិនដូចគ្នា
ចំនួនប្រជាពលរដ្ឋកើនឡើង អ្វីៗក៏ត្រូវការកើនឡើងទាំងអស់។ ដំបូង ខ្ញុំបានដាក់ចេញហៅថា ការដោះស្រាយអតុល្យភាព ០៤ យ៉ាង ដែលក្នុងហ្នឹង (គឺអតុល្យភាព)រវាងសេចក្ដីត្រូវការនិងការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ។ ការដោះស្រាយសេចក្ដីត្រូវការអំពីវិស័យសុខាភិបាល ដោះស្រាយសេចក្ដីត្រូវការរវាងតម្រូវការអំពីការធ្វើដំណើរនិងមធ្យោបាយដំណើរ ដោះស្រាយសេចក្ដីត្រូវការនៃការស្នាក់អាស្រ័យរបស់ប្រជាជន សម្លៀកបំពាក់ស្អីៗសព្វបែបយ៉ាង។ ចេះតែមានអាទិភាពបន្ត។
ប៉ុន្តែអាទិភាពទាំងនោះ វាសមស្របនៅពេលនោះ ឥឡូវអត់សមស្របនៅពេលនេះទេ។ ពេលនេះ ដោះស្រាយសេចក្ដីត្រូវការនិងការផ្គត់ផ្គង់មានចរិតផ្សេងពីពេលមុន។ ពេលមុន អាទិភាពនៃការដោះស្រាយ គឺសេចក្ដីត្រូវការនិងការផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ចិញ្ចឹមប្រជាពលរដ្ឋរបស់យើង ដែល(តម្រូវអោយ)យើងជម្រុញផលិតកម្មស្រូវ … ជម្រុញការដាំដុះ ជម្រុញការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែសេចក្ដីត្រូវការនោះ មកដល់ពេលនេះ វាខុសគ្នាដាច់ស្រឡះហើយ។ យើងមានអតិរេកស្រូវជិត ៦ លានតោន គិតជាអង្ករជាង ៤ លានតោន។ អញ្ចឹងដំណោះស្រាយសេចក្ដីត្រូវការនោះ មិនមែនជាបញ្ហាធំដុំពេកនោះទេ។ ប៉ុន្តែនៅមានបញ្ហាពាក់ព័ន្ធជាមួយនឹងតម្រូវការថ្មីៗរបស់យើង ដូចជា សម័យកូវីដ-១៩ តម្រូវការស្អី? សម័យដែលយើងកំពុងគ្រប់គ្រងកូវីដ-១៩ ដោះស្រាយតម្រូវការនៃការផ្គត់ផ្គង់សម្ភារបរិក្ខារសម្រាប់ការពិនិត្យ ការការពារនិងការពិនិត្យព្យាបាលកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋរបស់យើង ដូចជាម៉ាស់ត្រូវតែមាន អាល់កុល ជែល វ៉ាក់សាំងសម្រាប់ចាក់ វាទៅអញ្ចេះទៅវិញ។ បញ្ហាខ្លះយើងដោះស្រាយបាន ខ្លះដោះស្រាយមិនបាន។
ពិចារណារៀបចំស្តុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រ
ទាក់ទងបញ្ហាប្រេង បើវាឡើង(ថ្លៃ)គ្រប់ប្រទេស ផលប៉ះពាល់មកដល់ហើយ បណ្តាលពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។ អញ្ចឹងការដោះស្រាយតម្រូវការនៅពេលខាងមុខ វាយ៉ាងម៉េច។ ខ្ញុំកំពុងតែគិតថា ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្ដុកប្រេងយុទ្ធសាស្រ្ត។ ពីមុន យើងផ្អែកទៅលើវិស័យឯកជន ដើម្បី(រៀបចំ)ស្ដុកយុទ្ធសាស្រ្ត។ ឥឡូវយើងនៅតែស្ដុកយុទ្ធសាស្រ្តដោយពឹងពាក់លើក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្ដុកទុកនូវប្រេងឥន្ធនៈ។ ឧទាហរណ៍ថា ស្រាប់តែវារីអគ្គិសនីរបស់យើង ឬក៏ម៉ាស៊ីនភ្លើងដើរដោយធ្យូងថ្ម រត់វាមិនគ្រប់ដូចនៅឆ្នាំ ២០១៨ អញ្ចឹងយើងក៏ត្រូវតែជម្រុញការបញ្ឆេះម៉ាស៊ីនដែលដើរដោយប្រេងឥន្ធនៈ។ យើងបានទិញម៉ាស៊ីនផលិតអគ្គិសនី ៤០០ មេហ្គាវ៉ាត់ យកមកដាក់ក្បែររាជធានីភ្នំពេញ។ អញ្ចឹងវាមានតម្រូវការ(ប្រើប្រាស់)ប្រេង ដើម្បីនឹងបញ្ឆេះម៉ាស៊ីនហ្នឹងឱ្យវាដើរ។ ពីដំណាក់កាលមួយ ទៅកាន់ដំណាក់កាលមួយ តម្រូវការវាខុសគ្នា។ ដូចជាយុទ្ធសាស្រ្តចតុកោណអញ្ចឹង កាលពីមុន៖ ទឹក ផ្លូវ ភ្លើង មនុស្ស។ ឥឡូវយើងដាក់ជា៖ មនុស្ស (ទឹក ផ្លូវ ភ្លើង)។ ទៅជា មនុស្សមុន យកវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពជាមុំទី ១ នៃការដោះស្រាយការវិនិយោគសម្រាប់ការឈានឡើងរបស់ប្រទេសជាតិរបស់យើង។
កម្ពុជាកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ប្រទេសមួយចំនួនកំពុងរងការបំផ្លាញ កុំថាដល់ការសាងសង់
… នេះគឺជាអ្វីដែលខ្ញុំបញ្ជាក់ជាដំបូងថា មកពីអ្វីបានជាយើងធ្វើ(របស់អស់ទាំង)ហ្នឹង? មកពីតម្រូវការ។ ហេតុអ្វី បានជានាំទៅដល់(មាន)តម្រូវការបែបនេះ។ ចេញមកពីអី្វ? ខ្ញុំគ្រាន់តែធ្វើការរំលឹកបន្ដិច ពេលនេះ ម៉ោងនេះ ប្រទេសកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងលើផ្ទៃប្រទេស ក្នុងពេលដែលប្រទេសអ៊ុយក្រែន និងប្រទេសដទៃទៀត កំពុងរងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ កុំនិយាយទៅដល់ការសាងសង់។ កាលពី ៥២ ឆ្នាំមុន ពេលនេះ ម៉ោងនេះ មានការចាប់ផ្ដើមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់ពីរដ្ឋប្រហារ ១៨ មីនា ១៩៧០។ ខ្ញុំនៅចាំបានស្ពានជ្រាវ តាមផ្លូវជាតិលេខ ៧ ត្រូវបានបំផ្លាញ ដោយដាក់មីនផ្ដាច់គល់ស្ពាននៅថ្ងៃ ២៩ ខែមីនា។ អញ្ចឹង នោះជាការចាប់ផ្ដើមនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធហើយ។ កម្ពុជា (មាន)ស្ពានច្រើនណាស់ត្រូវបានបំផ្លិចបំផ្លាញដោយសារគ្រាប់បែក (ផ្លោង)ពីលើផង ពីក្រោមដាក់ដើម្បីកាត់ផ្ដាច់ការដឹកជញ្ជូន។
ចាប់ផ្ដើមពីអ្វីទៅ ដែលយើងអាចធ្វើបានអញ្ចឹង។ គឺចាប់ផ្ដើមពីសន្តិភាព ដែលយើងរកបានដោយលំបាករយៈពេល ២៤ ឆ្នាំ កន្លងផុតទៅហើយ។ យើងបានប្រឹងប្រែងណាស់ ដើម្បីរកសន្តិសម្រាប់ប្រទេសជាតិ។ នោះហើយដែលផ្ដល់លទ្ធភាពឱ្យយើងជាងពីរទសវត្សរ៍ជាប់គ្នា នូវកំណើនសេដ្ឋកិច្ចជាង ៧ ភាគរយ។ មុនសេដ្ឋកិច្ចធ្លាក់ គឺយើងអាចនិយាយបានថា ជាមធ្យម ៧,៥ ភាគរយក្នុងមួយឆ្នាំ។ នេះជាកំណើនមិនធម្មតា ដែលធ្វើឱ្យប្រជាពលរដ្ឋរបស់យើងមានជីវភាពកាន់តែប្រសើរ។ បើទោះបីថា ចំនួនប្រជាពលរដ្ឋកើន ៣ ដង តែយើងមានសមត្ថភាពដើម្បីដោះស្រាយ … (អំពីបញ្ហាលំនៅដ្ឋាន) ពិតមែនតែនៅសល់លំនៅដ្ឋានមួយចំនួនដែលត្រូវការធ្វើតទៅទៀត ប៉ុន្តែស្បៀងអាហារ សម្លៀកបំពាក់ ការរៀនសូត្រ សុខាភិបាល យើងអាចដោះស្រាយបាន។ តម្រូវការនៃធ្វើដំណើររបស់ប្រជាជនយើង ក៏ត្រូវបានដោះស្រាយបាន។
កម្ពុជាមើលឃើញតម្លៃសន្តិភាព តាំងពីសង្គ្រាមចាប់ផ្ដើម នៅឆ្នាំ ១៩៧០ គឺ ៥២ ឆ្នាំមុន
អញ្ចឹងទេ ពេលមានសង្គ្រាម ទើបឃើញសន្តិភាពមានតម្លៃ។ កម្ពុជាយើងបានមើលឃើញតម្លៃនៃសន្តិភាពតាំងពីសង្គ្រាមចាប់ផ្ដើមនៅឆ្នាំ ១៩៧០ គឺ ៥២ ឆ្នាំមុន ប៉ុន្តែយើងអត់មានជម្រើសទេ ព្រោះយើងពេលនោះ គឺជាចំណាប់ខ្មាំងនៃសង្គ្រាម។ ទៅទីណាក៏ត្រូវធ្វើទាហាន។ ខាង លន់ នល់ ក៏គេចាប់ទាហាន នៅខាងតំបន់រំដោះក៏ត្រូវធ្វើទាហាន។ វាយគ្នាពេញតែប្រទេសទៅ។ របស់អត់វិញ្ញាណគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធ បម្រើឱ្យការដឹកជញ្ជូន ឬសាលារៀន វត្តអារាមក៏ត្រូវវាយបំផ្លិចបំផ្លាញដែរ។ ដូច្នេះបានជាកត្តាសន្តិភាពនេះ ត្រូវមើលឱ្យឃើញ។ ចាប់ផ្ដើមពីចំណុចសន្តិភាពហ្នឹងហើយដែលយើងមានលទ្ធភាពដើម្បីនឹងអភិវឌ្ឍ។ បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ ហើយកុំនិយាយដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធមនុស្ស។
ការអនុវត្តស្ដង់ដារបីរបស់អឺរ៉ុប/តម្លៃសន្ដិភាព ទើបជាកត្តាសំខាន់
ឥឡូសុំទៅសួរនៅអ៊ុយក្រែន តើសិទ្ធមនុស្សនៅកន្លែងណា? យើងពិនិត្យមើល បើគ្រាប់បែក គ្រាប់ផ្លោង កុមារនៅក្រោមដីអត់សាលារៀន អត់ទឹកស្អាត អត់ទឹកប្រើប្រាស់ ចូលមកអឺរ៉ុបត្រូវគេរើសអើងទៀត។ ជនភៀសខ្លួនចេញពីអ៊ុយក្រែន មានជនជាតិអ៊ុយក្រែនផង និងមាននិស្សិតនៃបណ្ដាប្រទេសនៅអាហ្វ្រិក ដែលរៀននៅ អ៊ុយក្រែន ចេញមកផង។ ចេញទៅដល់(ប្រទេសទាំងនោះ) ត្រូវបានទទួលការរើសអើងនៅក្នុងទ្វីបអឺរ៉ុប ដែលជាប្រទេសដែលចាត់ទុកថាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស … ចេញពីអ៊ុយក្រែន គឺមានការបែងចែករើសអើងរវាងជនជាតិអ៊ុយក្រែន ជាមួយជនជាតិដទៃដែលមិនមែនជា(ជនជាតិ)អ៊ុយក្រែន។ ប៉ុន្តែនៅមានបញ្ហាមួយទៀត គឺអ្នកដែលភៀសខ្លួនមកពីស៊ីរី និងលីប៊ី ក៏កំពុងនៅជំរំជនភៀសខ្លួននៅឡើយទេ។
និយាយពីប្រជាធិបតេយ្យនិងសិទ្ធមនុស្ស មិនប្រាកដថាល្អទេ មើលទង្វើជាក់ស្តែងទើបជាការត្រឹមត្រូវ
អញ្ចឹង នេះជាចំណោទដែលចោទសួរទៅពួកអឺរ៉ុបថា តើហេតុអី្វបានជាអ្នកឯងមានស្ដង់ដារទ្វេ ឬអាចថា triple ស្ដង់ដា មិនមែន Double ទេ។ អា Double ស្តង់ដាវាចេញពីអ៊ុយក្រែន ហើយប៉ុន្តែនៅមានជនភៀសខ្លួនដែលចេញពីស៊ីរី និងលីប៊ី ឥឡូវនៅក្នុងជំរំជនភៀសខ្លួននៅឡើយ ក្នុងពេលដែលជនជាតិ អ៊ុយក្រែន ត្រូវបានស្វាគមន៍ ដូចជាជាក់ស្ដែងនិស្សិតប្រទេសសេនេហ្កាល់។ ចេញមក គឺត្រូវបានគេរើសអើង។ ចំណុចនេះ មិនទាន់ប្រាកដថា អ្នកដែលនិយាយពីការមិនរើសអើង ពីប្រជាធិបតេយ្យ និងសិទ្ធមនុស្ស មិនប្រាកដថាល្អទេ។ រឿងទង្វើជាក់ស្ដែងទើបជាការត្រឹមត្រូវ។ ប្រទេសខ្លះទទួល ប្រទេសខ្លះមិនទទួល។ ចំណុចនេះ យើងត្រូវមើលឃើញ។ យើងត្រូវឃើញតម្លៃសន្តិភាព។
ពិភពលោក (១) ស្រែករកសន្តិភាព និង (២)កំពុងខិតខំការពារសន្តិភាព
ឥឡូវនេះនៅលើពិភពលោកកំពុងតែ ទីមួយ ស្រែករកសន្តិភាព, ទីពីរ គេកំពុងតែខិតខំការពារសន្ដិភាព ក្នុងពេលដែលមានអស្ថិរភាពដោយសារសង្គ្រាមអ៊ុយក្រែន និងដោយសារលទ្ធភាពនៃការកើតឡើងសង្គ្រាមលោកលើកទី៣ កើតឡើងនូវសង្គ្រាមនុយក្លេរអ៊ែរ។ អញ្ចឹងទេ តម្លៃសន្តិភាពដែលខ្ញុំនិយាយថ្ងៃនេះ មិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្លួនខ្ញុំ ហើយចង់លើកតម្លៃខ្លួនខ្ញុំទេ។ ក៏ប៉ុន្តែ ខ្ញុំបានរួមចំណែកជាមួយប្រជាជនកម្ពុជា ដើម្បីនាំមកនូវសន្ដិភាពដែលរកបានដោយលំបាក។ ដូច្នេះហើយបានជាយើងត្រូវចាប់ផ្ដើមនិយាយពីសន្ដិភាពមុនគេទាំងអស់។ ឥឡូវអ្នកណាទៅនិយាយពីប្រជាធិបតេយ្យ និងសិទ្ធមនុស្សនៅប្រទេសអ៊ុយក្រែន។ ឥឡូវពេលនេះ ម៉ោងនេះ គេនិយាយពីសន្ដិភាពនៅអ៊ុយក្រែន។
កាលពីពេលមុន យើងទាមទាររកសន្ដិភាព ក្រោយរកសន្តិភាពបានហើយ យើងខិតខំនិយាយធ្វើម៉េចការពារសន្តិភាពឱ្យបាន ដោយតម្លៃណាក៏ដោយ រហូតដល់គេថា យើងនិយាយតែពីសន្តិភាពភ្លេចគិតអំពីប្រជាធិបតេយ្យ សិទ្ធមនុស្ស។ បានខ្ញុំទទួលស្គាល់ហើយ តែខ្ញុំនិយាយរឿងសន្តិភាពហ្នឹងមុន ខ្ញុំអត់មានអីខុសទេ។ ឥឡូវមើលលើការជាក់ស្ដែង ទៅមើលទៅនៅលីប៊ី, ស៊ីរី, អ៊ីរ៉ាក់, អ៊ុយក្រែន, ស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្ដាល, ម៉ាលី ដែលកងទ័ពយើងនៅទីនោះ។ និយាយពីអីមុន និយាយពីសន្តិភាព។ អញ្ចឹងបានតម្លៃនៃសន្តិភាពនេះ មិនថាឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ទេ ដល់ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ក៏នៅតែនិយាយពីសន្តិភាព ដល់បន្តទៅទៀតក៏នៅបន្តនិយាយពីសន្តិភាព។
… ឆ្នាំក្រោយ(គឺ)ឆ្នាំខ្លាហើយ។ ទូរទស្សន៍ធ្លាប់បញ្ចាំងរឿងប្រពន្ធខ្ញុំឆ្នាំខ្លា។ អាណិតមេត្តាសុំស្ត្រីទាំងឡាយបើខ្លាក៏ខ្លាចុះ ប៉ុន្តែកាត់ចង្កូមចេញ។ ប៉ុន្តែពាក្យបុរសតែងតែនិយាយអញ្ចេះ កាលពីមុនការឆ្នាំនេះ/នោះ មើលទៅស្លូតទាំងអស់ ដល់ការហើយឆ្នាំណាក៏ឆ្នាំខ្លាដែរ ស្រីណាក៏ក្លាយទៅជាសត្វខ្លាទាំងអស់។ ប្រហែលជាមានតែប្រពន្ធខ្ញុំទេអត់ទៅឆ្នាំខ្លា។ គាត់មើលពីផ្ទះមក ប៉ុន្តែនិយាយតិចៗ គាត់អត់លឺ។ ប៉ុន្តែខ្លាក៏អត់លឺដែរ អាហ្នឹងទះតែម្ដង។ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ខ្លាហ្នឹងគេអត់? (អត់ទេ)។ ប្រយ័ត្នតែថ្ងៃណាមួយសួរ ត្រាក់ ថៃសៀង មើល ថាប្រពន្ធឆ្នាំខ្លា ឬអត់? សំណាងដែរខ្ញុំ ចៅ ២២ អត់មានចៅណាមួយឆ្នាំខ្លាទេ។ យប់មិញហ្នឹងម៉ោងប្រហែលជា ១១ សួរប្រពន្ធខ្ញុំថាចៅយើងមានចៅណាឆ្នាំខ្លា? (ថាអត់ទេ) បែរជាមានឆ្នាំនាគរាជទៅវិញ។ បានចៅស្រី ២ ឆ្នាំនាគ ជាមួយជីតា។
ចំណុចនេះ ខ្ញុំបញ្ជាក់ជូនអំពីទាក់ទិនជាមួយនឹងតម្រូវការ។ ផ្អែកលើតម្រូវការនេះហើយ ដែលយើងសាងសង់សមិទ្ធផលនានា ពង្រីកផ្លូវពីតូចទៅធំ ពីដើមផ្លូវយើងតែ ៧ ម៉ែត្រ ឥឡូវពង្រីកដល់ទៅ ២៤ ម៉ែត្រ ក៏មាន ៣០ម៉ែត្រក៏មាន ហើយយ៉ាងតូចក៏ ១១ ម៉ែត្រ។ ព្រោះតម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង។ ប៉ុន្តែ ដល់ពេលក្រោយទៅទៀតនោះ ៥០ ឆ្នាំ ១០០ ឆ្នាំ ទៅទៀត ជួនកាលតម្រូវការពេលនោះគេពង្រីកផ្លូវធំជាងហ្នឹងទៅទៀត មិនដឹងថាពេលហ្នឹងយើងកើតមកមិនដឹងទៅជាអី? តែខ្ញុំបាននិយាយហើយរវាងឋានទាំង ៣ ឋានមនុស្សលោក ឋាននរក ហើយនឹងឋានទេវតា ខ្ញុំនៅឋានមនុស្សលោកហើយ ឋាននរកច្បាស់ជាមិនទៅ។ មិនទៅទេ ព្រោះយមរាជមិនហ៊ានយកខ្ញុំទៅទេ ព្រោះបើខ្ញុំទៅផ្អើលឋានយមរាជ។ ទេវតាទោះបីជាមកទាក់កខ្ញុំទៅ ក៏ខ្ញុំរត់មកវិញដែរ។ ខ្ញុំអត់ទៅទេ មិនទៅឋានទេវតាទេ។
បន្តជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ឆ្នាំ ២០២៣
និយាយដល់រឿងឋានទេវតា និយាយរឿងទេវតា រំលឹកដល់រឿងមួយ សម្តេច នរោត្តម សិរិវុឌ្ឍ ព្រះអង្គប្រហែលជាមើលដែរ ប៉ុន្តែព្រះអង្គឈឺ។ កាលហ្នឹងជិតបោះឆ្នោត ឆ្នាំ ២០០៣ សម្ដេចក្រុមឃុន សិរិវុឌ្ឍ មិនទាន់ឡើងសម្តេច សិរិវុឌ្ឍទេ សម្ដេចក្រុមឃុន សិរិវុឌ្ឍ ថា “យី! ទេវតាហ្នឹងល្មមដូរហើយ”។ ខ្ញុំទៅលេងពីកោះធំទៅវិញថាគ្មានអ្នកណាដែលដូរទេវតាទេ។ មានភូមិទេវតា រុក្ខទេវតា អាកាសទេវតា គេអត់អោយដូរទេ ហើយប្រសិនបើទេវតាប្រចាំឆ្នាំក៏គេដូរក្នុងវេនពួកទេវតាដូចគ្នា។ មិនអញ្ចឹង ចុះរឿងអីត្រូវដូរ។ ឥឡូវគណបក្សប្រជាជន ជាគណបក្សសញ្ញាទេវតា … បន្តបោះឆ្នោត។ ខ្ញុំនៅបន្ត។ សូមបញ្ជាក់ថា បេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ឆ្នាំ ២០២៣ គឺ ហ៊ុន សែន ដដែល។ ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេន ដែលត្រូវបានត្រៀមបម្រុងទុកជារឿងធម្មតារបស់គណបក្សនយោបាយនីមួយៗ។ គណបក្សណាគេរៀបចំ(យ៉ាងណា) ហ្នឹងរឿងរបស់គេ។ យើងគោរពការសម្រេចចិត្តរបស់ពួកគេ។ ប៉ុន្តែសូមអោយទទួលស្គាល់ការសម្រេចចិត្តរបស់គណបក្សប្រជាជនផងដែរ។ ការបម្រុងទុកសម្រាប់អ្នកជំនាន់ក្រោយ គឺត្រូវតែត្រៀមរៀបចំ។ បើមិនអញ្ចឹង (បើមាន)វិបត្តិនឹងកើតឡើង (តើត្រូវរៀបចំដូចម្តេច)។ ឧទាហរណ៍៖ ស្រាប់តែសុខៗ ហ៊ុន សែន ស្លាប់បាត់ទៅ។ អញ្ចឹងនរណានឹងបន្ត? ត្រូវមានការសម្រេចចិត្តដ៏ច្បាស់លាស់មួយរបស់គណបក្ស។ នេះជាវិធីការពាររបស់គណបក្ស។ គេមានទាំងការត្រៀមបម្រុងផ្សេងៗថែមទៀត។
បង្កើតទៅជាទម្លាប់ នៅផ្ទះមើលការងារបានច្រើន
ខ្ញុំបកទៅ សម្ដចក្រុមឃុន សិរិវុឌ្ឍ វិញ គ្មាននរណាដែលដូរទេវតាទេ ភូមិទេវតា រុក្ខទេវតា អាកាសទេវតា រួចបើទេវតាប្រចាំឆ្នាំ សុទ្ធតែកូនទេវតាទាំងអស់ អត់មានមកពីណាទេ! អញ្ចឹងកូនទេវតាទាំងអស់។ បើថា ចង់ឈ្នះពូជទេវតា ទាល់តែអ្នកឯងធ្វើអោយពូកែលើសព្រះឥន្ទឯណោះ។ ប៉ុន្តែ និយាយពីរឿងថា នៅឋានទេវតា ឬនៅឋានក្រោម សុខចិត្តនៅឋានក្រោមចុះ។ បើទោះបីមានកូវីដ-១៩ ហើយទៅឋានទេវតាហ្នឹងមិនប្រាកដថាអត់កូវីដ-១៩ ទេ ហើយមិនស្រួលរកម៉ាស់ពាក់មិនបានទៀត។ នៅខាងក្រោមនេះមាន។ ឥឡូវប្រពន្ធកូនអីឧស្សាហ៍ហៅទៅស៊ីនេះស៊ីនោះ។ អញ្ចឹងសប្បាយនឹងគេដែរ។
ប៉ុន្តែយើងវាពិបាក បើថាចេញទៅវាយកូនហ្គោលនៅក្រៅ វាត្រូវមានអង្គរក្សនេះអង្គរក្សនោះ … យូរៗទៅ វាបង្កើតទៅជាទម្លាប់មួយ គឺនៅផ្ទះមើលការងារបានច្រើន។ វាទៅអញ្ចឹងទៅ។ ដល់ទៅពេលចេញទៅហ្នឹង ជួនកាលធ្វើដំណើរចេញទៅ គឺកាត់ក្រុងហ្នឹង គេបិទផ្លូវ បិទលិចបិទកើត ប្រជាជនរអ៊ូ។ មើលបែបអញ្ចេះ សុទ្ធតែអ្នកធ្លាប់ជាប់ស្តុបដោយសារបិទផ្លូវលោក ហ៊ុន សែន។ ខ្ញុំមិនមែនចង់អោយប៉ូលីសបិទផ្លូវទេ ក៏ប៉ុន្តែគេនាំគ្នាបិទ។ រួចសួរថា ម៉េចបានអ្ហែងបិទអញ្ចឹង? ថាបើមិនបិទអញ្ចឹងទេ សម្តេចទៅប្រជុំអត់ទាន់ ព្រោះពេលខ្លះ សូម្បីយកឧទ្ធម្ភាគចក្រ មកស្ទូចយើងយកឡើងទៅ ក៏មិនដឹងស្ទូចធ្វើម៉េចដែរ? ព្រោះឡានសារ៉ែនរបស់យើង និងឡានខាងមុខ វាទៅអត់រួចដូចគ្នា។ អញ្ចឹងបានថា ធ្វើអ្នកធំមិនមែនស្រួលទេ ពិបាកណាស់។ គេថាមនុស្សឯកោ។ ម៉្យាងទៀត អត់មានសិទ្ធិឈឺទៀត។ ឈឺអត់បាន។ អត់មានសិទ្ធិឈឺ។ ហើយបើទោះបី ឈឺបន្តិចបន្តួច គឺប្រឹងត្រដរមក(ធ្វើការ)។
ឈឺម្តងៗ សូម្បីតែធ្វើចត្តាឡីស័ក ក៏ត្រូវតែប្រកាសប្រាប់ប្រជាពលរដ្ឋ បើមិនអញ្ចឹងទេ គេឆ្ងល់ លោក ហ៊ុន សែន ទៅណា? មិនស្រួលថា ឯងស្លាប់បាត់ ព្រោះគេប្រកាសថា ខ្ញុំស្លាប់បាត់ … មនុស្សខ្ញុំក្លែងក្លាយតើ។ មានអ្នកអះអាងថា ខ្ញុំជាមនុស្សក្លែងក្លាយតើ។ ជាង ១ ឆ្នាំហើយ។ ក្លែងក្លាយបានយូរ។ បើក្លែងក្លាយបានអញ្ចឹងគឺវាអស្ចារ្យ។ អាហ្នឹងរឿងអី Fantômas ប៉ុន្តែ Fantômas តែមួយភ្លែតតើ ក្លែងចុះហត្ថលេខាលើសែកអី បានតែមួយភ្លែតទៅ ទៅបាត់ទៅ។ ដល់ឥឡូវ ខ្ញុំក្លែងខ្លួនបានជាង ១ ឆ្នាំ បាត់ទៅហើយ។ គេថាខ្ញុំងាប់បាត់ទៅហើយ។ រហូតដល់គេថា មានអ្នកដឹងទៀតគេថា លោក ហ៊ុន សែន ត្រូវបានវៀតណាមចាក់ស្អីមកឆ្អឹងខ្នងឯណោះ។ អញ្ចឹងគេចង់អោយងាប់ពេលណា គឺងាប់ពេលហ្នឹងតែម្តង។ វាទៅអញ្ចេះ។
មិនអីទេ អ្នកដែលថាអោយខ្ញុំហ្នឹងគឺថាយកចិត្តទុកដាក់សុខភាពខ្លួនឯងអោយល្អទៅ ប្រសើរជាងយកចិត្តទុកដាក់លើសុខភាពរបស់ខ្ញុំ ព្រោះខ្ញុំមានពេទ្យជំនាញ និយាយរួមបើសិនជាត្រូវការពេទ្យ ខ្ញុំត្រូវការពេទ្យប្រហែលជាអាចមិនអន់ជាងអ្នកទាំងឡាយដែលរស់នៅក្រៅប្រទេសទេ។
កម្ពុជាបង្កើតបានភាពស៊ាំល្អ ចាក់ដូសមូលដ្ឋានបាន ៩២% … មានវ៉ាក់សាំងក្នុងដៃជិត ១២ លានដូស
ថ្ងៃនេះ ក៏មានព័ត៌មានខ្លះ ជួយចែករំលែកជូនចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើង ៣ ខែ ដើមឆ្នាំនេះ ប្រៀបធៀបជាមួយដើមខែឆ្នាំ ២០២១ មុនពេលដែលយើងមានវ៉ាក់សាំងចាក់ ស្ថានភាពខុសគ្នា។ យើងត្រូវតែឃុំគ្រងប្រជាពលរដ្ឋ ដើម្បីធានាថាពលរដ្ឋមិនបានស្លាប់ ដោយសារកូវីដ-១៩ នោះទេ។ ពេលនោះ យើងយកវិធានការច្រើនណាស់ រាប់ទាំងវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ បិទខ្ទប់តាមគោលដៅ រៀបចំជាតំបន់ក្រហម មានពណ៌លឿងទុំ មានពណ៌លឿង គ្រប់សព្វ ដើម្បីធានាថា ជីវិតរបស់ប្រជាពលរដ្ឋរបស់យើងត្រូវបានធានា។ ទោះបីជាមានការខិតខំប្រឹងប្រែង ប៉ុន្តែប្រជាពលរដ្ឋរបស់យើង បានទទួលមរណភាពនៅទូទាំងប្រទេសជាង ៣០០០ នាក់ ជាមួយនឹងអ្នកឆ្លងជាង ១៣ ម៉ឺននាក់។
យើងបានប្រឹងប្រែងជំនះនូវការលំបាក រកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់យើង ដែលមកដល់ពេលនេះ វ៉ាក់សាំងយើងបានចាក់សម្រាប់ប្រជាពលរដ្ឋបានដល់ជាង ៩២% រួចស្រេចទៅហើយ ធ្វើឲ្យមានភាពសុំាសហគមន៍នៅក្នុងចំណោមប្រជាជនយើងបានល្អ។ នៅក្នុងឱកាសដែលពេលខ្ញុំជួបជាមួយឯកឧត្តមប្រធានាធិបតី Xi Jinping របស់សាធារណរដ្ឋប្រជាមានិតចិន គាត់ប្រកាសផ្តល់ជូនវ៉ាក់សាំង ២០ លានដូសពីម្សិលម្ង៉ៃ។ ម្សិលមិញនេះ បានមកដល់ ៥ លានដូសស្រេចទៅហើយ បូកបន្ថែមទៅដោយ ៦ លាន ៥ សែនដូស ដែលយើងកំពុងស្តុក។ យើងមានវ៉ាក់សាំងក្នុងដៃពេលនេះ រហូតដល់ ១១ លានដូស ជិតនឹង ១២ លានដូស។ ថ្ងៃ ៦ (មេសា)នេះ បើគ្មានការប្រែប្រួលទេ វ៉ាក់សាំងនឹងមកពីអ៊ីតាលីចំនួន ១ លានដូសជាងទៀត បូកបន្ថែមទៅដោយវ៉ាក់សាំងដែលប៉ូឡូញកំពុងត្រៀមរៀបចំ ១ លានដូស ហើយក៏មានការសន្យាពីសហរដ្ឋអាមេរិកឲ្យយើងចំនួន ៧ លាន ៥ សែនដូសក្នុងឆ្នាំនេះ ដែលអាចនឹងមកដល់ក្នុងខែមេសា ខែឧសភា ខែកក្កដា និងខែកញ្ញា។
អញ្ចឹងយើងមានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីនឹងការពារប្រជាពលរដ្ឋរបស់យើង តាមរយៈដូសជម្រុញ ជាដូសទី ៣ និងដូសទី ៤។ អញ្ចឹងម្សិលមិញនេះ យើងមានអ្នកឆ្លងត្រឹមតែ ៣៣ នាក់ និងអត់មានអ្នកស្លាប់ទេ។ ថ្ងៃនេះមានអ្នកឆ្លងត្រឹមតែ ៤០ នាក់ ប៉ុន្តែអ្នកស្លាប់ ខ្ញុំមិនទាន់បានដឹងទេ ព្រោះធម្មតាតួលេខនោះ ត្រូវប្រកាសនៅក្រោយម៉ោង ៩ កន្លះ ឬម៉ោង ១០។ អញ្ចឹងចំនួនឆ្លងនៅក្នុងប្រទេសរបស់យើងថមថយយកមែនទែន។ ខេត្តខ្លះអត់មានទេ។ ខ្ញុំតាមមើលរបាយការណ៍នៃការឆ្លងដោយពិនិត្យតាម PCR និងពិនិត្យតាមតេស្តរហ័ស។ ធ្វើតេស្តរហ័សពីម្សិលមិញ ០ ព្រោះអ្នកទៅយកសំណាក PCR អត់មានអ្នកទៅធ្វើទេ។ អ្នកទៅយកសំណាកតេស្តរហ័ស ២២ នាក់ ក្នុង ២២ នាក់ គឺ ០ ដែលមុននេះក្នុងចំណោម ២០ នាក់ អាចមាន ៣ នាក់ ឬដល់ ៥ នាក់ នៅក្រោយពេលផ្ទុះអូមីក្រុង។
កង្វល់ពិតប្រាកដ គឺផលប៉ះពាល់បណ្តាលពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន
ក្នុងស្ថានភាពបែបនេះ ការបើកសេដ្ឋកិច្ចឡើងវិញរបស់យើង ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ រហូតមកដល់នេះ ប្រកបដោយការជឿទុកចិត្ត ហើយដែលខ្ញុំសុំបង្ហាញអំពីវឌ្ឍនភាពមួយចំនួន អំពីបញ្ហាទាក់ទិនជាមួយនឹងរឿងកំណើនសេដ្ឋកិច្ច។ ខ្ញុំអាចនិយាយថា អ្វីដែលជាកង្វល់ពិតប្រាកដរបស់យើង គឺផលប៉ះពាល់ដែលចេញមកពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ទៅវិញទេ។ ផលប៉ះពាល់ចេញមកពីហ្នឹង វាអាចកើតឡើងជាអតិបរមា។ ម្សិលមិញខ្ញុំបានមើលសារព័ត៌មានមួយដែលនិយាយពីអាស៊ានទទួលរងផលប៉ះពាល់។ គេមិនបានលើកពីកម្ពុជាទេ តែគេបានលើកអំពីបញ្ហាទាក់ទិនជាមួយនឹងប្រទេសសាំងហ្គាពួរ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ សាំងហ្គាពួរ នំបុ័ងឡើងថ្លៃដូចជា ១៥ ភាគរយ ការដឹកជញ្ជូនឡើងថ្លៃ ១៧ ភាគរយ ដោយសារតែសាំងឡើង វាត្រូវតែចូលទៅដល់ហ្នឹង។ នោះហើយវាជាផលប៉ះពាល់ដែលអាចមានមកដល់យើង។
បីខែដើមឆ្នាំ ២០២២ ចំណូលពន្ធផ្ទៃក្នុងមាន ១១៣២ លានដុល្លារ
ប៉ុន្តែអំពីសូចនាករចំណូល ម្សិលមិញ ចាត់ទុកថា ជាពេលវេលាដែលខ្ញុំសប្បាយចិត្តនៅក្នុងឆ្នាំនេះខ្លាំងជាងគេ។ ហេតុអី្វបានយើងត្រូវសប្បាយចិត្ត? ម្សិលមិញនេះ គឺជាថ្ងៃដែលបំបែកឯទគ្គកម្មតែម្តង សម្រាប់ចំណូលពន្ធផ្ទៃក្នុង។ ម្សិលមិញគឺនៅថ្ងៃទី ៣០ ចំណូលពន្ធដារផ្ទៃក្នុង តែក្នុងមួយថ្ងៃទេ គិតជាប្រាក់ដុល្លារចំនួន ២៣៦ លានដុល្លារ ហើយបើគិតរយៈពេល ៣០ ថ្ងៃ គឺចំណូលបានចំនួន ៦២០ លានដុល្លារនិយាយលេខគត់ ហើយបើគិតមិនទាន់ដាច់ខែ ពីខែមករា រហូតមក បាន ១១៣២ លានដុល្លារ។ ម្សិលមិញខ្ញុំទាក់ទងទៅប្រធានពន្ធដារ ឯកឧត្តម គង់ វិបុល ថាថ្ងៃនេះនឹងមានលទ្ធភាពចំណូល(ពន្ធ)លើស ១០០ លានដុល្លារទៀត។ អញ្ចឹងបានសេចក្តីថា ក្នុងខែមីនានេះ ចំណូលយើងនឹងកើនលើស ៧០០ លានដុល្លារសម្រាប់ពន្ធផ្ទៃក្នុង ព្រោះខែនេះ ជាខែដែលបង់ពន្ធលើប្រាក់ចំណេញនៃបណ្តាក្រុមហ៊ុន។
បើកសេដ្ឋកិច្ចឡើងវិញ ចំណាយនៅតែធំ ប៉ុន្តែចំណូលបានបន្ទាប់បន្សំ
ជារៀងរាល់ខែ, ឥឡូវខ្ញុំគ្រាន់តែពិនិត្យអំពីតួលេខឆ្នាំទៅ ដើម្បីយើងមើលឲ្យឃើញ៖ ឆ្នាំទៅនៅក្នុងខែមករា យើងចំណូលបាន ២១៧ លានដុល្លារ, ខែកុម្ភៈបាន ២០០ លានដុល្លារ ខែមីនាបាន ៦១៥ លានដុល្លារ ព្រោះជាខែដែលត្រូវបង់ពន្ធលើប្រាក់ស្អីៗហ្នឹង។ ដល់ទៅមកដល់ឆ្នាំនេះ ចំណូលខែមករា យើងបាន ២៨៨ លានដុល្លារ, ខែកុម្ភៈ ២២៣ លានដុល្លារ សម្រេចជាភាគរយ ១៨,១៧ ភាគរយ។
អញ្ចឹង បើយើងគិតចំនួននៃប្រាក់ចំណូល(ពន្ធ)ក្នុងមួយត្រីមាសក្នុងឆ្នាំនេះ ដែលរាប់ទាំងថ្ងៃនេះ គឺយើងនឹងមានប្រាក់ចំណូល(ពន្ធ)រហូតទៅដល់ ១២០០ លានដុល្លារជាង ដែលកើនលើសឆ្នាំមុនប្រមាណជា ២០០ លានដុល្លារ។ បើបូកទាំងពន្ធគយជាង ២០០ លានដុល្លារទៀត នៅខែមីនានេះ យើងនឹងមានប្រាក់ចំណូល(ពន្ធ)ប្រមាណជា ៩០០ លានដុល្លារ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា ជម្រុញឲ្យនាំគ្នាចាយលុយទេ។ បញ្ហានេះគ្រាន់តែបញ្ជាក់អំពីកាលពីឆ្នាំទៅ តម្រូវការចំណាយវាធំ ចំណូលវាតិច ដល់បើកសេដ្ឋកិច្ចឡើងវិញ ចំណាយក៏នៅតែធំ ប៉ុន្តែចំណូលបានមកបន្ទាប់បន្សំ។
នាយករដ្ឋមន្រ្តីបារម្ភជាងគេគឺការគ្មានប្រាក់បើកប្រាក់ខែឲ្យមន្រ្តីរាជការ
ម្សិលមិញ ក្នុងពេលដែលយើងទទួលជើងលេខពីខាងពន្ធដារនិងគយ ចំនួនសាច់ប្រាក់នៅក្នុងរតនាគារបានកើនឡើងប្រមាណជាង ៩០០ ពាន់លាន … ធ្វើឲ្យជើងលេខនៃអតិរេកប្រាក់សាច់ប្រាក់ដែលយើងសន្សំ(កើនឡើង)។ សូមបញ្ជាក់ បទពិសោធន៍នៃការធ្វើនាយករដ្ឋមន្រ្តីរបស់ខ្ញុំ ព្រោះអ្នកទាំងអស់គ្នាមិនមែនជានាយករដ្ឋមន្រ្តី មិនមានបទពិសោធន៍នោះទេ … នៅកម្ពុជានេះ នៅពេលនេះគឺមានតែខ្ញុំម្នាក់គត់ដែលមានបទពិសោធន៍ថាតើនាយករដ្ឋមន្រ្តីគិតពីអីខ្លាំងជាងគេ? … ធ្វើជិត ៤ ទសវត្សរ៍ហើយ តែនៅធ្វើទៀត។ នាយករដ្ឋមន្រ្តីភ័យជាងគេស្អី? គឺអត់សាច់ប្រាក់បើកប្រាក់ខែ។ យើងខំសន្សំសាច់ប្រាក់យ៉ាងខ្លាំង បានជាយើងទប់ទល់ ២ ឆ្នាំនេះបាន។ ក្នុងមួយខែត្រូវចាយជិត ៤០ លានដុល្លារចិញ្ចឹមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយកូវីដ-១៩។ អញ្ចឹងនាយករដ្ឋមន្រ្តីដែលពិបាកជាងគេ គឺនាយករដ្ឋមន្រ្តីដែលចំណូលអត់(ចូល) ចំណាយចេះតែចេញ។ អញ្ចឹងបានជាទោះបីជាប្រាក់ចំណូលកើនឡើងក៏ដោយ តែយើងអត់មានឲ្យធ្វេសប្រហែសរឿងហ្នឹងទេ។
អាជីវកម្មប្រេងមិនកាក់កប តែបានផលពីរ៉ែមាសវិញ
… ហ្នឹងជាចំណូលពន្ធដារ។ ប៉ុន្តែខ្ញុំក៏គួរចែករំលែកព័ត៌មានជូនប្រជាពលរដ្ឋរបស់យើងផងដែរថា រឿងការជីកប្រេងនៅឯសមុទ្រនោះ វាបង្កើតបានជាបញ្ហា។ ការជីកនោះក៏វាអត់ផល ថែមទាំងគេលួចកប៉ាល់រត់ទៅទៀត។ ប៉ុន្តែ យើងបែរជាមកកាត់កងជាមួយនឹងរ៉ែមាសទៅវិញ។ យើងចាប់ផ្ដើមធ្វើរ៉ែមាសចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១។ មកដល់ឥឡូវ ៩ ខែ យើងផលិតមាសបាន ២ ២៧៥ គីឡូក្រាម។ ប៉ុន្តែហ្នឹងពេលដែលយើងយកទៅចម្រាញ់ចេញជាមាសទឹកដប់ ចេញប៉ុន្មាន? ដក ១០% … អញ្ចឹងវាបានជាង ២ តោន។ ឯសល់ពីនោះវាចេញទៅជាប្រាក់ លង្ហិន ស្អីៗថែមទៀត។ វាទៅជាកាត់កងអញ្ចេះទៅវិញ។ ហ្នឹងគ្រាន់តែគិតមួយកន្លែងទេ នៅមិនទាន់គិតកន្លែងផ្សេងទៀត។ អញ្ចឹងយើងក៏ចាប់ផ្ដើមប្រើប្រាស់នូវធនធានធម្មជាតិរបស់យើងមួយចំណែក ដែលយើងបាននិងកំពុងរុករក ដើម្បីធ្វើអាជីវកម្មដើម្បីបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រទេសជាតិ។ ប្រទេសនានាគេធ្វើទាំងអស់គ្នាហ្នឹង ខ្លះជីក គេជីករាប់រយ ឬរាប់សិបឆ្នាំហើយ គេបូមប្រេងនៅសមុទ្ររបស់គេ សឹងតែរញ្ជួយផែនដីលើលោក ដោយសារតែបូមប្រេងហ្នឹង។ ឯយើងទើបនឹងបានធ្វើតិចតួចទេ ប្រេងនៅច្រើន ក៏ប៉ុន្តែមិនដឹងថាវានៅកន្លែងណាអីកន្លែងណី។ ធ្វើទៅវាមិនកាក់កប … តែយើងនឹងបន្ត។
តម្លើងប្រាក់សោធនអ្នកចូលនិវត្តមុន ឲ្យសមភាពជាមួយអ្នកចូលនិវត្តក្រោយ
… ខ្ញុំសូមនិយាយទៅកាន់សោធននិវត្តន៍ទាំងអស់ ទាំងស៊ីវិល ទាំងកងទ័ព ដែលបានចូលនិវត្តន៍មុននោះ។ យើងបានយកចិត្តទុកដាក់ដើម្បីតម្លើងបៀវត្សរ៍សម្រាប់សោធននិវត្តន៍ដែលបានចូលនិវត្តមុន និងចូលនិវត្តក្រោយ ដែលមានប្រាក់បៀវត្សខុសគ្នា។ អ្នកចូលនិវត្តក្រោយដែលមានប្រាក់បៀវត្ស ១ លានរៀល ដល់ពេលចូលនិវត្តបានប្រាក់ ៨០ ម៉ឺនរៀល។ ឯអ្នកចូលនិវត្តមុន ប្រាក់បៀវត្សត្រឹម ៥០ ម៉ឺនរៀល ដល់ចូលនិវត្តនៅសល់តែត្រឹមជាង ៣០ ម៉ឺនរៀលប៉ុណ្ណឹង។ អញ្ចឹងបានជាប៉ុន្មានឆ្នាំកន្លងមុនហ្នឹង យើងឲ្យតម្លើងអ្នកខាងក្រោមឲ្យកើនខ្ពស់។ ឥឡូវ ក្នុងមួយឆ្នាំ យើងដាក់នៅក្នុងគម្រោងចំនួន ៣០ ពាន់លានរៀល។ ឥឡូវ ខ្ញុំសុំចេញបញ្ជា ខ្ញុំទាក់ទងជាមួយឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ឲ្យពន្លឿននៃការលើកកម្រិតអ្នកដែលមានប្រាក់សោធននិវត្តទាប ឲ្យកើនបានខ្ពស់បន្តិច ពន្លឿនត្រឹមតែ ២ ឬ ៣ ឆ្នាំ យកគោលដៅអាហ្នឹង។
… ២ ឆ្នាំកន្លងទៅនេះ យើងអត់បានតម្លើងបៀវត្សរ៍ឲ្យមន្រ្តីរាជការទេ ដោយសារយើងមានតម្រូវការទប់ទល់កូវីដ-១៩។ ប៉ុន្តែសម្រាប់អតីតយុទ្ធជន ដែលចូលនិវត្តមុន និងមន្រ្តីរាជការស៊ីវិល ដែលចូលនិវត្តមុន គប្បីត្រូវយកចិត្តទុកដាក់លើកទឹកចិត្តជម្រុញការតម្លើងបៀវត្សរ៍អ្នកទាំងនោះ។ បន្ថែមឲ្យអ្នកទាំងនោះ ព្រោះវាខ្វះសមភាពដែរ។ អ្នកចូលនិវត្តក្រោយសុទ្ធតែប្រាក់ខែលើស ១ លានរៀល ដល់ចូលនិវត្តនៅសល់ ៨០ ម៉ឺនរៀលអីដែរ។ ដល់គ្នាប្រាក់ខែតែ ៥០ ម៉ឺនរៀល ពេលចូលនិវត្តសល់តែ ៣០ ម៉ឺនរៀល។ អញ្ចឹងត្រូវខិតខំតម្លើងអ្នកទាំងនោះ។ សូមឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន ដឹកនាំការងារនេះ ពិនិត្យនិងដោះស្រាយ ដោយយើងរៀបចំបង្កើនថវិកា។
ខ្ញុំគិតថា មិនចាំបាច់ធ្វើការកែតម្រូវថវិកាជាតិសម្រាប់អ្នកទាំងនេះទេ ព្រោះថាចំនួននេះក៏មិនច្រើនពេកដែរ។ យើងរើសយកតែអ្នកណាឧទាហរណ៍ថា អ្នកដែលចូលនិវត្តប្រាក់ខែគោលត្រឹម ៥០ ម៉ឺន អញ្ចឹងអ្នកប្រាក់ខែគោល ៥០ ម៉ឺន ត្រូវឲ្យឡើងប៉ុន្មាន ថា ៣០% ទៅចុះ។ ដល់អ្នកប្រាក់ខែគោល ៦០ ម៉ឹន ឲ្យឡើងត្រឹម ២៨% អាហ្នឹងវាតគ្នាអញ្ចឹង។ អ្នកប្រាក់ខែគោល ៧០ ម៉ឺន ឲ្យឡើង ២៥%។ យកវិធីសាស្រ្តមួយដើម្បីរុញដងជញ្ជីងឲ្យវាឡើងបះបន្តិច ដូចដែលយើងចាប់ផ្ដើមធ្វើមន្រ្តីរាជការយើងកាលពីមុន។ អ្នកដែលមានប្រាក់ខែ ៣០ ម៉ឺនរៀល យើងរុញឡើងប៉ុន្មានភាគរយ ក្នុងពេលដែលអ្នកខាងលើឡើងតែប៉ុន្មានភាគរយទេ។
ខ្ញុំសូមផ្ញើជូនចំពោះបងប្អូនអតីតយុទ្ធជន ក៏ដូចជាបងប្អូនដែលចូលសោធននិវត្តន៍។ ខ្ញុំឲ្យឯកឧត្ដម គន់ គីម យកថវិការបស់ខ្ញុំមួយចំនួនដើរទៅជួបជាមួយអតីតយុទ្ធជន ហើយពន្យល់ប្រាប់គាត់។ ថ្ងៃនេះ ខ្ញុំចេញសារមួយជម្រាបជូនបងប្អូនថា ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបង្កើនល្បឿន នៃការដោះស្រាយបញ្ហានេះ ដើម្បីដោះស្រាយអំពីវសមភាពនៃប្រាក់ចូលនិវត្តន៍។ អ្នកដែលមានប្រាក់ចូលនិវត្តន៍ត្រឹម ១ លាន(រៀល)អី អាហ្នឹងយើងទុកសិនចុះ ប៉ុន្តែអ្នកចូលនិវត្តន៍ដែលមានប្រាក់ក្រោមហ្នឹង យើងអាចជម្រុញឡើងដើម្បីឱ្យវាទៅកៀកគ្នារវាងអ្នកចូលនិវត្តមុននិងអ្នកចូលនិវត្តក្រោយ។ នេះជាគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយ នៃការគិតគូសម្រាប់អ្នកដែលមានប្រាក់បៀវត្សទាប។
គ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការឱ្យបានហ្មត់ចត់ នាឱកាសបុណ្យចូលឆ្នាំខាងមុខ
អម្បាញ់មិញ ឯកឧត្តម ឃួង ស្រេង ជូនពរខ្ញុំ(ក្នុងឱកាសគម្រប់ខួប) ៧១ (ឆ្នាំ) ឈានចូល ៧២ (ឆ្នាំ)។ ចាស់មែនទែនហើយ ប៉ុន្តែ អត់ទេ ឆ្នាំមែនទែនអត់ទេ។ ឥឡូវ ឆ្នាំឯករាជ្យរបស់កម្ពុជាឆ្នាំប៉ុន្មាន? ទើប ៦៩ (ឆ្នាំ)ទេ (ឯ)ខ្ញុំទើបចូល ៧០ (ឆ្នាំ)ទេ។ ប៉ុន្តែ វាស៊ីសងកម្លាំងរបស់យើងវាទៅដល់ណា។ អត់អីទេ ចាស់ខ្ញុំឥឡូវគេថាអត់ចាស់ផង គេថាខ្ញុំក្មេងទៅវិញ។ ប៉ុន្តែ ខ្ញុំមើលរូមភាពខ្ញុំ ដែលខ្ញុំថ្លែង នៅថ្ងៃទី ៨ មីនា ២០១២ ក្នុងកំណែទម្រង់ឡូត៍នេសាទទូទាំងប្រទេស និងឆ្នាំ ២០២២ អត់ប្លែកគ្នាអីប៉ុន្មានទេ។ បើអញ្ចឹងនៅគ្រាន់បើ មិនទាន់ទៅណាទេ។ ហើយអ្នកបន់ឱ្យ ហ៊ុន សែន ស្លាប់ ប្រហែលជាអាចទៅមុន ហ៊ុន សែន ក៏មិនដឹងផង មានលទ្ធភាពទៅមុន ព្រោះរឿងងាប់ហ្នឹងមានអ្នកណាទៅដឹងមុន?
ខ្ញុំរំលឹកថា សប្បាយចុះឆ្នាំនេះ។ ខ្ញុំដឹងថានៅភ្នំពេញក្តី នៅសៀមរាបក្តី នៅគ្រប់កន្លែង ត្រៀមតែនឹងដើរលេងហើយ។ ខ្ញុំក៏ត្រៀម(ដើរលេង)ដែរ ហើយមិនអីទេ សម័យឌីជីថល គឺថា ទៅត្រង់ណាក៏ដូចត្រង់ណាដែរ។ សូម្បីតែ ឡើងយន្តហោះក៏មានការទំនាក់ទំនងបញ្ជាមកខាងក្រោមបានដែរ។ អត់បញ្ហា។ ប៉ុន្តែ អ្វីដែលខ្ញុំស្នើឱ្យយកចិត្តទុកដាក់៖ ទី (១) ត្រូវបន្តការខិតខំអនុវត្តនូវវិធានការសុខាភិបាល ជាពិសេស “៣កុំ ៣ការពារ” របស់យើង ដែលយើងបាននិងកំពុងធ្វើទាំងអស់គ្នា។ ជោគជ័យ នៃការគ្រប់គ្រងកូវីដ-១៩ នៅកម្ពុជា មិនមែនបានមកពីតួអង្គ ហ៊ុន សែន ម្នាក់ឯងនោះទេ ហ៊ុន សែន គ្រាន់តែជាមេបញ្ជាការ នៃយុទ្ធនាការទប់ស្កាត់ ការពារ និងគ្រប់គ្រងសភាពការណ៍។ ប៉ុន្តែ បានមកពីការចូលរួមគ្រប់ផ្នែកទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ មន្ត្រីសុខាភិបាល ជាពិសេស ប្រជាជនម្នាក់ៗចេះការពារខ្លួន។ អញ្ចឹង ត្រូវបន្តអាហ្នឹងតទៅទៀត ធ្វើយ៉ាងម៉េចកុំឱ្យចូលឆ្នាំរួចហើយ បែរជាផ្ទុះ។
គ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការឱ្យបានហ្មត់ចត់ មិនមែនគ្រាន់តែទាក់ទិននឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់នោះទេ ប៉ុន្តែ អាជ្ញាធរនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវមើលគ្រប់គ្រងទាំងកម្លាំងសន្តិសុខ ការពារសណ្តាប់ធ្នាប់ និងទាក់ទិនជាមួយនឹងសុខាភិបាល។ យើងត្រូវមានពេទ្យ មានកន្លែងធ្វើតេស្តរហ័ស ព្រោះជួនកាលប្រជាពលរដ្ឋរបស់យើងគាត់អត់មានប្រដាប់ធ្វើតេស្តរហ័សទៅជាមួយទេ។ ឥឡូវ ប្រជាពលរដ្ឋរបស់យើង ភាគច្រើនគាត់ធ្វើតេស្តខ្លួនឯង ប៉ុន្តែ មានមួយចំនួនត្រូវធ្វើតេស្តរហ័ស។ យើងក៏ត្រូវមាន កន្លែងធ្វើតេស្តរហ័សឱ្យពួកគាត់ផងដែរ។ ត្រូវបំប៉នគ្រូពេទ្យយ៉ាងណានៅក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីឱ្យពួកគាត់មានលទ្ធភាពធ្វើការ។
យើងត្រូវឃើញពីការលះបង់ នៃកម្លាំងដែលមានសមត្ថកិច្ចធំធេងណាស់។ យើងសប្បាយរីករាយនឹងទទួលទេវតា ក្នុងពេលដែលនគរបាលជាតិ កងរាជអាវុធហត្ថ និងកម្លាំងប្រដាប់អាវុធ នៃកងយោធពលខេមរភូមិន្ទ កំពុងឈរយាមយើង ឱ្យយើងសប្បាយ។ យើងត្រូវឃើញការលះបង់របស់ពួកគាត់នៅទីកន្លែងនេះ។ យើងមានពេលជប់លៀង នាំគ្នាច្រៀងរាំនៅខាងក្នុង ប៉ុន្តែនៅខាងក្រៅមានកម្លាំងប៉ូលីស/ប៉េអឹមឈរយាមការពារយើង។ អញ្ចឹង ការខុសត្រូវបន្តិចបន្តួច ខ្ញុំមិនមែនសម្រាលឱ្យអ្នកប្រព្រឹត្តខុសទេ ក៏ប៉ុន្តែត្រូវមើលឃើញអំពីការទទួលខុសត្រូវ នៃសមត្ថកិច្ច។ អាជ្ញាធរគ្រប់ទីកន្លែងអត់បានដេកបានពួនទេ ហៅពេលណាឆ្លើយពេលហ្នឹង។ ក្នុងពេលគេជួបជុំ សប្បាយរីករាយ គ្រូពេទ្យរបស់យើងនៅធ្វើការនៅឡើយទេ ជាពិសេស នៅពេលស្រវឹងបើកបុកគ្នា គ្រូពេទ្យមានការងារធ្វើ អត់មានពេលសម្រាកទេ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍គាត់មិនត្រូវចូលពេទ្យ?
រឿងថាចូលពេទ្យហ្នឹងជារឿងធម្មតាដោយគ្រោះថ្នាក់ចរាចរណ៍ ឬក៏ស្អីៗផ្សេងៗ ខ្លះឈឺដោយជំងឺចាស់ ខ្លះក៏ត្រូវឆ្លងទន្លេចំពេលចូលឆ្នាំហ្នឹង ហើយឱ្យគ្នាធ្វើម៉េច? វាត្រូវមានគ្រូពេទ្យ។ អញ្ចឹង បានជាត្រូវឃើញពីការលះបង់របស់អាជ្ញាធរ/កម្លាំងមានសមត្ថកិច្ចរបស់យើង ជាពិសេស សណ្តាប់ធ្នាប់សាធារណៈ ដែលត្រូវការពារឱ្យយើងសប្បាយ កុំឱ្យមានគ្រាប់បែកចូល កុំឱ្យមានឆក់/ប្លន់ គ្រូពេទ្យត្រូវយាមប្រចាំការនៅតាមមន្ទីរពេទ្យ។ ឥឡូវ ក៏ត្រូវមានគ្រូពេទ្យប្រចាំការនៅ តាមទីកន្លែងតំបន់ទេសចរណ៍ ដើម្បីយកសំណាកយកអីទៀតផង។ នោះហើយដែលយើងត្រូវឃើញអំពីលះបង់។
ឆ្នាំនេះខ្ញុំមានការជឿជាក់ ព្រោះមានបទពិសោធន៍ហើយ។ ពេលភ្ជុំមើលទៅអត់ស្រួលសោះពេលដាក់បិណ្ឌ។ បិណ្ឌទី ១ បិណ្ឌទី ២ បិណ្ឌទី ៣ យី! មើលទៅអត់ស្រួលទេ Voice សម្លេងទាំងយប់ថា ឥឡូវ សុំបិណ្ឌទី ៤ ផ្អាកសិន។ មិនមែនផ្អាក(ដាក់)បិណ្ឌទេ ក៏ប៉ុន្តែ គ្រាន់តែវិធីកុំឱ្យជុំគ្នាចូលក្នុង(សាលាឆាន់)ហ្នឹង(ច្រើនពេក) រួចហើយវេប្រគេនអី។ ឥឡូវ លែងយកទៅប្រគេនហើយ តែប្រគេនរបៀបម៉េច ដើម្បីកុំឱ្យឆ្លង។ ពេលហ្នឹងឆ្លងខ្លាំង។ បន្ទាប់ពីហ្នឹងទៅ បុណ្យអុំទូក បណ្តែតប្រទីប (អកអំបុក សំពះព្រះខែ) អនុញ្ញាតឱ្យដើរលេង បន្ទាប់ទៅស្រាប់តែចំនួន(អ្នកឆ្លងកូវីដ-១៩)មានការកើនឡើង មើលទៅក្នុងមន្ទីរពេទ្យមាន(អ្នកកំពុងសម្រាកព្យាបាល)ទៅដល់ ១៩ ០០០ នាក់ នៅក្នុង ICU ចូលទៅដល់ ២ ០០០ នាក់ប្លាយ។ ម៉េចអញ្ចេះ! អញកន្លងទៅសម្រេចចិត្តខុសឬត្រូវ?
ស្រាប់តែរួចទៅអត្រា(អ្នកឆ្លងកូវីដ-១៩) ចេះតែថយៗ អូ! បានតើ! អញ្ចឹងក៏ចេះតែបើក(ប្រទេស)បន្តៗ ឥឡូវនេះ ចូលឆ្នាំនេះបើកហើយ ព្រោះយើងខាន ២ ឆ្នាំហើយ។ ឆ្នាំនេះនាំគ្នាដើរលេងឱ្យឆ្អែតម្តង។ បើថារាំ កុំរាំកៀកគ្នាពេក ឱ្យឆ្ងាយពីគ្នាបន្តិចទៅ។ រឿងលេងជះទឹក ជះស្អីហ្នឹង អាហ្នឹងវាបង្កើតបញ្ហាកូវីដ-១៩ បញ្ហាគ្រោះថ្នាក់ ហើយស្ថានភាពកូវីដ-១៩ មិនអនុញ្ញាតឱ្យធ្វើបែបនោះទេ អាហ្នឹងសុំណែនាំ។
ដំណើរការសេដ្ឋកិច្ចសង្គម រៀនរស់នៅជាមួយកូវីដ-១៩ … ដើរដល់ដំណាក់ការសេដ្ឋកិច្ចឌីជីថល
យើងបិទផ្លូវគេហើយ យើងនិយាយយូរ ក៏វាមិនសម។ ខ្ញុំត្រូវនៅមួយគ្រែទៀត នៅខេត្តសៀមរាប។ គិតទៅធ្វើការរហូត គ្រាន់តែខែនេះ សម្ពោធមិនដឹងប៉ុន្មានកន្លែង។ ចូលខែមេសាព្រឹប ស្អែកយើងប្រជុំគណៈរដ្ឋមន្ដ្រីពេលព្រឹក, ល្ងាច ខ្ញុំត្រូវទទួលភ្ញៀវ ២ ទៀត។ ថ្ងៃទី ២ (មេសា) ចេញដំណើរទៅសៀមរាប ថ្ងៃ ៣ មើលព្រលានយន្ដហោះថ្មី, ថ្ងៃ ៤ (មេសា) សម្ពោធ, ថ្ងៃ ៥ ត្រឡប់មកវិញ។ ចេះតែទៅអញ្ចឹងហើយ ព្រោះគេឲ្យយើងធ្វើអញ្ចឹងហើយមិនដឹងធ្វើម៉េច។ អរគុណដល់ប្រជាពលរដ្ឋរបស់យើង ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានបំពេញការងាររួមចំណែកនាំប្រទេសចេញពីសង្គ្រាម និងជម្រុញការអភិវឌ្ឍ ដែលមកដល់ពេលនេះ យើងដើរដល់ចំណុចរបត់មួយ ដែលយើងកំពុងស្ថិតក្នុងដំណាក់កាលបើកដំណើរការសេដ្ឋកិច្ចសង្គម ដែល(យើង)ត្រូវរៀនរស់នៅជាមួយកូវីដ-១៩ ដែលទាមទារឲ្យយើងមានការប្រុងប្រយ័ត្ន ហើយក៏ដើរដល់ដំណាក់ការសេដ្ឋកិច្ចឌីជីថលផងដែរ។
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់សាលាខណ្ឌពោធិ៍សែនជ័យ ចំនួន ២ លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣ លានរៀល។ ក្រុមតន្ដ្រីសម័យ ៥ លានរៀល។ ជាមួយនឹងការប្រកាសសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ ដែលសហការរវាងសាលារាជធានីភ្នំពេញ ជាមួយនឹងក្រុមហ៊ុនអាណិកជនកម្ពុជា OCIC ខ្ញុំសូមប្រសិទ្ធពរជូនឯកឧត្តម លោកជំទាវអស់លោក លោកស្រី បងប្អូនជនរួមជាតិក្នុងក្របខណ្ឌទូទាំងប្រទេស និងបងប្អូនជនរួមជាតិនៅឯក្រៅប្រទេស និងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងស្ថិតនៅក្រៅប្រទេស សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ នៅពេលចូលឆ្នាំថ្មីខាងមុខ គឺឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ សូមប្រកបដោយ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើង។ សូមអរគុណ៕