Speech given by the Prime Minister on national and international occasions, review conference, etc. in English and in Khmer
ជូនឯកឧត្តម លោកជំទាវ អភិបាលខេត្តរាជធានី រាជរដ្ឋាភិបាលបានបិទបញ្ចប់ក្នុងការបិទទីក្រុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ក៏ដូចជាការបិទបញ្ចប់សម្រាប់ការធ្វើដំណើរឆ្លងខេត្តតាំងពីរយៈពេលមុនមកម្ល៉េះ។ ក្នុងពេលបិទបញ្ចប់នេះរាជរដ្ឋាភិបាលក៏បានផ្តល់អំណាចទៅឲ្យអភិបាលខេត្តរាជធានីដើម្បីគ្រប់គ្រងសភាពការណ៍តាមការជាក់ស្តែង។ ប៉ុន្តែ ខ្ញុំពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតទៅដល់កម្រិតប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួន ចាំបាច់ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ។ នេះមិនខុសពីការដែលយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ។ ដូចជាខ្ញុំត្រូវធ្វើដំណើរទៅឥណ្ឌូនេស៊ី ត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ បើ(បណ្តាខេត្ត)ធ្វើយ៉ាងដូច្នេះ វាស្មើនឹងការបិទរដ្ឋឡើងវិញ បិទប្រទេសឡើងវិញ។ ឧទាហរណ៍ ប្រជាជនត្រូវឆ្លងកាត់នៅខេត្តនោះចាំបាច់ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងខេត្តមួយនោះ។ យើងត្រូវបន្តគ្រប់គ្រងនូវការធ្វើចត្តាឡីស័កចំពោះអ្នកដែលសង្ស័យដែលមានហានិភ័យថាមានកូវីដ-១៩ ដើម្បីឲ្យទៅយកសំណាកហើយត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ។ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់ដូចនៅក្នុងទ្រុងដដែល។ សុំឲ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណាដែលបានចេញសេចក្តីសម្រេចហួសទៅហើយត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរសម្រាប់ប្រជាពលរដ្ឋ។ ខ្ញុំនិយាយនេះមិនមែនសំដៅមិនឲ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យដែលយើងតម្រូវឲ្យយកសំណាក និងនាំការធ្វើចត្តាឡីស័កដែលចៀសវាងមិនបាននោះទេ ក៏ប៉ុន្តែគឺសំដៅឲ្យកែសម្រួលសេចក្តីសម្រេច ដើម្បីបើកឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗ ដាក់(ការកំណត់អោយ)ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ វាមិនខុសពីចែកកម្ពុជាទៅជា ២៥ ប្រទេស (ដែលការ)ឆ្លងពីខេត្តមួយទៅខេត្តមួយ (តម្រូវអោយ)ធ្វើចត្តាឡីស័កនោះទេ។ បើចេញពីខេត្ត(នោះ) ចូលមកខេត្តនេះវិញ (ក៏ត្រូវ)ធ្វើចត្តាឡីស័ក ដូច្នោះតើយើងរស់របៀបម៉េច? អញ្ចឹងខ្ញុំសុំស្នើឲ្យឯកឧត្តមលោកជំទាវអភិបាលខេត្តរាជធានីត្រូវធ្វើការកែសេចក្តីសម្រេចជាបន្ទាន់របស់ខ្លួន។ បើមិន(កែសេចក្តីសំរេច)ដូច្នេះ យើងគ្រប់គ្រងប្រជាជនដែលនៅក្នុងតែខេត្តរបស់ខ្លួន ហើយប្រជាជនខេត្តដទៃដែលទៅរកស៊ីធ្វើការចូលទៅក្នុងខេត្តរបស់ខ្លួនត្រូវតែធ្វើចត្តាឡីស័ក ដល់ប្រជាជនខ្លួនចេញទៅខេត្តដទៃក៏ត្រូវធ្វើចត្តាឡីស័ក។…
សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម វង្ស៊ី វិសុទ្ធ, លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម អ៊ិត សារ៉ាត់, ឯកឧត្តម ឃួង ស្រេង ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំនួនប្រជាជនដែលត្រូវចាក់។ សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅ(ក្រុមគ្រូពេទ្យនៃ)កម្លាំងប្រដាប់អាវុធដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម។ ប៉ុន្តែ ចំនួនប្រជាពលរដ្ឋតួលេខជាក់ស្តែងនៅទីនោះ គឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់ នេះបើយោងទៅតាមតួលេខដែលខ្ញុំបានទទួល ហើយដែលយើងបានដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែ យើងមានវ៉ាក់សាំងត្រឹមតែ ៩០ ម៉ឺនដូសតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ ចំនួន ៩០ ម៉ឺនដូសដែលបញ្ជូនចូលទៅនេះ គឺបានប្រជាជនត្រឹមតែជាង ៤០ ម៉ឺននាក់ ប្រសិនបើមានការខូចខាតមួយចំនួន។ តាមធម្មតាតែងតែមានការខូចខាត នោះហើយដែលយើងគិតថាវាអាចបាន ៤៤ ម៉ឺននាក់ទៅចុះ។…
តើកំពូលកីឡាករបាល់ទាត់ Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន? ប្រសិនជាគាត់ចាក់មែននាប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួររបស់ចិនចេញផ្សាយ។ តើបងប្អូនជាពិសេសយុវជនកម្ពុជា យល់យ៉ាងណាដែរ នៅពេលកីឡាករលំដាប់ពិភពលោក Messi និង Neymar ចាក់វ៉ាក់សាំងកូវីដ១៩ Sinovac របស់ចិន? និងតើហេតុអ្វីកីឡាករទាំងពីររូបជ្រើសរើសយកវ៉ាក់សាំងចិនជំនួសឱ្យការចាក់វ៉ាក់សាំងពីប្រទេសផ្សេងទៀត? កាលពីមុនពួកបំផ្លាញជាតិមួយចំនួនបាននិយាយថា វ៉ាក់សាំងរបស់ចិន «ចាក់សម្លាប់មនុស្ស» នៅពេលដែលខ្លួនខ្ញុំផ្ទាល់បានសម្រេចជ្រើសរើសយកវ៉ាក់សាំងរបស់ចិន Sinopharm និង Sinovac មកចាក់ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ដើម្បីការពារអាយុជីវិតពីជំងឺដ៏កាចសាហាវកូវីដ១៩។ ពេលនេះយើងអាចចោទជាសំនួរថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង? ខ្ញុំបាននិយាយមិនតិចជាង ៣ ដងថា «សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់»។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក។ ករណី Messi និង Neymar ខុសពីប្រទេសនានាត្រង់ថា គាត់មានជម្រើសច្រើនគាត់ចាក់វ៉ាក់សាំងពីប្រទេសណាក៏បាន ហេតុអ្វីគាត់ជ្រេីសយកវ៉ាក់សាំងរបស់ចិនសម្រាប់ចាក់ទៅវិញ?។ ម្នាលអ្នកនយោបាយប្រឆាំងស្ទើរភ្លើងទាំងឡាយ គួរខិតខំរៀនសូត្រឱ្យបានប្រសើរជាងនេះ៕