- ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah), ប្រធានអង្គប្រជុំ;
- ឯកឧត្តម ចូ បៃឌិន (Joe Biden), ប្រធានាធិបតីសហរដ្ឋអាមេរិក;
- ឯកឧត្តមថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន;
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
ខ្ញុំសូមចាប់ផ្តើមដោយការចូលរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន សម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះឯកឧត្តម ចូ បៃឌិន សម្រាប់ការចូលរួមជាលើកដំបូង ក្នុងនាមជាប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុង កិច្ចប្រជុំកំពូលអាស៊ាន–សហរដ្ឋអាមេរិក លើកទី ៩។
ជាការពិត, វិបត្តិសកលនៃជំងឺកូវីដ-១៩ បានរំលឹកឡើងវិញនូវភាពចាំបាច់នៃការរួបរួមសាមគ្គីគ្នា, កិច្ចសហការ និងការជួយគ្នាទៅវិញទៅមក ដោយមិនប្រកាន់ជាតិសាសន៍, ជំនឿសាសនា និងនិន្នាការនយោបាយ។ ក្នុងស្មារតីនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំ «សេចក្តីព្រៀងគោលដៅ» ក្នុងកិច្ចប្រជុំកំពូលសកលស្តីពីជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ ជាពិសេសចំពោះការកំណត់យកគោលដៅចាក់វ៉ាក់សាំងឱ្យបានយ៉ាងតិច ៧០% នៃប្រជាជនសកលលោក។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាមេរិក សម្រាប់ការផ្តល់ អំណោយជាវ៉ាក់សាំង, សម្ភារៈបរិក្ខាពេទ្យ និងហិរញ្ញប្បទានឥតសំណងដល់កម្ពុជា និងសូមស្នើសហរដ្ឋ-អាមេរិកបន្តផ្តល់ការគាំទ្រចាំបាច់នានាដល់អាស៊ាន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ភាពជាដៃគូរវាងអាស៊ាន-សហរដ្ឋអាមេរិក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន-សហរដ្ឋអាមេរិក។ ក្នុងបរិការណ៍ ដែលអាស៊ាន ក៏ដូចជាសកលលោកទាំងមូល ត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ កម្ពុជាសូមគាំទ្រ ការដាក់ចេញនូវសេចក្តីប្រកាសរួមអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការអភិវឌ្ឍឌីជីថល និងការជំរុញអនុវត្តឱ្យ បានលទ្ធផលល្អប្រសើរនូវផែនការសកម្មភាព ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន–សហរដ្ឋអាមេរិក ឆ្នាំ ២០២១–២០២៥។
កម្ពុជាក៏សូមលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) សហការជិតស្និទ្ធ ជាមួយបណ្តារដ្ឋជាសមាជិកអាស៊ាន ដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្ម និងរំហូរនៃការវិនិយោគ មកក្នុងតំបន់អាស៊ាន ឱ្យបានកាន់តែច្រើន ជាពិសេស តាមរយៈការជំរុញការអនុវត្ត កិច្ចព្រមព្រៀងសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន–សហរដ្ឋអាមេរិក (ASEAN-US TIFA)។ ទន្ទឹមគ្នានេះ, កម្ពុជាក៏សូមស្នើឱ្យសហរដ្ឋអាមេរិកបន្តផ្តល់ការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ច ជាពិសេស តាមរយៈក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
ជាទីបញ្ចប់, ខ្ញុំសូមអំពាវនាវឱ្យមានការបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូ និង
កិច្ចសហប្រតិបត្តិការរវាងអាស៊ាន-សហរដ្ឋអាមេរិក លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាល, ឌីជីថល, ដឹកជញ្ជូន, ថាមពល, បរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ការពង្រឹង និងលើកកម្ពស់តួនាទីស្ត្រី ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព និងជួយគ្នាទៅវិញទៅមក ឈានទៅកសាងអនាគតរួមដ៏ភ្លឺស្វាង និងប្រកបដោយវិបុលភាព។
សូមអរគុណ!