រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជារៀងរាល់ខែ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ សម្រាប់ទិញថ្នាំ និងការចុះពិនិត្យព្យាបាលជូនប្រជាពលរដ្ឋ
FN ៖ ដោយយល់ឃើញពីទុក្ខធុរៈរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ក្នុងការចុះពិនិត្យជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនោះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឧបត្ថម្ភថវិកាចំនួន១០,០០០ដុល្លារក្នុងមួយខែ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោនេះ សម្រាប់ទិញថ្នាំពេទ្យ ហើយឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវចូលរួមជាមួយក្រុមគ្រូពេទ្យ និងចុះឲ្យដល់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន នឹងត្រូវដឹងពីទុក្ខធុរៈរបស់ពួកគាត់។ ការសម្រេចផ្តល់ថវិកាទ្រទ្រង់ ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោនេះធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីកម្មវិធីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតថ្លែនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអាជ្ញាធរដែនដីខណ្ឌទាំង១២។ កិច្ចប្រជុំនេះធ្វើឡើង ក្នុងបំណងស្វែងយល់ឲ្យបានច្បាស់ពីប្រជាពលរដ្ឋ នៅតំបន់ដែលមានបញ្ហាប្រឈម ហើយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ សហការជាមួយអាជ្ញាធរដែនដី ចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃតែម្តង។ លោក ឃួង ស្រេង បានលើកឡើងថា «នៅភ្នំពេញរបស់យើងមានកម្មករកម្មការិនីរោងចក្រ ប្រមាណ៧០ទៅ៨០ភាគរយ មកពីបណ្តាខេត្តមករស់នៅទីក្រុងភ្នំពេញ ដើម្បីបំពេញការងាររបស់ខ្លួន ហើយកម្មករកម្មការិនីរោងចក្រនេះ មិនបានគិតចូលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតាមហាងនានាផង ហើយអ្នកទាំងអស់គ្នាជាមុខសញ្ញាដែលយើងត្រូវជួយពួកគាត់ ពិសេសលើការចុះជួយពិនិត្យព្យាបាលជំងឺជូនពួកគាត់ដោយមិនគិតថ្លៃ»។ អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋកន្លងមក៕