FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយដែលត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៨ ត្រូវរៀបចំសំណើស្ដីពី ការប្រើប្រាស់ហត្ថពលកម្មបរទេស មកក្រសួងការងារផ្ទាល់ តាមរយៈគេហទំព័រ www.fwcms.mltv.gov.kh ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្រសួងការងារបានបន្តថា ចំពោះម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលប្រើប្រាស់ហត្ថពលកម្មបរទេស និងជនបរទេស ដែលប្រកបមុខរបរណាមួយនៅកម្ពុជា ត្រូវបំពេញបែបបទធ្វើបណ្ណការងារ និងសៀវភៅការងារ និងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារបរទេស ឆ្នាំ២០១៨ តាមរយៈគេហទំព័រ www.fwcms.mltv.gov.kh ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។
ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយណា និងជនបរទេសដែលប្រកបមុខរបរណាមួយ ដែលមិនបានអនុវត្តត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការអនុវត្តការផាកពិន័យតាមទោសប្បញ្ញត្តិ ដែលមានចែងជាធរមានក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ៕