FN ៖ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី៦ និងកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញាក្រោមប្រធាបបទ “គំនិតគឺជាទ្រព្យសម្បត្តិ ក្នុងការជំរុញសេដ្ឋកិច្ចនាពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែសីហា ឆ្នាំ២០១៧ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
-នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកទី៦ ស្តីពីកិច្ចសហប្រតិបតិ្តការទេ្វភាគី រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទិ្ធបញ្ញាសឹង្ហបុរី លើវិស័យកម្មសិទិ្ធឧស្សាហកម្ម ដោយបានធ្វើការពិនិត្យមើលឡើងវិញលើគម្រោងកិច្ចប្រតិបត្តិការដែលបានអនុវត្តន៍កន្លងមក និងពិនិត្យមើលលើម្រោងដែលត្រូវអនុវត្តន៍បន្តនៅពេលខាងមុខ ព្រមទាំងបានចុះហត្ថលេខាលើកំណត់ហេតុរួមនៃកិច្ចពិភាក្សា រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយនឹងអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី។
កិច្ចព្រមព្រៀងស្តីពីសហប្រតិបតិ្តការអំពីកម្មសិទិ្ធឧស្សាហកម្មនេះ ជាសញ្ញាមួយដ៏ល្អក្នុងការ
បន្តពង្រឹងទំនាក់ទំនងកម្ពុជា និងសឹង្ហបុរីឲ្យកាន់តែរឹងមាំថែមទៀតលើវិស័យកម្មសិទ្ធិបញ្ញា កិច្ចការពារកម្មសិទ្ធិបញ្ញា និងបើកទូលាយបន្ថែមទៀតនូវឱកាសសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចបង្កើនវិនិយោគបរទេសចូលមកក្នុងប្រទេសដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើង។
-នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបន្តដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចូលរួមកម្មវិធីសប្តាហ៍កម្មសិទ្ធិបញ្ញា នៅមជ្ឈមណ្ឌលពិពណ៌សឹង្ហបុរី Sands Expo & Convention center ហើយលោកបានធ្វើបទបង្ហាញអំពី “គំនិតគឺជាទ្រព្យក្នុងការជំរុញសេដ្ឋកិច្ចឲ្យរីកចំរើនក្នុងពេលអនាគតជាមួយកម្មសិទ្ធិបញ្ញា” ក្នុងនោះលោកទេសរដ្ឋមន្ត្រីបានធ្វើការពន្យល់លម្អិតអំពីទ្រព្យដែលកើតពីគំនិតច្នៃប្រឌិត និងបញ្ញាបង្កើតជាបច្ចេកវិជ្ជាដើម្បីការពារទ្រព្យកម្មសិទ្ធិបញ្ញា ក្នុងការចូលរួមជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើនទៅអនាគត។
បទបង្ហាញរបស់លោកទេសរដ្ឋមន្រ្តី គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីតថភាពសង្គមបច្ចុប្បន្នដែលមានការរីកចម្រើនផ្នែកបច្ចេកវិជ្ជា ដែលកើតពីគំនិតផ្តួចផ្តើមនៃការច្នៃប្រឌិតថ្មី ដើម្បីបង្កើតជាទ្រព្យជួយទ្រទ្រង់វិស័យសេដ្ឋកិច្ចជាតិឲ្យមានសន្ទុះរីកចម្រើនក្នុងពេលអនាគត។
លទ្ធផលនៃដំណើរទស្សនកិច្ចនេះទទួលបានផ្លែផ្កា និងមានកិច្ចសហប្រតិបត្តិការល្អជាមួយអង្គភាពកម្មសិទ្ធិបញ្ញាលើពីភពលោក និងដៃគូរវិនិយោគបរទេសជាច្រើនទៀតក្នុងពិភពលោក៕