អង់គ្លេសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ Astra Zeneca ចំនួន ៤១.៥ម៉ឺនដូស ដល់ប្រទេសកម្ពុជា

FN​ ៖ ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ សូមបញ្ជាក់ថា វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ ៩លានដូស៕

អនុញ្ញាតឱ្យវិស័យឯកជននាំចូលវ៉ាក់សាំងជំងឺកូវីដ១៩ ចែកចាយនៅកម្ពុជា

FN ៖ ក្រសួងសុខាភិបាល បានបើកផ្លូវឱ្យក្រុមហ៊ុនរកស៊ីផ្នែកឱសថអាចនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក មកចែកចាយនៅកម្ពុជា។ ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល អាចធ្វើការស្នើសុំនាំចូលវ៉ាក់សាំងកូវីដ១៩ ដែលបានទទួលស្គាល់ដោយអង្គការសុខាភិបាល ពិភពលោក ដើម្បីចែកចាយចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្នុងលិខិតនេះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ ត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងជំងឺកូវីដ១៩ នៅក្នុងឃ្លាំងដើម្បីធានាឱ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបានជាង ១,១៥៩លានដុល្លារ

FN ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) ប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិ បានចំនួន៤,៦៩៥.៨ ប៊ីលានរៀល ស្មើនឹង ១,១៥៩.៥ លានដុល្លារ ថយចុះប្រមាណ ៨.៩% ធៀបនឹងឆមាសទី១ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបការងារ គយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ដែលបណ្ដាព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។ កិច្ចប្រជុំបូកសរុបការងារ គយនិងរដ្ឋាករ ប្រចាំឆមាសទី១ ឆ្នាំ២០២១ ធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួន នៅទូទាំងប្រទេស នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា…