FN ៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២។
វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២៖
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី១ ត្រូវបានចាប់ផ្ដើមនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលនេះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់សាធារណៈរដ្ឋបារាំង កាលពីខែមករា កន្លងទៅ ដែលជាជំហានសំខាន់ដំបូង សម្រាប់ការរៀបចំវេទិកាធុរកិច្ចលើកទី២នាថ្ងៃនេះ
- សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កម្ពុជា និងបារាំង នឹងបន្តធ្វើវេទិកាធុរកិច្ច ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងចំណោមសហគមន៍ធុរកិច្ច និងបង្កើតកាលានុវត្តភាព ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក សម្រាប់អ្នកជំនាន់ក្រោយៗទៀត។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការជឿជាក់ថា ធុរជនបារាំងនឹងអាចមើលឃើញពី កាលានុវត្តភាពដ៏ធំទូលាយ នៅក្នុងទិដ្ឋភាពធុរកិច្ច និងការវិនិយោគរបស់កម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចសហការរបស់កម្ពុជា និងបារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-បារាំង បានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ និង២០៦,៤១ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៤។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនបារាំងជាច្រើន ដោយរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់ សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគពីបារាំង រួមចំណែកដល់ការបង្កើតការងារ, ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះ បានជំរុញឱ្យកម្ពុជាក្លាយទៅជាគោលដៅ វិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់នៃតំបន់អាស៊ីអាគ្នេយ៍។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទសវត្សរ៍ចុងក្រោយនេះ កម្ពុជា តែងតែស្ថិតក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួច ដែលទទួល បានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាម៉េរិក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤, កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាម៉េរិក កើនឡើង៣ ដង បើ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែប្រកាន់ខ្ជាប់នូវអភិក្រមគាំទ្រធុរកិច្ច ដោយផ្ដល់ការគាំទ្រ និងជំនួយដល់វិស័យឯកជន នៅគ្រប់ដំណាក់កាល នៃប្រតិបត្តិការអាជីវកម្ម។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបាននិងកំពុងអនុវត្តច្បាប់, គោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ទិដ្ឋភាពធុរកិច្ច និងធ្វើការវិនិយោគយ៉ាងច្រើន លើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ, លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់, ការងារសមរម្យ, កិច្ចគាំរពារសង្គម, ឌីជីថលូបនីយកម្ម, និងចីរភាពបរិស្ថាន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិនិយោគិន បរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យ ឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព
ដោយ ប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគា្ន, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា»។ - សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុត សម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ, កង្វល់, និងសំណូមពរ។ យន្តការដែលលេចធ្លោជាងគេ គឺវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញវិនិយោគិនបារាំងទាំងអស់មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិន និងធុរជន។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ចំពោះការ សម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
- សម្តេចធិបតី ហ៊ុន ម៉ាណែត មានសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកានេះ កម្ពុជានឹងទទួលបានទំហំវិនិយោគ និងធុរកិច្ចបារាំងខ្ពស់ ដែលបំបែកកំណត់ត្រាឆ្នាំមុនៗ។