ឈប់យកថ្លៃប្រើផ្លូវលេខ ៤ បង្កើនភាពប្រកួតប្រជែង, ត្រូវការពូជស្រូវល្អ មិនប្រកាន់រដូវ

នៅថ្ងៃទី​​ ២៥ ខែ មករា ឆ្នាំ​ ២០១៦ ក្នុងកម្មវិធីបើកវេទិកាស្រូវអង្ករកម្ពុជា លើកទី ៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលរាជរដ្ឋាភិបាលបញ្ចប់នូវកិច្ចសន្យាថែទាំផ្លូវជាតិលេខ ៤ នឹងបានជាផលដល់ សហ​ព័ន្ធស្រូវអង្ករ និងអ្នកនាំចេញទូទៅ ដែលពីមុនមកធ្លាប់តែបង់សេវាដឹកជញ្ជូននៅតាមផ្លូវជាតិលេខ ៤។ ការបញ្ចប់កិច្ចសន្យា បានសម្រួលឲ្យប្រជាពលរដ្ឋមិនបង់ប្រាក់នេះម្យ៉ាង ហើយម្យ៉ាងទៀត ក៏បានជួយ​ផង​ដែរ​ទៅ​ដល់​ការសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើម បង្កើនការប្រកួតប្រជែងនៅ​ទីផ្សារ​ខាង​ក្រៅ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា រវាងភ្នំពេញ និងទីក្រុងព្រះសីហនុ ដែលមានកំពង់ផែសមុទ្រទឹកជ្រៅ ផ្លូវដែកនឹងដំណើរការ ដែលតម្រូវឲ្យបង្វែរគិតគូរការដឹកជញ្ជូនទៅតាមផ្លូវរថភ្លើងវិញ សម្រាប់បម្រើ​ឲ្យ​ការ​នាំ​ចេញ និងការនាំចូលរបស់ធ្ងន់ ដូចជាដែក ជាស៊ីម៉ង់ត៍។ល។ ពាក់ព័ន្ធដល់ផលិតកម្មស្រូវ សម្តេចតេជោ បានលើកឡើងថា អង្ករផ្ការំដួលមានគុណភាពល្អអាចប្រកួតឈ្នះគេមែនពិត ប៉ុន្តែ​កម្ពុជាអាចដាំដុះស្រូវ​ផ្ការំដួលតែម្ដងទេក្នុងមួយឆ្នាំ ព្រោះជាពូជដែលប្រកាន់រដូវ។ សម្តេចបានណែនាំអោយមានការសិក្សាស្រាវ​ជ្រាវអំពីពូជស្រូវដែលល្អដូចគ្នា តែមិនប្រកាន់រដូវ ដើម្បីបម្រើអោយគោលដៅនៃការនាំចេញ៕

ការប្រកួតបាល់ទាត់កម្ពុជា និងថៃ ជាព្រឹត្តិការណ៍ល្អ កម្រមាន

ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៦, ក្នុងឱកាស ឯកឧត្តម Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋ​មន្រ្តីក្រសួងការបរទេសថៃ អញ្ជើញ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយល់ស្របចំពោះការលើកឡើងពីសារសំខាន់នៃការប្រកួតបាល់ទាត់​លក្ខណៈមិត្ត​ភាព​ រវាងក្រុម Cambodia All Stars នៃកម្ពុជា ជាមួយក្រុម Burriram United របស់ថៃ ហើយបាន​ចាត់​ទុក​ថា ​ជាឱកាស និងព្រឹត្តិការណ៍ដ៏ល្អ កម្រមានមួយ នៃទំនាក់ទំនងដ៏ល្អរវាង​ប្រទេសទាំងពីរ។ ឆ្លើយតបទៅនឹង​ការ​ផ្តួចផ្តើមគំនិត ចង់ឲ្យមានការប្រកួតបាល់ទាត់រួមគ្នាកម្ពុជា/ថៃ ប្រកួត​ជាមួយក្រុមបាល់ទាត់នៃប្រទេស​ដទៃ​ទៀត សម្តេច​ផ្តល់នូវការ​យល់ស្រប ហើយប្រគល់តួនាទីឲ្យទៅឧបនាយករដ្ឋមន្រ្តី សុខ អាន ដើម្បីចាត់ចែង និងបានផ្តល់​អនុសាសន៍ ណែនាំឲ្យសមាគមមិត្តភាពកម្ពុជា-ថៃ បន្តធ្វើសកម្មភាពឲ្យកាន់តែ​សកម្មថែមទៀត។ នៅយប់ថ្ងៃ ២៣ មករា ២០១៦ នេះ ក្រោយការប្រកួតបានចប់សព្វគ្រប់ សម្តេចតេជោ បានសម្រេច​ផ្តល់​រង្វាន់​លើក​ទឹកចិត្តដល់ថ្នាក់ដឹកនាំ និងកីឡាករទាំង ៣៦ រូប…

បញ្ចុះតម្លៃការប្រឡងចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល

ថ្ងៃទី ២២ មករា ២០១៦ តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសម្រេចបញ្ចុះតម្លៃការ(ចុះឈ្មោះ)​ប្រ​ឡង​ចេញថ្នាក់ជាតិសម្រាប់វិស័យសុខាភិបាល ពី ៥០០ ពាន់រៀល មកត្រឹម ១០០ ពាន់រៀល។ សម្តេច​តេ​ជោ បញ្ជាក់ថា សំណើរបស់យុវសិស្ស Darapiseth Sokha មកសម្តេច​តេជោ​តាម Facebook សុំបញ្ចុះ​តម្លៃសម្រាប់ការប្រឡងចេញថ្នាក់ជាតិនៃវិស័យសុខាភិបាល ដែលត្រូវបង់​ថវិកា ៥០០,០០០ រៀល បាន​ធ្វើ​អោយសម្តេច យល់កាន់តែច្បាស់អំពីស្ថានភាពសិក្សា និងស្ថានភាពរស់នៅរបស់និស្សិតយើង ដែលចាំ​បាច់​ត្រូវតែដោះស្រាយជាបន្ទាន់។ សម្តេចតេជោ លើកឡើងថា ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាល “នៅថ្ងៃនេះ ខ្ញុំបាន​សម្រេចបញ្ចុះតម្លៃជូននិស្សិត នៅត្រឹម ១០០,០០០ រៀល។ ខ្ញុំសង្ឃឹមថានិស្សិតចំនួន ១៤៣៣ នាក់ នឹង​បាន​ធូរស្រាលមួយកម្រិតធំ ហើយនិងបាននៅសល់ថវិកាមួយចំនួន​សម្រាប់យកទៅដោះស្រាយលើជីវ​ភាព​រស់នៅ អោយបានប្រសើរឡើង។ សម្តេចបញ្ជាក់ថា ការសម្រេចនេះជាការឆ្លើយតបជាបឋម​ទៅកាន់​ក្មួយៗ និស្សិត ហើយទីស្តីការគណរដ្ឋមន្ត្រីនឹងចេញសេចក្តីជូនដំណឹង ដើម្បីស្ថាប័នមានសមត្ថកិច្ចយក​ទៅ​​អនុវត្ត។ សម្តេចតេជោ បានសំដែងនូវការកោតសរសើរជូន ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង ដែលបានយកចិត្ត​ទុក​ដាក់​ដោះស្រាយសំណូមពររបស់ក្មួយៗ ​និស្សិត ដោយបានចូលពិនិត្យមើលការលើកនូវមតិនានា ក្នុង…