រសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក ត្រូវនឹងថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅ កម្ពុជា, មុននឹងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី ១៥ និង ១៦ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយបងប្អូនខ្មែរជាង ៦០០ នាក់ ដែលរស់នៅ និងបានអញ្ជើញមកពីរដ្ឋនានា នៃសហរដ្ឋអាមេរិក នៅសណ្ឋាគារ Hyatt Regency។
សម្តេចបានជំរាបជូនប្រជាពលរដ្ឋរួមជាតិថា ការរួបរួមសាមគ្គីគ្នា គោរព និងស្រឡាញ់រាប់អានគ្នារបស់បងប្អូនខ្មែរនៅទូទាំងពិភពលោក ដោយមិនប្រកាន់និន្នាការនយោបាយ មានសារៈសំខាន់ណាស់ ក្នុងការធ្វើអោយខ្មែរគង់វង្ស រីកចម្រើន ដែលផ្ទុយពីការបង្កជម្លោះ បែកបាក់គ្នា នាំមកនូវការបាត់បង់ទឹកដី និងបរទេសជេរដៀលត្មេះ។ សម្តេចបានរំលឹកថា ពេលធ្វើដំណើរចេញពីចំណតអាកាសយានដ្ឋានអន្តរជាតិទីក្រុង Palm Spring មកកាន់ទីក្រុង Rancho Mirage រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, សម្តេចមិនបានឃើញមានបាតុករបិទផ្លូវ រារាំងដំណើររបស់សម្តេចទេ។
សម្តេចតេជោ បានចាត់ទុកថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនាពេលបច្ចុប្បន្ន ជាទំនាក់ទំនងល្អមួយដែលមិនធ្លាប់មានពីមុនមក បើទោះបីជាមានបញ្ហាខ្លះៗ កើតមានរវាងប្រទេសទាំងពីរ កាលពីអតីតកាលក៏ពិតមែន។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានរហូតដល់ជាង ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលផ្ទុយពីមុន មានមិនដល់រយលានផង។ “កម្ពុជានៅតែចង់ឲ្យមានទំហំពាណិជ្ជកម្មពីកម្ពុជា ទៅទីផ្សារអាមេរិក កាន់តែមានទំហំធំឡើងៗ” សម្តេចតេជោ បញ្ជាក់។
សម្តេចតេជោវាយតម្លៃថា ទំនាក់ទំនងល្អរវាងសហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀតជាការរួមចំណែកដល់ការបង្កើនទំនាក់ទំនងនៃបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូលផងដែរ និងថា ការដែលកម្ពុជាចូលជាសមាជិកអាស៊ានធ្វើអោយទទួលបាននូវអត្ថន័យ និងអត្ថប្រយោជន៍ធំខ្លាំងណាស់ នៅក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យរបស់កម្ពុជា៕