ឈប់ជួលដីស្រែ/ចំការតាមទល់ដែនឲ្យបរទេស

អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ សម្តេច តេជោ ហ៊ុន សែន បានជូនដំណឹង អំពីការចេញសារាចរណែនាំប្រជាពលរដ្ឋ ឲ្យឈប់ធ្វើការជួលដី (ស្រែ/ចម្ការ) ទៅឲ្យបរទេស(វៀតណាម/ថៃ/ឡាវ)តទៅទៀត ដើម្បីចៀសវាងបញ្ហាដីខ្មែរ ស្រែវៀតណាម ស្រែថៃ ឬស្រែឡាវ ជាដើម។

ប្រជាពលរដ្ឋអាចទាក់ទងត្រង់ជាមួយសម្តេចតេជោ

នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកថា ប្រជាពលរដ្ឋ និងយុវជន អាចទំនាក់ទំនងជាមួយសម្តេចផ្ទាល់ តាមរយៈការផ្ញើជាព័ត៌មាន រូបភាព សម្លេង និងរបាយការណ៍មកកាន់ប្រអប់សំបុត្រ (Inbox) និងតាមសារឆ្លើយឆ្លងភ្លាមៗ (Messenger)។ សម្តេចតេជោនឹងបន្តដោះស្រាយជូននូវរឿងអយុត្តិធម៌ ដែលបង្កឡើងដោយមន្រ្តីខិលខូចមួយចំនួន។ បន្ថែមពីលើនោះ សម្តេចក៏បានណែនាំទៅដល់មន្ត្រីដឹកនាំតាមភូមិ ឃុំ ស្រុក ខេត្ត ឲ្យបម្រើប្រជាពលរដ្ឋឲ្យបានល្អ បើមិនដូច្នោះទេ នឹងពុំមានឱកាសបានបម្រើប្រជាពលរដ្ឋទៀតទេ នៅអាណត្តិក្រោយ។

ក្រុមហ៊ុនត្រូវគោរពច្បាប់ មន្ត្រីត្រូវអនុវត្តច្បាប់

ឆ្លៀតឱកាសពិនិត្យការដ្ឋានសាងសង់អគារពាណិជ្ជកម្ម Naga World & Casino ដែលបានរំលោភលើដី ចិញ្ចើមផ្លូវរបស់រដ្ឋ និងប៉ះពាល់ដល់អាគារពុទ្ធសាសនបណ្ឌិត្យ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ ក្រុមហ៊ុនវិនិយោគទាំងអស់ ឲ្យគោរពតាមច្បាប់ និងគោលការណ៍ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ ក្នុងករណីមានការរំលោភលើចំណីផ្លូវ ឬសួនច្បារសាធារណៈ ត្រូវរុះរើចេញជាបន្ទាន់ ហើយបើកើតមាននៅទីតាំងណា អាជ្ញាធរមានសមត្ថកិច្ចទីតាំងនោះ និងក្រសួងពាក់ព័ន្ឋត្រូវតែទទួលខុសត្រូវ។