ថ្ងៃ ២៦ ធ្នូ ២០១៦ តាមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋ ក្នុងបណ្តាញសង្គម ពីការត្រូវរបួសភ្នែកក្នុងសម័យសង្គ្រាមរំដោះជាតិ ថា “ខ្ញុំត្រូវរបួសនៅម៉ោង ៦ និង ១៥ នាទីព្រឹក ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ១៩៧៥ នៅក្បែរគល់ស្ពានគីហ្ស៊ូណា ត្រើយខាងកើត នៃ ឃុំ ទន្លេបិទ ស្រុក ត្បូងឃ្មុំ ខេត្ត កំពង់ចាម បច្ចុប្បន្នជា ខេត្ត ត្បូងឃ្មុំ”។
សម្តេចបន្តថា “ទីនេះហើយ ជាកន្លែងដែលខ្ញុំត្រូវរបួសធ្ងន់ ហើយត្រូវពិការភ្នែកឆ្វេងរហូតសព្វថ្ងៃ។ ខ្ញុំពិតជាឈឺខ្លាំងណាស់នៅពេលដែលគ្រូពេទ្យបានយកកាំបិត និងកន្ត្រៃមកវះកាត់យកគ្រាប់ភ្នែកខ្ញុំចេញ … ប្រស្រីភ្នែកខ្ញុំម្ខាងបានបាត់បង់ទៅហើយ”។
ជាមួយការចងចាំនូវការឈឺចាប់នេះ សម្តេចតេជោ បានដាស់តឿនថា “នេះហើយជាសង្គ្រាម ដែលអ្នកនយោបាយជំនាន់មុនបង្កើតឡើង និងដែលធ្វើឱយយុវជនរាប់ម៉ឺននាក់ស្លាប់ ឬរបួសពិការ ក្នុងនោះមានរូបខ្ញុំម្នាក់ដែរ។ យើងត្រូវរួមគ្នាការពារនូវសន្តិភាពដែលយើងរកបានដោយលំបាកនេះ”៕