ថ្លែងទៅកាន់ពិធីសម្ពោធវារីអគ្គិសនីស្ទឹងតាតៃ មានអានុភាព ២៤៦ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាកំពុងតែនៅក្នុងសន្តិភាព មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍ។ សម្តេចតេជោ បានអះអាងថា “អ្នកដែលចាត់ទុកថា (កម្ពុជា)កំពុងមានវិបត្តិ គឺ(អ្នកនោះមាន)វិបត្តិផ្ទាល់ខ្លួន។ អ្នកកំពុងសប្បាយ គឺប្រជាពលរដ្ឋមួយប្រទេស។ (ដូចយ៉ាង)កម្មវិធីសម្ពោធ(នេះ) មិនបានខកខានដោយមនុស្សម្នាក់ ឬពីរនាក់ឯណា។”
ក្នុងពេលទាញបង្ហាញថា គ្រប់គម្រោងការអភិវឌ្ឍតែងតែមានតម្លៃត្រូវបង់ សម្តេចតេជោបានចង្អុលបង្ហាញហេតុផលថា កម្ពុជាត្រូវការថាមពលអគ្គិសនី ដើម្បីបង្កើនភាពប្រកួតប្រជែង បង្កើតការងារ និងអភិវឌ្ឍសេដ្ឋកិច្ច ទោះបីជាត្រូវបង់ថ្លៃជាការលិចលង់ព្រៃខ្លះក៏ដោយ។ សម្តេចតេជោ បានអំពាវនាវទៅកាន់ដៃគូអភិវឌ្ឃនានា ពិសេសប្រទេសចិន អោយជួយគាំទ្រខាងទុនបន្ថែមទៀត សម្រាប់គម្រោងប្រព័ន្ធបែងចែក និងបណ្តាញអគ្គិសនីជាតិ ព្រមជាមួយនឹងការផ្តល់អនុសាសន៍ អោយពង្រីកបណ្តាញបែងចែកថាមពល បណ្តាញជាតិ និងបន្ថយថ្លៃប្រើប្រាស់អគ្គិសនី សម្រាប់ អ្នកប្រើប្រាស់ពី ៥០ គីឡូវ៉ាត់ចុះក្រោម៕