សម្តេចតេជោ ហ៊ុន សែន បានរំលឹកជូនប្រជាពលរដ្ឋកម្ពុជា តាមហ្វេសប៊ុក នាថ្ងៃ ២៤ ធ្នូ ២០១៥ នេះ ថាកាលពីឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៣ អង្គការសហប្រជាជាតិបានបញ្ជូនកម្លាំងចម្រុះជាតិសាសន៍ក្រោមឈ្មោះថាអ៊ុនតាក់ (UNTAC) មកជួយស្វែងរកសន្តិភាពនៅកម្ពុជា។ នៅឆ្នាំ ២០០៦ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំព្រះករុណាខ្ញុំ បានសំរេចចិត្តខាងនយោបាយដ៏មានសារៈសំខាន់ បញ្ជូនកងទ័ពកម្ពុជាឱយពាក់មួកខៀវ ចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសនានាលើសកលលោកវិញ។
ក្នុងអតីតកាល ជនជាតិកម្ពុជាមួយចំនួនធ្លាប់បានកាន់អាវុធទៅប្រទេសក្រៅដូចជា អាល់ហ្សេរី ម៉ារ៉ុក។ តែការទៅនាពេលនោះ គឺទៅក្នុងឋានៈជាទាហានបារាំង ព្រោះប្រទេសយើងស្ថិតក្រោមអាណានិគមបារាំង។ រីឯកងទ័ព កងអាវុធហត្ថ គ្រូពេទ្យ និងអ្នកបច្ចេកទេសកម្ពុជា ដែលបាន និងកំពុងប្រតិបត្តិការនៅ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត ស៊ីរី លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល កោះស៊ីព្រ សុទ្ឋតែជាកម្លាំងរបស់កម្ពុជា ដែលជាប្រទេសឯករាជ្យ អធិបតេយ្យភាព និងជាសមាជិកអង្គការសហប្រជាជាតិ” សម្តេចតេជោបញ្ចាក់។
ជាមួយនោះ សម្តេចតេជោ បានថ្លែងអរគុណចំពោះព្រះសង្ឃ និងបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់នយោបាយការបរទេស ដែលសម្តេចតេជោបានដាក់ចេញ អរគុណចំពោះយុទ្ធជនយុទ្ធនារីដែលបាននិងកំពុងបំពេញភារកិច្ចប្រកបដោយសេចក្ដីក្លាហាន និងការទទួលខុសត្រូវ ហើយក៏ ចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃយុទ្ធជនដែលបានពលីជីវិតកន្លងមក៕