សម្តេចតេជោ៖ ពិចារណារុះរើគណរដ្ឋមន្ត្រី, ពន្លឿនសេវាសាធារណ, បង្កើនវិធានការណ៍សន្តិសុខ
រសៀល ថ្ងៃ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៦ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងមហាផ្ទៃ, សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសធ្ងន់ៗ ទៅកាន់ក្រសួងសាធារណការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានភាពស្ពឹកស្រពន់នៅក្នុងការដោះស្រាយបញ្ហានានា ក្រោមចំណាត់ការរបស់ខ្លួន។ សម្តេចតេជោ បានបង្ហើបថា កំពុងពិចារណាថាត្រូវមានការរុះរើគណរដ្ឋមន្រ្តីឬយ៉ាងណា។ «ខ្ញុំកំពុងតែគិត តើខ្ញុំដោះដូរគណៈរដ្ឋមន្ត្រីក្នុងឆ្នាំនេះឬទេ? … ព្រោះបើទុកម្លឹងៗ មិនកើតទេ។ វាងាប់ខ្ញុំ អាពាក្យគ្នាឯងៗ គ្រោះថ្នាក់ដល់ខ្លួនឯង» ។ ទាក់ទងនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ សម្តេចតេជោ ជម្រុញឲ្យមន្រ្តីគ្រប់ក្រសួងទាំងអស់បង្កើនល្បឿនផ្តល់សេវាតម្រូវការនានា ដូចជា ការផ្តល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត/អាពាហ៍ពិពាហ៍/មរណភាព ប័ណ្ណបើកបរ ស្លាកលេខយានយន្ត។ល។ ដោយផ្អែកតាមគោលការណ៍ ៣ គឺ «ធ្វើឲ្យបាន ឲ្យលឿន និងមានតម្លាភាព» និងលើកឡើងពីបំណងចុះទៅពិនិត្យផ្ទាល់ ដោយមិនប្រាប់មុន តាមមូលដ្ឋានតែម្តង ដើម្បីដឹងថាតើការងារថ្នាក់មូលដ្ឋានមានសកម្មភាព ឬអត់។ បន្ថែមពីលើនោះ សម្តេចបានបញ្ជាជាកំហិតឲ្យតាមចាប់រថយន្តដឹកអង្ករ ដែលបានបង្កការខូចខាតស្ពានទ្សឹបាសា កាលពីថ្មីៗនេះ…