ព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ ក្នុងពិធីបើកការដ្ឋានសាងសង់ នូវកំណាត់ផ្លូវជាតិលេខ ២១ ពីរង្វង់មូលតាខ្មៅ ទៅស្រុកស្អាង ខេត្តកណ្តាល ប្រវែងប្រមាណ ៦០ គីឡូម៉ែត្រ សម្តេចតេជោ ហ៊ុន សែន ថ្លែងដោយមានមោទនភាពអំពីនយោបាយការបរទេសរបស់កម្ពុជា ដើម្បីបង្កើតឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលពីអតីតកាលកម្ពុជាមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើង។ សម្តេចបញ្ជាក់ថា «ខ្ញុំព្រះករុណាខ្ញុំ មានមោទនភាពជាមួយនឹងនយោបាយការបរទេស ដែលខ្ញុំព្រះករុណាខ្ញុំ ប្តូរផ្តាច់ដើម្បីនឹងបង្កើតឡើងនូវទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលហៅថាកូរ៉េខាងត្បូង …។ កាលពីអតីតកាលនោះ យើងមានទំនាក់ទំនងតែជាមួយកូរ៉េខាងជើងទេ។ អត់មានទំនាក់ទំនងជាមួយនឹងកូរ៉េខាងត្បូងទេ។ ខ្ញុំព្រះករុណាខ្ញុំ (បានសម្រេចចិត្តថា)ត្រូវធ្វើកិច្ចការមួយនេះ ឲ្យខានតែបាន។» សម្តេចរំលឹកថា ក្រោយការចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំនៃប្រទេសទាំង ២ ការវិនិយោគ ការផ្តល់ជំនួយឥតសំណង និងកម្ចីសម្រាប់កម្ពុជា បានកើតមានក្នុងបរិមាណយ៉ាងច្រើន ជាពិសេស គឺការកើនឡើងនៃចំនួនទេសចរពីកូរ៉េមកកម្ពុជា។
សម្តេចបានលើកឡើងថា «… យើងជាប្រទេសដន្លងទៅហើយ ឥឡូវនេះ ដោយថាកូនកាត់ច្រើនណាស់។ ស្រ្តីកម្ពុជាយើងរៀបការជាមួយនឹងជនជាតិកូរ៉េច្រើន។ … បើយើងពិនិត្យពីចំនួនកូនកាត់ ឥឡូវប្រហែលជាមានជិត ១ ម៉ឺន អញ្ចឹងបានជារដ្ឋមន្រ្តីអប់រំរបស់កូរ៉េ គាត់ថា ត្រូវរកវិធីយ៉ាងណា ដើម្បីឲ្យកូនកាត់នេះ ចេះភាសាកូរ៉េផង ចេះភាសាខ្មែរផង។» ទោះបីយ៉ាងណាក្តី ពាក់ព័ន្ធនឹងគម្រោងដែលបានស្នើសុំ ទៅសាធារណរដ្ឋកូរ៉េ សម្តេចតេជោ បានលើកឡើងថា ថវិកាផ្តល់ជំនួយលើកមុនរបស់កូរ៉េខាងត្បូង នៅមិនទាន់គ្រប់ទេ ហើយស្នើសុំលោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ជួយផ្តល់បន្ថែមនូវឥណទាន ដែលនៅខ្វះប្រមាណជាង ១០ លានដុល្លារទៀត ដើម្បីកសាងផ្លូវថ្នល់ដំណាក់កាលទី ២ ប្រមាណ ៨ ទៅ ១០ គីឡូម៉ែត្រទៀត ដោយសូមរដ្ឋាភិបាលកូរ៉េកុំកាត់លុយចេញពីគម្រោងដទៃ៕