រសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៦ នៅវិមានសន្តិភាព ថ្លែងក្នុងពិធីទទួលពានរង្វាន់ «សន្តិភាព និងការអភិវឌ្ឍ» ពីសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន (UMA) សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រវត្តិសាស្រ្ត ៥០០ ឆ្នាំ របស់កម្ពុជា ដែលសូម្បីតែអាជ្ញាធរសហប្រជាជាតិអន្តរកាលនៅកម្ពុជា ឬ អ៊ុនតាក់ បានចំណាយទឹកប្រាក់ ២ ពាន់ លានដុល្លារក៏មិនអាចសម្រេចបាន។ សម្តេចតេជោ ទាញហេតុផលថា “លោក/លោកស្រី ចាត់ទុកថា ខ្ញុំជាអ្នកប្រជាធិបតេយ្យម្នាក់ ជាអ្នកបង្កលក្ខណៈឲ្យសារព័ត៌មាន នៅប្រទេសកម្ពុជារីកចម្រើន … ប៉ុន្តែសម្រាប់អ្នកប្រកួតប្រជែងវិញ ខ្លួនខ្ញុំគ្រាន់តែជាមនុស្សផ្តាច់ការម្នាក់តែប៉ុណ្ណោះ”។ សម្តេចតេជោបញ្ជាក់ថា “មានតែពេលវេលាទេ ដែលផ្តល់នូវការវិនិច្ឆ័យ មានតែការជាក់ស្តែងទេ ដែលផ្តល់នូវការវិនិច្ឆ័យ។ អ្នកដែលសន្យា មិនប្រាកដថាធ្វើបានទេ” ៕
សម្តេចតេជោ ផ្តល់នូវការសន្និដ្ឋានថា “សន្តិភាព និងការអភិវឌ្ឍ មានចំណងទាក់ទងជាវិចារវិទ្យា។ បើគ្មានសន្តិភាពកុំនិយាយដល់ការអភិវឌ្ឍ។ បើសិនគ្មានការអភិវឌ្ឍ កុំនិយាយដល់ការរក្សាសន្តិភាព។ ចង់រក្សាសន្តិភាពបាន ត្រូវតែមានការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងប្រឆាំងអំពើមិនប្រក្រតី អសកម្ម ពុករលួយ និងអយុត្តិធម៌សង្គម”។ សម្តេចតេជោ ទទួលយកដោយរីករាយអោយមានការជួបជុំគ្នារវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មានមួយឆ្នាំម្តង ដើម្បីចងភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យកាន់តែជិតស្និទ្ធ៕