ការដកស្រង់សេចក្តីអធិប្បាយ ពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអគារសាលាខេត្ត និងមន្ទីរជំនាញប្រមូលផ្ដុំជុំវិញខេត្តត្បូងឃ្មុំ
ជួបមុខគ្នាទៀតហើយ ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ។ សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានវត្តមានសាជាថ្មីម្ដងទៀតបន្ទាប់ពីឆ្នាំ ២០១៥ បានមកបើកការដ្ឋានដើម្បីសាងសង់នៅទីរួមខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មី។ ឆ្នាំ ២០១៦ កន្លងទៅក៏បានមកធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដែលនៅមិនឆ្ងាយពីទីនេះ។ ថ្ងៃនេះ សមិទ្ធផលសម្រាប់ទីរួមខេត្តត្បូងឃ្មុំថ្មី បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវផ្នែកមួយចំនួនដែលបានក៏សាងរួចហើយ និងកំពុងបន្តការកសាងទៅមុខថែមទៀត។ វាមិនមែនជាការបញ្ចប់នោះទេ ក៏ប៉ុន្តែនេះជាការចាប់ផ្ដើមមួយ ដែលមុននេះ រដ្ឋបាលសាលាខេត្តត្បូងឃ្មុំដែលបានដំណើរការតាំងពីឆ្នាំ ២០១៤ កន្លងទៅបានខ្ចីអាគារសាលាស្រុកពញាក្រែកធ្វើការសិន ប៉ុន្តែថ្ងៃនេះមន្រ្ដីរាជការរបស់យើងក៏បានមកធ្វើការនៅទីនេះ ហើយដែលជាទីកន្លែងផ្ដល់នូវសេវាសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ជួបមិត្តកាលពី ៤០ ឆ្នាំមុន/ឈ្មោះ សែន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ហើយបានជួបជាមួយបងប្អូនដែលជាង ៤០ ឆ្នាំមុននេះ បានជួយដល់រូបខ្ញុំនៅក្នុងកាលៈទេសៈដ៏លំបាកនៃការឈ្លានពានរបស់ពួកចក្រពត្តិ ទាំងអាមេរិកក្ដី និងវៀតណាមខាងត្បូងក្ដី នៅក្នុងតំបន់របស់យើងនេះ។ ពេលនោះ…