FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះថា អ្នកដែលតែងតែនិយាយអាក្រក់ ហើយបំផ្លើសការពិតអំពីប្រទេសកម្ពុជា គឺជាអ្នកច្រណែននឹងសមត្ថភាព និងស្នាដៃកសាងប្រទេស របស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «វាជារឿងធម្មតាទេ ចំពោះបុគ្គលមួយចំនួន ដែលគ្មានសមត្ថភាពធ្វើបានដូច សម្តេចតេជោ ហ៊ុន សែន គឺពួកគេតែងតែច្រណែននឹងស្នាដៃដឹកនាំកសាងប្រទេសរបស់សម្តេច។ ពួកគេគ្មានអ្វីក្រៅអំពីការរិះរកវិធីនិយាយអាក្រក់ពី សម្តេចប្រមុខដឹកនាំ និងនិយាយអាក្រក់បំផ្លើសការពិតអំពីប្រទេសជាតិខ្លួនឯង ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសកាន់តែអស់ជំនឿទុកចិត្ត»។
សម្តេចតេជោបានបន្តទៀតថា ជោគជ័យដ៏ធំធេងអំពីការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះ បានបង្ហាញកាន់តែច្បាស់ថា សន្ទុះនៃកំណើនគាំទ្រពីប្រជាពលរដ្ឋគឺមានកាន់តែខ្លាំងឡើងចំពោះ សម្តេច។
សម្តេចបញ្ចាក់ថា «ជ័យជំនះនេះ គឺស្តែងឲ្យឃើញច្បាស់ថា ប្រជាពលរដ្ឋភាគច្រើនលើសលុបបំផុតនៅតែគាំទ្រ និងបោះឆ្នោតឲ្យ សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំកសាងប្រទេស កម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខ។ នេះគឺជាសញ្ញាបង្ហាញកាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះ ឆ្នោតនៅឆ្នាំ ២០១៨ ជាបន្តទៀត»។
សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ បានឲ្យដឹងថា CPP បានឈ្នះដាច់ដោយទទួលបានឃុំ/សង្កាត់ចំនួន ១១៥៦ ក្នុងចំណោមឃុំសង្កាត់ ១៦៤៦នៅទូទាំងប្រទេស។ CPP ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ សរុប៦,៥០៣ ក្នុងនោះ មានមេឃុំ/ចៅសង្កាត់ ចំនួន១១៥៦អាសនៈ ជំទប់ទី១៖ ១១៣៩អាសនៈ និងជំទប់ទី២៖ ៥១០អាសនៈ។
លទ្ធផលនេះ ក៏បង្ហាញដែរថា គណបក្សប្រជាជនកម្ពុជា បានកើនឡើង ជាង៣០ម៉ឺនសំឡេង បើធៀបនឹងសំឡេង នៃការបោះឆ្នោតជាតិ កាលពីឆ្នាំ២០១៣៕