គ.ជ.ប នឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលបោះឆ្នោតតាមឃុំសង្កាត់ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា!
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួននឹងធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ឡើងវិញ នូវលទ្ធផលនៃការបោះឆ្នោត តាមឃុំសង្កាត់ ទាំងអស់ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប បញ្ជាក់ថា ការពិនិត្យផ្ទៀតផ្ទាត់លទ្ធផលបោះឆ្នោតឡើងវិញ បន្ទាប់ពីខ្លួនបានទទួលកញ្ចប់ «ឃ ពិសេស» កញ្ចប់ «ឃ» សម្ភារ និងឯកសារបោះឆ្នោត ពីគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គ.ធ.ខ.ប) ទាំង២៥ ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមិថុនា ឆ្នាំ២០១៧។ ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាតិ អន្តរជាតិ ចូលរួមតាមដាន និងយកព័ត៌មានកុំបីខាន៕