FN ៖ ជាមួយនឹងការដាក់ចេញនូវគោល នយោបាយឧស្សាកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ សម្តេចតតេជោ ហ៊ុន សែន នាយរកដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗ៥ចំណុច ដល់និយោជក និងនិយោជិតដើម្បីធ្វើការរួមគ្នាធានាដល់លក្ខណៈការងារ និងប្រាក់ចំណូលល្អ។
ការប្រកាសនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយតំណាងប្រធានរដ្ឋបាល ប្រធានផ្នែក មេក្រុម និងម្ចាស់រោងចក្រប្រមាណ៤,៤៥២នាក់ មកពីរោងចក្រ៨២ផ្សេងៗគ្នា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧នេះ។
អនុសាសន៍សំខាន់ៗ៥ចំណុច ដែលផ្តល់ដោយប្រមុខរាជរដ្ឋាភិបាលនេះ រួមមាន៖
១៖ ត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ។
២៖ រួមគ្នារក្សាការងារ និងបង្កើតការងារថ្មីៗច្រើនថែមទៀត ដោយធ្វើការពង្រីក និងបង្កើនទីផ្សារបន្ថែម។
៣៖ រួមគ្នាបង្កើនប្រាក់ចំណូលដោយការបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់កម្មករ។ រាជរដ្ឋាភិបាល នឹងបន្តតម្លើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ។ ចំពោះតម្លៃទឹក ភ្លើងវិញ គឺចាប់ពីថ្ងៃទី១ កញ្ញា ឆ្នាំ២០១៧ នេះតទៅគឺថ្លៃភ្លើងបញ្ចុះមកនៅត្រឹម៤៥០៛ ក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់ការប្រើក្រោម៥០គីឡូវ៉ាត់ម៉ោង ក្នុង១ខែ និងថ្លៃទឹកតែ៧០០រៀលប៉ុណ្ណោះក្នុងមួយម៉ែត្រគីប។ សម្តេចតេជោបានអំពាវនាវដល់ម្ចាស់ផ្ទះកុំតម្លើងថ្លៃឈ្នួលផ្ទះ រយៈពេល១ឆ្នាំ (២០១៨) ដើម្បីជួយកម្មករយើងមានលទ្ធភាពរកប្រាក់ចំណូលបន្ថែមជួយដល់ជីវភាព រស់នៅកាន់តែប្រសើរឡើង។
៤៖ ផ្តល់របបគាំពារសន្តិសុខសង្គម ដល់កម្មករចាប់ពីខែ មករា ២០១៨ នេះ គឺនិយោជក (ម្ចាស់ក្រុមហ៊ុន) នឹងបង់ថ្លៃរបបសន្តិសុខសង្គម ១០០% ដល់កម្មករ កម្មការនី ដែលបងប្អូនអាចនៅសល់ប្រាក់ ប្រមាណពី (៨,០០០៛-១២,០០០៛ក្នុង១ខែ)។ កម្មករ កម្មការិនីទាំងអស់ (រួមទាំងកម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ កសិកម្ម…) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌។ សម្តេចតេជោ បានណែនាំឱ្យក្រុមហ៊ុន រៀបចំបង្កើត Clinic បន្ថែមនៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ។ ចំពោះស្រ្តីមានផ្ទៃពោះសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងារ រយៈពេល ៣ខែ ហើយនៅទទួលបានប្រាក់ខែ ១២០% លើសពីនេះទៅទៀត ចាប់ពីខែមករា ឆ្នាំ២០១៨ នេះទៅ សម្រាប់កម្មការនីមានផ្ទៃពោះនឹងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាលនៅពេលសម្រាលកូន ដោយអ្នកសម្រាលបានកូន១ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលបានកូនភ្លោះទទួលបាន៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ៣ គឺទទួលបាន១លាន២០ម៉ឺនរៀលរួមនឹងការឧបត្ថមបន្ថែមទៀតពីសម្ដេចតេជោ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ សារជាថ្មីថា កម្មករ-កម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (ពីខែសីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់ បានទទួលពេលនៅធ្វើការចុងក្រោយ។
៥៖ បន្តផ្តល់កិច្ចគាំពារនិងយកចិត្តទុកដាក់ចំពោះកម្មករ កម្មការនីដែលកំពុងធ្វើការនៅក្រៅប្រទេស ដោយធ្វើការសម្របសម្រួលជាមួយប្រទេសដៃគូដើម្បីផ្តល់នូវលក្ខ័ណការងារល្អៗ ព្រមទាំងជួយសម្រួល នូវលិខិតបទដ្ឋាននានាដែលពាក់ព័ន្ឋនឹងការងាររបស់ក្មួយៗកម្មករ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងពេលបានជួបជុំតំណាងកម្មករកម្មការនីនាពេលនេះ។ មកទល់ថ្ងៃនេះ សម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខកម្មករចំនួន៧ដងរួចហើយ រួមទាំងនៅកោះពេជ្រនិងនៅតាមរោងចក្រ ដែលនៅតាមរោងចក្រគឺជួបបាន៣ដងហើយ រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សួនឧស្សាហកម្មវឌ្ឍនៈទី២ និងសួនឧស្សាហកម្មកាណាឌីយ៉ា ។
សព្វថ្ងៃនេះកម្ពុជាមានរោងចក្រកាត់ដែរ ១,១០៧ ដែលពីមុនមានតែ៦៤។ បើសរុបរោងចក្រសហគ្រាស ទាំងអស់គឺមានចំនួន ១១,១៦៨ ដែលបានផ្តល់ការងារដល់ពលរដ្ឋកម្ពុជាប្រមាណជាង ១លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសុំឱ្យកម្មករ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ចូលរួមថែក្សា សន្តិភាព និងការអភិវឌ្ឍដើម្បីឱ្យប្រទេសជាតិកាន់តែរីកចម្រើន។ បើគ្មានសន្តិភាពគឺមិនមែនការអភិវឌ្ឍនោះទេ ហើយការអភិវឌ្ឍក៏មិនអាចខ្វះបាននូវសន្តិភាពនោះទេ៕