សេចក្តីដកស្រង់ក្រៅផ្លូវការ សង្កថា ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គម្រប់ ៤០ ឆ្នាំ (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៧) – ភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់
វិលមកកាន់ទឹកដី ដែលជាការចាប់ផ្ដើមឆ្ពោះទៅកាន់ការសង្រ្គោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនដែលជាសាច់ញាតិ ឬអាចនិយាយបានថា ជាក្រុមគ្រួសារនៅភូមិកោះថ្មរបស់យើងនេះ ជាទីស្រឡាញ់។ ថ្ងៃនេះ ខ្ញុំបានវិលត្រឡប់មកកាន់ទឹកដីដែលជាការចាប់ផ្ដើមរបស់យើង ឆ្ពោះទៅកាន់ការសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ខ្ញុំសូមស្នើអោយអ្នកកាសែតរក្សារបៀបរៀបរយ ដើម្បីអោយប្រជាជនបានមើលមុខខ្ញុំ ហើយខ្ញុំក៏បានមើលទៅប្រជាជន ប្រសិនបើអស់លោកនៅតែរបៀបអញ្ចឹង គឺខ្ញុំអត់ធ្វើអីកើតទេ …។ ថ្ងៃនេះ តាមពិត(កាលពីជាង ៤០ ឆ្នាំមុន)នៅម៉ោងនេះ ខ្ញុំកំពុងស្ថិតនៅទឹកដីវៀតណាមចំនួន ២០០ ម៉ែត្រ អង្គុយរង់ចាំនូវថ្ងៃរះ។ ពេលនោះ ម៉ោង ៨ ព្រឹកទៅហើយ ទើបថ្ងៃរះ ដើម្បីកំណត់ទិសថា ត្រូវធ្វើដំណើរទៅខាងណា? ដោយសារតែយប់នោះ នៅម៉ោងប្រមាណជា ១០ មានភ្លៀងធ្លាក់ មានផ្គរ មានផ្លេកបន្ទោរ ហើយការឆ្លងកាត់ព្រំដែន ត្រូវបានធ្វើនៅយប់នោះ។ ហេតុអ្វីបានជាម្សិលមិញ មិនមក? បើធ្វើកាលពីម្សិល គឺវាខុស។ វាត្រូវនៅខាងណេះ ប៉ុន្តែវាខុសនៅខាងណោះ ខាងទឹកដីវៀតណាម។…