FN ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែសុខសន្តិភាពរបស់ប្រទេសជាតិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កម្មករ កម្មការិនី បានជួបជុំ និងលេងកម្សាន្តជាមួយ ក្រុមគ្រួសារយ៉ាងសប្បាយរីករាយនៅក្នុងពេលបុណ្យភ្ជុំបិណ្ឌ ដែលទើបបញ្ចប់ទៅនាពេលថ្មីៗនេះ។
* សម្តេចតេជោ ហ៊ុន សែន បន្តថា តាមរយៈនយោបាយកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវថ្នល់ជាដើមនោះ បានធ្វើឲ្យការធ្វើដំណើររបស់ ប្រជាពលរដ្ឋកាន់តែងាយស្រួល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាដែលនាំឲ្យប្រជាពលរដ្ឋបានលេងកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ដោយសារតែកត្តាសុខ សន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកាន់តែងាយស្រួល និងតភ្ជាប់កាន់តែច្រើន ចំនួនយានយន្តកាន់តែច្រើន និងមួយវិញទៀត ដោយសារតែប្រជាពលរដ្ឋមានលុយមានកាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ថៅកែក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលបានអនុញ្ញាតឲ្យកម្មករ កម្មការិនី ឈប់សម្រាកទៅស្រុកកំណើតធ្វើបុណ្យធ្វើទានក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់ថៅកែរោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មការិនីមានផ្ទៃពោះអាចចេញពីធ្វើការមុនគេចំនួន ១៥នាទី តែបើរោងចក្រ សហគ្រាសណា អនុញ្ញាតឲ្យចេញច្រើនជាងនេះកាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រសួងសុខាភិបាល ដែលបានធ្វើយុទ្ធនាការទ្រង់ទ្រាយធំក្នុងការពិនិត្យសុខភាពរបស់កម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តការចុះជួបជាមួយកម្មករ កម្មការិនី នៅគ្រប់រោងចក្រទាំងអស់ ក្នុងមួយសប្តាហ៍ពីរថ្ងៃ មិនមែនតែឆ្នាំ ២០១៧-២០១៨ នោះទេ ហើយក៏មិនមែនតែក្នុងរាជធានីភ្នំពេញនោះដែរ គឺនឹងទៅគ្រប់ខេត្ត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរបានឃើញវត្តមានរបស់សម្តេចស្ថិតនៅជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ដំណាក់កាលទាំងអស់។ ដូចជាឃើញសម្តេចនៅសមរភូមិពេលប្រទេសជួបភ្លើងសង្រ្គាម បន្ទាប់មកឃើញសម្តេចនៅតុចរចាស្វែងរកសុខសន្តិភាព ហើយបន្ទាប់មកគេក៏ឃើញសម្តេច នៅតាមវាលស្រែ និងប្រឡាយទឹក ដើម្បីជំរុញនយោបាយកសិកម្ម។
* បច្ចុប្បន្នគេក៏ឃើញវត្តមានរបស់សម្តេចនៅតាមរោងចក្រសហគ្រាស ក្នុងពេលកម្ពុជាកំពុងជំរុញនយោបាយឧស្សាហកម្ម។
* គ្រាភាគីពាក់ព័ន្ធកំពុងពិភាក្សារឿងប្រាក់ខែអប្បបរមា របស់កម្មករ កម្មការិនីក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនោះ សម្តេចតេជោ ហ៊ុន សែន រំលឹកថា ប្រាក់ខែគោលរបស់កម្មករ កម្មការិនីនៅឆ្នាំ២០១៨ មិនត្រូវទាបជាង ១៦០ដុល្លារនោះឡើយ ហើយប្រាក់ខែនេះ ត្រូវដំឡើងជារៀងរាល់ឆ្នាំ។ សម្តេចតេជោ ក៏បានរំលឹកដែរថា រាជរដ្ឋាភិបាលកំពុងបង្កើតច្បាប់ស្តីពីការដំឡើងប្រាក់ខែរបស់កម្មករផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ម្ចាស់ផ្ទះ និងបន្ទប់ជួលទាំងអស់ ដែលបានយោគយល់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ ជីវភាពរបស់កម្មករ កម្មការិនី តាមរយៈការមិនដំឡើងថ្លៃផ្ទះ និងការបញ្ចុះថ្លៃទឹក ភ្លើងទៅតាមនយោបាយអនុគ្រោះរបស់រាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាយករដ្ឋមន្រ្តីបង់ក្លាដេស នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី១៦ ខែតុលា។
* សម្តេចតេជោ ហ៊ុន សែន ប្រាក់កម្មករ កម្មការិនីថា មិនត្រូវសម្លាប់មេមាន់ដើម្បីឆ្ងាញ់តែមួយពេលនោះ ពោលមិនត្រូវទាមទារដំឡើងប្រាក់ខែថ្លៃហួសហេតុរហូត រោងចក្រមិនអាចទទួលបាននោះឡើយ និងរើរោងចក្រចេញពីកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់គ្រប់ភាគីដែលកំពុងចរចារឿងប្រាក់ឈ្នួលរបស់កម្មករ ត្រូវចរចាដោយស្មារតីទទួលខុសត្រូវ មិនមែនចរចាដើម្បីកេងចំណេញ ប្រជាប្រិយភាពពីកម្មករនោះឡើយ។
* សម្តេចតេជោ បានរំលឹកកម្មករ កម្មការិនីថា អ្វីៗដែលកម្មករ កម្មការិនីកំពុងទទួលបាននេះមិនមែនកើតឡើងដោយឯកឯង ដោយទេវតាប្រទាន ឬដោយបក្សប្រឆាំងនោះទេ គឺបានមកដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ កម្មការិនី។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រសិនបើអភិបាលកិច្ចរបស់កម្ពុជាស្មោគក្រោគដូចការលើកឡើងរបស់ក្រុមមនុស្សមួយចំនួននោះ ក៏កម្ពុជាមិនអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ដូចការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB នោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមហិច្ឆតាធ្វើឲ្យប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ហើយសម្តេចជឿជាក់ថា កម្ពុជា អាចនឹងធ្វើបាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនដែលពាក់អាវផលិតនៅក្រៅប្រទេសនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលមួយចំនួន មិនអាចរស់ដល់ឆ្នាំ២០៣០យ៉ាងណាក្តី តែចក្ខុវិស័យ និងគោលនយោបាយជាច្រើន បានដាក់ចេញរួចទៅហើយសម្រាប់អភិវឌ្ឍន៍កម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញពីការទម្លាក់គ្រាប់បែករបស់ខ្លួនប្រមាណ ២លាន ៧សែនតោននៅលើទឹកដីកម្ពុជា ដែលបានទម្លាក់លើដីកម្ពុជាកាលពីទសវត្សរ៍ឆ្នាំ៧០ មិនត្រូវមកយកតែឆ្អឹងទាហានរបស់ខ្លួន និងទារតែលុយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិក ទៅមើលគ្រាប់បែកគីមី២គ្រាប់ ដែលបន្សល់ពីអាមេរិកកាលពីសម័យសង្រ្គាម នៅខេត្តស្វាយរៀង ដែលកំពុងបង្កការគំរាមកំហែង និងភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅក្បែរតំបន់ទីនោះ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិក នឹងផ្តោតការយកចិត្តទុកដាក់ទៅលើគ្រាប់បែកគីមី ដែលបន្សល់នៅលើទឹកដីក្នុងខេត្តស្វាយរៀង និងស្នើឲ្យគិតពីគ្រាប់បែកលើដីកម្ពុជាជិត៣លានតោនផង កុំគិតតែឆ្អឹងទាហាន និងប្រាក់បំណុលរបស់ខ្លួន។
* សម្តេចតេជោ ហ៊ុន សែន បង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជា នឹងមិនស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេស ដែលនាំឲ្យប្រទេសមានគ្រោះថ្នាក់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើអភិបាលរាជធានីភ្នំពេញបង្កើនចំនួនរថយន្តក្រុង ដើម្បីដឹកជញ្ជូនកម្មករនៅក្នុងរាជធានីភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការគិតគូរដល់កម្មករ កម្មការិនីនៅក្នុងប្រទេសថៃ ឲ្យទទួលបានភាពស្របច្បាប់ និងឲ្យទទួលបានលក្ខខណ្ឌការងារ ដូចជនជាតិថៃ។