FN ៖ ថ្លែងជា២ភាសាទាំងអង់គ្លេសនិងបារាំង ចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ទីដែលអង្គការសហប្រជាជាតិរៀបចំមហាសន្និបាត, ប្រមុខដឹកនាំ ការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងប្រាប់ពិភពលោកថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់។ ប្រមុខដឹកនាំបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិ ប្រជាធិបតេយ្យគ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ ចូលគ្រោះមហន្តរាយ។
«ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជាថា ការជ្រើសរើសផ្លូវដើរតាមការកំណត់របស់ប្រទេសលោកខាងលិចមួយចំនួន ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដ៏អាក្រក់ ហើយការអនុវត្តខ្លះពីខាងក្រៅ ជារឿយៗបានក្លាយទៅជាបញ្ហា មិនមែនជាដំណោះស្រាយនោះទេ» នេះជាការលើកឡើងរបស់លោក ប្រាក់ សុខុន។ (សូមស្តាប់ការថ្លែងរបស់លោកនៅខាងក្រោម)
លោក ប្រាក់ សុខុន បានថ្លែងរយៈពេលជាង១៦នាទី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ បានគូសបញ្ជាក់ច្បាស់ៗថា បញ្ហាសិទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសមួយដើម្បីបរទេសលូកដៃ ចូលកិច្ចការផ្ទៃរបស់កម្ពុជា ធ្វើឲ្យប្រទេសធ្លាក់ចូលគ្រោះមហន្តរាយ។
រដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរ បានលើកឡើងថា ថ្មីៗនេះកម្ពុជាត្រូវរងការវាយប្រហារដោយសារតែ ខ្លួនបិទវិទ្យាស្ថានអន្ដរជាតិមួយដែលមានចេតនាគាំទ្របក្សប្រឆាំងនិងរំលោភច្បាប់, ប្រាប់ឲ្យកាសែតបង់ពន្ធជូនរដ្ឋ និងចាប់ខ្លួនមន្ដ្រីបក្សប្រឆាំងម្នាក់ដែលសារភាពថា បានទទួលការបណ្ដុះបណ្ដាលពីមហាអំណាច ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។ ចំពោះរឿងអស់នេះ លោករដ្ឋមន្ដ្រីចោទសួរថា តើរដ្ឋាភិបាលប្រទេសណា ដែលអត់ឱនឲ្យនោះ?
ប្រមុខដឹកនាំបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនេះ ត្រូវបានយកទៅប្រើប្រាស់ក្នុងគោលដៅនយោបាយ ហើយកម្ពុជាបានរងគ្រោះដោយសារបញ្ហានេះ អស់រយៈពេលជាង២០ឆ្នាំមកហើយ។ រងគ្រោះព្រោះតែសេចក្ដីរាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលតែងតែសរសេរវាយប្រហាររដ្ឋាភិបាលកម្ពុជា ដោយគ្មានការវិនិច្ឆ័យ, ថ្កោលទោសរដ្ឋាភិបាល ហើយលើកតម្កើងបក្សប្រឆាំងថាជាអ្នកគោរពសិទ្ធិមនុស្ស។ ប៉ុន្តែចំពោះការប្រព្រឹត្តខុសច្បាប់របស់បក្សប្រឆាំងវិញ គេមិនដែលមានឃើញមានសរសេរនៅក្នុងរបាយការណ៍នោះឡើយ បើទោះបីជាបក្សប្រឆាំងនោះ ពន្យុះឲ្យពលរដ្ឋទៅដកបង្គោលព្រំដែន ញុះញង់បង្កើតភាពស្អប់ខ្ពើមជាតិសាសន៍ និងផ្សព្វផ្សាយសន្ធិសញ្ញាព្រំដែនក្លែងក្លាយក៏ដោយ។
សូមជំរាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កបានថ្លែងសុន្ទរកថា «ក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក ជានិច្ចកាលខ្ញុំតែងតែតម្តល់ផលប្រយោជន៍អាមេរិកមុនគេបង្អស់។ គឺដូចទៅនឹង អ្នកទាំងអស់គ្នាក្នុងនាមជាមេដឹកនាំរបស់ប្រទេសអ្នក គឺត្រូវតែគិតគូរពីផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ដែរ»។ ការថ្លែងសុន្ទរកថារបស់លោក ដូណាល់ ត្រាំ នេះត្រូវបានមេដឹកនាំជាង១០០ប្រទេសដែលមានវត្តមានបានទះដៃ អបអរសាទរបង្ហាញពីការគាំទ្រ៕