ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋ ឱ្យកម្ចាត់ជម្រកមូសខ្លាការពារជំងឺគ្រុនឈីក
FN៖ ក្រសួងសុខាភិបាល បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ចាត់ជម្រកមូសខ្លា និងអនុវត្តន៍នូវវិធានការចាំបាច់មួយចំនួនទៀត ដើម្បីការពារជំងឺគ្រុនឈីក ដែលបាននិងកំពុងរាតត្បាតលើខេត្តចំនួន១២។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននាព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះថា មកដល់ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ជំងឺគ្រុនឈីកបានកើតចំនួន ១,០២០ករណី ក្នុងនោះ ស្ត្រីមានចំនួន ៥៦២នាក់ ស្មើនឹង ៥៥ភាគរយ។ ក្នុងនោះចំនួនករណីជាង ៨០ភាគរយ គឺកើតមានក្នុងខេត្តចំនួន៤៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។ លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងដែរថា បច្ចុប្បន្នខេត្តដែលមានករណីគ្រុនឈីកមានចំនួន១២ហើយរួមមាន៖ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ កំពង់ចាម ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត ព្រះសីហនុ ពោធិ៍សាត់ ស្ទឹងត្រែង និងប៉ៃលិន។ លោកស្រី ឱ វណ្ណឌីន បានដកស្រង់ប្រសាសន៍របស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មកបញ្ជាក់ថា ការទប់ស្កាត់…