សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅបណ្តាប្រទេស ក្នុងតំបន់អឺរ៉ុបប្រមាណជាង ១ ពាន់នាក់
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ, បងប្អូនជនរួមជាតិ, ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករលឹក! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយបងប្អូនជនរួមជាតិ ដែលរស់នៅក្រៅប្រទេស ហើយដែលខ្ញុំព្រះករុណាខ្ញុំ ទទួលព័ត៌មានថា មួយផ្នែកនៅប៊ែលហ្ស៊ិកនេះ មួយផ្នែកអញ្ជើញមកពីបារាំង មួយផ្នែកអញ្ជើញមកពីអង់គ្លេស មួយផ្នែកអញ្ជើញមកពីហូឡង់ ហើយក៏មាននិស្សិតអាហារូបករណ៍របស់យើងដែលកំពុងសិក្សា នៅក្រៅប្រទេសក៏មកដល់ទីនេះផងដែរ។ ថែមទាំងបងប្អូនមកពីកាណាដាថែមទៀត ដែលថ្ងៃមុនអត់បានជួប នៅអាមេរិក ឥឡូវហោះមកជួបដល់អឺរ៉ុបតែម្តង។ អរគុណជនរួមជាតិ ដែលមកពីឆ្ងាយ និងរង់ចាំយូរ ដើម្បីបានជួប ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយហាក់ដូចជាមានអារម្មណ៍ជំពាក់គុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជំពាក់គុណចំពោះបងប្អូនទាំងអស់ ព្រោះថាមានហេតុផល ២ ដែលខ្ញុំព្រះករុណាខ្ញុំគិតថា គឺជាការជំពាក់គុណ … ទី ១ ការខិតខំធ្វើដំណើរពីចំងាយមកកាន់ទីនេះ។ អ្នកនៅប៊ែលហ្ស៊ិក បើទោះបីនៅក្នុងប្រទេសប៊ែលហ្ស៊ិក ក៏មិនមែននៅក្នុងទីក្រុងនេះដែរទេ អាចថានៅឆ្ងាយក៏បានធ្វើដំណើរមក។ ប៉ុន្តែអ្នកខ្លះធ្វើដំណើរឆ្ងាយណាស់ទម្រាំមកដល់ទីនេះ ដើម្បីស្កាត់មករកជួបចំពោះខ្ញុំ ថែមទាំងត្រូវទទួលនូវការគំរាមកំហែងពីក្រុមប្រឆាំងទៀតផង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹកស្មានមិនដល់ថា នៅពេលដែលគេមិនទាន់បានកាន់អំណាចផង គេហ៊ានគំរាមប្រជាពលរដ្ឋដែលគ្រាន់តែមកទទួលនាយករដ្ឋមន្ត្រីប្រទេសរបស់ខ្លួន ហើយប្រមាថទៅដល់ការបាញ់ថែមទៀត។ នេះមកនៅប្រទេសគេ ហើយប្រទេសប្រជាធិបតេយ្យថែមទៀត គេហ៊ានហាមាត់និយាយទៅដល់ការវាយតប់ ឬដល់បាញ់ប្រហារ ចុះបើគេមានអំណាចពិតប្រាកដ…