FN ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។
ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់អគារពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ដ៏ធំរបស់កម្ពុជា កើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោក ថោង ខុន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ពិនិត្យលើដំណើរការសាងសង់ពហុកីឡដ្ឋាននេះឡើង។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នករិះគន់លើទំនាក់ទំនងរវាងកម្ពុជា-ចិនថា បើមិនមានទំនាក់ទំនងល្អជាមួយកម្ពុជា-ចិនទេ តើអាចលេចចេញរូបពហុកីឡដ្ឋាននេះដែរទេ?
* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនរើសអើងសម្រាប់ជំនួយរបស់ប្រទេសណាមួយនោះទេ។ ប៉ុន្តែមានប្រទេសណាខ្លះ ដែលចេញមុខមកជួយកម្ពុជាបែបនេះ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៀតថា តើនរណាមកជួយបំពេញសេចក្តីត្រូវការរបស់កម្ពុជា ដូចជាការសាងសង់ស្ពានសេកុង និងឆ្លងទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង, ស្ពានព្រែកតាមាក់, ស្ទឹងត្រង់ និងក្រូចឆ្មារ និងការសិក្សាកសាងស្ពានមួយទៀតនៅក្រចេះ ដើម្បីតភ្ជាប់ក្រចេះទៅកំពង់ធំ។
* សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរទៀតថា តើយើងមានកំហុសទេ ក្នុងការទទួលជំនួយរបស់ចិនមកបម្រើប្រយោជន៍របស់ប្រជាជនកម្ពុជាបែបនេះ?
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមានប្រទេសចេញមុខជួយជំនួសចិនក្នុងការកសាងផ្លូវ និងស្ពាននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង នឹងត្រូវបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរអ្នករិះគន់លើទំនាក់ទំនងកម្ពុជា-ចិនថា តើអព្យាក្រឹត្យអចិន្ត្រៃយ៍មានន័យយ៉ាងដូចម្តេច?
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅក្រុមអ្នកវិភាគថា តើកម្ពុជាមានបិទស្ថានទូតប្រទេសណាមួយនៅក្នុងរាជធានីភ្នំពេញហើយឬនៅ? សម្តេចតេជោ បានថ្លែងទៅកាន់ក្រុមអ្នកវិភាគរិះគន់នោះទៀតថា បើមិនចង់ឱ្យកម្ពុជាងាកទៅរកចិនពេកទេ ទៅរកប្រទេសដទៃមកជួយកម្ពុជាមក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ នៅមានតម្រូវការសាងសង់អគារជាច្រើនទៀត ហើយកម្ពុជាបើកឱ្យប្រទេសមានបំណងជួយចូលមកជួយ កុំឱ្យថាកម្ពុជាយកតែជំនួយពីចិន។
* សម្តេចតេជោ បានថ្លែងថា ប្រទេសខ្លះរកស៊ីជាមួយចិនយ៉ាងច្រើនជាងកម្ពុជា តែគេមិនមានបញ្ហាអ្វី។ ដណ្តើមវិនិយោគចិនទៅប្រទេសគេច្រើនណាស់ តែអត់មានបញ្ហា បែរកម្ពុជាមានបញ្ហាទៅវិញ។
* សម្តេចតេជោ បានពន្យល់ថា ហេតុអ្វីបានជាមានវត្តមានកម្មករ និងអ្នកបច្ចេកទេសច្រើននៅតាមការដ្ឋានសំណង់ គឺដោយសារកម្ពុជាមិនអាចផ្គត់ផ្គង់កម្មករ និងបច្ចេកទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនមិនចង់យកកម្មករ និងអ្នកបច្ចេកទេសមកធ្វើការនោះទេ តែដោយសារតែកម្ពុជាខ្វះកម្មករ និងអ្នកបច្ចេកទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចាប់ផ្តើមត្រៀមរៀបចំថវិកាទុកបម្រុងសម្រាប់ការចំណាយក្នុងពេលធ្វើជាម្ចាស់ផ្ទះប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ហើយ ដោយបានចាប់ផ្តើមកាត់ប្រាក់ទុកជាបណ្តើរៗហើយ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យមានការទទួលស្វាគមន៍វត្តមានកីឡាករ កីឡាការិនីបរទេសឱ្យបានដិតដល់មិនត្រូវឱ្យគេចេញទៅវិញ មានការរិះគន់ថា កម្ពុជាទទួលមិនបានដិតដល់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មូលហេតុដែលត្រូវជ្រើសរើសថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣ រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារមានការងារមមាញឹកច្រើន ក្នុងការរៀបចំការបោះឆ្នោត និងខួប៦០ឆ្នាំ នៃបុណ្យឯករាជ្យ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងការពារទុកជាមុនផងដែរ កុំឱ្យមានការអត្ថាធិប្បាយថា រៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមមុនការបោះឆ្នោត ដើម្បីទាញប្រជាប្រិយភាព។
* សម្តេចតេជោ បានណែនាំថា ទោះមិនបានឈ្នះមេដាយក៏ដោយ ក៏មិនត្រូវធ្វើឱ្យខូចកិត្តិយសរបស់កម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំបរទេសសរុបជិត ៦០រូប ក្នុងនោះមកពីអឺរ៉ុប២៨រូប អាស៊ី ៣៩រូប បូករួមទាំងប្រធានគណៈកម្មការ និងប្រធានក្រុមប្រឹក្សាអឺរ៉ុបផង ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅកម្ពុជា ឆ្នាំ២០២០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ នឹងធ្វើតែនៅរាជធានីភ្នំពេញមួយប៉ុណ្ណោះ មិនមានរៀបចំនៅសៀមរាប និងព្រះសីហនុនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានប្រកាសថា បើប្រជាពលរដ្ឋមានចំណូលមិនលើសពី១ពាន់ដុល្លារឡើងទេ សម្តេចមិនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកលើកឡើងថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាមមានចេតនាអ្វីឱ្យពិតប្រាកដ? សម្តេចតេជោ បានលើកឡើថា មុនឆ្នាំ១៩៧០ គេបាននិយាយពីវត្តមានកងទ័ពវៀតណាម នៅលើដីកម្ពុជា ក្រោយមកធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ។ គេចោទអ៉ីរ៉ាក់ថា មានអាវុធប្រល័យលោក តែចុងក្រោយអាវុធប្រល័យលោកនៅណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបសម្រេចផ្តល់ថវិកា៤០លានដុល្លារបន្ថែម លើ២៩០លានដុល្លារកាលពីលើកមុន ដើម្បីទិញអាវុធពីចិន ដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីការចាប់ខ្លួនមន្រ្តីសុរិយោដី៣នាក់ នៅខេត្តពោធិ័សាត់ ដោយសារប្រព្រឹត្តអំពើពុករលួយ ទារលុយពីម្ចាស់សំណង់១០ម៉ឺនដុល្លារ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែកក្កដានេះ កម្ពុជាទទួលបានចំណូលពីគយ និងពន្ធដារ សរុបប្រមាណ ៥០០លានដុល្លារអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៩នេះ អាចមានក្នុងរង្វង់ប្រមាណ ៧.១ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនជារាជរដ្ឋាភិបាលអត់មាយាទនោះទេ ហើយថវិកាមិនមែនមានតែតួលេខនោះឡើយ គឺមានសាច់ប្រាក់ពិតប្រាកដ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យបរិភោគសាច់ជ្រូកកុំបារម្ភពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក។ សម្តេចតេជោ បានថ្លែងថា សម្តេចក៏ពិសារសាច់ជ្រូកផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកប្រើហ្វេសប៊ុកឈ្មោះថា «សូរ សមយុទ្ធ» ឈ្មោះពិត «ឃន» ឱ្យឈប់ហៅសម្តេចក្រឡាហោម ស ខេង «អាត្នោត» និងហៅសម្តេចថា «អាមួយហ្នឹង»
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមអ្នកធ្វើនយោបាយរង់ចាំសម្តេចស្លាប់នោះឱ្យឈប់ទៅ ព្រោះសម្តេចត្រូវរស់នៅកម្ចាត់ក្រុមក្បត់ជាតិ រក្សាសន្តិភាព ៤០ឆ្នាំទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកធ្វើនយោបាយរង់ចាំសម្តេចស្លាប់ គឺជាការធ្វើនយោបាយសំសាកបំផុត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានច្បាប់ជាច្រើនដែលអាមេរិកបានរៀបចំច្បាប់ដាក់ទណ្ឌកម្មលើវៀតណាម នាពេលកន្លងមក ប៉ុន្តែមិនដែលបានអនុម័តដាក់លើវៀតណាមឡើយ ។ សម្តេចតេជោបានបញ្ជាក់ ប្រសិនច្បាប់អាមេរិកបានអនុម័តដាក់ទណ្ឌកម្មលើកម្ពុជាមែន យើងមិនខ្វល់នោះទេ គ្មានអ្វីប៉ះពាល់ដល់កម្ពុជានោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះបងប្អូនពលរដ្ឋខ្មែរ នាំយកលុយមករកស៊ីនៅស្រុកខ្មែរ មិនមែនដូចសម័យមុនយកលុយទៅក្រៅនោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមិនជឿថារដ្ឋបាល ដូណាល់ ត្រាំ នឹងរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឲ្យមានបញ្ហានោះទេ
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើមានទ្រព្យសម្បត្តិរបស់មន្រ្តីរបស់កម្ពុជា និងកូនៗរបស់សម្តេច ដែលមាននៅអាមេរិក សុំឲ្យរដ្ឋបាលអាមេរិកប្រញាប់ដកចេញទៅ កុំចាំយូរអី
* សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីអ្នកណាចង់មក ឬមិនចង់មក គ្មានទៅឈឺក្បាលនោះទេ មានអ្នកទោសប៉ុន្មាននាក់ចាប់តែប៉ុណ្ណឹង ទោះមកជាង១០០នាក់ក៏ដោយ ចាប់តែអ្នកមានទោសទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងប្រទេសថៃ ឬវៀតណាមនោះទេ ហើយនាយករដ្ឋមន្រ្តីប្រទេសថៃ ក៏ប្រកាសហើយដែរថា មិនឲ្យយកប្រទេសរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជានោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសរសើរថា វិដេអូអប់រំ អ៊ុយគុយទាវ ដែលកំពុងចាក់ផ្សាយនៅតាមទូរទស្សន៍ Fresh News គឺជាវិដេអូអប់រំមួយដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋចូលរួមនាំគ្នាអនាម័យក្នុងសង្គមកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាឲ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យមើលបញ្ហាសំណង់ឲ្យបានដិតដល់ ជៀសវាងបញ្ហាកើតឡើងបាក់អាគារដូចនៅខេត្តព្រះសីហនុ