FN ៖ ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នា២០១៩នេះ បានអំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋទាំងអស់បរិភោគសាច់ជ្រូក ដែលលក់លើទីផ្សារដូចធម្មតា។ ជាមួយគ្នានេះ សម្តេចបានអំពាវនាវកុំឱ្យពលរដ្ឋមានការបារម្ភខ្លាំងពេកអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក ដោយសារតែជំងឺនេះមិនឆ្លងដល់មនុស្សឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖ «កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ»។
ជំងឺប៉េស្តជ្រូកអាហ្រ្វិក បានផ្ទុះឡើងជាថ្មី នៅប្រទេសកម្ពុជា ដែលរីករាលដាលដល់ខេត្ត ចំនួន៥ គិត ចាប់តាំងពី ដើមខែ មេសា មក ក្នុង នោះ មាន ខេត្តរតនគិរី ត ត្បូងឃ្មុំ ស្វាយរៀង ខេត្តតាកែវ និង ខេត្តកណ្តាលជាដើម ដែល នាំឲ្យ សត្វ ជ្រូក ប្រមាណ ៣ពាន់ ក្បាល ត្រូវ បាន ងាប់ និង សម្លាប់ចោល ។ ទោះជាយ៉ាងនេះក្តី ជំងឺនេះ មិនមានជាហានិភ័យដល់សុខភាពមនុស្សទេ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ ខ្លាចទទួលទានចំសត្វជ្រូកងាប់ទាំងនោះ។
ខណៈដែលប្រជាពលរដ្ឋមានការខ្លាចរអារ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូក បានត្អូញត្អែរខ្លាំង ដោយសារការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដោយសារតែប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាតឲ្យធ្វើការលក់ដូរឡើយ ខាងក្រសួង និងស្ថាប័នជំនាញដែលពាក់ព័ន្ធលើបញ្ហានេះបានតម្រូវឲ្យកប់ចោលតែម្ដង ព្រោះចៀសវាងការឆ្លងរីករាលដាលទៅកាន់ជ្រូកផ្សេងទៀតដែលនៅក្បែរនោះ៕