សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាល និងពិសាបាយសាមគ្គីជាមួយគ្រីស្តបរិស័ទ
ថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាដំបូង អនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូបង្រៀន ថ្នាក់ដឹក នាំ និងគ្រីស្ទបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយសូមព្រះយេស៊ូគ្រីស្ទប្រទានពរជ័យសម្រាប់អស់លោកអ្នកទាំងអស់។ ថ្ងៃនេះជាថ្ងៃថ្មីមួយទៀត ដែលយើងសន្យាជួបគ្នាប្រចាំឆ្នាំ។ មួយឆ្នាំកន្លងផុតទៅ យើងបានធ្វើកិច្ចការជាច្រើនដើម្បីរួមចំណែកកសាងប្រទេសជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងជូននូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ គ្រីស្ទបរិស័ទទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេស ក៏សូមថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទ ដែលបានបោះឆ្នោតជូនគណបក្សកម្ពុជាក្នុងរយៈពេលកន្លងទៅ។ យើងបាននិយាយគ្នាហើយថា នៅពេលដែលមានវត្តមានរបស់ខ្ញុំជានាយករដ្ឋមន្ត្រី យើងនឹងជួបគ្នាជាប្រចាំឆ្នាំ ហើយដោយសារតែការបោះឆ្នោតឆ្នាំទៅ គ្រីស្ទបរិស័ទមិនត្រឹមតែចូលរួមការបោះឆ្នោតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបោះឆ្នោតជូនគណបក្សប្រជាជន ដែលផ្តល់នូវលទ្ធភាពឱ្យខ្ញុំបន្តតំណែងជានាយករដ្ឋមន្ត្រី ទើបមានជំនួបនៅថ្ងៃនេះ។ Amen។ ជំនួបសាសនានឹងបន្តមាន ពីនេះដល់ ឆ្នាំ ២០២៣ និងបើបន្តជាប់ឆ្នោត ដល់ឆ្នាំ ២០២៨ ខ្ញុំសូមកោតសរសើរចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ហឹម ឆែម ក្នុងរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍភាព នៃគ្រីស្ទបរិស័ទ នៃគ្រីស្ទសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណុចនេះ ក៏ដូចជាពេលមុនៗ ដែលខ្ញុំគួរតែត្រូវបានបញ្ជាក់អំពីទំនាក់ទំនងទាក់ទងជាមួយនឹងសេរីភាពនៃជំនឿខាងសាសនា។ បញ្ហាចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាន់យកតាំងពីរំដោះ ៧ មករា…