FN ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត បានចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលបានបើកការដ្ឋានសាងសង់នេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
នៅក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុន្ទរកថាប្រមាណជាងមួយម៉ោង។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយដែលបានអញ្ជើញមកបើកការដ្ឋានសាងសង់ស្ពានបេតុងភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវក្រោមដីប្រវែង ៤០០ម៉ែត្រ នៅរង្វង់មូលចោមចៅ។
* សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងពាក្យថា «សមិទ្ធផលថ្មី លើដីសន្តិភាព» ចំពោះការចាប់ផ្តើមសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេថ្មីក្នុងរាជធានីភ្នំពេញនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ គល់ស្ពានព្រះមុនីវង្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទៃដីរាជធានីភ្នំពេញ បច្ចុប្បន្នបានកើនឡើងដល់ជិត ៧០០គីឡូម៉ែត្រក្រឡា ហើយផ្ទៃដីខេត្តកណ្តាលជាច្រើន ត្រូវបានកាត់ចូលរាជធានីភ្នំពេញ ជាបន្តបន្ទាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធុញទ្រាន់ជាខ្លាំង ចំពោះការមិនចង់ឱ្យមានអគារខ្ពស់ជាងគណៈរដ្ឋមន្ត្រី ឬខ្ពស់ជាងសំណង់ប្រវត្តិសាស្ត្រផ្សេងៗ ដូចជាខ្ពស់ជាវត្តភ្នំ ខ្ពស់ជាងព្រះសក្យមុនីចេតិយជាដើម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែធុញទ្រាន់បែបនេះ កាលពីអំឡុងឆ្នាំ២០១៣ ទើបសម្តេចប្រកាសថា នរណាសាងសង់បានខ្ពស់ជាងគេសម្តេចប្រគល់មេដាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីក្រុងមួយត្រូវការមានអគារខ្ពស់ៗ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុន OCIC ដែលបានចូលរួមអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា រួមមានការអភិវឌ្ឍមជ្ឈមណ្ឌលកោះពេជ្រ ព្រលានយន្តហោះ ក្រុងនរណបជ្រោយចង្វា ហើយឥឡូវនៅកោះនរាថែមទៀត។ សម្តេចតេជោ បានចាត់ទុកថា នេះជាការរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនយល់នោះទេ ចំពោះអ្នកលើកឡើងថា ពលរដ្ឋកម្ពុជាចេះតែក្រទៅៗ។ សម្តេចតេជោ បានថ្លែងថា គ្មាននរណាក្រជាងក្រោយរំដោះឆ្នាំ១៩៧៩នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថានភាពពលរដ្ឋបច្ចុប្បន្នច្បាស់ណាស់ថានៅមានអ្នកខ្វះខាត តែមិនក្រីក្រដូចដំណាក់កាលប្រទេសក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យឯកជនដើរតួយ៉ាងសំខាន់ក្នុងបរិបទនៃការរីករាតត្បាតជំងឺកូវីដ១៩។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលនេះសម្តេចត្រូវធ្វើយ៉ាងណាកុំឱ្យក្រុមហ៊ុនទាំងនេះបិទទ្វារក្នុងពេលមានវិបត្តិជំងឹកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើក្រុមហ៊ុនឯកជនបិទទ្វារនឹងធ្វើឱ្យពលរដ្ឋកម្ពុជាបាត់បង់ការងារ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ មានពលរដ្ឋកម្ពុជាប្រមាណ ៣០ម៉ឺននាក់ បានបាត់បង់ការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបុណ្យអុំទូកមិនប្រារព្ធ តែពិធីសំពះព្រះខែនៅតែធ្វើ ហើយការឈប់សម្រាកនៅតែអនុវត្តន៍ដដែល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆមាសឆ្នាំ២០២០ កម្ពុជា មានអតិរេកប្រមាណ ២០០លានដុល្លារ។ តែសម្រាប់ឆមាសទី២ ចំណូល និងចំណាយ ត្រដំត្រសងគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីថា ជំងឺកូវីដ១៩នៅកម្ពុជា មានសភាពទ្រឹង តែមិនត្រូវធ្វេសប្រហេសនោះឡើយត្រូវបន្តការប្រយ័ត្ន។ សម្តេចតេជោ បានកត់សម្គាល់ថា នៅមីយ៉ាន់ម៉ា ពីដំបូងប្រហាក់ប្រហែលនឹងកម្ពុជា តែឥឡូវបានកើនឡើងខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានតភ្ជាប់ពីកោះពេជ្រ មកកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ គឺជាសមិទ្ធផលរបស់ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជធានីភ្នំពេញ ត្រូវតែបន្តអភិវឌ្ឍន៍តាមរូបមន្តយកស្លឹកត្នោត ខ្ចប់ស្កត្នោត។ សម្តេចតេជោ បានលើកឡើងថា ការអភិវឌ្ឍន៍កោះពេជ្រ កោះនរា បានយកផលចំណេញពីនេះទៅកសាងសំណង់ផ្សេងៗនៅភ្នំពេញ។
* សម្តេចតេជោ ហ៊ុន សែន ព្រមានលោក ហូ វ៉ាន់ ចំពោះការរៀបផែនការបញ្ជាឱ្យធ្វើបាតុកម្មនៅស្ថានទូតចិន។
* សម្តេចតេជោ បានផ្តាំទៅលោក ហូ វ៉ាន់ ថា ប្រពន្ធកូនដែលរស់នៅភ្នំពេញ កំពុងដេកមិនសុខព្រោះទង្វើរបស់លោក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធុញទ្រាន់នឹងបរទេស និងខ្មែរមួយចំនួន ដែលចោទរឿងវត្តមានទ័ពចិន នៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពួកបរទេស និងខ្មែរ ដែលចោទលើរឿងនេះ បញ្ចេញភស្តុតាង បើមិនបញ្ចេញទេ គឺមានន័យថាកំពុងភូតកុហក់។
* សម្តេចតេជោ ហ៊ុន សែន បានចោទសួរបរទេសចោទរឿងវត្តមានទ័ពចិន នៅកម្ពុជានេះ មានបំណងចង់បានអ្វី ខណៈឆ្នាំ១៩៧០ បានរុញកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងបរទេស និងខ្មែរ ដែលរុញរឿងមូលដ្ឋានទ័ពចិននៅកម្ពុជានេះ គឺចង់ឈានទៅធ្វើរដ្ឋប្រហារ។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភរិយាលោក ហូ វ៉ាន់ កុំឱ្យធ្វើសកម្មភាពចែកលុយដល់ក្រុមធ្វើចលនារដ្ឋប្រហារ។
* សម្តេចតេជោ ហ៊ុន សែន ទម្លាយសំឡេងលោក ហូ វ៉ាន់ ដាក់បទបញ្ជាដល់ក្រុមខ្លួនឱ្យធ្វើបាតុកម្មនៅស្ថានទូតចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានតែចិនជាអ្នកវិនិយោគ តែគ្មានទ័ពចិននោះទេ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យដំណើរការផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ និងអំពាវនាវពលរដ្ឋឱ្យទៅមើលផ្លូវក្រោមដីនោះ។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមហ៊ុនទូរស័ព្ទទៅតបណ្តាញនៅផ្លូវក្រោមដី កុំឱ្យដាច់សេវា។
* សម្តេចតេជោ ហ៊ុន សែន សរសើរក្រុមហ៊ុន Cellcard របស់ឧកញ៉ា គិត ម៉េង ថា មានសេវាល្អជាងគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នសម្តេចប្រើទូរស័ព្ទ ១៨គ្រឿង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងប្រែប្រួលអាកាសធាតុ និងចំណុះទឹកទន្លេមេគង្គ កុំបន្ទោសខ្មែរ ព្រោះជារឿងសាកល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវជាតិ ផ្លូវលំ និងទំនប់ផ្សេងៗបានរងការខូចខាត។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រី សាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីកសិកម្ម មិនត្រូវរង់ចាំការវាយតម្លៃពីតាមមន្ទីរនានាទេ ត្រូវចាត់មន្ត្រីរដ្ឋលេខាធិការចុះទៅវាយតម្លៃដោយផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីទាំង៤ ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវ ស្ពាន ដែលខូចខាតជូនប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដូចជាមិនសូវឃើញនៅជនបទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដោះស្រាយរឿងទឹកជំនន់មិនមែនបញ្ចប់ត្រឹមការចែកជំនួយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលជាការដោះស្រាយសំខាន់សម្រាប់ប្រជាពលរដ្ឋរងការជន់លិច គឺការបង្កឱកាសឱ្យពួកគាត់អាចដាំដុះឡើងវិញបាន។
* សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យចុះសិក្សាបន្ទាន់ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញដំណោះស្រាយបន្ទាន់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ត្រូវការថវិកាប៉ុន្មាន ក៏ត្រូវតែទម្លាក់ទៅ ដើម្បីដោះស្រាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងរង់ចាំមើលការដោះស្រាយផលប៉ះពាល់របស់រដ្ឋមន្ត្រីទាំង៤។ សម្តេចតេជោបន្ថែមថា បើកន្លែងណារដ្ឋមន្ត្រីមានចំណាត់ការយឺត សម្តេចនឹងចុះទៅផ្ទាល់ ហើយចាំមើលរដ្ឋមន្ត្រីធ្វើមុខយ៉ាងម៉េច?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅសៀមរាប ចំណាយថវិកា ១៥០លានដុល្លារ នឹងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។