FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានអំពាវនាវដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីឱ្យប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យអុំទូកនេះ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃនេះជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២០។ ថ្វីត្បិតតែយើងមិនមានពិធីប្រណាំងទូកនៅទីក្រុងភ្នំពេញក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋអាចកម្សាន្តសប្បាយរីករាយនៅតាមបណ្ដាខេត្តនានា ទៅតាមទំនៀមទម្លាប់របស់ខ្មែរយើង។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបងប្អូនប្រជាពលរដ្ឋត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច ក៏ដូចជាបង្ការការពារការចម្លងជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាល»។
សម្តេចបានបន្តថា៖ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីអោយប្រជាពលរដ្ឋ និងទេសចរបរទេសមានឱកាសបានសប្បាយរីករាយក្នុងក្នុងថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យនេះ នៅទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅអំឡុងរាជរដ្ឋាភិបាល អនុញ្ញាតឱ្យមន្រ្តីរាជការ កម្មករនិយោជិតឈប់សម្រាករយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី ពិធីបុណ្យអុំទូកឆ្នាំនេះ មិនត្រូវបានប្រារព្ធនោះឡើយ ដោយសារតែកម្ពុជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ និងជួបប្រទះនឹងស្ថានភាពទឹកជំនន់៕