សសយក បន្តបំផុសស្មារតីយុវជនឱ្យចូលរួម និងបម្រើ ការពារអធិបតេយ្យភាពទឹកដី
FN៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សសយក ឆ្នាំ២០២២ នៅខេត្តសៀមរាបរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៨ ដល់២០ ខែមីនា។ ក្នុងពិធីបើកនៅថ្ងៃទី១៩ ខែមីនា លោក ហ៊ុន ម៉ានី ប្រធាន សសយក បានផ្តល់អនុសាសន៍ដល់គ្រួសារ សសយក ទាំងអស់ ត្រូវបន្តបំផុសស្មារតី និងឆន្ទៈ យុវជនឱ្យចូលរួមក្នុងបម្រើ និងការពារអធិបតេយ្យ បុរាណភាពទឹកដី និងរក្សាសន្ដិភាព និងសុខដុមរមនាជានិរន្ត។ កិច្ចប្រជុំគណៈកម្មាធិការកណ្ដាល សសយក ធ្វើឡើងស្របពេលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងបានជោគជ័យនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងតាមអភិក្រមផ្ការីកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ លោក ហ៊ុន ម៉ានី យល់ថា កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងឱ្យសាធារណជនជាតិ និងអន្តរជាតិ បានឃើញពីការបើកទំព័រថ្មីនៃខេត្តសៀមរាបផងដែរ បន្ទាប់ពីខេត្តនេះបានប្រែមុខមាត់ថ្មីតាមរយៈការធ្វើទំនើបកម្ម និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ជាង១ឆ្នាំមកនេះ។ បន្ថែមពីនេះដែរ ប្រធាន សសយក ក៏បានចាត់ទុកសកម្មភាពរបស់យុវជន សសយក ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលកន្លងមក ថាជាភារកិច្ចចាំបាច់ក្នុងការងារសង្គម និងមនុស្សធម៌…