ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
(១) វរង្វេងក្នុងក្រុងនិងក្រៅក្រុង កន្លែងធ្លាប់វាយគ្នា ក្លាយជាតំបន់រោងចក្រ
តើទាំងអស់គ្នាសុខសប្បាយទេ? តើខ្ញុំវង្វេងផ្លូវទេពេលដែលធ្វើដំណើរមកនេះ? ប្រសិនបើ កុំមានការសរសេរដាក់ថា យើងកំពុងតែស្ថិតនៅ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខ្ញុំនឹងមិនដឹងថានៅកន្លែងណាទេ។ ពេលដែលចេញដំណើរមក ខ្ញុំបានធ្វើដំណើរលើផ្លូវខ្សែក្រវាត់ក្រុងទី៣។ ខ្ញុំក៏មិនច្បាស់ទេថា ស្ពាន២ធំៗ ដែលតភ្ជាប់គ្នានោះជាស្ពានដែលយើងហៅថាស្ពានមិត្តភាពកម្ពុជា-ចិនសិត្បូ កោះអន្លង់ចិន(ឬអ្វី) មានឡើងមួយហើយចុះមួយ។ បើសិនជាឱ្យខ្ញុំធ្វើដំណើរម្នាក់ឯង ខ្ញុំពិតជាវង្វេង។ បើសិនជាវង្វេង មេត្តាឱ្យបាយខ្ញុំមួយពេលផង។ ដឹកនាំប្រទេសតាំងពីស្ថានភាពមួយដ៏លំបាក។ ឥឡូវនេះ មិនថាវង្វេងតែនៅទីក្រុងភ្នំពេញ។ វង្វេងនៅឯខាងក្រៅក្រុង។ ប៉ុន្មានថ្ងៃមុននោះទៅជួបកម្មករនៅឯពញាឮ មានមកពីកំពង់ឆ្នាំងខ្លះមកពីកំពង់ស្ពឺខ្លះ។ វង្វេងទៀត។ កន្លែងធ្លាប់វាយគ្នានោះទៅជាកន្លែងដែលមានការអភិវឌ្ឍទៅជាតំបន់រោងចក្រ។
(២) អត្ថប្រយោជន៍ផ្លូវល្បឿងលឿន៖ ព្រឹកគុយទាវនៅកំពង់សោម បាយថ្ងៃត្រង់នៅភ្នំពេញ
ឥឡូវថ្ងៃនេះយើងមកធ្វើពិធីសម្ពោធបើកការដ្ឋានផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញនិងទីក្រុងបាវិត បន្ទាប់ពីផ្លូវល្បឿនលឿនរវាងទីក្រុងភ្នំពេញខេត្តព្រះសីហនុបានដាក់ឱ្យដំណើរការ។ ខ្ញុំបានធ្វើដំណើរ៣ ដងហើយ លើផ្លូវល្បឿនលឿនក្រុងភ្នំពេញខេត្តព្រះសីហនុ។ លើកទី១ គ្រាន់បើបន្តិច ត្រង់ថាចង់មើលទេសភាព។ ទៅ២លើកក្រោយនេះ ចេញតែពីតាខ្មៅបន្តិច ទៅភ្ញាក់នៅឯអូរឈើទាលឯណោះ។ ពេលព្រឹកឆ្លៀតមកវាយកូនហ្គោលនៅកៀនស្វាយយើងនេះ បាយថ្ងៃត្រង់ហើយឡើងឡានដេកនៅលើឡានហ្នឹងតែម្តង។ អត់បានមើលទេសភាពអីទៀតទេ។ ប្រភេទផ្លូវល្បឿនលឿននេះផ្តល់ឱកាសសម្រាប់ប្រជាជនយើងខ្លាំងណាស់។ បងប្អូនខ្លះអួតប្រាប់ថាពេលព្រឹកគេទៅស៊ីគុយទាវនៅឯកំពង់សោម រួចហើយមកបាយថ្ងៃត្រង់នៅភ្នំពេញវិញទៀត។ អញ្ចឹងទេ យើងឃើញអត្ថប្រយោជន៍នៃផ្លូវល្បឿនលឿន ដែលយើងបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលដែលឯកឧត្តម លី ខឺឈាន នាយករដ្ឋមន្ត្រីចិន មកទស្សនកិច្ចជាផ្លូវការនិងចូលរួមប្រជុំអាស៊ានកាលពីឆ្នាំកន្លងទៅនេះ។
(៣) អាស៊ាន Highway ហូជីមិញ/ភ្នំពេញ/បាងកក ក្លាយជាការពិត
ឃើញសារៈសំខាន់នៃផ្លូវល្បឿនលឿននេះ យើងក៏ចាប់ផ្តើមចរចាជាមួយមិត្តចិនគឺក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់របស់ចិនដែលបានអនុវត្តនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីនឹងតភ្ជាប់រវាងទីក្រុងភ្នំពេញជាមួយបាវិត និងតភ្ជាប់ទៅផ្លូវល្បឿនលឿនរបស់វៀតណាម។ យើងក៏បានធ្វើការជាមួយមិត្តវៀតណាម។ វៀតណាមក៏នឹងកសាងផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញ មកភ្ជាប់ផ្លូវល្បឿនលឿនជាមួយយើង។ នេះអាចចាត់ទុកថាជាការតភ្ជាប់ដ៏សារៈសំខាន់។ ជាផ្នែកមួយនៃការអនុវត្តគម្រោង Highway អាស៊ាន ដែលមុននេះមានតែគំនិតផ្តួចផ្តើម ប៉ុន្តែគ្មានលុយអនុវត្តទេ។ ឥឡូវនេះ តាមរយៈនៃការចូលរួមពីផ្នែកឯកជន កម្ពុជាតភ្ជាប់អាស៊ាន Highway រវាងកម្ពុជានិងវៀតណាម រវាងហូជីមិញ ភ្នំពេញនិងទីក្រុងបាងកក ឱ្យក្លាយទៅជាការពិត …។
(៤) គំរោងដើម ការវិនិយោគមានទំហំ ១៧០០ លានដុល្លារ គិតចូលទាំងស្ពានឆ្លងមេគង្គ
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍ជូនអង្គពិធីរួចហើយ។ នៅទីនេះ មិនមែនគ្រាន់តែជាផ្លូវដាច់ដោយឡែកទេ។ យើងមានស្ពានផង យើងមានផ្លូវផង។ ចំណុចនេះត្រូវបែងចែកជា២។ មួយគឺការវិនិយោគសម្រាប់ផ្លូវល្បឿនលឿន ដែលមានប្រវែង ១៣៥គីឡូម៉ែត្រតភ្ជាប់ទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម។ មួយទៀត យើងត្រូវធ្វើស្ពាន ១៦០០ម៉ែត្រ បូកសរុបទាំងការធ្វើផ្លូវក្បាលស្ពានទាំងសងខាង សរុបទាំងអស់ ដល់៣,៧ គីឡូម៉ែត្រ។ ចំណុចបានចាប់ផ្តើមពីអ្វី? ខ្ញុំដូចជានៅចាំថា ឯកឧត្តម ស៊ុន ចាន់ថុល បានកាន់ឯកសារនេះ រួមដំណើរជាមួយខ្ញុំទៅទស្សនកិច្ចសាធារណរដ្ឋប្រជាមានិតចិន ហើយក៏រាយការណ៍ឱ្យខ្ញុំនៅទីនោះ។ គម្រោងដើមដែលបានសិក្សាបានសេចក្តីថា ស្ពានឆ្លងកាត់ទន្លេមេគង្គក្រោមនេះត្រូវវិនិយោគដោយមិត្តចិនផងដែរ ដែលទំហំនៃការវិនិយោគនោះគឺមានរហូតទៅដល់ ១៧០០លានដុល្លារ បើគិតទាំងផ្លូវទាំងស្ពាន។
(៥) បញ្ចេញប្រាក់វិនិយោគស្ពានដោយខ្លួនឯង បញ្ចៀសការយកប្រាក់ឆ្លងកាត់របស់ប្រជាជន
ប៉ុន្តែវាតម្រូវឱ្យមានការយកប្រាក់ពីប្រជាជន។ ខ្ញុំបានប្រាប់ ឯកឧត្តម ស៊ុន ចាន់ថុល បញ្ចៀសយ៉ាងម៉េចកុំឱ្យមានការយកប្រាក់ពីប្រជាពលរដ្ឋទៅលើការឆ្លងស្ពាន។ រឿងនេះយើងធ្លាប់មានពិសោធន៍រួចហើយ។ ស្ពានមួយចំនួនយើងបានទិញយកមកវិញដូចជាស្ពានព្រែកព្នៅរបស់ លី យ៉ុងផាត់ និងស្ពានឆ្លងកាត់ដៃសមុទ្រនៅឯកោះកុង របស់ លី យ៉ុងផាត់។ ថ្ងៃខ្លះប្រជាជនយើងឆ្លង ៥ដង។ បើឆ្លង ៥ដង បង់លុយទាំង ៥ដង ដាច់ខ្យល់គាត់ ហើយ។ យើងក៏គិតគូឡើងវិញថា កុំឱ្យគាត់យកថ្លៃលើការឆ្លងស្ពាន ប៉ុន្តែឱ្យគាត់ទៅដំឡើងថ្លៃ(ការប្រើប្រាស់ផ្លូវ)១៣៥គីឡូម៉ែត្រវិញ។ ដល់ដំឡើងថ្លៃទៅវាថ្លៃជ្រុល។ ដល់វាថ្លៃជ្រុលមានអ្នកណាប្រើផ្លូវហ្នឹង។ គេមិនប្រើផ្លូវលេខ១ ដដែល។ គិតគូចុះឡើងៗក៏ពិភាក្សាជាមួយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ថាឥឡូវយើងត្រូវធ្វើស្ពានដោយខ្លួនឯង។ បញ្ចេញប្រាក់វិនិយោគដោយខ្លួនឯង ដើម្បីដោះស្រាយបញ្ហា(កើនចំណាយរបស់)ប្រជាពលរដ្ឋ។ ចៀសវាងការដែលប្រជាជនឆ្លងកាត់ហើយយកប្រាក់។ អញ្ចឹងទេ នៅទីនេះមាន២ផ្នែក មួយផ្នែកគម្រោងរបស់ខាងក្រុមហ៊ុនគឺគាត់កសាងផ្លូវ ហើយយកប្រាក់តែលើផ្លូវល្បឿនលឿនទេ។ ឯរាជរដ្ឋាភិបាលចេញលុយធ្វើស្ពានសំរាប់ប្រជាជនឆ្លង។
(៦) រាជរដ្ឋាភិបាលចេញប្រាក់ ២៣២ ៥៨៨ ០០០ ដុល្លារធ្វើស្ពាន
ការគិតគូរនៅទីនេះ គឺជាចក្ខុវិស័យមួយដើម្បីដោះស្រាយសម្រាប់ប្រជាជនដែលប្រើស្ពាននេះ។ ខ្លះគាត់ប្រើ(ច្រើន)។ អ្នកខាងកៀនស្វាយនេះ ជាពិសេសកំលោះនៅកៀនស្វាយ ចង់ឆ្លងទៅរកក្រមុំនៅខាងល្វាឯម។ រួចហើយត្រូវទៅបង់លុយ។ ឯណាអត់មានលុយទិញកាបូបឲ្យសង្សារផង។ អញ្ចឹងទៅម៉េចរួច។ រួចខាងកំលោះល្វាឯមមកចង់រកក្រមុំនៅខាងកៀនស្វាយ រួចត្រូវបង់លុយឲ្យគេទៀត … និយាយរួមគឺផលប្រយោជន៍ប្រជាជនទាំងអស់ដែលប្រើប្រាស់ស្ពានដោយមិនចាំបាច់បង់លុយ។ ចង់មួយថ្ងៃធ្វើដំណើរមួយរយដងក៏ធ្វើទៅ ឲ្យតែធ្វើដំណើរបាន។ បើថានិយាយពីបើកឡានឆ្លងកាត់តែ៣ នាទីទេ ប៉ុន្តែទូកដគឺយឺត សុំទោសអ្នករត់ទូកដជាមុន។ ខ្ញុំបញ្ចប់ជីវិតអ្នករត់ទូកដហើយ។ ត្រៀមលក្ខណៈរកការងារអ្វីធ្វើផ្សេងទៅ។ ពីការរត់ទូកដទៅជាការធ្វើកសិកម្ម ឬក៏រកមុខរបរអីផ្សេង។ ខាតបង់ដល់អ្នករត់ទូកដមួយគ្រួសារឬ២គ្រួសារ តែផលចំណេញរាប់ម៉ឺន រាប់សែន រាប់លានគ្រួសារ ដែលទទួលផលប្រយោជន៍ពីការឆ្លងកាត់ស្ពាននេះ។ ក្នុងចំណុចនេះ ខ្ញុំគួរតែបញ្ជាក់ថារាជរដ្ឋាភិបាលនឹងចេញប្រាក់ចំនួន ២៣២ ៥៨៨ ០០០ ដុល្លារសម្រាប់ធ្វើស្ពាននេះ។
(៧) បើមិត្តចិនយល់ថាមានការចាំបាច់នឹងជួយ មិនធ្វើសត្រូវជាមួយលុយទេ
ឯកឧត្តម វ៉ាង វិនធាន ឃើញអញ្ចឹងតិចថា “យី! កម្ពុជាចាយលុយមិនចេះអស់អញ្ចេះ”។ កូវីដ-១៩ក៏ចាយលុយខ្លួនឯងទិញតាំងពីវ៉ាក់សាំង ទិញតាំងពីស្អីៗ រួចហើយមានលុយទៅធ្វើផ្លូវនៅកំពង់សោម ទៅធ្វើផ្លូវនៅសៀមរាប មានលុយធ្វើនេះធ្វើនោះ ស្រាប់តែកាត់ផ្តាច់ជំនួយ។ អត់ទេណា។ សូមថែមជំនួយរាប់ទាំងស្ពាន។ ប្រសិនបើឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង យល់ថា មានការចាំបាច់ជួយ សុំឲ្យ ៥០ ឬ ១០០ លានមកក៏បាន។ ខ្ញុំអត់ធ្វើសត្រូវជាមួយលុយទេ គឺយកមកធ្វើដើម្បីប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានធ្វើលិខិតស្នើសុំបង្កកថវិកានៅឆ្នាំ២០២៤ នេះ ១៣២ លាន និង២០២៥ ចំនួន១០២ លានទៀត សរុបទាំងអស់វា(ជាង) ២៣២លានដុល្លារ ដោយសារតែវាត្រូវធ្វើពហុឆ្នាំ។ គឺធ្វើ ២ ឆ្នាំ។ យើងយកទុន ២ ឆ្នាំ។ យើងបានដាក់ត្រៀមក្នុងកញ្ចប់ថវិកាដើម្បីការអនុម័ត។
(៨) ស្ពានហើយមុនកាន់តែប្រសើរ តែបើផ្លូវហើយតែស្ពាននៅ ក្រុមហ៊ុនខាត
យ៉ាងណាក៏ដោយ សូមបញ្ជាក់ថាស្ពាននិងផ្លូវនេះត្រូវរួចដំណាលគ្នា។ បើស្ពានរួចមុនវាកាន់តែប្រសើរ ដើម្បីឲ្យប្រជាជនយើងបានឆ្លង។ បើសិនជាផ្លូវរួចមុន បែរជាស្ពានមិនរួចមុន បានសេចក្តីថា អ្នកវិនិយោគខាតបង់ធំ។ ប៉ុន្តែបើស្ពានរួចមុនអត់បញ្ហាទេ។ ប្រជាពលរដ្ឋទទួលផលពីការឆ្លងស្ពានដោយមិនចាំបាច់ជិះទូកដ។ នេះជាចំណុចដែលសុំឲ្យពិនិត្យការគិតគូរនិងការត្រៀមបម្រុងរបស់យើងសម្រាប់ឆ្លើយតបនឹងតម្រូវការ។ ខ្ញុំគិតថា ប្រជាពលរដ្ឋរបស់យើងនៅទីក្រុងភ្នំពេញ រាប់ទាំងអ្នកនៅកៀនស្វាយ ជួនកាលអផ្សុកព្រលឹមឡើងចង់ទៅស៊ីគុយទាវនៅបាវិត។ មើលនាយមើលអាយរួចហើយ មកស៊ីបាយថ្ងៃត្រង់នៅផ្ទះវិញ ឬក៏គេទៅព្រឹកល្ងាច។ វាផ្តល់ឱកាសនិងផ្តល់ផលប្រយោជន៍។ អ្នកចង់ធ្វើដំណើរតាមផ្លូវលេខ១ ក៏ធ្វើដំណើរទៅដោយមិនចាំបាច់បង់លុយ។ អ្នកខ្លះធ្វើតាមផ្លូវល្បឿនលឿន ក៏ធ្វើ(ដំណើរ)ទៅ។ យើងទុកជម្រើសឲ្យប្រជាពលរដ្ឋ។
(៩) ឯកឧត្តម លី កឺឈាំង៖ យុទ្ធវិធីចិនគឺយកផ្លូវធំចិញ្ចឹមផ្លូវតូច
អាចនិយាយបានអញ្ចេះ ឥឡូវសាកល្បងធ្វើដំណើរតាមផ្លូវជាតិលេខ៤ ការធ្វើដំណើរតាមផ្លូវជាតិលេខ៤ និងធ្វើដំណើរតាមផ្លូវល្បឿនលឿន ផ្លូវល្បឿនលឿនប្រើអស់ថវិកានិងពេលវេលាតិចជាង ចំណេញប្រាក់ច្រើនជាង។ ប្រជាពលរដ្ឋគាត់ជ្រើសរើសទៅ។ អ្នកខ្លះនៅត្រឹមកំពង់ភ្នំ លើកដែក។ គាត់ទៅតាមផ្លូវល្បឿនលឿនធ្វើអី។ គាត់ទៅតាមផ្លូវលេខ១ ដដែល។ អ្នកខ្លះចុះត្រឹមអ្នកលឿងត្រើយខាងណេះ ឬនៅត្រើយម្ខាង គាត់ច្បាស់ជាទៅតាមផ្លូវជាតិលេខ១ ហើយ។ ប៉ុន្តែធ្វើដំណើរទៅត្រឹមព្រៃវែងឬទៅព្រំដែនវៀតណាម គាត់អាចធ្វើដំណើរតាមផ្លូវល្បឿនលឿន។ ឥឡូវនេះ ការតភ្ជាប់ទេសចររវាងកម្ពុជានិងវៀតណាមឃើញថារថយន្តទៅមកកើនឡើងរហូតទៅដល់៨០០ គ្រឿងក្នុងមួយខែ។ អញ្ចឹងទេប្រើប្រាស់ផ្លូវល្បឿនលឿនចំណេញជាង។ ឯកឧត្តម Li keqiang អតីតនាយករដ្ឋមន្រ្តីចិន បាននិយាយថានៅប្រទេសចិន យកផ្លូវធំចិញ្ចឹមផ្លូវតូច។ ពិតប្រាកដមែន។ នៅប្រទេសចិនគេប្រើរូបភាពផ្លូវល្បឿនលឿន គឺផ្លូវធំមកចិញ្ចឹមផ្លូវតូច។ ផ្លូវល្បឿនលឿនត្រូវបង់លុយ។ បានលុយពីហ្នឹងយកមកវិនិយោគផ្លូវតូច។
(១០) ៥០ ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់អស់ជារបស់កម្ពុជាគ្រប់គ្រងខ្លួនឯង
សម្រាប់យើង ទី១ ស្ពានយើងមិនយកប្រាក់ទេ។ យើងចំណាយដើមទុនរបស់រាជរដ្ឋាភិបាលដែលសន្សំបានរបស់ខ្លួនធ្វើស្ពាននេះ។ ឯចំពោះមិត្តចិនដែលធ្វើការវិនិយោគចំណាយជាង ១ ៣០០ លានដុល្លារ។ គាត់នឹងប្រើរយៈពេល៥០ ឆ្នាំ ប្រមូលយកដើមទុនត្រឡប់មកវិញ។ គាត់មានទុន២០ ភាគរយ និងទុនដែលគាត់ខ្ចីពីធនាគារមាន៨០ ភាគរយ ។ ៥០ ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់ និយាយរួមទាំងខាងខេត្តព្រះសីហនុទាំងនៅខាងណេះ ក្លាយទៅជាផ្លូវល្បឿនលឿនរបស់កម្ពុជាដែលគ្រប់គ្រងខ្លួនឯង។ ពេលនោះ ប្រហែលជាខ្ញុំស្លាប់ទៅកើតមកវិញហើយ។ ខ្ញុំគិតថាចង់រស់បាន៤០ ឆ្នាំទៀត។ ប៉ុន្តែឧបមាថាបានដល់ ១០០ ឆ្នាំចុះ ពីនេះទៅដល់ ១០០ វានៅសល់ ៣០ ឆ្នាំទៀតដែរ។ ស្លាប់ទៅ ចាប់ជាតិឡើងវិញ ខ្ញុំមានអាយុជិត ២០ឆ្នាំ។ ពេលនោះ ជួនកាលទំនាយព្រហ្មលិខិតថាឲ្យខ្ញុំមកថែទាំផ្លូវល្បឿនលឿន។ ជាតិនេះគេឲ្យធ្វើនាយករដ្ឋមន្រ្តី ប៉ុន្តែជាតិក្រោយមកពីអ្នកឯងមកបើកការដ្ឋានហ្នឹង ថ្ងៃក្រោយឲ្យមកថែទាំផ្លូវល្បឿនលឿន … បើសិនមានជាតិក្រោយមែន។ ពិតជាមានជាតិក្រោយហើយ។
(១១) ចុះហត្ថលេខាសិក្សាផ្លូវល្បឿនលឿនភ្នំពេញ/សៀមរាប និងសៀមរាប/ប៉ោយប៉ែត
បើសិនជាគ្មានជាតិក្រោយ គ្មានការចាប់ជាតិ គឺហេតុអ្វីបានគេជឿថា ដាឡាយឡាម៉ា ជាព្រះចាប់ជាតិ? សូម្បីតែពួកអឺរ៉ុបដែលអត់មានជំនឿលើបញ្ហាហ្នឹង ប៉ុន្តែដើម្បីគោលដៅនយោបាយក៏ចេះនិយាយថា ដាឡាយឡាម៉ា ជាព្រះចាប់ជាតិដែរ។ យើងជឿបានឬអត់ ព្រះចាប់ជាតិ? មកដល់ពេលនេះ យើង ២៥៦៧ ព្រះវស្សាហើយ។ សួរថាយើងអាចជឿបានទេថាព្រះចាប់ជាតិពិតប្រាកដ? សុំទោសផង បើសិនខ្ញុំនិយាយខុស។ បើមានជំនឿបែបនេះច្បាស់ជាមានជាតិក្រោយហើយ។ ខ្ញុំមាន ចៅរបស់ខ្ញុំមួយ គឺម្តាយរបស់ខ្ញុំបានចាប់ជាតិ។ ចៅច្បង។ គឺជាម្តាយរបស់ខ្ញុំតែម្តង។ ចាំជាតិ។ ឥឡូវគេភ្លេចអស់ហើយ … បកត្រឡប់មកវិញ។ ខ្ញុំសូមបញ្ជាក់ ម្សិលមិញនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើលិខិតបន្ទាន់មួយឲ្យខ្ញុំ។ ខ្ញុំក៏បានថតចម្លងមកទីនេះ។ បន្ទាប់ពីបើកការដ្ឋានផ្លូវល្បឿនលឿននេះ យើងនឹងផ្តើមចុះហត្ថលេខានៅម៉ោង២ រសៀលនេះសិក្សាផ្លូវល្បឿនលឿនតភ្ជាប់ភ្នំពេញទៅសៀមរាប និងសៀមរាបទៅប៉ោយប៉ែត។
(១២) ផ្លូវល្បឿនលឿននិងស្ពានអាកាសកើតជាបន្តបន្ទាប់
កាន់តែវែងឆ្ងាយទៅហើយ។ ផ្លូវល្បឿនលឿននេះ វានឹងកើតនៅមុនពេលដែលខ្ញុំស្លាប់។ ខ្ញុំមិនងាយងាប់ឯណា។ បើទោះបីខ្ញុំមិនធ្វើនាយករដ្ឋមន្ត្រីបន្ត ក៏ប៉ុន្តែខ្ញុំមានឱកាសនឹងមើលកូនចៅគណបក្សប្រជាជនដឹកនាំយ៉ាងម៉េច។ យើងក៏ជួយគាំទ្រលើកទឹកចិត្តឲ្យពួកគេធ្វើ។ ពួកយើងចាស់ៗអស់ហើយ។ ជាភ័ព្វសំណាងសម័យនេះ ដោយសារមានថ្នាំលាបសក់។ បើសិនជាកុំមានថ្នាំលាបសក់ សុទ្ធតែទូលសំឡីទាំងអស់។ ឥឡូវមានថ្នាំលាបសក់ទេ រាងដូចក្មេងបន្តិច។ ផ្លូវល្បឿនលឿននៅទីនេះ មិនមែនឲ្យតែមាន១ មាន២ ទេ តែមាន២ ចូលដល់៣ ហើយ តែ៣ ចូលដល់៤ ហើយ។ ដូចជាស្ពានអាកាសនៅទីក្រុងភ្នំពេញ យើងមានស្ពានអាកាសក្បាលថ្នល់១ បន្ទាប់ទៅយើងមាន២ មាន៣ មាន៤។ ឥឡូវស្ពានអាកាសភ្នំពេញមាន៦ កន្លែង។ ហ្នឹងអត់ទាន់គិតស្ពានអាកាសខ្សែក្រវ៉ាត់ក្រុងទី៣ នេះ … ឥឡូវត្រូវធ្វើស្ពានអាកាសទៀត។ យើងត្រូវហោះកាត់ផ្លូវជាតិលេខ ១ ដើម្បីនឹងតទៅខាងណោះ ព្រោះយើងត្រូវបើកស្ពាន ធ្វើម៉េចដើម្បីចរាចរណ៍ផ្លូវទឹក ដែលយើងដឹកជញ្ជូនទៅកំពង់ផែ។ យើងត្រូវបើកកម្ពស់ប៉ុណ្ណា។ រដូវប្រាំងកំពស់ប៉ុណ្ណា។ រដូវទឹកឡើងកំពស់ឆ្នាំ២០០០ នៅសល់ប៉ុន្មានម៉ែត្រ កប៉ាល់បែបណាចូលបាន។
បើយើងគិតពីស្ពានតែ ១៦០០ ម៉ែត្រទេ ក៏ប៉ុន្តែគិតទាំងស្ពានអាកាសឆ្លងកាត់នេះ ផ្លូវឆ្លងកាត់នេះ អញ្ចឹងបូកសរុបទៅឡើងដល់ ៣៧០០ ម៉ែត្រ។ កាលដែលមានស្ពានអាកាសលើកទី១ នៅក្បាលថ្នល់ ដែលឥឡូវប្រសិទ្ធនាមថា ស្ពានអាកាសព្រះមុនីវង្ស។ ស្ពានអាកាសម្តុំហ្នឹងទើបនឹងសាងសង់ថ្មីៗ … សុទ្ធតែស្ពានព្រះមុនីវង្សទី១ ស្ពានព្រះមុនីវង្សទី២ ហើយយើងដាក់ស្ពានព្រះមុនីវង្សទៀត។ ក្បាលថ្នល់មាន១។ យើងធ្វើខ្នែងអីវាបន្ថែមទៀត ពេលហ្នឹងមានអ្នកបន្តុះបង្អាប់ខ្ញុំថា មានតែ១ ខំអួត គេមានរាប់សិបរាប់រយ គេមិនអួតផង។ ខ្ញុំបានឆ្លើយត្រឡប់ទៅវិញ ដោយសារមាន ១ ហ្នឹងហើយ បានអញខំអួតព្រោះវាមិនដែលមាន។ ឥឡូវមិនចាំបាច់អួតទេ ដោយសារមានច្រើនហើយ។ មាន១ ហ្នឹងអួតអាក្រក់ណាស់ ព្រោះវាមិនដែលមាន។
(១៣) ទទួលផលពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ជាជំនួយឥតសំណង កម្ចីហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគគម្រោងធំៗ
បន្ទាប់ពីផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ខេត្តព្រះសីហនុ ឥឡូវយើងមានផ្លូវល្បឿនលឿនរវាងភ្នំពេញនិងបាវិត ដែលតភ្ជាប់ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម ចូលក្រុងហ៊ូជីមិញ។ ខ្ញុំបានបញ្ជាក់អម្បាញ់មិញ គឺវាជាការឆ្លើយតបជាមួយនឹងផ្លូវ Highway អាស៊ាន ដូចដែលឯកឧត្តម វ៉ាង វិនធៀន បានលើកអម្បាញ់មិញថា ឆ្នាំនេះ ជាខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយ ហើយជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-ចិន។ កាលពីថ្ងៃទី ២២ ខែមិថុនា នៅឯតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ខ្ញុំរួមជាមួយឯកឧត្តម វ៉ាង វិនធៀន ធ្វើពិធីមួយហៅថារំលឹកខួប១០ ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ។ កម្ពុជាជាប្រទេសដែលទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលផ្តួចផ្តើមគំនិតដោយប្រធានាធិបតី ស៊ី ជីនពីង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រទេសរហូតដល់ ១៥៣ ប្រទេសចូលរួម។ កម្ពុជាជាប្រទេសមួយដែលទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ តាមរយៈជំនួយឥតសំណង តាមរយៈកម្ចីសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការវិនិយោគនៃគម្រោងធំៗ។ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ កំពុងក្លាយទៅជាតំបន់សេដ្ឋកិច្ចដែលធំជាងគេ និងប្រមូលផ្តុំអ្នកវិនិយោគដ៏ធំ។
ខ្ញុំមានការភ្ញាក់ផ្អើលដែរ ក្រោយពេលដែលខ្ញុំចេញពីរោងចក្រកង់ឡានដែលវិនិយោគអស់ជាង៣០០ លានដុល្លារ គេបានប្រាប់ថាកូនអតីតប្រធានាធិបតី George Bush ហើយជាប្អូនអតីតប្រធានាធិបតី W. Bush ធ្វើជាទីប្រឹក្សាចាប់ដៃខ្ញុំដែរ។ ខ្ញុំអត់ស្គាល់។ រួចហើយបានដឹងថាមានកូននិងប្អូនរបស់អតីតប្រធានាធិបតីអាមេរិកដល់ទៅ២ មកធ្វើជាទីប្រឹក្សានៅកន្លែងហ្នឹងដែរ។ ខ្ញុំសូមបញ្ជាក់ គម្រោងវិនិយោគដែលយើងទទួលផលនេះ វាស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដែលបណ្តាប្រទេសអាស៊ានភាគច្រើន ក្នុងនោះក៏មានកម្ពុជាបានទទួលផលពីគម្រោងវិនិយោគនេះ។ ព្រលានយន្តហោះដ៏ធំនៅសៀមរាប ដែលបន្តិចទៀតនឹងបិទព្រលានយន្តហោះខ្នាតតូច ចុះចតដោយយន្តហោះប្រភេទធនធំ។ ផ្លូវល្បឿនលឿននោះ … សុទ្ធតែគម្រោងយើងអត់ខ្ចីលុយចិនទេ។ ចិនវិនិយោគ១០០%។ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ក៏ចិនវិនិយោគ ១០០% … នេះគឺជាការអនុវត្តនូវវិធីសាស្ត្ររបស់កម្ពុជាអំពីភាពជាដៃគូរវាងរដ្ឋនិងឯកជនផង និងវាស្ថិតនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍទាញយកផលពីក្របខណ្ឌគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ។
(១៤) មិនស្ទាក់ស្ទើរគាំទ្រគំនិតផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ មិនទុកប្រទេសណាមួយជាសត្រូវ និងមិនរារាំងការ អភិវឌ្ឍនៃប្រទេសណាមួយដែរ
ឆ្នាំនេះគឺជាខួបលើកទី១០កម្ពុជាបើកការដ្ឋានធ្វើផ្លូវនេះ … និយាយរួមការអភិវឌ្ឍនៅកម្ពុជាទទួលបានផលច្រើន។ ដូចដែលឯកឧត្តម Wang Wentian បានលើកឡើង កម្ពុជាអត់មានស្ទាក់ស្ទើរនឹងការគាំទ្រគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ទាក់ទិននឹងការអភិវឌ្ឍមិនទុកប្រទេសណាមួយជាសត្រូវទេ ក៏មិនរារាំងប្រទេសណាមួយអភិវឌ្ឍនោះដែរ។ ប៉ុន្តែផ្ទុយទៅវិញវាបានផ្ដល់នូវផលប្រយោជន៍សម្រាប់យើង … ការប្រជុំលើកទី១ នៅក្នុងឆ្នាំ២០១៣ ប្រធានាធិបតិ Xi Jinping បានប្រកាសក្នុងអង្គប្រជុំដែលមានការចូលរួមពីបណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសមួយចំនួន។ ពេលដល់សុន្ទរកថារបស់ខ្ញុំ ខ្ញុំបានប្រាប់អង្គប្រជុំ ខ្ញុំថាឯកឧត្តមយើងមានគំនិតផ្ដួចផ្ដើមច្រើន រាប់ទាំងគំនិតផ្ដួចផ្ដើមអាស៊ានហាយវេ, ហាយវេអាស៊ី តភ្ជាប់អាស៊ីធ្លាក់ដល់ទួរគី ផ្លូវដែកសាំងហ្កាពួរ-គុណមីញ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថាវាអត់លុយ។ ពេលហ្នឹងប្រធានាធិបតី Xi Jinping បានប្រកាស ៣០ ពាន់លាន ដែលជាការចាប់ផ្ដើមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ។
(១៥) ថ្ងៃ៣០ មិថុនា ដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣
កម្មវិធីខ្ញុំវាមមាញឹកពេក។ ស្អែកត្រូវទៅកំពង់ឆ្នាំង ខានស្អែកក៏ត្រូវកំពង់ឆ្នាំងទៀត។ មួយសប្ដាហ៍ៗ គឺថាកម្មវិធីជាប់រហូត។ ដល់ពេលឃោនាបោះឆ្នោតខ្ញុំទំនេរវិញហើយ។ ខ្ញុំអត់ចេញរកសន្លឹកឆ្នោតទេ។ ខ្ញុំគ្រាន់តែបើកយុទ្ធនាការបោះឆ្នោត រួចហើយខ្ញុំសម្រាកនៅផ្ទះតាមមើលសភាពការណ៍។ ពេលនោះខ្ញុំទំនេរវិញ។ ប៉ុន្តែសម្ពោធពេលហ្នឹងក៏អត់កើតដែរ។ តែមិនស្រួលគេផាកឯងទៀត។ ឧទាហរណ៍ថាផ្ដល់ក្រណាត់ស ឱ្យប៊ិចទៅកូនសិស្សគេថាឯងទិញសន្លឹកឆ្នោតទៀតរឿងមួយសារទៀត។ នៅថ្ងែ៣០(មិថុនា) ខ្ញុំទើបនឹងដាក់កម្មវិធីមួយដែលមិត្តចិនប្រជុំនៅថ្ងៃទី១១ ខែកក្កដា សូមឱ្យខ្ញុំអានសុន្ទរកថាតាមអនឡាន … ខ្ញុំត្រូវអានថ្ងៃ៣០ មិថុនា … ឧទាហរណ៍បើសិនជាមានតម្រូវការខ្ញុំអាចលើកពេលនៃការអានទៅកន្លែងផ្សេង យកថ្ងៃ៣០ មិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវហ្នឹង … ឱ្យបានមុនបោះឆ្នោតដើម្បីកុំឱ្យវាពិបាក … ឥឡូវដាក់កម្មវិធីហ្នឹង កំណត់ថ្ងៃ៣០ ខែមិថុនា សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ឱ្យវាហើយតែម្ដងទៅ។
(១៦) មិត្តចិនមិនមែនគោរពតែអធិបតេយ្យកម្ពុជាទេ គោរពទាំងការសម្រេចចិត្តនានារបស់កម្ពុជា
ឯកឧត្តម Wang Wentian ធ្វើអគ្គរដ្ឋទូតចិននៅស្រុកខ្មែរគឺរវល់ណាស់។ បើប្រៀបធៀបនឹងធ្វើអគ្គរដ្ឋទូតនៅប្រទេសផ្សេងៗ ធ្វើអគ្គរដ្ឋទូតចិននៅកម្ពុជាគឺត្រូវតែរវល់។ មូលហេតុអី? មូលហេតុឯកឧត្តមឃើញហើយ។ របៀបអភិវឌ្ឍរបស់កម្ពុជាគឺអញ្ចឹង។ ឯកឧត្តមអត់ខកចិត្តទេ។ ខាងមិត្តចិនអត់ខកចិត្តទេ។ រឿងមិនខកចិត្តដោយសារតែរបៀបរបស់យើងគឺធ្វើការពិគ្រោះគ្នា មិត្តចិនគោរពសំណូមពររបស់កម្ពុជា។ បើថាកម្ពុជាត្រូវការធ្វើផ្លូវនេះមុន ត្រូវការស្ពាននោះមុនគឺមិត្តគោរពនូវសំណូមពររបស់កម្ពុជា។ ត្រង់ហ្នឹងហើយដែលយើងធ្វើលឿនជាមួយគ្នា។ អ្នកដទៃខ្លះ យើងចង់បានស្ពានមួយនេះ គេទៅចង់បានស្ពានមួយនោះ។ បើយើងមិនតាមគេៗ មិនឱ្យលុយ។ មិត្តចិនគឺគោរពត្រង់ហ្នឹង។ ខ្ញុំផ្ដល់នូវការវាយតម្លៃខ្ពស់ជាមួយនិងការគោរព ដែលមិត្តចិនមិនមែនគ្រាន់តែគោរពលើអធិបតេយ្យរបស់កម្ពុជាទេ គោរពការសម្រេចចិត្តនានារបស់កម្ពុជារាប់ទាំងគម្រោងអភិវឌ្ឍន៍ ព្រោះគ្មានអ្នកណាស្គាល់កម្ពុជាទេ។
(១៧) ខ្ចីមិនឱ្យលើសពិដានបំណុល
យើងខ្ញុំដឹងថាផ្លូវណាត្រូវការមុនផ្លូវណាត្រូវការក្រោយ ព្រោះកញ្ចប់លុយរបស់យើងមានកម្រិត។ យើងដាក់ពិដានបំណុលក្នុងមួយឆ្នាំៗត្រូវខ្ចីប៉ុន្មាន កុំឱ្យលើសអំពីពិដានហ្នឹង ក្រែងយើងគ្រប់គ្រងបំណុលនឹងវាមិនបាន។ មិត្តចិនតែងតែផ្ដល់ឱ្យយើងតម្រូវការដាក់ផែនការទៅឱ្យគាត់ប្រចាំឆ្នាំ។ ពេលខ្លះយើងក៏មានតម្រូវការថា គំរោងនេះយើងបានដាក់ទៅមុនហើយ តែយើងសុំដូរអាទិភាព។ គាត់យល់ព្រមទៅតាមយើង។ ចំណុចនេះហើយគឺជាចំណុចល្អ។ ខ្ញុំសង្ឃឹមថាអ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺមិនមែនសម្រាប់តែយើងថ្ងៃនេះឯណា ស្ពាននេះវាអត់ប្រើតែជំនាន់ ហ៊ុន សែន ទេ។ ស្លាប់ ហ៊ុន សែន ទៅ វាដល់ជំនានប៉ុន្មានទៀត ដល់ ហ៊ុន សែន កើតឡើងវិញ ស្លាប់ទៅកើតឡើងវិញហើយ កើតឡើងវិញហើយស្លាប់ទៅម្ដងទៀត កើតឡើងវិញហើយក៏នៅតែស្ពានហ្នឹងប្រើប្រាស់បានដែរ។ ខ្ញុំមិនបានទៅរកលុយគេមកបង្ហើយផ្ទះបាយខ្ញុំទេ និយាយគ្នាឱ្យច្បាស់។ បានមិត្តចិនគាត់ជឿទុកចិត្តទៅលើបញ្ហាហ្នឹង មិត្តភក្ដិដៃគូបរទេសនានាក៏គេជឿទុកចិត្តលើសមត្ថភាពរបស់យើង។
(១៨) គ្មានថវិកាបដិភាគ មានមិត្តភ័ក្រជួយជាជំនួយក្តី ជាកម្ចីក្តី ក៏មិនអាចអនុវត្តគំរោងបាន
ខ្ញុំជាមនុស្សដែលមានភព្វសំណាងដែរ នៅត្រង់ថាខ្ញុំមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ២ រូបមកហើយ ដែលមិនកញ្ជើធ្លុះ គឺជារដ្ឋមន្ត្រីចេះសន្សំលុយ។ (ដោយហេតុនេះ)បានជាយើងហ៊ានដកយក ២៣២លាន មកធ្វើស្ពាននេះ។ គ្រាន់តែថាចរចាទៅមិនរួច។ បើដំឡើងថ្លៃលើការប្រើផ្លូវល្បឿនលឿន ដោយមិនយកប្រាក់ឆ្លងស្ពាន ថ្លៃប្រើប្រាស់ឡើងខ្ពស់ជាងថ្លៃផ្លូវនោះ តើមាននរណាទៅជិះ? ខាតទាំងអស់គ្នា។ អញ្ចឹងទេ យើងសន្សំលុយទុកដើម្បីវិនិយោគខ្លួនឯង។ គ្រាន់តែប៉ុន្មានថ្ងៃនេះ អស់លុយមិនចេះតិចទេ។ បន្តិចៗ មុនីរ័ត្ន សរសេរមក «ត្រូវការថវិកា១លាន ប៉ុណ្ណេះ ឬរហូតដល់២ លាន សម្រាប់គម្រោងនេះ/នោះ។ យើងត្រូវការដោះស្រាយដីធ្លី ដោះស្រាយផលប៉ះពាល់។ យើងត្រូវមានលុយ ថវិកាបដិភាគ។ បើគ្មានថវិកាបដិភាគ គម្រោងមិត្តភក្ដិជួយជាជំនួយក្ដី ជាប្រាក់កម្ចីក្ដី គឺធ្វើមិនបានទេ …។
(១៩) សុខភាពសេដ្ឋកិច្ចសកលមិនល្អ ចំណូលមាននិន្នាការទ្រឹងឬថយចុះ
តាំងពីឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី គាត ឈន់ រហូតមកដល់ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន គឺចេះសន្សំលុយ។ ដូចនេះហើយបានជាខ្ញុំចេះតែនិយាយថា ឲ្យតែល្ងាចថ្ងៃទី៣១ បាញ់(ស្ថានភាពចំណូល)ទៅឲ្យសមាជិករដ្ឋាភិបាលដឹងថាចំណូលខែនេះវាចូលបានប៉ុន្មាន? ពេលខ្លះខ្ញុំបាញ់ទៅដូចជាចំណូលខែ៣ មាន ១ពាន់លាន ជាមួយនឹងសារថា “ទោះបីជាចំណូលកើន ប៉ុន្តែសុខភាពសេដ្ឋកិច្ចសកលមិនជាល្អទេ។ ចំណូលរបស់យើងមាននិន្នាការទ្រឹងឬថយចុះ។ អញ្ចឹងសូមកុំឃើញលុយចំណូលហ្នឹង នាំគ្នាចាយដោយមិនចេះគិត”។ អញ្ចឹងបានយើងហ៊ានដក ពីរឆ្នាំយើងប្រើ ២៣២លាន យកមកធ្វើស្ពាននេះ។ ទន្ទឹមនឹងនេះ យើងវិនិយោគទៅបណ្ដាខេត្តដទៃទៀតយ៉ាងច្រើន។ យើងមិនអាចពឹងពាក់បរទេសជួយធ្វើកម្ពុជាទាំងអស់ទេ។ ខ្ញុំក៏សូមយកឱកាសនេះ តាមរយៈឯកឧត្ដម Wang Wentian អរគុណណាស់ដែលបានជួយស្តាដមរតកតេជោមួយនេះ។
(២០) ជំនួយស្តាដពីមិត្តចិនតម្លៃ១៥០ លានដុល្លារ ប្រើប្រាស់បើកនិងបិទស៊ីហ្គេមនិងប៉ារ៉ាហ្គេម
ស៊ីហ្គេមក៏ធ្វើនៅហ្នឹងល្អ ឥឡូវប៉ារ៉ាហ្គេមក៏កំពុងតែប្រកួត។ បើគ្មានអាហ្នឹងទេ ពួកយើងខ្ញុំវេទនាហើយ។ ហើយអាហ្នឹងមិនមែនមរតកត្រឹមតែថ្ងៃនេះទេ ទុក ១០០ ឆ្នាំទៀត ក៏នៅតែប្រើប្រាស់បានដែរ។ យើងពង្រឹងសមត្ថភាពកីឡារបស់យើង។ បើសិនពេលនោះ មិត្តចិនកុំដាក់ ១៥០លានដុល្លារ ធ្វើស្តាដហ្នឹងមួយ គឺយើងមកដល់ពេលនេះពិបាករកកន្លែងប្រកួត កន្លែងបើកនិងបិទ។ ខ្ញុំកំពុងតាមដាន។ បើយើងបានមេដាយមាសតែមួយទៀត យើងឡើងលើសសិង្ហបុរី … យើងមេដាយ(សរុប)ច្រើនជាងសិង្ហបុរី តែបានមេដាយមាសតិចជាងសិង្ហបុរីតែមួយទេ។ បើថា យើងឡើងបានតែមេដាយស្មើគ្នា គឺយើងទៅជាចំណាត់ថ្នាក់ទី៧ លើសិង្ហបុរីវិញ។ យើងចាញ់មេដាយមាសគេ តែលើសគេមេដាយប្រាក់ និងសំរឹទ្ធ។ ប្រាក់ ឬសំរឹទ្ធក៏មេដាយដែរ។ កាលពីស៊ីហ្គេម យើងចាញ់ឥណ្ឌូនេស៊ីតែចំនួនមេដាយមាសទេ តែជាមេដាយសរុបយើងឈរលំដាប់ទី៣។ ឥណ្ឌូនេស៊ីលើកនេះ យកហើយ។ មនុស្សជាង ២០០ លាននាក់ បញ្ជូនមកសុទ្ធតែជើងខ្លាំង។ មិនអាចនរណាទៅវ៉ាទេ ទាំងថៃទាំងវៀតណាមទាំងហ្វីលីពីន មិនអាចទៅវ៉ាឥណ្ឌូនេស៊ីទេ។
(២១) កិត្តិយស កេរ្ដិ៍ឈ្មោះ សេចក្ដីថ្លៃថ្នួររបស់ជាតិ ស្ថិតស្ថេររាប់ជំនាន់មនុស្សទៅមុខ
យើងអត់យកបញ្ហាមេដាយជាអាទិភាពទេ។ យើងយកការប្រកួតប្រកបដោយមិត្តភាព សុវត្ថិភាព ទទួលស្វាគមន៍ភ្ញៀវឲ្យបានល្អជាគោលដៅធំ។ អរគុណដល់គណៈកម្មាធិការរៀបចំការប្រកួត។ អរគុណចំពោះអ្នកគ្រប់គ្នា ហើយអរគុណចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងទីម័រលេស្ដ ដែលបានបញ្ជូនក្រុមកីឡាស៊ីហ្គេមមកកម្ពុជា ដែលពេលនោះជាង ១ម៉ឺននាក់។ ឥឡូវប៉ារ៉ាហ្គេមជាង២ពាន់នាក់ មកប្រកួតនៅកម្ពុជា។ កម្ពុជាបានទទួលថែទាំគ្រប់យ៉ាង ទៅលើសុខុមាលភាព ទៅលើការសម្រួលនានា រាប់ទាំងក្រុមយុវជនស្ម័គ្រចិត្តរបស់យើងជួយ អ្នកជិះរទេះ ត្រូវជួយរុញរទេះ ត្រូវទៅបន្ទប់ទឹក ត្រូវជួយរៀបចំ ដើម្បីឲ្យការស្នាក់នៅរបស់គេទទួលជោគជ័យ។ កាតព្វកិច្ចបង់ប្រាក់សម្រាប់ការចូលរួមប្រកួតដូចនៅប្រទេសនានា អត់ត្រូវបានធ្វើទេ។
កម្ពុជាក្រពិត តូចពិត ប៉ុន្តែកម្ពុជាមានចិត្តទូលាយ។ ក្រប្រាក់កាស តែចិត្តគំនិតយើងមិនក្រទេ។ កម្ពុជាតូចប៉ុន្តែមានបេះដូងធំ។ ទទួលស្វាគមន៍ភ្ញៀវ ហើយធ្វើម៉េចឲ្យមានសុវត្ថិភាព។ ថ្ងៃនេះថ្ងៃទី៧ ស្អែកទី៨ ខានស្អែកទី៩ បិទហើយ។ តែបិទភ្ញៀវចេញអស់ គឺថាយើងសុវត្ថិភាពហើយ។ ជោគជ័យរបស់យើង។ ខ្ញុំនិយាយថា លុយអាចចាយអស់ តែកិត្តិយស កេរ្ដិ៍ឈ្មោះ សេចក្ដីថ្លៃថ្នួររបស់ជាតិ នឹងស្ថិតស្ថេររាប់ជំនាន់មនុស្សទៅខាងក្រោយ។ ឲ្យវាដឹង Hun Sen’s style … ហ៊ុន សែន មានទស្សនៈមួយផ្សេង។ យើងចង់ពង្រឹងសាមគ្គីភាពក្នុងចំណោមប្រជាជនអាស៊ានរបស់យើង ដែលមានជាង ៦០០ លាននាក់ តាមរយៈកីឡានេះឯង កីឡាធម្មតា និងកីឡាជនពិការ។ យើងចង់ឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជន និងប្រជាជនតាមរយៈវិស័យកីឡា។
(២២) ទស្សនាទានហ៊ុន សែន៖ អាស៊ានមានក្រុមបាល់ទាត់ និងរួមគ្នាដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup និងOlympic
យើងក៏ចង់ឲ្យវិស័យកីឡារបស់អាស៊ានទៅជាកីឡាដ៏ខ្លាំងនៅក្នុងក្របខណ្ឌតំបន់។ ខ្ញុំនឹកស្រមៃថា អាស៊ាននឹងមានក្រុមបាល់ទាត់មួយ។ ពេលនោះ បាល់ទាត់របស់អាស៊ានអាចសុំប្រកួតជាមួយបាល់ទាត់របស់ចិន។ ចិន ១ ៤០០ លាននាក់ អាស៊ានមាន ៦០០ លាននាក់ ម្តេចរក ១១ នាក់មិនបានឬ? កម្ពុជាបញ្ជូន ២ ទៅ ជួនកាលបាន១ ទៅ។ និយាយរួម Team ASEANតែម្ដង។ ខ្ញុំចង់បានចំណុចអស់ហ្នឹង។ ថ្ងៃក្រោយទៅ យើងអាចដេញថ្លៃធ្វើ World Cup។ យើងដេញថ្លៃធ្វើអូឡាំពិក។ ហ្នឹងជាទស្សនាទានសម្រាប់អនាគត។ ចាប់ផ្ដើមពីកម្ពុជាធ្វើជាគម្រូ។ ខ្ញុំសង្ឃឹមថា ប្រទេសនានានឹងចូលរួមជាមួយការគិតគូររបស់កម្ពុជា។ និយាយតាមមួយបែបថា ទស្សនាទាន ហ៊ុន សែន ទៅចុះ។ ខ្ញុំមិនលើកម្ពស់អីខ្លួនឯងទេ។ ប៉ុន្តែយើងមានរបៀបគិត។ យើងហ៊ានចំណាយប្រមាណ៧ លានដុល្លារបន្ថែមទទួលភ្ញៀវ។ អ្នកកីឡាករ/ការិនីទទួលស្នាក់នៅសណ្ឋាគារផ្កាយ៤ ផ្កាយ៥ ទន្ទឹមនឹងភូមិកីឡារបស់យើងដ៏ស្អាត។ ភូមិកីឡាហ្នឹង រួចពីហ្នឹងទៅលក់ហើយ។ ត្រូវតែលក់ស្រង់ដើមទុនហើយ។ ថ្ងៃក្រោយ ត្រូវប្រកួតទៀត ត្រូវធ្វើភូមិកីឡាទៀត។ ប្រហែលជា ២២ឆ្នាំទៀត បើសិនជា Timor-Leste ធ្វើ។ ប៉ុន្តែ២០ឆ្នាំទៀត អញ្ចឹងឆ្នាំ ២០៤២ យើងត្រូវធ្វើ។ ពេលហ្នឹងខ្ញុំមិនទាន់ងាប់ទេ ច្បាស់ជាមិនងាប់ទេ តែមិនមែនធ្វើជានាយករដ្ឋមន្រ្តីទេ។
(២៣) ធ្វើម្ចាស់ផ្ទះស៊ីហ្គេម/អាស៊ានប៉ារ៉ាហ្គេម ជាកាតព្វកិច្ចរដ្ឋសមាជិកអាស៊ាន
ខ្លះគេពេបជ្រាយឱ្យយើងថា ប្រទេសកំពុងតែក្រ ម៉េចក៏ធ្វើស៊ីហ្គេម? ខ្ញុំបានប្រាប់ត្រឡប់ទៅវិញថា ស៊ីហ្គេម វាជាកាតព្វកិច្ចរបស់សមាជិកអាស៊ាន ដែលជំពាក់ត្រូវតែធ្វើ។ គ្រាន់តែខ្ញុំសុំពន្យារពេលគេ ដើម្បីយកលុយមកធ្វើផ្លូវ យកលុយមកធ្វើស្ពាន ធ្វើប្រឡាយទឹក ធ្វើសាលារៀន ធ្វើមន្ទីរពេទ្យ តែប៉ុណ្ណឹងសិនតើ។ តែដល់ពេលវេលាមួយ យើងត្រូវធ្វើ … ដូចធ្វើប្រធានអាស៊ានអញ្ចឹង។ ឆ្នាំ២០០២ ពេលនោះ យើងមានសណ្ឋាគារ ៥ផ្កាយ តែមួយ ក៏យើងធ្វើប្រធានអាស៊ាន។ ឆ្នាំ ២០១២ ក៏យើងធ្វើ, ឆ្នាំ ២០២២ ក៏យើងធ្វើ គឺវាជាកាតព្វកិច្ច។ ប៉ុន្តែក្រុមអ្នកមិនយល់ នៅតែមិនយល់ … គេថា យើងប្រើពាក្យអសុរោះ … មិនចេះភាសា ឯកឧត្តមភ្លើទេ … បើគេហៅ គេហៅអាភ្លើ មីភ្លើ …។
(២៤) បើមានទណ្ឌិតចូលទៅប្រទេសវៀតណាម សូមអនុវត្តកិច្ចព្រមព្រៀងបត្យាប័ន
សូមបញ្ជាក់ឯកឧត្តមអគ្គរដ្ឋទូតវៀតណាមផង ប្រយ័ត្នអាមួយគ្រឿងនោះប្រើ passport បារាំងបន្លំចូល។ ខ្ញុំបានទទួលយ៉ាងច្បាស់ (ថា)មានម្នាក់ស៊ីបាយមួយនឹងអាម្នាក់ហ្នឹង។ ធ្វើម៉េចឱ្យ ហ៊ុន សែន ខឹង (ដោយ)គេនឹងរកវិធីចូលតាមប្រទេសវៀតណាម។ សូមឯកឧត្តមអគ្គរដ្ឋទូត(វៀតណាម) ជូនដំណឹងជាផ្លូវការតែម្ដងទៅ។ និយាយចំហរតែម្ដង។ គេមានផែនការចូលមកម៉ាឡេស៊ីៗឱ្យចេញ។ គេមានផែនការចូលមកថៃ។ គេមានផែនការចូលទៅវៀតណាមទៀត តាមរយៈការប្រើ passport បារាំងធ្វើជាអ្នកទេសចរណ៍។ បើសិនចូល ខ្ញុំសុំស្នើ(វៀតណាម)ចាប់ឱ្យខ្ញុំតែម្ដង ព្រោះមានដីការចាប់ខ្លួន។ យើងមានទំនាក់ទំនងទាក់ទងអំពីបញ្ហាហ្នឹង។ ហ្នឹងគឺសូមជម្រាបជូនឱ្យហើយ។ យើងមានទំនាក់ទំនងបត្យាប័នមែនទេ? សហប្រតិបត្តិការខាងត្រូវផ្លូវច្បាប់មែនទេ? បើអញ្ចឹងគឺអាចង្រៃហ្នឹងចូលមក សូមចាប់ឱ្យខ្ញុំ។ ធ្វើមើលតែគេមិនដឹង។
(២៥) ប្រើ BM21 សំរាប់អ្នកប៉ងធ្វើសង្គ្រាម ប្រកាសចាប់ខ្លួន បំផុសអោយកងកម្លាំងប្រដាប់អាវុធបះបោរ
សុទ្ធតែ(ថា ឯងគំរាម)បាញ់ BM21។ ចុះអ្នកឯងប្រកាសកាលពីឆ្នាំ ២០១៩ នោះ ចូលមកចាប់នាយករដ្ឋមន្រ្តី ហើយឱ្យកងទ័ពបង្វែរកាណុងបាញ់រាជរដ្ឋាភិបាល។ អញ្ចឹងមិនឱ្យខ្ញុំបាញ់ BM21 ម៉េចកើត។ អ្នកឯងបាននិយាយ បានដកហូតសំដីអ្នកឯងហ្នឹងចេញហើយឬនៅ? បើអ្នកឯងមិនបានដកហូតសំដីហ្នឹងទេ ខ្ញុំនៅតែប្រើពាក្យបាញ់ BM21។ ហ្នឹងជាជម្រើសចុងក្រោយរបស់ខ្ញុំ។ អ្នកចូលមក ចូលមកធ្វើសង្រ្គាមតើ។ អ្នកឯងចង់ចូលមកធ្វើសង្រ្គាម។ សំដីដែលខ្ញុំនិយាយត្រឡប់ទៅវិញ សុំអ្នកទាំងឡាយ ជាពិសេសក្រុមពួកអ្នកវិភាគមើល ឱ្យឃើញ។ គេហៅថា “មានទស្សនៈប្រវតិ្តសាស្រ្តស្ដីអំពីការវិភាគ”។ ហេតុអ្វីបានលោក ហ៊ុន សែន និយាយពីបាញ់ BM21? មូលហេតុដែលអ្នកឯងមកធ្វើរដ្ឋប្រហារ អ្នកឯងមកធ្វើសង្រ្គាម អ្នកឯងមកចាប់ ហ៊ុន សែន, អ្នកអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបាញ់ ហ៊ុន សែន។ បើអញ្ចឹងមិនមកធ្វើសង្រ្គាម? បើមកធ្វើសង្រ្គាម ត្រូវកម្ទេចក្បាលវាមុនទៅ។ មេបញ្ជាការត្រូវតែវាយវា។ ហ្អែងកុំសង្ឃឹម។ អ្នកវិភាគទាំងឡាយមើលឱ្យច្បាស់មើល ហើយចាក់ឡើងវិញ។ ស្ដាប់មើលសំដីរបស់វាមើល។
អញ្ចឹង បើចូលទៅវៀតណាមៗ មិនព្រមចាប់ឱ្យ យើងមានបញ្ហាជាមួយគ្នាហើយ។ ហ្នឹងនិយាយឱ្យត្រង់។ ខុសពីករណី ង្វៀន ម៉ាញ់កឹម (Nguyen Manh Cam)។ អគ្គរដ្ឋទូតត្រូវចាំ។ ធ្លាប់ទៅវៀតណាម។ (សូម្បីតែ)ជេរវៀតណាមហុយដី។ ទៅស្ងាត់ៗ ជួប ង្វៀន ម៉ាញ់កឹម ពេលហ្នឹងជាឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស។ បន្ទាប់ទៅឆ្លងដែនទៅ តៃនីញ។ ទាល់តែខ្ញុំប្រាប់តើបានឈប់។ ឥឡូវចង់ចូលមកទេសចរ។ ក្នុងឋានៈជាទណ្ឌិតដែលកំពុងមានដីការស្វែងរកចាប់ខ្លួន។ ពេលចូលមកដល់ សូមចាប់ឱ្យខ្ញុំ។ ខ្ញុំបានទទួលដំណឹងជាក់លាក់ថា “ធ្វើម៉េចឱ្យ ហ៊ុន សែន ខឹង ហើយនឹងរកវិធីចូលទៅវៀតណាមក្នុងនាមជាទេសចរប្រើ passport បារាំង”។ អញ្ចឹងខ្ញុំនិយាយចំហរឱ្យអ្នកឯងដឹងឱ្យហើយទៅថា ហ៊ុន សែន ដឹងគ្រប់រឿងដែលអ្នកឯងចង់ធ្វើ។
(២៦) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងចាត់វិធានការណ៍ចំពោះអ្នកបន្តុះបង្អាប់ការអនុវត្តសិទ្ធិរបស់ពលរដ្ឋ
ងាកមកអញ្ចេះវិញ។ ពេលនេះទៅដល់ការបោះឆ្នោតនៅមិនយូរទេ។ សូមទាំងអស់គ្នារក្សាភាពស្ងប់ស្ងាត់ រក្សាបរិយាកាសនយោបាយអព្យាក្រឹតសម្រាប់ការបោះឆ្នោតមួយ។ សន្ដិសុខសណ្ដាប់ធ្លាប់សង្គមត្រូវបានធានា ដំណើរការបោះឆ្នោតត្រូវតែប្រព្រឹត្តិទៅដោយភាពស្ងប់ស្ងាត់ គ្មានហិង្សា ដោយប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើសរបស់ប្រជាជន។ រឿងវិធានការណ៍នានា ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការណ៍ចំពោះអ្នកបន្តុះបង្អាប់ការអនុវត្តសិទ្ធិរបស់ពលរដ្ឋ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ហើយ។ គេថាមិនទៅបោះឆ្នោតទេ ព្រោះដោយសារតែគ្មានអ្នកនេះគ្មានអ្នកនោះ។ សូមអ្នកឯងបន្តទៅ។ អ្នកសាកលមើលៗ (ដែលអំពាវនាវឱ្យប្រជាជនកុំទៅបោះឆ្នោត) តើវាទៅដល់ណា? ខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតច្បាស់ជាស្នើរាជរដ្ឋាភិបាលចាត់វិធានការណ៍ទៅលើអ្នកណា។ ហ្នឹងរឿងមួយផ្សេងទៀត។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។
ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០២២ កន្លងផុតទៅ ហើយសង្ឃឹមយ៉ាងមាំថា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ លេខ ១៨ សញ្ញា “ទេវតាបាចផ្កា” ហៅថា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងជ្រើសរបស់ប្រជាពលរដ្ឋ។ មិនមែនជាការឃោសនាបោះឆ្នោតទេ ក៏ប៉ុន្តែជារឿងដែលចៀសមិនផុត។ បក្សណាក៏គេនិយាយដែរឥឡូវ ព្រោះគេចាប់លេខរៀងរួចហើយ។ គណបក្សប្រជាជនកម្ពុជាប៉ះចំលេខហុងស៊ុយ(ល្អ)។ ទុកឱ្យ បណ្ឌិត រ័ត្ន សណ្ដាប់ គាត់បកស្រាយ។ គាត់មិនមែនបកស្រាយតាមរបៀបបៀរ ៣សន្លឹក ដែល ៨ បូក ១ វាចេញ ៩គ្រាប់ ស៊ីសល់តែអុងបីទេ។ បណ្ឌិត រ័ត្ន សណ្ដាប់ គាត់បកស្រាយតាម គេហៅ “ញាណ” ទាក់ទិនជាតាំងពីប្រវត្តិព្រះពុទ្ធសាសនារបស់យើងផងដែរ។
ជឿលើព្រហ្មលិខិតខ្លះទៅ
ខ្ញុំហាក់ដូចជាព្រោកប្រាជ្ញច្រើនពេកហើយ។ ស្អែកព្រោកប្រាជ្ញ ខានស្អែកព្រោកប្រាជ្ញ ខានស្អែកមួយព្រោកប្រាជ្ញ ហើយធ្វើម៉េច បើគេឱ្យមកនៅកន្លែងហ្នឹង។ ហ្នឹងត្រូវជឿលើព្រហ្មលិខិតខ្លះទៅ។ ខ្ញុំមិនដែលគិតថា ក៏មិនដែលស្គាល់ថា តំណែងនាយករដ្ឋមន្រ្តី វាជាអី។ ពីដើម បំណងធំបំផុតរបស់ខ្ញុំ ត្រឹមតែធ្វើជាគ្រូបង្រៀនតើ ប៉ុន្តែសភាពការណ៍ចេះតែរុញៗ មកដល់ដំណាក់កាលមួយ ត្រូវធ្វើនាយករដ្ឋមន្រ្តី។ ដល់ធ្វើជានាយករដ្ឋមន្រ្តីហើយ ខ្ញុំបានប្រកាស ឥឡូវវាជាង ៣៨ឆ្នាំទៅហើយ ធ្វើជានាយករដ្ឋមន្រ្តីយូរជាងគេនៅលើពិភពលោក។ បើអញ្ចឹងទេ អាហ្នឹងគួរលើព្រហ្មលិខិតខ្លះទៅ។ សូម្បីព្រះករុណា ព្រះបិតា នៅខេត្តសៀមរាប ព្រះអង្គឱ្យឱវាទចំពោះ ៣គណបក្ស ដែលចូលរួមប្រជុំ មាន គណបក្សប្រជាជនកម្ពុជា ហ្វ៊ុនស៊ិនប៉ិច និងគណបក្សអាមួយនោះ ខ្ញុំខ្ជិលហៅឈ្មោះវា … (ព្រះអង្គមានបន្ទូល) ហើយអស់លោកជឿលើព្រហ្មលិខិត ជឿលើព្រេងវាសនាខ្លះទៅ។ ខ្លួនខ្ញុំមិនដែលចង់ធ្វើស្ដេចទេ។ សុខៗ ស្រាប់តែគេហៅខ្ញុំឱ្យមកធ្វើស្ដេច។ ឥឡូវព្រហ្មលិខិតបានចារឱ្យសម្ដេចនាយក (ពេលហ្នឹងព្រះអង្គមានព្រះបន្ទូល(ហៅខ្ញុំថា) សម្ដេចនាយក) “ឱ្យសម្ដេចនាយក មកធ្វើនាយករដ្ឋមន្រ្តី។ ធ្វើម៉េច”។ ព្រះអង្គលោកប្រទានការរឿងបែបហ្នឹងនៅឆ្នាំ១៩៩៨។ ពេលនោះ ក្នុងចរចាពីការរៀបចំរដ្ឋាភិបាល នៅឯខេត្តសៀមរាប។
ថ្ងៃនេះបាននាំមកជាមួយនឹងក្រុមកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៣០០នាក់ ក្នុងម្នាក់ៗជូនថវិកា ចំនួន ២ម៉ឺនរៀលផងដែរ។ សិស្សានុសិស្ស ២៧៨៧នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិច១ដើម ថវិកា ១ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូស្រុកកៀនស្វាយ ៨៣១នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៥ម៉ឺនរៀល។ ជូនវិទ្យាល័យ ជ័យវរ័្មនទី៧ មណ្ឌលសុខភាពដីឥដ្ឋ សាលាស្រុកកៀនស្វាយ ៣អង្គភាពនេះ ក្នុងមួយអង្គភាព ថវិកា ២លានរៀល។ គ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀល។ មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ៥លានរៀល។ ក្រុមតន្រ្តីសម័យ ថវិកាចំនួន ៥លានរៀល។ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់រាជធានីភ្នំពេញ ទៅបាវិត ក្រោមការវិនិយោគសាងសង់ ប្រតិបត្តិការនិងផ្ទេរ ហៅថា BOT និងស្ពានផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមជូនពរឯកឧត្តម អគ្គរដ្ឋទូត វ៉ាង វិនធាន អ្នកតំណាងក្រុមហ៊ុននានា អគ្គរដ្ឋទូតនានា ដែលបានចូលរួមនៅទីនេះ។ ជូនពរសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិទាំង សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕