សម្ដេចតេជោ ហ៊ុន សែន ឆ្លើយតបនឹងលោក Nguyen Van Tai
ឆ្លើយតប លោក Nguyen Van Tai ខ្ញុំសូមកោតសរសើរដែលលោកចេះភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស។ ដោយសារតែខ្ញុំមិនមែនជាជនជាតិវៀតណាម ខ្ញុំមិនអាចឆ្លើយតបជាភាសាវៀតណាមបានទេ តែខ្ញុំសូមឆ្លើយជាភាសាខ្មែរ និងភាសាអង់គ្លេស។ ជាការប្រសើរហើយ ប្រសិនបើលោកយល់ថា សមុទ្រចិនភាគខាងត្បូងមិនគួរត្រូវបានទាក់ទាញកម្ពុជា និងឡាវអោយចូលពាក់ព័ន្ធដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយរវាងចិន និងវៀតណាមយ៉ាងណានោះ គឺជាសិទ្ធសម្រេចរបស់មេដឹកនាំវៀតណាម។ លោកចង់ជ្រើសរើសផ្លូវសង្គ្រាម ឬផ្លូវសន្តិភាព គឺជាសិទ្ធរបស់វៀតណាមផ្ទាល់។ អ្វីដែលខ្ញុំចង់និយាយទៅកាន់លោក គួរគោរពនូវការសន្យារបស់លោកដែលថា មិនពាក់ព័ន្ធឡាវ ជាពិសេសកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង។ ខ្ញុំសង្ឃឹមថា មេដឹកនាំវៀតណាម និងទទួលបាននូវការឆ្លើយតបរបស់ខ្ញុំនេះ ហើយអប់រំពលរដ្ឋវៀតណាម កុំអោយរំខានដល់ខ្ញុំតទៅទៀត ព្រោះរយៈពេលកន្លងទៅនេះ មានជនជាតិវៀតណាមមួយចំនួនបានចូលមកនិយាយមិនត្រឹមត្រូវចំពោះខ្ញុំលើទំព័រហ្វេសប៊ុកខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជារបស់ខ្ញុំ ហើយខ្ញុំក៏សូមបញ្ជាក់សាជាថ្មីថា ខ្ញុំជាមេដឹកនាំកម្ពុជាដែលមានឯករាជអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់ រាប់ទាំងជាមួយនឹងវៀតណាមផងដែរ។ ខ្ញុំសូមគូសបញ្ជាក់បន្ថែមថា ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាមលើបញ្ហាដែលជាផលប្រយោជន៌របស់វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។ ខ្ញុំក៏មិនត្រូវអោយវៀតណាមមកបម្រើផលប្រយោជន៌នយោបាយរបស់កម្ពុជានោះដែរ។ ជម្លោះអធិបតេយ្យក្នុសមុទ្រចិនខាងត្បូង គួរតែត្រូវបានដោះស្រាយដោយសន្តិវិធីរវាងចិន និងវៀតណាម ជាជាងការដោះស្រាយតាមសង្រ្គាមដូចដែលលោកបានលើកឡើងក្នុងហ្វេប៊ុគខ្ញុំ៕ I truly admire you that you…