ក្នុងមួយឆ្នាំ យើងជួបជុំដើម្បីអបអរទិវា ៨ មីនា សម្រាប់នារីម្តង ហើយនៅតែដូចមុនៗ ដែលខ្ញុំអំពាវនាវអោយបង្កើតទិវាបុរស ហើយគិតថាទិវាបុរស ៣៨ មីនា មួយខែមាន ៣៨ ថ្ងៃ ប្រហែលត្រូវចាំ ៣០០ ឆ្នាំទៀត។
- សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី -ក្មួយៗនិស្សិត ក្មួយៗកម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី !
ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមកចូលរួមអបអរសាទរខួបទី ១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៧ ជាមួយលោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី តំណាងដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនីទាំងអស់នាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការគាំទ្រលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្នុង គោលបំណងរំលេចពី តម្លៃសុខសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំ ពុងថែរក្សា និងជំរុញឱ្យប្រជាជនចូលរួមថែរក្សាសុខសន្តិភាពនេះឱ្យនៅគង់វង្សយូរអង្វែងបន្តឆ្ពោះទៅមុខទៀត។
ជាការពិត សុខសន្តិភាពមានតម្លៃណាស់សម្រាប់មនុស្សជាតុ និងជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប គ្រប់ វ័យ ពីញ្រេះថាបើមានសុខសន្តិភាពទើបមានការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង ព្រមទាំងធ្វើឲ្យប្រជាជន រស់នៅក្នុងភាពសុខដុមរមនា ពិសេសស្ត្រី រស់នៅជួបជុំគ្រួសារ មានឱកាសបន្តអភិវឌ្ឍសមត្ថភាព និងការ សិក្សារៀនសូត្រយកចំណេះដឹង ជំនាញវិជ្ជាជីវៈ ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែង បច្ចុប្បន្ននេះស្ត្រីកម្ពុជា តែងមានឱកាសចូលរួមក្នុងគ្រប់កិច្ចការ។ ក្នុងនោះ វិស័យសាធារណៈ វិស័យឯកជន អង្គការជាតិ-អន្តរជាតិនៅកម្ពុជាតែងគាំទ្របើកទូលាយ និងលើកទឹកចិត្តស្ត្រីឲ្យចូលរួមចាប់យកការងារ តួនាទី ដោយមិនមានការរើសអើង។ ទន្ទឹមនេះ ស្ត្រីមានលទ្ធភាពកាន់តែច្រើនក្នុងការទទួលបានការសិក្សាអប់រំ ការ ស្វែងរកប្រាក់ចំណូលជួយដល់សេដ្ឋកិច្ចគ្រួសារ ការទទួលបានសេវាសុខភាពបឋម សុខភាពបន្តពូជ សុខភាព មាតា និងទារក ឤហារូបត្ថម្ភ ការកាត់បន្ថយជំងឺឆ្លង ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ និងមេរោគ អេដស៍ ការការពារតាមផ្លូវច្បាប់ ជាដើម។ ដោយឡែក ចំនួនតួនាទីស្ត្រីទាំងក្នុងវិស័យសាធារណៈ និងឯកជន ក៏បានកើនឡើងជាលំដាប់។
ជាមួយនេះ កម្ពុជាបានពង្រីកកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខ និងស្ថិរភាពនៅលើពិភពលោក និងកិច្ច សហប្រតិបត្តិការ ជាមួយកងទ័ពបណ្តាប្រទេសជិតខាងជាបព្រំដែន កសាងតំបន់ព្រំដែន ជាតំបន់សន្ភិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍ។ ក្នុងស្មារតី គាំទ្រដល់ការសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខសហ ប្រជាជាតិ ដែលបានទទួលស្គាល់ជាផ្លូវការនូវតួនាទីស្ត្រីក្នុងកិច្ចថែរក្សាសន្តិភាពនោះ ចាប់តាំងពីឆ្នាំ ២០០៦ មក ព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនកងយុទ្ធពលខេរភូមិន្ទ ទៅចូលរួមក្នុងកងកម្លាំងថែរក្សាសន្តិភាព ក្នុង ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងឤហ្វ្រិកកណ្តាល ដែលមានកងកម្លាំងសរុបចំនួន ៤ ១៧៧ នាក់ ក្នុងនោះយើងក៏បានបញ្ចូលស្ត្រីមានចំនួន ១៥១ នាក់ (ស្មើ ៣,៦៥%)។ ទន្ទឹមនេះ កម្ពុជាបានឆ្លើយ តប នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិស្តីពីស្រ្តី សន្តិភាព និងសន្តិសុខ ដែលមានគោល ដៅពង្រឹងការចូលរួមរបស់ស្ត្រីក្នុងការទបស្កាត់ជម្លោះ និងក្នុងដំណើរប្រតិបត្តិការសន្តិភាព ដោយទទួលបាន ការវាយតមៃ្លខ្ពស់អំពីវិន័យ និងសមត្ថភាព។ បន្ថែមពីលើនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ ទី ២៤ ស្ទួន គឺជាប្រទេសដែលមានការយកចិត្តទុកដាក់ចំពោះយេនឌ័រ ក្នុងវិស័យការពារជាតិ ដែលពីមុនមកក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៣ កម្ពុជាធ្លាប់ជាប្រទេសដែលស្នើសុំជំនួយកងកម្លាំងថែរក្សាសន្តិសុខ និងសន្តិភាពរបស់ អង្គការសហប្រជាជាតិ ។
ដោយឡែក តាមការអនុវត្តកម្មវិធីកែទម្រង់នានា ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពផ្តល់សេវាសាធារ ណៈ យើងបានចាប់ផ្តើមផ្ទេរមុខងារ និងធនធានជាបណ្តើរៗពីក្រសួង ស្ថាប័ន នៅថ្នាក់ជាតិទៅរដ្ឋបាល ថ្នាក់ ក្រោមជាតិ សំដៅកែសម្រួលរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យក្លាយជារដ្ឋបាល មូលដ្ឋានដ៏មានសក្តានុពល ដើម្បីទ្រទ្រង់ និងសហការជាមួយរដ្ឋបាលឃុំ សង្កាត់ សំដៅបង្ខិតការផ្តល់សេវា ការលើកកម្ពស់ប្រសិទ្ធភាពផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែកៀកនឹងប្រជាជនអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ចំណុចនេះសំខាន់ ពីញ្រេះថា ក្រៅពីជួយពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ គឺនឹងជួយដល់ជីវភាពរស់នៅ និងដោះស្រាយសុខទុក្ខរបស់ប្រជាជនដោយត្រង់ ជាពិសេសសម្រាប់ស្ត្រីស្របតាមខ្លឹមសារ «ស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។
ក្នុងស្មារតីស្ត្រីជាកម្លាំង ដែលមិនឤចខ្វះបានក្នុងការលើកកម្ពស់ជីវភាពគ្រួសារ សង្គមជាតិថ្មីៗនេះ ខ្ញុំបានសម្រេចដាក់ចេញនូវវិធានការលុបចោលចំពោះការបង់ថ្លៃពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អីនៅផ្សារ ការសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌកាត់ដេរ និងស្បែកជើង ការបន្តបញ្ចុះថៃ្លអគ្គិសនី ការយកចិត្តទុកដាក់ខ្ពស់ដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរស្ត្រីជាដើម។ កិច្ចការនេះនឹងបានជាប្រយោជន៍ច្រើនចំពោះស្ត្រី។
[ផ្តើមអត្ថាធិប្បាយ]
អម្បាញ់មិញក្មួយៗកម្មករ កម្មការិនី ពិតជាបានឃើញក្នុងខ្សែវីដេអូដែលបានបញ្ជាក់ អំពីតម្លៃឈ្មួលពលកម្មអប្បបរិមានៅកម្ពុជាដែលមានកម្រិតខ្ពស់ជាងប្រទេសវៀតណាម និងនៅក្នុងប្រទេសមួយចំនួនទៀតរួចស្រេចទៅហើយ។
[ចប់អត្ថាធិប្បាយ]
ទន្ទឹមនឹងលទ្ធផលសម្រេចបានជាច្រើននេះយើងក៏នៅមាន បញ្ហាសេសសល់មួយចំនួនដែរ ដែលតម្រូវឱ្យយើងបន្តរួមគ្នាដោះស្រាយ។ ក្នុងន័យនេះ ខ្ញុំសូមស្នើគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជនត្រូវយកចិត្តទុកដាក់ក្នុងនោះរួមមាន៖
ទី ១ បន្តពង្រឹង និងពង្រីកទំនាក់ទំនងព្រមទាំងកិច្ចសហប្រតិបត្តិការល្អ និងស្មើសិទ្ធិជាមួយបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងដៃគូអភិវឌ្ឍ តាមរយៈការប្រើយុទ្ធសាស្រ្តឈ្នះឈ្នះ និងវប្បធម៌សន្ទនា ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយ និង ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិយើង។ ពិសេសត្រូវសកម្មចូលរួមពង្រឹង និងពង្រីកតួនាទីស្ត្រី ក្នុងការថែរក្សាសន្តិភាព ការចូលរួមរបស់ស្ត្រីក្នុងការទប់ស្កាត់ជម្លោះ បញ្ចប់អំពើហិង្សាផ្លូវភេទ ក្នុងអំឡុងពេលមានជម្លោះ។
ទី ២ បន្តយកចិត្តទុកដាក់ពង្រឹងការតាមដានលើការអនុវត្តច្បាប់ និងអនុសាសន៍ ដែលខ្ញុំបានថ្លែងក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្តីពី សមភាពយេនឌ័រ និងការលើកកម្ពស់សិទ្ធិអំណាចស្ត្រី នាទីក្រុងញូយ៉ក កាលពីខែ កញ្ញា ឆ្នាំ ២០១៥ និងបង្កើនការវិភាជថវិកាក្នុងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅតាម ក្រសួង ស្ថាប័ន។ សមភាពយេនឌ័រ គឺជាកត្តារួមចំណែកធ្វើឱ្យមានសន្តិភាព សន្តិសុខ និងវឌ្ឍនភាពយូរអង្វែងនៃសង្គមជាតិ។ ក្នុងន័យនេះ ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍនានា សូមកុំអល់អែកក្នុងការដាក់ថវិកាអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័ររបស់ខ្លួន ទៅក្នុងកញ្ចប់ថវិកាជាតិ។ នេះគឺជាការគិតគូរចំពោះសម្លេង និងផលប្រយោជន៍របស់ស្រ្តីទៅក្នុងគ្រប់កិច្ចការ គ្របវិស័យ និងបានរួមចំណែកធ្វើឲ្យមានសមភាពសង្គម។
ទី ៣ គ្រប់ក្រសួង ស្ថាប័ន សូមបន្តយកចិត្តទុកដាក់ចូលរួមថែរក្សាសន្តិភាព ការពារស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យរឹងមាំ ជាពិសេសត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជនគ្រប់រូបនៅតាមមូលដ្ឋាន។ ក្នុងទិសដៅនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ បងប្អូនជនរួមជាតិទាំងអស់ ត្រូវចូលរួមឱ្យពេញទំហឹងក្នុងយុទ្ធនាការប្រយុទ្ធ និងបង្ក្រាបគ្រឿងញៀន ចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់ឤវុធ។ល។
ទី ៤ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការរៀបចំ ផែនការសកម្មភាពពហុវិស័យ ក្នុងការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងកុមារ និងរួមគ្នាអនុវត្តនូវផែនការនេះឱ្យមានប្រសិទ្ធភាព។ ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាត្រូវតែចាប់ផ្តើមពីវ័យកុមារ ដើម្បីឱ្យពួកគេរៀនសូត្រអំពីការរស់នៅក្នុងសង្គមប្រកបដោយសុជីវធម៌ និងភាពថ្លៃថ្នូរ ព្រមទាំងប្រឹងប្រែងដោះស្រាយបញ្ហាតាមបែបអហិង្សា។ ទន្ទឹមនេះ ត្រូវលើកកម្ពស់ភាពជាគំរូរបស់បុរស ក្នុងការលុបបំបាត់អំពើហិង្សាគ្រប់រូបភាព និងរួមគ្នាថែរក្សាវប្បធម៌អហិង្សា។
ទី ៥ បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេច ទាំងក្នុងវិស័យសាធារណៈ ឯកជន ទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងបន្តជួយកែប្រែឥរិយាបថសង្គម ដែលមានការរើសអើងចំពោះស្ត្រី តាមរយៈការផ្តល់ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងស្មារតីពីសំណាក់ក្រុមគ្រួសារ បក្សនយោបាយ និងអង្គភាព ដើម្បីបង្កឱកាសឱ្យស្រ្តីបានចូលរួមគ្រប់ដំណើរការអភិវឌ្ឍសង្គម ប្រកបដោយស្មើភាពជាមួយនឹងបុរស។
[ផ្តើមអត្ថាធិប្បាយ]
គួរឲ្យមានអភិបាលខេត្ត ឬអភិបាលរាជធានី ជាស្រ្តី
ចំណុចនេះ ខ្ញុំសូមនិយាយទៅកាន់អ្នកចូលរួមទាំងអស់ ហើយក៏ដូចបណ្តាស្ថាប័ននានាផងដែរ។ យើងបានកំណត់រួចហើយ ស្តីអំពីបញ្ហាថ្នាក់រដ្ឋបាលក្រោមជាតិ គឺថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ គឺអោយមានអភិបាលរងរាជធានី–ខេត្តមួយ ឬស្រុក–ខណ្ឌមួយ(ជាស្ត្រី) ក៏ប៉ុន្តែបញ្ហារបស់យើងនៅត្រង់ថា ២៥ រាជធានី–ខេត្ត មិនទាន់មានអភិបាលខេត្ត ឬអភិបាលរាជធានីជាស្ត្រីនោះទេ។ អម្បាញ់មិញ ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោមថា យើងគួរតែកំណត់អោយមានមួយកន្លែងថា ត្រូវតែមានមួយកន្លែងអោយមានចៅហ្វាយខេត្តជាស្ត្រីមួយមើល។ ពេលវេលារៀបចំ ខ្ញុំគិតថាយើងរៀបចំបាន នៅពេលកន្លែងណាមួយមានអភិបាលខេត្តចូលនិវត្តន៍ ឬក៏មាន ការផ្លាស់ប្តូរណាមួយ គឺអាចដាក់ស្ត្រីម្នាក់អោយក្នុងចំណោម ២៥ (រាជធានី–ខេត្ត) ទុកតែ ២៤ បានហើយសម្រាប់បុរស អោយមួយសម្រាប់ស្ត្រី ហើយបើបាន ២ កាន់តែល្អ។ ហើយ សម្រាប់ថ្នាក់ខេត្ត ថ្នាក់ស្រុក យើងថាអោយមានមួយយ៉ាងតិច បើមាន ២ ឡើងលើអាហ្នឹងកាន់តែល្អ។ ចំពោះក្រសួង ស្ថាប័នក៏ដូចគ្នាដែរ ថ្នាក់កម្រិតនយោបាយមានជារដ្ឋមន្ត្រីហើយ មានជាឧបនាយរដ្ឋមន្ត្រីហើយ ហើយក៏មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ខ្ញុំប្រើពាក្យថាមានមួយយ៉ាងតិច មានន័យថា អនុញ្ញាតអោយមាន ២, ៣, ៤, ៥ ក៏បានដែរ អត់មានទាស់អីទេ។ ប៉ុន្តែបញ្ហានេះវាទាក់ទងនឹងតួនាទីខ្ញុំផ្ទាល់ដែលត្រូវពិនិត្យមើលពីបញ្ហានោះ តែក៏សំអាងលើថ្នាក់ក្រោមផ្តល់មតិ។ សម្រាប់មុខងារសាធារណៈចាប់ពីថ្នាក់អគ្គនាយកដ្ឋានចុះ បញ្ហានេះ សូមអោយក្រសួងស្ថាប័ននានាពិនិត្យមើល អំពីការដាក់ស្ត្រីអោយបានកាន់តែច្រើនទៅជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ដើម្បីដាក់អោយស្រ្តីកាន់តែមានលទ្ធភាពចូលរួមនៅក្នុងដំណើរការទាំងអស់នេះ។
ចង់ឲ្យមានស្រ្តីយ៉ាងហោចម្នាក់ ក្នុងតំណែងធំៗនៃកងកម្លាំងប្រដាប់អាវុធ
ខ្ញុំងាកទៅនិយាយពីកងកម្លាំងប្រដាប់អាវុធវិញម្តង យើងមានហើយឋានៈជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការជាស្ត្រី ក៏ប៉ុន្តែចង់និយាយបន្ថែមទៀតអោយទៅជ្រៅលើសពីនេះ នៅក្នុងចំណោមអគ្គបញ្ជាការរងកងទ័ព កងយោធពលខេមរភូមិន្ទ គួរតែមានស្ត្រីម្នាក់(យ៉ាងតិច) ឲ្យធ្វើជាអគ្គបញ្ជាការរងកងទ័ពតែម្តង។ នាយសេនាធិការចម្រុះ នាយរងសេនាធិការចម្រុះ ក៏គួរមានជាស្ត្រីដែរ។ បណ្តាយោធភូមិភាគ អនុភូមិភាគ មានច្រើនដូចនេះគួរបណ្តុះបណ្ដាលអោយមានស្រ្តីជាអនុភូមិភាគ។ (សម្រាប់)កងពលយើងអាចអោយមានត្រឹមកម្រិតអនុកងពលធំជាស្ត្រី។ យោធាខេត្តគួរតែមានស្ត្រីម្នាក់ដែរ ក្នុងចំណោមមេបញ្ជាការរងនៃប្រតិបត្តិការសឹក ហើយបើគាត់មានលទ្ធភាពធ្វើជាមេបញ្ជាការប្រតិបត្តិការសឹកតែម្តងកាន់តែល្អ។ អាវុធហត្ថក៏ដូចគ្នាដែរ អាវុធហត្ថលើផ្ទៃប្រទេសគួរតែមានម្នាក់ជាស្ត្រីដែរ ព្រោះនៅខាងអគ្គស្នងការនគរបាលជាតិដូចជាមានស្រ្តីម្នាក់ហើយ ហើយស្នងការតាមខេត្ត បើសិនជាដាក់ស្ត្រីម្នាក់ៗអោយធ្វើជា…(មានហើយ) ខាងនគរបាលគេរៀបចំហើយ អញ្ចឹងនៅខ្វះខាងកងទ័ព ដូច្នេះ យើងគួរតែមានការលើកទឹកចិត្តដើម្បីងាយស្រួលក្នុងការធ្វើការប្រតិបត្តិការ។ ហើយនេះជាការរៀបចំចាត់តាំងទេ មិនមែនជាការបោះឆ្នោតទេ ដូចនេះយើងមានលទ្ធភាពនឹងរៀបចំបែបនោះ។
ស្រ្តីក៏ត្រូវតែខំប្រឹងខ្លួនឯងផង និងគាំទ្រនូវតួនាទីរបស់ស្រ្តីគ្នាឯងផង
ប៉ុន្តែការអំពាវនាវត្រឡប់បកមកវិញ សូមអោយស្ត្រីទាំងឡាយបង្កើននូវសមត្ថភាពខ្លួនឯងផងដែរ ហើយស្ត្រីទាំងឡាយក៏គាំទ្រនូវតួនាទីរបស់ស្ត្រី ក្នុងការរៀបចំចូលទៅក្នុងស្ថាប័នទាំងនោះ ធ្វើបានយ៉ាងនេះ ខ្ញុំគិតថា យើងនឹងពង្រីកបាននូវចំនួនស្ត្រីក្នុងវិស័យសាធារណៈ វិស័យឯកជន ហើយក្នុងហ្នឹងបញ្ចូលទៅក្នុងកងកម្លាំងប្រដាប់អាវុធ។ គ្រាន់តែខ្ញុំនិយាយអម្បាញ់មិញ យោធភូមិភាគ ៦ ភូមិភាគ អាចបានដល់ស្រ្តី ៦ នាក់ ទៅធ្វើជាមេបញ្ជាការរងភូមិភាគ។ កងពលធំរបស់យើងឥឡូវនេះគឺមាន ២ កងពល ក្រៅពីកងពលតូចច្រើនកងពល អោយគាត់(ស្ត្រី)ទៅកាន់កងពលតូចប្រហែលជាពិបាកបន្តិច ប៉ុន្តែកងពលធំអាចកាន់បាន។ នៅតាមខេត្ត យោធាខេត្ត មួយខេត្តម្នាក់ ដូច្នេះ ចំនួននេះក៏ច្រើនដែរ ហើយនៅអាវុធហត្ថខេត្ត មួយខេត្តម្នាក់ទៀត ខ្ញុំគិតថាយើងអាចដោះស្រាយបាន ព្រោះនេះជាការចាត់តាំងទេ។ អញ្ចឹងសូមអំពាវនាវចំពោះបញ្ហានេះ ហើយសូមសម្តេចក្រឡាហោមពិភាក្សាពិនិត្យមើលទៅថា តើអ្នកណានឹងសក្តិសមនៅកន្លែងណា ដែលសក្តិសមធ្វើជាអភិបាលខេត្តនៅពេលខាងមុខ ខ្ញុំត្រៀមតែចុះហត្ថលេខាឲ្យទេ។ យើងមើល ២៥ ខេត្ត និងរាជធានី អត់ទាន់មានស្ត្រីម្នាក់ទេ។ កាលពីជំនាន់អតីតរដ្ឋកម្ពុជា អភិបាលខេត្តរតនគិរី លោកជំទាវ ឡាក់ អូន ពេលនោះ សង្គ្រាមនៅហ៊ុំព័ទ្ធនៅឡើយ ក៏ប៉ុន្តែយើងមានអភិបាលខេត្ត ដែលអាចទប់ទល់បាននូវសភាពការណ៍នៅខេត្តដ៏លំបាកទៀតផង។ សង្ឃឹមថា ស្ត្រីរបស់យើងនឹងដើរតួកាន់តែធំទៅៗ។
[បញ្ចប់អត្ថាធិប្បាយ]
ទី ៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ ទាំងរដ្ឋ និងឯកជនត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗឱ្យបានកាន់តែច្រើនថែមទៀត ពិសេសត្រូវពិនិត្យឡើងវិញនូវការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយត្រូវគិតគូរពិចារណា នូវផលប៉ះពាល់ និងគ្រោះថ្នាក់ដល់សុខភាព ឤយុជីវិត សេចក្តថ្លៃថ្នូររបស់មនុស្ស ពិសេសតម្លៃស្ត្រី។ ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់មាតាបិតា សូមអប់រំកូនចៅប្រកបដោយព្រហ្មវិហារធម៌ ដើម្បីធ្វើឱ្យពួកគេយល់ច្បាស់ពីភាពថ្លៃថ្នូរ និងការលើកកម្ពស់សីលធម៌សង្គមជាតិយើង។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដល់ក្រសួងកិច្ចការនារី ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គម ស៊ីវិល ដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រ ការលើកកម្ពស់ស្ថានភាពជវីភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបសស្រ្តី និងការទប់ស្កាត់អំពើហិង្សា និងដោះស្រាយជម្លោះនានា ដោយសន្តិវិធី។
ជាទីបញ្ចប់ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ និងភរិយាសូមថ្វាយព្រះពរជ័យសិរីមង្គលបវរមហាប្រសើរថ្វាយ សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសមេ្តច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមគុណបុណ្យព្រះរតនៈត្រ័យ ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្តិសិទ្ធិ ដែលរក្សាព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំ ថែរក្សាព្រះអង្គ សូមព្រះអង្គទទួលបានព្រះរាជសុខភាពបរិបូណ៌ ព្រះពលំមាំមួន ព្រះបញ្ញាញ្ញាណភ្លឺថ្លា ដើម្បីព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្ត្រគ្រប់រូបទូទាំងព្រះរាជាណាចក្រកម្ពុជា និងសូមជូនពរលោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី ក្មួយៗនិស្សិត កម្មការិនី បងប្អូនជនរួមជាតិ និងភ្ញៀវជាតិ-អន្តរជាតិ សូមប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្រាប់កម្មវិធីថ្ងៃនេះ មានការរៀបចំ ២០ លានរៀល សម្រាប់គណៈកម្មការរៀបចំ។ លោកជំទាវ លឹម ឈីវហួរក៏បានរៀបចំសម្រាប់កម្មករ/កម្មការិនីដែលបានចូលរួមចំនួន ៣ ០០០ នាក់ ម្នាក់ៗទទួលបានឃីត ១ កញ្ចប់ ថវិកា ២០ ០០០ រៀល។ ដោយឡែកក្រុមរបាំ ដែលបានមកលេងអម្បាញ់មិញនេះ មានចំនួន ៥១នាក់ ខ្ញុំ និងភរិយាជូន ១០ ម៉ឺនរៀល ក្នុងម្នាក់ៗផងដែរ៕