សុន្ទរកថា និងការអត្ថាធិប្បាយ របស់សម្តេចតេជោ ក្នុងមិទ្ទិញអបអរសាទរខួបទី ១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៧

ក្នុងមួយឆ្នាំ យើងជួបជុំដើម្បីអបអរទិវា ៨ មីនា សម្រាប់នារីម្តង ហើយនៅតែដូច​មុនៗ​ ដែលខ្ញុំអំពាវនាវ​អោយ​បង្កើតទិវាបុរស ហើយគិតថាទិវាបុរស ៣៨ មីនា មួយខែមាន ៣៨ ថ្ងៃ ប្រហែលត្រូវចាំ ៣០០ ឆ្នាំទៀត។ សម្តេច លោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី -ក្មួយៗនិស្សិត ក្មួយៗកម្មការិនី និងអង្គពិធីទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំ និងភរិយាមានសេចក្តីរីករាយដោយបានមកចូលរួមអបអរសាទរខួបទី ១០៦ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៧ ជាមួយលោកជំទាវ ឯកឧត្តម អ្នកអង្គម្ចាស់ លោកឧកញ៉ា លោក លោកស្រី តំណាង​ដៃគូ​អភិវឌ្ឍ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ ក្មួយៗនិស្សិត និងក្មួយៗកម្មការិនីទាំងអស់នាពេលនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងនូវការគាំទ្រលើប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្នុង គោលបំណងរំលេចពី តម្លៃសុខសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន…