សេចក្ដីស្រង់ប្រសាសន៍ ស្ដីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ ចំពោះមេដឹកនាំស្ថាប័នកំពូលរបស់ជាតិ នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី
សម្ដេច ឯកឧត្ដម លោកជំទាវ, ហើយក៏សូមគោរពផងដែរ បណ្ដាខេត្ត/រាជធានី ក៏ដូចជាបណ្ដាអង្គភាពនៃកងយោធពលខេមរភូមិន្ទ និងគ្រប់បណ្ដាញ ដែលបានចូលរួមការប្រជុំថ្ងៃនេះតាមវីដេអូ និងការប្រជុំផ្ទាល់របស់គណៈរដ្ឋមន្រ្តីរបស់យើង! ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩ យើងបានផ្អាកការប្រជុំនេះអស់មួយរយៈ ក៏ប៉ុន្តែបន្ទាប់ពីវ៉ាក់សាំងបានស្រោចស្រពទាំងនៅទីក្រុង និងជនបទ ស្ថានភាពរបស់យើងបានប្រសើរ សង្ឃឹមថាយើងនឹងរៀបចំឲ្យមានការប្រជុំ ការជួបជំុតាមរបៀបថ្មីរបស់យើង។ ដូចជា រាល់ដង គណៈរដ្ឋមន្រ្តីរបស់យើងប្រជុំតែអង្គុយនឹងតុនេះទេ តែឥឡូវយើងរក្សាគម្លាត ពាក់ម៉ាស។ ដូច្នេះ គឺជារឿងដែលយើងអាចធ្វើទៅរួច។ ថ្ងៃនេះគណៈរដ្ឋមន្រ្តីរបស់យើងបើកការប្រជុំពេញអង្គ សំដៅទី ១ គឺសេចក្ដីព្រៀងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា ១៩ មាត្រា ៨២ មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី មាត្រា ១១៩ ថ្មី និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការប្រក្រតី នៃស្ថាប័នជាតិ។…