សុន្ទរកថា និងសេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និង លើកទិសដៅការងារ ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ បន្ទាប់ពីការខកខាននៅឆ្នាំកន្លងទៅដោយសារការឆ្លងរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ -១៩។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ មន្ត្រីរដ្ឋបាលស៊ីវិល មន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការចូលរួមរបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ធ្វើឱ្យកម្ពុជាមានសមត្ថភាពអាចបើកប្រទេសពេញលេញឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដូចខាងក្រោម៖ ១. កងកម្លាំងនគរបាលជាតិសហការជាមួយកងកម្លាំងមានសមត្ថកិច្ចនានា និងគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ រក្សាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិសុខផ្ទៃក្នុងប្រទេស សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់បានទាន់ពេលវេលានូវរាល់សកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងធ្វើសកម្មភាពខុសច្បាប់ផ្តួលរំលំរាជរដ្ឋាភិបាល ធ្វើឱ្យបទល្មើស ព្រហ្មទណ្ឌឆ្នាំ ២០២១ មានការថយចុះ ៦% ហើយបានបង្ក្រាបបទល្មើសនានាសម្រេចបានរហូតដល់…