FN ៖ នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបនៅថ្ងៃនេះ គឺជាការជួបទ្រង់ទ្រាយធំលើកទី១ របស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យមានជួបបែបនេះនៅឆ្នាំបន្តបន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរទស្សនៈ និងយោបល់នានា។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ៧០ម៉ឺនមូលដ្ឋាន (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%) ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ ពាន់មូលដ្ឋាន ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន ប្រជាពល រដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។
សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា ក្នុងចំណោមជនគោលដៅ ១លាន ៥សែននាក់ ដែលនឹងត្រូវជ្រើសរើសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ អាចនឹងយកពីវិស័យសហគ្រាសធុនតូច និងមធ្យមប្រមាណ ១លាននាក់។
សម្តេចតេជោ ហ៊ុន សែន បន្តណែនាំឱ្យផលិតផលកែច្នៃបានក្នុងស្រុកទៅផ្គត់ផ្គង់តាមដល់អ្នកទេសចរ។
- សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូច និង មធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យមតាមរយៈគម្រោង ហិរញ្ញប្បទានធំ ២ គឺ ១).គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និង ២). គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ នេះ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង៤០០លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ០៨៥ ។
- សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះវិធានការផ្នែកពន្ធដារ រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និងបទប្បញ្ញតិសម្រាប់លើកទឹកចិត្តផ្នែកពន្ធដារ ដល់សហគ្រាសធុនតូច និងមធ្យមដែលបានចុះបញ្ជីដោយស្ម័គ្រចិត្ត និងដល់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ។ ចំពោះវិធានការផ្នែកគយ រាជរដ្ឋាភិបាលបានរៀបចំ គោលនយោបាយពន្ធអាករ និងយន្តការលើកទឹកចិត្តផ្នែកគយ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនភាពប្រកួតប្រជែង របស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
- ម៉្យាងទៀត រាជរដ្ឋាភិបាលបាន និងកំពុងខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ដើម្បីរួមចំណែកដល់ការបង្កើនសម្ទុះនៃការអភិវឌ្ឍសហ-គ្រាសធុនតូចនិងមធ្យម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច ឱ្យកាន់តែប្រសើរ សម្តេចសូមលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៥។