រដ្ឋមន្ត្រី ថោង ខុន អះអាងថា ៣ខែទៀត នឹងមានជើងហោះហើរត្រង់ពីឥណ្ឌូណេស៊ី មកកម្ពុជា
FN ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ប្រហែលរយៈពេល៣ខែទៀត (ខែកក្កដា) នឹងមានជើងហោះហើរពីឥណ្ឌូណេស៊ីត្រង់មកកម្ពុជា ដែលប្រទេសនេះ ក៏ជាទីផ្សារទេសចរណ៍ធំមួយ នៅអាស៊ីអាគ្នេយ៍ផងដែរ។ លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីបុណ្យភូមិ CATA ខួបអនុស្សាវរីយ៍២២ឆ្នាំ ដែលរៀបចំដោយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នារាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់។ ដោយគាំទ្រប្រសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគម CATA បានបញ្ជាក់ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានរៀបចំនូវផែនការអនុវត្តបន្តរបស់ខ្លួន រួមមាន ការផ្តោតសំខាន់លើវគ្គបណ្តុះបណ្តាលជាច្រើនដល់សមាជិក ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករទេសចរណ៍ ដែលផ្តល់សេវាកម្មទេសចរណ៍ចូលក្នុងស្រុក និងទេសចរណ៍ចេញទៅក្រៅប្រទេស និងភ្នាក់ងារទេសចរណ៍នានា។ សមាគមក៏បានការជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទៅទស្សនាទីកន្លែងកម្សាន្តថ្មីៗផងដែរ ក្នុងនោះសមាគមនឹងចូលរួមបង្កើនការរៀបចំនូវ Famtrip ក្នុងការស្វែងយល់អំពីតំបន់ទេសចរណ៍ថ្មី ដើម្បីបង្កើតនូវកញ្ចប់ទស្សនកិច្ច និងពង្រីកនូវខែ្សទស្សនកិច្ចដែលកំពុងបម្រើសេវាកម្ម។ លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៦.១លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ ឆ្នាំ២០២០ ជាមួយនឹងចំណូលប្រមាណ៥ពាន់លានដុល្លារ…