FN ៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ និងអញ្ជើញទទួលទានអាហារការងារពេលថ្ងៃត្រង់ជាមួយ លោក ប៊ីណាលី យីដីរីម (Binaly Yidirim) ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី។
នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាគ្នាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅ និងការរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់កម្ពុជា នៅសាធារណរដ្ឋតួកគី ឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៣កន្លងទៅ។
ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងលោកប្រធានសភាតួកគី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោបល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុងនោះរួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភាតួកគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្ត និងជួយគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ លោកប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសតួកគីនេះ ជាយូរមកហើយ ព្រោះថា តួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋតួកគី។
ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភាតួកគី បានធ្វើការផ្លាស់ប្តូរទស្សនគ្នា ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរ នូវដំណើរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែ មានកម្រិតខ្ពស់ថែមទៀត។
បន្ទាប់ពីបានចំណាយពេល នៃជំនួបពិភាក្សាទល់មុខគ្នារួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រធានសភាតួកគី បានអញ្ជើញលំហែកាយក្នុងបរិវេណ នៃវិមានរដ្ឋាភិបាលក្នុងទីក្រុងអីស្តានប៊ុល ពិសេសការស្រូបយកខ្យល់អាកាសបរិសុទ្ធ មាត់ សមុទ្រមុន និងពិធីទទួលទានអាហារការងារពេលថ្ងៃ។
លោកប្រធានរដ្ឋសភាតួកគីមានប្រសាសន៍សំដែង នូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយកប្រទេសតួកគីសម្រាប់ដំណើរ បំពេញទស្សនកិច្ចការងារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។
ប្រធានសភាបានឯកភាពទៅនិងទស្សនៈលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនខ្ពង់ខ្ពស់ ថែមទៀត។
បន្ទាប់មកលោក ប៊ីណាលី យីដីរីម ប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី បានប្រារព្វរៀបចំនូវពិធីទទួលទានអាហារការងារពេលថ្ងៃត្រង់ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងអីស្តានប៊ុល សាធារណរដ្ឋតួកគី។
សូមបញ្ជាក់ដែរថា តួកគីនិងកម្ពុជា ជាប្រទេសដែល មានអារ្យធម៌យូរលុងណាស់មកហើយ ក្នុងនោះប្រទេសកម្ពុជា ត្រូវបានគេស្គាល់តាមរយៈចក្រភពអង្គរ ហើយប្រទេសតួកគីត្រូវបានគេស្គាល់តាមរយៈចក្រភព ប៊ីហ្សេនថាញ់ (Byzantine) និងបន្ទាប់មកចក្រភពអូតូម៉ង់ (Ottoman) ។ បើទោះបីជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋតួកគី មានចំណងមិត្តភាពផ្នែកការទូតទើប តែជាងពីរទសវត្សរ៍ក៏ពិតមែន ប៉ុន្តែទំនាក់ទំនង នៃប្រទេសទាំងពីរមានភាពរឹងមាំ ដោយឈរលើគោលការណ៍ជំនឿទុកចិត្តគ្នា និងគោរពគ្នា មិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងខ្លួន ពិសេសបានគាំទ្រគ្នាទៅវិញទៅមកលើផ្នែកសេដ្ឋកិច្ច សង្គម នយោបាយ និងការទូត។ ជាក់ស្តែងប្រទេសទាំងពីរបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងបណ្តាស្ថាប័នអន្តរជាតិផ្សេងៗ។
បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជាតួកគី។ វេទិកាធុរកិច្ចកម្ពុជា តួកគី ដែលធ្វើឡើង នៅទីស្នាក់ការសភាពាណិជ្ជកម្មអីស្តានប៊ុល មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់រដ្ឋាភិ បាល ផ្នែកឯកជនតួកគី និងឥស្សរជននិងផ្នែកធុរកិច្ច ទៅពីកម្ពុជាជាច្រើនរូប។
នៅក្នុងពិធីដ៏មានអត្ថន័យនោះដែរ បន្ទាប់ពីការស្តាប់នូវបទអន្តរាគមន៍ ពីថ្នាក់ដឹកនាំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងផ្នែកធុរកិច្ចតួកគីរួចមក សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា តួកគី។
បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើ ឯកសារស្តីពីកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា ដែលមានអ្នកឧកញ៉ា គិត ម៉េង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយនឹងលោកប្រធានសភាពាណិជ្ជកម្មតួកគី ដើម្បីរិតចំណងសាមគ្គីរវាងស្ថាប័នទាំងពីរ ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
សូមបញ្ជាក់ដែថា នៅក្នុងពិធីចុះហត្ដលេខានោះដែរ ស្ថាប័នឯកជននៃប្រទេសទាំងពីរកម្ពុជា តួកគី បានជូនវត្ថុអនុស្សាវរីយ៍ពីគ្នា ទៅវិញទៅមកផងដែរ។
បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញធ្វើដំណើរ ទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ។
សូមបញ្ជាក់ដែរថា សាធារណរដ្ឋតួកគីមានផ្ទៃក្រឡាទំហំជាង៧៨៣ពាន់គីឡូម៉ែត្រក្រឡា ដែលមានព្រំដែនជាប់និងប្រទេស អាមេនី អាសៃបៃហ្សង់ ប៊ុលហ្ការី ហ្សកហ្សី ក្រិក អឺរ៉ង់ អីរ៉ាក់ និងស៊ីរី និងមានប្រជាជនរស់នៅ ជាង៨០លាននាក់។
រដ្ឋធានីរបស់សាធារណរដ្ឋតួកគី គឺអង់ការ៉ា។ លើវិស័យសេដ្ឋកិច្ច សាធារណរដ្ឋតួកគី មាន GDP សរុប ២,១៧៣ទីលានដុល្លារអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្ស ម្នាក់ៗ មាន២៦,៩០០ដុល្លារ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យ ក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់តួកគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារដឹកជញ្ជួន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ីន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារះដឹកជញ្ជូន។
លើទំនាក់ទំនងការទូតកម្ពុជាបានភ្ជាប់តំនាក់ទំនងការទូតជាមួយតួកគី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថាន ឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋតួកគី ក្នុងនោះកម្ពុជាគ្រោងនិងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខ៕