សេចក្តីដកស្រង់ប្រសាសន៍ សួរសុខទុក្ខប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារទឹកជំនន់នៅខេត្តបន្ទាយមានជ័យ (ទីតាំងទី ២)
ខូចខាតទ្រព្យសម្បត្តិ/ផលដំណាំ ប៉ុន្តែប្រាកដថាបានរស់រានមានជីវិត … បងប្អូនជនរួមជាតិ។ ថ្ងៃនេះ បើទោះបីជាទឹក ជំនន់ យាយីយើង ក៏ប៉ុន្តែយើងបានជួបគ្នាក្នុងទឹកមុខរីករាយ ដោយសារតែយើងបានមកកាន់តំបន់ដែលមានសុវត្ថិភាព ហើយយើងបានដឹងខ្លួនឯងយ៉ាងច្បាស់ថា ក្នុងគ្រួសារនីមួយៗ បើទោះបីមានការខូចខាតទ្រព្យសម្បត្តិ ផលដំណាំ ប៉ុន្តែ ហោចណាស់យើងប្រាកដក្នុងចិត្តថា យើងបានរស់រានមានជីវិត ក្រោយពេលដែលយើងត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ឬក៏នៅនឹងកន្លែងដែលយើងមានផ្ទះខ្ពស់ក្នុងការស្នាក់អាស្រ័យ។ ខ្ញុំពិតជាមានការរីករាយ ជាមួយនឹងទុក្ខក្រៀមក្រំ ហើយទុក្ខក្រៀមក្រំនោះ គឺការចូលរួមមរណទុក្ខចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរហូតមកដល់ពេលនេះមានរហូតទៅដល់ ១៨ នាក់ ក្នុងចំណោម ៣៤ នាក់ នៅទូទាំងប្រទេស … មុននឹងចូលទៅដល់បញ្ហាដទៃទៀត អនុញ្ញាតឱ្យខ្ញុំបានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ ពីសំណាក់ព្រះមហាក្សត្រជាទីសក្ការៈ ក៏ដូចជាសម្ដេចព្រះវររាជមាតាជាតិខ្មែរ សម្ដេចម៉ែ សម្ដេចយាយ សម្ដេចយាយទួត ជូនចំពោះបងប្អូនជនរួមជាតិ ហើយក៏បានសម្ដែងនូវកង្វល់ ព្រមទាំងសមានទុក្ខចំពោះអ្នកដែលបានបាត់បង់។ នឹងត្រឡប់មកបន្តចែកជំនួយនៅបន្ទាយមានជ័យម្ដងទៀតថ្ងៃសៅរ៍ ថ្ងៃនេះ បើទោះបីថាខ្ញុំបានមកយឺតបន្តិច ក៏ប៉ុន្តែ មិនទាន់ហួសពេលទេ។ ខ្ញុំសូមអភ័យទោស ដែលទុកឱ្យបងប្អូននៅចាំនៅទីនេះយូរ ដោយសារខ្ញុំជាប់កម្មវិធីនៅដំណាក់ទី ១ នៅក្បែរសិរីសោភ័ណអម្បាញ់មិញ ហើយនៅទីនោះគ្មានដំបូលទេ គឺយើងជួបគ្នានៅកណ្ដាលថ្ងៃ។ តែនៅទីនេះ យើងមានដំបូលជ្រក…