សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធសណ្ឋាគារ Hyatt Regency ភ្នំពេញ

សណ្ឋាគារ Hyatt Regency Phnom Penh ជាសមិទ្ធផលសង្គមជាតិ ថ្ងៃនេះ យើងរួមគ្នា ដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ Hyatt Regency Phnom Penh ដែលចាប់ពីពេលនេះតទៅ ខ្ញុំហៅត្រឹមតែសណ្ឋាគារ Hyatt។ នេះជាសមិទ្ធផលមួយទៀត ក្នុងចំណោមសមិទ្ធផលដែលសង្គមជាតិរបស់យើងទទួលបាន។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាជាសមិទ្ធផលសង្គមជាតិ បើនេះគ្រាន់តែជារបស់ក្រុមហ៊ុនមួយនោះ​ ត្រូវចងចាំថាសមិទ្ធផលដែលបានកើតនៅទីនេះ វាបានជួយដោះស្រាយបញ្ហាសង្គមរបស់យើង ទាក់ទងនឹងការងារធ្វើ ទាក់ទងនឹងពន្ធដារ ទាក់ទងនឹងការបម្រើឱ្យការទាក់ទាញនូវវិស័យទេសចរណ៍ និងផ្នែកដទៃទៀត។ ដូច្នេះហើយ វាជារបស់ក្រុមហ៊ុនឯកជនមួយ ក៏ប៉ុន្តែវាក៏ជាផ្នែកមួយ នៃសមិទ្ធផលរបស់សង្គមជាតិរបស់យើង​។ ខ្ញុំពិតជាមានមោទនភាព ដែលថ្ងៃនេះ យើងរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នូវសណ្ឋាគារ Hyatt ភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ហើយដែលអ្នកឧកញ៉ា លាង ឃុន បានធ្វើរបាយការណ៍អម្បាញ់មិញ ចាប់ផ្ដើមចូលមកក្នុងទីផ្សារទាក់ទងទៅនឹងបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍នេះ។ ការរីកចម្រើននៃតួអង្គជាបុគ្គល ជាក្រុមហ៊ុន ជាការរីកចម្រើនរបស់ប្រទេសទាំងមូល ពិតហើយ បើសិនជាយើងរំលឹកពីអតីតកាល អ្នករកស៊ីរបស់យើងនៅទីនេះ​ គ្មាននរណាមួយដែលមិនឆ្លងកាត់នូវដំណាក់កាលដ៏លំបាកលំបិន។ យើងទាំងអស់គ្នា សុទ្ធតែជាអ្នករងគ្រោះដែលបន្សល់ទុកដោយរបប ប៉ុល…