សណ្ឋាគារ Hyatt Regency Phnom Penh ជាសមិទ្ធផលសង្គមជាតិ
ថ្ងៃនេះ យើងរួមគ្នា ដើម្បីធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសណ្ឋាគារ Hyatt Regency Phnom Penh ដែលចាប់ពីពេលនេះតទៅ ខ្ញុំហៅត្រឹមតែសណ្ឋាគារ Hyatt។ នេះជាសមិទ្ធផលមួយទៀត ក្នុងចំណោមសមិទ្ធផលដែលសង្គមជាតិរបស់យើងទទួលបាន។ ហេតុអ្វីបានជាខ្ញុំនិយាយថា វាជាសមិទ្ធផលសង្គមជាតិ បើនេះគ្រាន់តែជារបស់ក្រុមហ៊ុនមួយនោះ ត្រូវចងចាំថាសមិទ្ធផលដែលបានកើតនៅទីនេះ វាបានជួយដោះស្រាយបញ្ហាសង្គមរបស់យើង ទាក់ទងនឹងការងារធ្វើ ទាក់ទងនឹងពន្ធដារ ទាក់ទងនឹងការបម្រើឱ្យការទាក់ទាញនូវវិស័យទេសចរណ៍ និងផ្នែកដទៃទៀត។ ដូច្នេះហើយ វាជារបស់ក្រុមហ៊ុនឯកជនមួយ ក៏ប៉ុន្តែវាក៏ជាផ្នែកមួយ នៃសមិទ្ធផលរបស់សង្គមជាតិរបស់យើង។ ខ្ញុំពិតជាមានមោទនភាព ដែលថ្ងៃនេះ យើងរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នូវសណ្ឋាគារ Hyatt ភ្នំពេញ ដែលវិនិយោគដោយក្រុមហ៊ុន ជីប ម៉ុង ហើយដែលអ្នកឧកញ៉ា លាង ឃុន បានធ្វើរបាយការណ៍អម្បាញ់មិញ ចាប់ផ្ដើមចូលមកក្នុងទីផ្សារទាក់ទងទៅនឹងបដិសណ្ឋារកិច្ចក្នុងវិស័យទេសចរណ៍នេះ។
ការរីកចម្រើននៃតួអង្គជាបុគ្គល ជាក្រុមហ៊ុន ជាការរីកចម្រើនរបស់ប្រទេសទាំងមូល
ពិតហើយ បើសិនជាយើងរំលឹកពីអតីតកាល អ្នករកស៊ីរបស់យើងនៅទីនេះ គ្មាននរណាមួយដែលមិនឆ្លងកាត់នូវដំណាក់កាលដ៏លំបាកលំបិន។ យើងទាំងអស់គ្នា សុទ្ធតែជាអ្នករងគ្រោះដែលបន្សល់ទុកដោយរបប ប៉ុល ពត។ ចំណុចនេះ អ្នកឧកញ៉ា លោកឧកញ៉ា ដែលជាម្ចាស់ក្រុមហ៊ុននានា រាប់ទាំងក្រុមហ៊ុន ជីប ម៉ុង ផង ក៏បានឆ្លងកាត់នូវដំណាក់កាលដ៏លំបាកលំបិនពីសម័យ ប៉ុល ពត … អ្វីដែលខ្ញុំបានស្ដាប់ឮនូវអ្នកឧកញ៉ា លោកជំទាវ ភាព ហៀក បានប្រាប់ខ្ញុំថា ដើមទុនដំបូង គឺត្រឹមតែមាស ២ ជីតែប៉ុណ្ណោះ ដែលខ្ចីពីបងប្អូន។ ការចាប់ផ្ដើមពីដើមទុនមាស ២ ជី ឥឡូវនេះ នៅទីនេះ គឺវិនិយោគ បើសិនជាវិនិយោគកាលពីសម័យមុន ដែលមាននៅត្រឹមតែ ១ គីឡូ ត្រឹមតែ ១ ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីទសវត្សរ៍ ៩០។ នៅទីនេះ គឺវិនិយោគអស់ទឹកប្រាក់ ១៨០ លានដុល្លារសហរដ្ឋអាមេរិក។ ឥឡូវយើងគិតថា (ជា)មាសគីឡូ បើគិតពីសម័យដើម វាត្រូវជាប៉ុន្មានតោនមាស។ អញ្ចឹងចាប់ផ្ដើមពីដើមទុនត្រឹមតែ ២ ជីមាស ក្រោយពេលរំដោះប្រទេស ហើយមកពង្រីកខ្លួន ពហុវិស័យ ដែលមានតាំងពីសម័យសំណង់ រហូតទៅដល់វិស័យនេះ វិស័យនោះ និងរហូតមកដល់សណ្ឋាគារផ្កាយ ៥ នេះ ក៏បង្ហាញឱ្យឃើញអំពីការរីកចម្រើននៃតួអង្គបុគ្គល តួអង្គក្រុមហ៊ុន ក៏ដូចជាការរីកចម្រើនរបស់ប្រទេសយើងទាំងមូលផងដែរ។
វិស័យឯកជនជារថភ្លើងនៃកំណើនសេដ្ឋកិច្ច
ខ្ញុំពិតជាមោទនភាព និងវាយតម្លៃខ្ពស់ក្នុងការចូលរួមចំណែករបស់ក្រុមហ៊ុន ជីប ម៉ុង និយាយដោយឡែក ក៏ដូចជាក្រុមហ៊ុនដទៃទៀត និយាយជារួម ដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការធ្វើឱ្យមានការរីកចម្រើនឡើងនូវការអភិវឌ្ឍសម្រាប់ប្រទេសរបស់យើង។ ការរីកចម្រើនរបស់ក្រុមហ៊ុននីមួយៗ ការរីកចម្រើនរបស់គ្រួសារនីមួយៗ វាជាផ្នែកដ៏សំខាន់ ដែលនាំទៅដល់ប្រទេសរីកចម្រើន មិនអាចត្រឹមតែរដ្ឋធ្វើជាអ្នកមាន ប៉ុន្តែប្រជាជនក្រនោះទេ។ វិស័យឯកជន ចាត់ទុកថា ជារថភ្លើងនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ រដ្ឋត្រឹមតែជាសេដ្ឋវិទូតែប៉ុណ្ណោះ ដើម្បីតម្រង់ទិស។ ក៏ប៉ុន្តែ ក្រុមប្រតិបត្តិករជាក់ស្ដែងនៃការធ្វើឱ្យមានការរីកចម្រើន គឺវិស័យឯកជននេះតែម្ដង។ យើងសង្កេតឃើញថា អ្នកវិនិយោគិនក៏មានច្រើននៅទីនេះ ដូចជា៖ ឧកញ៉ា ពុង ឃាវសែ ដែលវិនិយោគទៅដល់ព្រលានយន្តហោះឯណោះ។ ឧកញ៉ា គិត ម៉េង វិនិយោគច្រើនវិស័យ រាប់ទាំងទូរគមនាគមន៍ ដែលចាប់ផ្ដើមមុនគេនៅក្នុងប្រទេសរបស់យើង គឺក្រុមហ៊ុន Cellcard និងផ្នែកដទៃទៀត។
គ្មានការរំដោះ ៧ មករា ១៩៧៩ ទីក្រុងភ្នំពេញ គ្រាន់តែជាទីក្រុងខ្មោច ដែលគ្មានមនុស្សរស់នៅ
ទាំងអស់នេះ ចាប់ផ្ដើមពីអ្វី? យើងគួរតែត្រូវនិយាយដោយក្លាហាន ហើយនេះមិនមែនខុសសច្ចធម៌។ បើសិនជាមិនមានការរំដោះ ៧ មករា ១៩៧៩ ទេ តើអ្នកទាំងអស់គ្នានៅមានជីវិតទេ សព្វថ្ងៃនេះ? នេះជាចំណុចដែលត្រូវនិយាយការពិត។ អ្នកដែលខ្លាចការពិតមិនចាំបាច់ស្ដាប់ទេ។ ពួកគេក៏មិនសមជាមនុស្សដែរ ប្រហែលជាតិរច្ឆាន។ គេត្រូវដឹងថា កុំថាឡើយ ៤២ ឬ ៤៣ ឆ្នាំក្រោយ សូម្បីតែបន្ថែមរបប ប៉ុល ពត ត្រឹមតែ ២ ឬ ៣ ឆ្នាំទៀត ក៏ប្រហែលជាប្រជាជនកម្ពុជានៅសល់ប៉ុន្មានទៅ? នេះជាចំណុចដែលយើងត្រូវមើលឃើញឱ្យបានច្បាស់។ ទីក្រុងភ្នំពេញ ពេលដែលយើងចាប់ផ្ដើម តើមានអ្វីខ្លះ? សូម្បីតែខ្លួនខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំក៏ត្រូវទទួលនូវសោកនាដកម្មមួយបន្ថែមទៀត បន្ទាប់ពីការព្រាត់ប្រាសនិរាស ហើយរហូតមកជួបគ្នាវិញ ពីកូននៅក្នុងផ្ទៃ រហូតទៅដល់កូនចេះនិយាយ ហៅឪពុកថា ជាពូ។ បន្ទាប់ពីកូនបានទទួលស្គាល់ថាជាឪពុក ព្រមហៅឪពុក រឿងមួយបានកើតឡើង គឺនៅត្រង់ថា ភរិយារបស់ខ្ញុំរលូតកូន។ ការរលូតកូននេះ វាចាប់ផ្ដើមពីអ្វី? ឥឡូវនេះ ទីក្រុងភ្នំពេញមានទឹកស្អាត មិនមែនមានទឹកស្អាតត្រឹមតែទីក្រុងភ្នំពេញទេ ទឹកស្អាតគ្របដណ្ដប់រហូតទៅដល់ជនបទ ប៉ុន្តែពេលដែលពួកខ្ញុំចូលមករស់នៅទីក្រុងភ្នំពេញ សម្ដេច ឯកឧត្តម លោកជំទាវនៅទីនេះ ក៏សុទ្ធតែជួបភ័ព្វសំណាង មិនខុសពីខ្ញុំទេ។ យើងត្រូវយករទេះ ធុងទឹកទៅអូសទឹកទន្លេមេគង្គយកមកប្រើប្រាស់។ ពេលនោះ ផ្ទះរបស់ខ្ញុំនៅជាប់ជាមួយនឹងផ្ទះសម្ដេច ហេង សំរិន។ យើងបានប្រើប្រាស់នូវធុងទឹកអូសទឹកពីទន្លេមេគង្គ យកមកដើម្បីដាក់នៅពាងខាងក្រោយ(ផ្ទះ) ហើយចាប់ផ្ដើមរកប៉ោត ដើម្បីនឹងយកទឹកឡើងទៅលើ។ សម័យថ្ងៃមួយ ខ្ញុំប្រញាប់ទៅធ្វើការ ខ្ញុំមិនបានធ្វើនូវកិច្ចការយកទឹកឡើងទៅលើផ្ទះ ប្រពន្ធខ្ញុំ ដែលពេលនោះមានផ្ទៃពោះ ក៏ត្រូវលើកទឹកខ្លួនឯង។ ស្រ្តីមានផ្ទៃពោះ គឺត្រូវថ្នមខ្លួន … នោះហើយ គឺជារឿងដែលបានកើត។
ពីទីក្រុងមួយ ប្រៀបទៅការចាប់ផ្ដើមនៅឆ្នាំ ១៩៧៩ ទីក្រុងភ្នំពេញបានរីកចម្រើនខ្លាំងសម្បើម
កម្រិតរបបរបស់ខ្ញុំកាលពីឆ្នាំ ១៩៧៩ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស ពេលនោះមានស្បៀងត្រឹមតែ ១៦ គីឡូទេ។ ក្នុង ១៦ គីឡូនេះ មានអង្ករ ១០ គីឡូ និងពោត ៦ គីឡូ។ នេះគឺជាចំណុចចាប់ផ្ដើមរបស់យើងដ៏លំបាក។ ពេលទទួលទានមិនគ្រប់គ្រាន់ យើងទៅកាប់ចេកនៅខាងក្រោយ ដើម្បីយកមកស្ងោរ ឬយកមកលាយជាមួយនឹងអង្ករដើម្បីដាំបាយ។ ចំណុចនេះ យើងនឹកឃើញជាមួយនឹងអតីតកាលដ៏ឈឺចាប់របស់ប្រជាជនយើង។ ក្នុងពេលដែលខ្ញុំធ្វើដំណើរមកតាមផ្លូវ នៅក្នុងឡានរបស់ខ្ញុំ គឺខ្ញុំតែងមើលទូរទស្សន៍ជាប់។ សម័យនេះហើយ គឺសម័យឌីជីថល។ ទៅកន្លែងណា គឺមើល(ទូរទស្សន៍បាននៅ)កន្លែងហ្នឹង។ ក្នុងរថយន្តរបស់ខ្ញុំភ្ជាប់ដោយទូរទស្សន៍ និងមានអ៊ីនធើណែតដែលមិនចេះដាច់។ ខ្ញុំបានមើល BTV គេផ្សាយបន្តផ្ទាល់ ប្រហែលគេចាប់ drone ហើយគេបញ្ចាំងនូវរូបភាព។ នៅពេលដែលខ្ញុំជក់មើលទៅលើព័ត៌មាន ហើយខ្ញុំវាយបញ្ជូនសារមកសម្ដេច ស ខេង, សម្ដេច ទៀ បាញ់, លោកជំទាវ ម៉ែន សំអន និងអ្នកដឹកនាំមួយចំនួនទៀត។ ពេលខ្ញុំក្រឡេកមើលទៅ ដំបូង មើលរូបភាពខ្ញុំស្មានថានៅប្រទេសណាតើ។ ដល់ទៅឃើញពិធីការិនីរបស់ BTV ធ្វើការអត្ថាធិប្បាយ ទើបដឹងថា នេះជាប្រទេសរបស់ខ្លួនឯងទីក្រុងភ្នំពេញ។ ទីក្រុងភ្នំពេញ ដែលចាប់ផ្ដើមពីទីក្រុងមួយ ជាទីក្រុងខ្មោច ខ្លាចទៅជាទីក្រុងមួយដែលយើងមិនអួតអាងថាជាទីក្រុងទំនើប ទីក្រុងគុជខ្យង ឬទីក្រុងស្អីទេ ក៏ប៉ុន្តែបើប្រៀបធៀបពីអ្វីដែលយើង ពីការចាប់ផ្ដើមនៅឆ្នាំ ១៩៧៩ ទីក្រុងនេះ បានរីកចម្រើនខ្លាំងសម្បើម។ យើងដឹងហើយ អតីតកាលរបស់យើង ពីដើមអាគារដែលខ្ពស់ជាងគេ គឺ ៧ ជាន់ ហើយមានតែមួយ … ឥឡូវនេះ យើងមាន(អាគារខ្ពស់ៗ)ច្រើន។ នេះបង្ហាញពីការរីកលូតលាស់នៃប្រទេសរបស់យើង។
សន្ដិភាពផ្តល់នូវការទាក់ទាញនិងការអនុគ្រោះ ដល់ការវិនិយោគនិងការរីកចម្រើន
ចំណុចបន្ទាប់ តើអ្វីទៅជាកម្លាំងជម្រុញ ដែលនាំទៅដល់ភាពទាក់ទាញ និងផ្ដល់នូវការអនុគ្រោះសម្រាប់ការវិនិយោគ និងការរីកចម្រើនរបស់ប្រទេសយើង។ កត្តាសន្ដិភាពដែលយើងរកបានដោយលំបាក យើងមិនត្រូវបានមើលរំលង ហើយក៏មិនត្រូវប្រគល់ ផ្ដល់ឱ្យនរណាមកបំផ្លិចបំផ្លាញនោះទេ។ ទោះបីនរណាចង់និយាយអី និយាយទៅចុះ។ មិត្តភក្ដិបរទេសនៅទីនេះ ទោះបីយ៉ាងណាក៏ដោយ ខ្ញុំមិនខ្លាចនឹងនិយាយចំពោះមិត្តភក្ដិបរទេសថា បើគ្មានសន្ដិភាពទេ សុំកុំសង្ឃឹមថានឹងអាចអភិវឌ្ឍបាន។ ប្រទេសយើងខ្ញុំ គឺជាបទពិសោធន៍គ្រប់គ្រាន់ណាស់ទៅហើយអំពីការបាត់បង់សន្ដិភាព។ សមិទ្ធផលដែលដូនតាយើងបានកសាងពីមុន ជាពិសេសសមិទ្ធផលព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ដែលព្រះអង្គបានខិតខំកសាង រាប់ទាំងសមិទ្ធផលដែលសម័យបារាំងកសាង ក៏ត្រូវបំផ្លិចបំផ្លាញ។ ទីក្រុងភ្នំពេញមួយ និងទីក្រុងដទៃទៀតទៅទូទាំងប្រទេស អត់មានមនុស្សនៅ គឺស្មើនឹងសូន្យ។ អ្នកខ្លះ ពេលដែលខ្ញុំនិយាយពីសន្ដិភាព ដោយមិនបាននិយាយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពួកគេគិតតែទិតៀនខ្ញុំថា ខ្ញុំមិនឱ្យតម្លៃលើសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ អ្វីដែលខ្ញុំចង់និយាយ ខ្ញុំផ្ដល់សារសំខាន់ធំធេងទៅលើសិទ្ធិរស់រានមានជីវិតជាមុន។ បើអ្នកឯងងាប់ទៅហើយ អ្នកឯងទៅសរសេរកាសែតធ្វើអី។ អ្នកឯងចង់បើកបក្សនយោបាយក៏បើកមិនបាន អ្នកឯងចង់សរសេរសារព័ត៌មាន ចង់បញ្ចេញមតិអីក៏អត់បានដែរ។ អញ្ចឹង អ្វីដែលយើងខ្ញុំត្រូវធ្វើ គឺសិទ្ធិរស់រានមានជីវិត។ សិទ្ធិរស់រានមានជីវិតនេះ មិនត្រូវឱ្យប្រទេសនេះកើតឡើងនូវសង្រ្គាមទេ។ ដូច្នេះហើយបានជាខ្ញុំតែងនិយាយថា ដោយតម្លៃណាក៏ដោយ គឺត្រូវតែរក្សាសន្ដិភាពនេះឱ្យបាន។
តុលាការបរាជ័យបាន តែប្រទេសកើតសង្រ្គាមឡើងវិញ មិនបានទេ
នៅចំពោះមុខអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូន (Ban Ki-moon) ក្នុងពេលដែលគាត់មកទស្សនកិច្ចនៅកម្ពុជា គាត់បាននិយាយពីរឿងនេះរឿងនោះ ទាក់ទងនឹងតុលាការកូនកាត់ដែលជិតនឹងបញ្ចប់ទៅហើយនេះ ខ្ញុំប្រាប់ឯកឧត្តម បាន គីមូន ថា ខ្ញុំសុខចិត្តឱ្យតុលាការនេះបរាជ័យ តែខ្ញុំមិនសុខចិត្តឱ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញនោះទេ។ នេះជាសម្ដីដែលមានកត់ត្រាទុក ទាំងខាងភាគីអង្គការសហប្រជាជាតិ ទាំងភាគីរបស់យើងខ្ញុំ ចរចាគ្នានៅវិមានសន្ដិភាព។ ដែលពេលនោះ យើងរៀបចំទទួលឯកឧត្តម បាន គីមូន ប្រហាក់ប្រហែលជាមួយនឹងប្រមុខរដ្ឋាភិបាលមួយ ដោយមានការត្រួតពល ដែលអមដំណើរដោយនាយករដ្ឋមន្រ្តី។ ពេលនោះ ពិភាក្សាស្ដីអំពីបញ្ហា សំណុំរឿង ០០១, ០០២, ០០៣, ០០៤ និង ០០៥ ទៅឯណា ខ្ញុំថា អត់ទេ សុំទោសយើងមិនមែនជ្រៀតជ្រែកលើកិច្ចការតុលាការទេ ក៏ប៉ុន្តែយើងត្រូវតែគិត។ ខ្ញុំនិយាយត្រង់ៗតែម្ដង ខ្ញុំថា ខ្ញុំសុខចិត្តឱ្យតុលាការបរាជ័យ តែខ្ញុំមិនឱ្យប្រទេសខ្ញុំកើតសង្រ្គាមឡើងវិញទេ។ សុំកុំយកការកាត់ទោស ៤ ទៅ ៥ នាក់ ដើម្បីធ្វើឱ្យមានការភ័យខ្លាច និងនាំទៅដល់សង្រ្គាមស៊ីវិលឡើងវិញ តើងាប់ប៉ុន្មាននាក់? ខ្ញុំត្រូវនិយាយនូវភាសានេះ ដើម្បីប្រាប់ទៅជនរួមជាតិរបស់យើងឱ្យបានដឹង អំពីមោទនភាពជាតិរបស់យើង ដែលយើងរកបានដោយលំបាក។
អ៊ុនតាក់ ដកចេញ បន្សល់ទុកអោយកម្ពុជានូវតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ
អ្នកទាំងឡាយដែលជាមិត្តភក្ដិបរទេសនៅទីនេះ ហើយដែលជាហត្ថលេខីនៃកិច្ចព្យមព្រៀងទីក្រុងប៉ារីសផងដែរ ឬហោចណាស់ ថ្ងៃនេះក៏មានសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្ដិសុខនៅទីនេះខ្លះ និងប្រទេសអាស៊ានខ្លះ បានដឹងឮ អ្វីដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន ប៉ុន្តែ អ៊ុនតាក់ មិនអាចសម្រេចបាន។ គឺអ្វី? កិច្ចព្រមព្រៀងទីក្រុងប៉ារីស សំដៅរកសន្ដិភាព សំដៅរកប្រជាធិបតេយ្យ ក៏ប៉ុន្តែដំណើរការប្រជាធិបតេយ្យពេលនោះ មានសន្ដិភាពហើយ ឬនៅ? ដំណើរការប្រជាធិបតេយ្យ យើងទទួលស្គាល់ថា យើងបានបោះឆ្នោតនៅឆ្នាំ ១៩៩៣ ក៏ប៉ុន្តែការបោះឆ្នោតនៅពេលនោះមិនទាន់បានពេញលេញនៅទូទាំងប្រទេសទេ។ ពេល អ៊ុនតាក់ ចាយលុយប្រមាណជាង ២,០០០ លានដុល្លារ ពេល អ៊ុនតាក់ ដកត្រឡប់ទៅវិញ អ៊ុនតាក់ បានបន្សល់អ្វីខ្លះ? ពិតហើយយើងខ្ញុំអរគុណចំពោះអង្គការសហប្រជាជាតិ អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិគឺ អ៊ុនតាក់ ដែលបានខិតខំចូលរួមជាមួយយើងខ្ញុំ។ ប៉ុន្តែសូមកុំភ្លេចថា នៅពេលដែល អ៊ុនតាក់ ដកចេញ ប្រទេសកម្ពុជាមួយនៅតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ។
“បើស្លាប់ ក៏ស្លាប់តែប៉ុន្មាននាក់ប៉ុណ្ណោះ … បើបានមកវិញគឺបានផែនដីទាំងមូល”
វាយគ្នាប៉ុណ្ណាទៅ? រហូតទៅចរចាដល់ ព្យុងយ៉ាង កូរ៉េខាងជើង។ សូមកុំភ្លេចប្រវត្តិអស់ទាំងនេះ។ ខ្ញុំត្រូវបានសម្ដេច ជា ស៊ីម សម្តេច ក្រុមព្រះ ប្រគល់ភារកិច្ចឱ្យខ្ញុំចរចាទល់ជាមួយ ខៀវ សំផន និង ស៊ិន សេន នៅពេលនោះ។ យើងស្នើឱ្យមានការឈប់បាញ់នៅនឹងកន្លែង។ ប្រើពាក្យឈប់បាញ់នៅនឹងកន្លែង។ សម្តេចព្រះសង្ឃរាជ មានទាំងសម្តេច ទេព វង្ស មានទាំងសម្តេច បួរ គ្រី មានទាំងសម្តេច អ៊ុម ស៊ុម មានទាំងសម្តេច ឃោសនន្ទ (Samdech Preah Maha Ghosananda) សុំបិណ្ឌបាតថាឱ្យឈប់បាញ់។ ខៀវ សំផន អត់ព្រមទេ។ រហូតដល់មានការបោះជាក្រដាសប្រាក់សម្រាប់ការចាយនៅតំបន់ដែលគេគ្រប់គ្រងទៀតផង។ អញ្ចឹងនេះជាអ្វី? បានសេចក្តីថា សង្គ្រាមអត់ទាន់ចប់។ យើងត្រូវចាប់ផ្តើមយកក្បាលធ្វើដើមទុនសាជាថ្មីម្តងទៀត បន្ទាប់ពីថ្ងៃ ២០ ខែមិថុនា ឆ្នាំ ១៩៧៧។ យើងត្រូវយកក្បាលខ្លួនឯងធ្វើដើមទុន។ ខ្ញុំធ្លាប់រំលឹក(ពីការ)ចូលទៅតំបន់ខ្មែរក្រហម។ ពេលនោះបើទៅបញ្ជូនតែ ១ កងពល ឬ ២ កងពលទៅក៏វាមិនគ្រប់ដែរ។ ខ្ញុំធ្លាប់និយាយហើយ ម្តាយខ្ញុំ និងម្តាយធំខ្ញុំ បានណាត់បងប្អូន(គាត់) បើកទ្វារទៅជួបជាមួយខ្ញុំ។ (ពួកគាត់)សួរថា ទៅតំបន់គេ មិនខ្លាចគេសម្លាប់ទេអី? ខ្ញុំបានប្រាប់(ទៅគាត់វិញថា) “ម៉ែ! ធំ! ប្រសិនបើស្លាប់ក៏ស្លាប់តែពួកខ្ញុំប៉ុន្មាននាក់តែប៉ុណ្ណោះ។ ខ្ញុំនិងអ្នកដែលទៅជាមួយខ្ញុំ។ ប៉ុន្តែបើបានមកវិញគឺបានផែនដីទាំងមូល”។ ពិតប្រាកដមែន យើងទៅតំបន់នោះ។
យកខួបលើកទី ២៣ នៃការបញ្ចប់សង្គ្រាម ថ្ងៃទី ២៩ ធ្នូ ១៩៩៨/២១ សម្ពោធក្រសួងការពារជាតិ
ពេលធ្វើសមាហរណកម្មដំបូងនៅត្រឹម ឱរ៉ាល់។ វាអត់ទាន់បញ្ហាទេ។ យើងធ្វើដូចជាខែកុម្ភៈ ដើមឆ្នាំ ១៩៩៦ នៅ ឱរ៉ាល់។ វាអត់បញ្ហាទេ ព្រោះយើងមកធ្វើនៅតំបន់ដែលយើងគ្រប់គ្រង។ ប៉ុន្តែដល់យើងទៅធ្វើនៅ ប៉ៃលិន ទៅ សំឡូត ទៅកំរៀងភ្នំព្រឹក្ស ទៅ ម៉ាឡៃ ប្រសិនបើបងប្អូនទាំងនោះគេមានសកម្មភាព តើយើងយកអីទៅទប់ទល់? អញ្ចឹងសន្តិភាពនេះរកបានដោយលំបាក។ នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ខួបលើកទី ២៣ នៃការបញ្ចប់សង្គ្រាមនាំមកនៅឯកភាពទឹកដីបានមកដល់ គឺនៅថ្ងៃទី ២៩ ធ្នូ ឆ្នាំ ១៩៩៨ ដល់ ខែធ្នូ ២០២១ ដែលពេលនោះយើងយកជាថ្ងៃសម្ពោធសម្រាប់ក្រសួងការពារជាតិ។ ខ្ញុំបានមើលរឿងរជ្ជកាល ថាង។ ខ្ញុំមិនប្រៀបធៀបខ្លួនខ្ញុំទៅនឹងអធិរាជ លី សៀវមិញ របស់រជ្ជកាល ថាង ទេ។ ដើមឡើយអធិរាជ លី សៀវមិញ ស្តេចអង្គនេះគឺធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីប្រមូលកុលសម្ព័ន្ធ ផ្តល់សេចក្តីសុខឱ្យពួកគេ បញ្ឈប់ចម្បាំងរាំងជល់។ ខ្ញុំមិនប្រៀបធៀបទេព្រោះហ្នឹងប៉ុន្មានពាន់ឆ្នាំមុននោះ ក៏ប៉ុន្តែ ហ៊ុន សែន ដំណាក់កាលក្រោយ ជាប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះកំពុងមានវត្តមាននៅទីនេះ។ ពិតមែនអ្នកខ្លះក៏ទទួលមរណកាលទៅហើយ ប៉ុន្តែភាគច្រើននៅសេសសល់ដែលជាសាក្សីរស់នៃដំណើររឿងនេះ។
សន្តិភាព ផ្តល់ឱកាសមាស/ពេជ្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
អញ្ចឹង សន្តិភាពវាបានផ្តល់ឱ្យយើងនូវឱកាសមាស ឱកាសពេជ្រ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ។ ប្រសិនបើគ្មានសន្តិភាពទេ សួរថាតើយើងអភិវឌ្ឍបែបណាទៅ? ក្រៅពីពិសោធន៍របស់កម្ពុជា សូមក្រឡេកមើលទៅប្រទេស អ៊ីរ៉ាក់ លីប៊ី ទៅប្រទេស ស៊ីរី ដើម្បីតែជីវិតរបស់ សាដាម ហ៊ូសេន មួយ តើត្រូវបំផ្លាញជីវិតប្រជាជន អ៊ីរ៉ាក់ អស់ប៉ុន្មានទៅ? ចោទថា អ៊ីរ៉ាក់ មានអាវុធប្រល័យលោក លើកកងទ័ពចូល អ៊ីរ៉ាក់ ទីចុងបំផុត ឥឡូវនេះស្លាប់ប្រជាជន អ៊ីរ៉ាក់អស់ប៉ុន្មាន? សម្លាប់ សាដាម ហ៊ូសេន បានហើយ ប៉ុន្តែ តើឯណាទៅអាវុធប្រល័យលោក របស់ សាដាម ហ៊ូសេន? … សុខៗ ទៅវាយគេសម្លាប់ ហ្កាដាហ្វី។ ប៉ុន្តែ ឥឡូវនេះប្រជាជន លីប៊ី ទទួលបានផលអ្វី? អភិវឌ្ឍបានទេ តើមានទេសចរណ៍ទេ? នៅ ស៊ីរី តើការខូតខាតអស់ទំហំប៉ុណ្ណាទៅ? ឥឡូវនេះ កងទ័ពរបស់យើងកំពុងស្ថិតនៅអាហ្វ្រិកកណ្តាល កំពុងស្ថិតនៅ ម៉ាលី នៅ ស៊ូដង់ខាងត្បូង នៅលីបង់។ យើងយល់ច្បាស់អំពីបញ្ហានេះ។
ត្រូវពង្រឹងសន្តិភាព មិនឱ្យអនុភាពប្រតិកិរិយាណាបំផ្លាញបានទេ
ដូច្នេះហើយ សន្តិភាពត្រូវតែពង្រឹង។ មិនអាចឱ្យអនុភាពប្រតិកិរិយាណា ទោះបីអាសិរពិសយ៉ាងណាមកបំផ្លាញបានទេ។ អ្នកណាចង់និយាយពីអីគឺនិយាយប៉ុន្តែយើងខ្ញុំត្រូវចាប់ផ្តើមពីសិទ្ធិរស់រានមានជីវិត ទើបធានាបាននូវការអភិវឌ្ឍ ដើម្បីធានាបាននូវសិទ្ធិរស់រានមានជីវិត សូមកុំឱ្យមានសង្គ្រាមកើតនៅក្នុងប្រទេសរបស់យើង។ វាមិនមែនជាសំណូមពរហួសហេតុទេ។ វាជាសេចក្តីត្រូវការរបស់មនុស្សទាំងអស់នៅលើពិភពលោក។ តើអ្នកណាចង់នៅក្រោមគ្រាប់បែក? តើអ្នកណាចង់នៅក្រោមគ្រាប់កាំភ្លើង? ដូច្នេះ ក្រឡេកមើលមកក្នុងប្រទេសរបស់យើង បើគ្មានសន្តិភាពទេ ទៅទីនេះក៏កាំភ្លើង ទៅទីនោះគេស្ទាក់បាញ់ មានគ្រាប់បែកនៅគ្រប់ទីកន្លែង តើយើងធ្វើអី? ដីកម្ពុជាធ្លាប់ជាដីដែលគ្មានតម្លៃហើយត្រូវគេរត់ចោល ឱ្យក៏គេមិនយក ប៉ុន្តែឥឡូវក្លាយជាទីកន្លែងនៃជម្លោះដីធ្លី។ ដោយសាអី? ដោយសារតែវាមានសន្តិភាព បើវាអត់មានសន្តិភាពទេរត់ចោលអាដីធ្លីហ្នឹង … អត្រានៃភាពក្រីក្ររបស់យើងក៏ត្រូវបានទម្លាក់់ចុះ។
វ៉ាក់សាំងនិងបណ្តាវិធានការនានា បន្ថយចំនួនឆ្លងនិងស្លាប់
ពិតហើយ យើងឆ្លងកាត់នៅដំណាក់កាលដ៏លំបាកថ្មីទៀត ដែលយើងបានប្រឈមរយៈពេល យើងថា ២ ឆ្នាំទៅចុះ នូវវត្តមានកូវីដ-១៩ គឺនៅខែមករា ឆ្នាំ ២០២០ … រយៈពេល ២ ឆ្នាំមកហើយ កូវីដ-១៩ បានរារាំងយើង សម្លាប់ប្រជាជនយើង។ ប៉ុន្តែយុទ្ធសាស្ត្រដឹកនាំរបស់យើង បានស្រោចស្រង់សភាពការណ៍នេះ។ យើងបានបើកប្រទេសឡើងវិញក្នុងរយៈពេលជាង ១ ខែ មកនេះ។ ថ្ងៃនេះយើងហ៊ានជួបជុំគ្នា ទោះបីព្រឹកមិញអ្នកមកដែលមកទីនេះបានធ្វើតេស្តរកឃើញ ១ ករណី ដោយ rapid test គឺអ្នកថតទូរទស្សន៍អប្សរា ដែលលោកជំទាវ យក់ សម្បត្តិ បានធ្វើរបាយការណ៍ … ហើយបញ្ជូនទាំងរូបភាពរបស់មនុស្សនោះមកឱ្យខ្ញុំ។ ប៉ុន្តែសូមបញ្ជាក់ … ជាលើកដំបូងនៅក្នុងថ្ងៃនេះចាប់តាំងពីខែកុម្ភៈមក ដែលយើងចុះមកនៅ(លេខ) ១ ខ្ទង់។ ថ្ងៃនេះការ(ពិនិត្យរកអ្នក)ឆ្លងដែលធ្វើដោយ PCR គឺមានតែ ៨នាក់ទេ។ យើង(ធ្លាប់)ឡើងដល់ជាង ១ ពាន់ ពីរដង ហើយបានចុះៗ មកដល់នៅ ២ ខ្ទង់លេខ។ ថ្ងៃនេះប្រហែលជាថ្ងៃល្អ ដែលមានត្រឹមតែ ៨ នាក់នៃការឆ្លង។ តើនេះវាចាប់ផ្តើមពីអ្វីទៅ? វាក៏ចាប់ផ្តើមពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាដើម្បីរកវ៉ាក់សាំងចាក់ឱ្យប្រជាជន។ ការរកវ៉ាក់សាំងចាក់ឱ្យប្រជាជនយើងជាមួយនឹងវិធានការទាំងឡាយដែល យើងបានប្រកាន់យកទៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាជន ធ្វើឱ្យចំនួនឆ្លង ចំនួនស្លាប់ មានមិនច្រើនទេ បើប្រៀបធៀបជាមួយប្រទេសដែលមានចំនួនឆ្លងច្រើន និងស្លាប់ច្រើន។ យើងខិតខំតស៊ូ។ សូមអរគុណចំពោះបណ្តាក្រុមហ៊ុននានា សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល ទឹកប្រាក់មិនតិចទេនៅក្នុងការចូលរួមចំណែកទៅដល់ការទិញវ៉ាក់សាំង ទៅដល់ការប្រយុទ្ធប្រឆាំង និងការចំណាយដទៃទៀត។
បើយើងគ្មានយុទ្ធសាស្ត្រត្រឹមត្រូវក្នុងការគ្រប់គ្រងសភាពការណ៍នេះទេ សួរថាយើងអាចដោះស្រាយបញ្ហាបានទេ? អត់ទេ។ សូម្បីតែមានវ៉ាក់សាំងហើយ ប៉ុន្តែបើគ្មានវិធីប្រើប្រាស់វ៉ាក់សាំងឱ្យចំគោលដៅគឺក៏មិនអាចដោះស្រាយបានបញ្ហាដែរ។ រឿងនេះខ្ញុំមិនមែនធ្វើគ្រូឱ្យប្រទេសណាទេ ប៉ុន្តែខ្ញុំគ្រាន់និយាយពីបទពិសោធន៍របស់កម្ពុជា។ ដោយសារវ៉ាក់សាំងរបស់យើងមានចំនួនតិច ពេលនោះបណ្តាខេត្តបានស្នើសុំវ៉ាក់សាំងតាមសារ វាយបញ្ជូនមកខ្ញុំ។ ក៏មានសារបញ្ចូនទៅលោកជំទាវ ឱ វណ្ណឌីន។ ខ្ញុំគិតថា បើខ្ញុំមិនបញ្ចេញសារសម្លេងរបស់ខ្ញុំទេ គឺទប់មិនជាប់ទេ។ ខ្ញុំបញ្ចេញនូវសារសម្លេងថា ឥឡូវយុទ្ធសាស្ត្ររបស់យើងគឺចាក់វ៉ាក់សាំងនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ឱ្យជោគជាំសិន។ ខ្ញុំលើកឧទាហរណ៍៖ បើសិនមានវ៉ាក់សាំងគ្រប់វាអត់បញ្ហាទេ ប៉ុន្តែវ៉ាក់សាំងមិនគ្រប់។ ឥឡូវខ្ញុំលើកឧទាហរណ៍៖ យើងមានវ៉ាក់សាំងស្មើនឹង ១០% នៃប្រជាជនទូទាំងប្រទេស។ អញ្ចឹង យើងចាប់ផ្តើមចែកតាមសមាមាត្រ ១០% នៃចំនួនប្រជាជននៅតាមរាជធានី ខេត្តនីមួយៗ។ អញ្ចឹង សួរថា ភាពស៊ាំសហគមន៍កើតឡើងបានទេ? ក្នុង ១០០ នាក់ ចាក់បានតែ ១០ នាក់ ហើយ ៩០នាក់់ទៀតអត់បានចាក់ … ពេលដែលយើងចូលប្រជុំក្នុងគ្នា ១០ នាក់ មានតែម្នាក់ទេដែលបានចាក់វ៉ាក់សាំង ៩ នាក់ អត់បានចាក់វ៉ាក់សាំង។ អញ្ចឹងសួរថា ដោះស្រាយបានបញ្ហាទេ? អត់ដោះស្រាយបានបញ្ហាទេ។ អញ្ចឹងបានជា ខ្ញុំយកយុទ្ធសាស្ត្រមួយឱ្យបងប្អូនខាងក្រោមទ្រាំ ខិតខំការពារនៅពេលនោះ ហើយស្រោចនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលឱ្យជោគ បន្ទាប់់ទៅបានបញ្ចេញទៅ។
ភាពស៊ាំសហគមន៍ក្បែរ ៨៩% អាចអោយបើកប្រទេសឡើងវិញ
ឥឡូវនេះភាពស៊ាំសហគមន៍របស់យើង អត្រាគ្របដណ្តប់ក្បែរ ៨៩%ទៅហើយ។ អញ្ចឹងបានជាយើងហ៊ានបើកប្រទេសឡើងវិញ។ ដំបូងសាកល្បងឱ្យដើរលេងភ្ជុំ … ខ្ញុំនិយាយថ្ងៃនេះសំដៅថា ព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋយោគយល់ទៅលើវិធានការទាំងឡាយដែលយើងប្រកាន់យកតាំងពីឆ្នាំទៅ និងដើមឆ្នាំនេះនៅពេលដែលវ៉ាក់សាំងមិនទាន់ជោគជាំ។ យើងបិទទីក្រុងភ្នំពេញ។ យើងបិទការធ្វើដំណើរ ដើម្បីកុំឱ្យការឆ្លងវាលឿនពេក … ដើម្បីរង់ចាំវ៉ាក់សាំង។ (ពីចំណែក)វ៉ាក់សាំងនេះ(ទៀតសោត) បើគ្មានយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់់ទៀតក៏នៅតែបញ្ហា។ មានលុយហើយទិញអត់បានទៀត។ បើយើងរវល់ទៅកន្លែងនេះបន្តិច ទៅកន្លែងនោះបន្តិចអត់បានទេ។ យើងអរគុណមិត្តភក្តិរបស់យើងដែលបានចូលរួមជួយយើង ក្នុងនោះមានចក្រភពអង់គ្លេសក៏បានជួយជាង ៤០ ម៉ឺនដូស អរគុណណាស់ដែលបានផ្តល់នូវវ៉ាក់សាំងនេះ។ ខាងកូវ៉ាក់ ក៏បានផ្តល់មកឱ្យយើង ជប៉ុនក៏បានផ្តល់មកឱ្យយើង អាមេរិកក៏បានផ្តល់មកឱ្យយើង ហើយប្រភពដែលធំដែលធំជាងគេគឺ ចិនឱ្យយើងដូចជា ៩ លានដូស ឯយើងទិញខ្លួនឯង ២៨ លាន ៥ សែនដូស។ យើងមិនអាចរង់ចាំតែជំនួយទេ។ នៅពេលខាងមុខនេះសង្ឃឹមថា អ្វីដែលមិត្តអូស្រ្តាលីសន្យា Pfizer ២ លាន ៣ សែនដូស នឹងអាចមកដល់។ ខ្ញុំមិនដឹងថា មកដល់ ឬមិនមកដល់ទេ? សម្រាប់ខ្ញុំទាល់តែយន្តហោះនោះចុះដល់ដីទើបខ្ញុំកត់ត្រាចូលក្នុងបញ្ជី …។
ចាក់វ៉ាក់សាំងដូសទី ៣ សម្រាប់កុមារនិងយុវវ័យចាប់ពីអាយុ ១២-១៨ ឆ្នាំ
គ្រាន់តែរបៀបចាត់ចែង គេហៅសិល្បៈដឹកនាំនៃការចាក់វ៉ាក់សាំងត្រូវមានវិធីរបស់វា។ ខ្ញុំទើបអនុម័តពីម្សិលមិញ ឱ្យចាក់វ៉ាក់សាំងដូស ទី៣ សម្រាប់កុមារនិងយុវវ័យចាប់ពីអាយុ ១២-១៨ ឆ្នាំ ចាប់ពីខែមករានេះទៅត្រូវចាប់ផ្ដើមចាក់ ហើយអនុវត្តតាមវិធីសាស្ត្រផ្ការីកដូចមនុស្សចាស់ដែរ។ មនុស្សចាស់មកដល់ពេលនេះ ចាក់បានប្រមាណ ៣ លាននាក់ហើយ ព្រោះចាប់ផ្ដើមចេញពីភ្នំពេញដដែល ហើយកម្រិត ៤ ទៅ ៦ ខែ (គម្លាតពីដូសទី ២)។ អញ្ចឹងគឺគណៈកម្មការ គណៈអចិន្រ្តៃយ៍ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធជាមួយជំងឺកូវីដ-១៩ បានស្នើសុំខ្ញុំឱ្យអនុម័តឱ្យចាក់ គឺចំនួនមនុស្សប្រមាណជា ២ លាននាក់ តែប៉ុណ្ណឹងទេ ទូទាំងប្រទេស។ ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញ ហើយខេត្តកណ្ដាលមិនច្រើនទេ ដូចជាត្រឹមតែ ២៣ ម៉ឺននាក់ទេ ហើយក៏មិនចាំបាច់ប្រើកម្លាំងធំដែរ។ តែកន្លែងពេទ្យដែលយើងមានហ្នឹងគឺចាក់បាន ដើម្បីយើងយកភាពស៊ាំសហគមន៍មួយ។ យើងបើកសាលាកន្លងទៅអត់មានឃើញបញ្ហា។ ខ្ញុំគិតថាវត្តមានវ៉ាក់សាំងដែលយើងបានខំរកចាក់ជូនប្រជាជនរបស់យើងនេះ គឺទប់ស្កាត់ការស្លាប់គរជើងគ្នាដែលប្រទេសមួយចំនួនបានកើត។ សង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងយោគយល់។ អ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺភាពក្លាហានរបស់កុមារនិងយុវវ័យ ដែលពួកគេទៅចាក់វ៉ាក់សាំងគ្មានការភ័យខ្លាចហើយក្លាហានរបៀបរៀបរយដែលគួរឱ្យសរសើរ គួរឱ្យគោរព។ ព្រោះអ្វី? ជីដូនជីតារបស់គេបានចាក់ ឪពុកម្ដាយគេក៏បានចាក់ ដល់អញ្ចឹងទៅអាបងៗគេក៏បានចាក់ ដូច្នេះអាប្អូនវាក្លាហានជាងអាបងទៅទៀត ក្លាហានជាងឪពុកម្ដាយគេទៅទៀត ព្រោះគេឃើញឪពុកម្ដាយចាក់ហើយៗ ជីដូនជីតាគេចាក់ហើយ បងគេចាក់ហើយ អញ្ចឹងអាប្អូនទៅចាក់យកតែម្ដង។
សេដ្ឋកិច្ចឆ្នាំ ២០២១ អាចនៅជុំវិញ ៣ ភាគរយ
ពេលដែលយើងចាប់ផ្ដើមបើកប្រទេស ខ្ញុំសង្កេតឃើញប្រាក់ចំណូលចាប់ផ្ដើមកើន។ (មុននេះ)វាធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែ ឥឡូវងើបឡើងវិញ។ ទោះបីថាវាមិនទាន់ងើបស្មើនឹងមុនសម័យ កូវីដ-១៩។ យើង(ធ្លាប់)រកមួយខែបានប្រមាណត្រឹមរង្វង់ ៥០០ ទៅ ៧០០ លានដុល្លារក្នុងមួយខែ យើងបានធ្លាក់ចុះមកនៅលើ ៤០០ លាន(ដុល្លារ) ហើយយើងក៏បានធ្លាក់ចុះមកនៅក្រោម ៤០០ លាន(ដុល្លារ)ប៉ុន្មានខែ។ ឥឡូវនេះវាក៏បានងើបឡើងវិញ ពេលដែលចាប់ផ្ដើមមានតម្រូវការក្នុងស្រុក តម្រូវការនាំចូលចើ្រន ពន្ធគយក៏ចាប់ផ្ដើមមានកំណើន។ តាមការសន្និដ្ឋានរបស់ខ្ញុំ សេដ្ឋកិច្ចឆ្នាំ ២០២១ នេះនៅជុំវិញ ៣ ភាគរយ។ ពិតមែនតែយើងដាក់ក្នុងច្បាប់ថវិកាថាកំណើនត្រឹមតែ ២,៤ (ភាគរយទេ) ក៏ប៉ុន្តែអង្គការមួយបានវាយតម្លៃរួចជាស្រេចពីខែ ១០ គឺយើង ២,៨ ភាគរយ។ ប៉ុន្តែ ខ្ញុំគិតថាកំណើនសេដ្ឋកិច្ចរបស់យើងនឹងមានអាចថា ២,៩ ភាគរយឬ ៣ ភាគរយ ឬអាចលើស ៣ ភាគរយតិចតួច។ ខ្ញុំប្រើពាក្យជុំវិញ ៣ ភាគរយ។ ផលប៉ះពាល់ពិតប្រាកដស្ថិតនៅលើអ្វីដែលយើងកំពុងសម្ពោធនេះ។ គឺសេវាបញ្ហាទេសចរណ៍។ សេវាដទៃទៀតមិនធ្ងន់ធ្ងរទេ។ ប៉ុន្តែវិស័យទេសចរណ៍ ការលក់រាយផលប៉ះពាល់។ ឧស្សហកម្មនិងកសិកម្មអត់មានផលប៉ះពាល់ទេ។ ដំណាក់កាលចុងក្រោយនេះ ត្រូវបង្កើននូវការធ្វើការងារយប់។ រោងចក្រមួយចំនួនធំធ្វើការងារយប់ទើបផ្គត់ផ្គង់ឱ្យការបញ្ជាទិញពីខាងក្រៅ(អោយ)ទាន់ពេល។ ចំណុចនេះសុំឱ្យយើងទាំងអស់គ្នារួបរួមគ្នាជំនះនូវការលំបាកបន្តទៀតដើម្បីកុំឱ្យ កូវីដ-១៩ វាយលុកសាជាថ្មី។
ប្រុងប្រយ័ត្នចំពោះ Omicron តែសុំកុំស្លន់ស្លោ
ពិតហើយ យប់មិញនេះយើងបានរកឃើញ ១ ករណី អូមីក្រុង (Omicron)។ ខ្ញុំបានតាមដានតាំងពីល្ងាចរហូតទៅដល់ម៉ោងជិត ៨ កន្លះយប់ ទើបព័ត៌មានចេញពីប៉ាស្ទ័រមក។ ហើយលោកជំទាវ យក់ សម្បត្តិ ក៏បានរាយការណ៍ឱ្យខ្ញុំ។ ប្រកាសភ្លាម។ ប៉ុន្តែខ្ញុំសុំបញ្ជាក់ សុំកុំស្លន់ស្លោ។ ការប្រុងប្រយ័ត្នត្រូវតែមាន តែសុំកុំស្លន់ស្លោ។ ខ្ញុំសុំបង្ហាញការមិនសប្បាយចិត្តរបស់ខ្ញុំ ចំពោះការប្រកាសអាសន្នផ្នែកណាមួយនោះ ឬអ្នកនាំពាក្យណាមួយនោះរបស់អង្គការសុខភាពពិភពលោកនិងរបស់ប្រទេសខ្លះ ហាក់ដូចជាអូមីក្រុង (Omicron) នេះ វាជាជំងឺមួយដែលមហន្តរាយខ្ពស់។ បើយើងមើល/ស្ដាប់ព័ត៌មាន ដែលទ្វីបអាហ្វ្រិកខ្លួនឯងមិនទាន់មានអ្នកស្លាប់ដោយសារអូមីក្រុង(Omicron)ផង។ ខ្ញុំមិនដឹងថាយ៉ាងណាទេ លោកជំទាវអគ្គរដ្ឋទូតអង់គ្លេសនៅទីនេះស្រាប់ ដូចជានៅប្រទេសអង់គ្លេសមានស្លាប់ម្នាក់។ ស្លាប់តែមួយគត់ក្នុងពេលដែល ដែលតា (Delta) និងអាល់ហ្វា (Alpha) បានសម្លាប់មនុស្សយ៉ាងច្រើន។ ហេតុអីបានជាមិនភ័យជាមួយ ដែលតា(Delta) និងអាល់ហ្វា(Alpha) បែរជានាំគ្នាភ័យជាមួយ អូមីក្រុង (Omicron)។
យើងកំពុងតែបើកទេសចរណ៍ឡើងវិញ។ បើកប្រទេស។ ដល់គេស្លន់ស្លោនៅខាងក្រៅ មិនត្រូវហាមឃាត់ការហោះហើរមួយចំនួនទៀតហើយ។ អញ្ចឹងវិធានការពីខាងក្រៅធ្វើម៉េចគេមកប្រទេសយើង។ អញ្ចឹងបានខ្ញុំឱ្យលុបចោលហាមឃាត់ប្រទេស ១០ មកធ្វើជាវិធានការធ្វើតេស្ដ។ ក្មួយស្រីអាយុ ២៣ ឆ្នាំដែលមានផ្ទៃពោះគាត់ធ្វើដំណើរមកពីប្រទេសហ្កាណា។ គាត់ធ្វើការនៅកាស៊ីណូនៅហ្កាណា។ អញ្ចឹងគាត់មានផ្ទៃពោះ។ គាត់ត្រូវមកសម្រាលកូន។ ទំនាក់ទំនងជាមួយក្រសួងសុខាភិបាល អាការរបស់គាត់ធម្មតា។ ដូចយើងកន្លងទៅនេះ ឆ្លងអាការធម្មតា។ នៅពេលដែលយើងសាកសួរ គាត់បានចាក់(វ៉ាក់សាំង) Johnson & Johnson។ គាត់បានចាក់វ៉ាក់សាំងរួចហើយ។ គាត់ច្បាស់ជាជា ព្រោះឥឡូវគាត់អត់មានអាការអីផង។ អ្វីដែលជាកង្វល់តើវាមានឥទ្ធិពលដល់កូនក្នុងផ្ទៃឬអត់ ដែលគ្រូពេទ្យត្រូវតាមដាននូវបញ្ហានេះ … បើយើងវិភាគអំពីទិន្នន័យនៅក្នុងនេះ គេព្រួយណាស់ … ខ្ញុំសុំបញ្ជាក់ នៅប្រទេសរបស់យើង ដែលយើងបានរកឃើញ អាល់ហ្វា (Alpha) មាន ៦,៨៥១(នាក់) ដែលតា (Delta) ដែលគេភ័យខ្លាចខ្លាំងណាស់មាន ១៩,៩១០ (នាក់) … អូមីក្រុង (Omicron) ទើបតែរកឃើញមួយ …។
បើកូវីដសេដ្ចកិច្ចផ្ទុះ មនុស្ស ១៦ លាននាក់ រងផលប៉ះពាល់
យើងត្រូវគ្រប់គ្រងសភាពការណ៍។ ខ្ញុំនិយាយនេះ ក្នុងគោលដៅឱ្យយើងទាំងអស់គ្នាកុំស្លន់ស្លោ ហើយខ្ញុំក៏គ្មានសិទ្ធដើម្បីទូន្មានអង្គការសុខភាពពិភពលោកនិងប្រទេសមួយចំនួននោះទេ។ ប៉ុន្តែជួនកាលការភ័យខ្លាចជ្រុល នាំធ្វើឱ្យយើងបង្វែរទិសវាយតម្លៃខុស។ បង្វែរទិសចេញពី ដែលតា (Delta) ដែលវាយលុក ទៅរក អូមីក្រុង (Omicron) ទៅវិញ។ អញ្ចឹងទេ វត្តមានអូមីក្រុង (Omicron) មាននៅកម្ពុជាពីយប់មិញរួចទៅហើយ ក៏ប៉ុន្តែអត់មានអ្វីគួរឱ្យភ័យខ្លាចទេ។ ពេលដែលយើងអនុវត្តនូវវិធានការសុខភិបាលបានត្រឹមត្រូវ។ ខ្ញុំសុំគូសបញ្ជាក់ថាវ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ទេ។ វិធានការ ៣ កាពារ ៣ កុំ នៅតែសំខាន់សម្រាប់ការរៀនរស់នៅជាមួយកូវីដ-១៩។ អ្នកមិនអាចបិទប្រទេសបានទេ។ កូវីដ-១៩ អាចសម្លាប់យើងបានរាប់រយ រាប់ពាន់ រាប់ម៉ឺននាក់។ មនុស្សស្លាប់មិនអស់ទេ។ ប៉ុន្តែសូមកុំភ្លេច ត្រូវចងចាំ បើសិនជាកូវីដសេដ្ឋកិច្ចផ្ទុះមនុស្ស ១៦ លាននាក់ ទទួលផលប៉ះពាល់ទាំងអស់។ អញ្ចឹងបានជាអ្វីដែលជាការខិតខំរបស់យើងក្នុងការរកវ៉ាក់សាំងមកចាក់ សំដៅបើកឡើងវិញនៅដំណើរការសេដ្ឋកិច្ចសង្គមឱ្យបានពេញលេញ។
ទេសចរណ៍ក្នុងប្រទេសចាប់ផ្ដើមកម្រើក
ខ្ញុំបាននិយាយហើយ ផលប៉ះពាល់ពិតប្រាកដកើតចំពោះវិស័យទេសចរណ៍។ ឥឡូវនេះវិស័យទេសចរណ៍របស់យើងចាប់ផ្ដើមរើបម្រះឡើងវិញ ដោយចាប់ផ្ដើមពីទេសចរណ៍ផ្ទៃក្នុង ដែលឯកឧត្តម ថោង ខុន តែងរាយការណ៍រៀងរាល់ថ្ងៃច័ន្ទឱ្យខ្ញុំ។ ជួនកាលយប់ថ្ងៃអាទិត្យតែម្ដង សម្រាកថ្ងៃសៅរ៍-អាទិត្យ។ ឥឡូវនេះ ធម្មតាលើសពី ២០ ម៉ឺននាក់ដែលដើរលេងថ្ងៃសៅរ៍-អាទិត្យ។ អាទិត្យកន្លងទៅមាន ២២ ម៉ឺននាក់។ បើយើងគិតតាំងពីពេលភ្ជុំរហូតដល់បុណ្យអុំទូក សំពះព្រះខែ លយប្រទីប រហូតដល់ឥឡូវ អាចលើស ២ លាននាក់ ដែលបានដើរលេង។ ខ្ញុំនិយាយនៅខេត្តព្រះសីហនុ សូម្បីតែនៅសណ្ឋាគារនេះកុំចាំបាច់តែភ្ញៀវមកពីបរទេស ខ្មែរយើងរាងមានលុយ ដេកសណ្ឋាគារផ្កាយ ៥ ហ្នឹងទៅ។ មើលចង់សាកមកដេក Hyatt Regency ភ្នំពេញ។ ហើយក្មួយៗដែលទើបតែរៀបការហើយចង់សាកមកក្រេបទឹកឃ្មុំជាមួយ Hyatt មកៗ អាចចុះថ្លៃឱ្យ ១០ ភាគរយអីទៅ។ គ្នាទើបតែការហើយ។ ហ្នឹងជាសេវា។ ខ្លះគេការនៅសណ្ឋាគារផ្កាយ ៥ ខ្លះគេទៅហានីមូន គេទៅនេះទៅនោះ។ យើងក៏មានដែរ។ ខ្លះគេការហើយ គេអាចមកជួលសណ្ឋាគារយើងមករស់នៅ ១ សប្ដាហ៍ ដើម្បីគេស្នេហាគ្នាគ្រាដំបូងផង។ អញ្ចឹងអ្នកឡើងពីខេត្តមកភ្នំពេញ អញចង់ទៅសាកអា Hyatt មើលៗ។ អ្នកទៅពីភ្នំពេញចុះទៅបណ្ដាខេត្ត ទៅសាកសណ្ឋាគារធំៗមើល។ ហ្នឹងខ្ញុំនិយាយតែអ្នកមានលុយ តែអ្នកគ្នាល្មមៗគ្នាក៏ត្រូវការផ្ទះសំណាក់។
ត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការបើកទេសចរណ៍បរទេស
យើងចង់បើកទទួលភ្ញៀវបរទេស។ នេះគឺគេថាការត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់ការបើកទេសចរណ៍បរទេស ហើយប្រទេសយើងអត់មានធ្វើចត្តាឡីស័ក គឺជាប្រទេសដែលងាយស្រួល។ អញ្ចឹងបានជាខ្ញុំអន់ចិត្តថា ចុះ អូមីក្រុង (Omicron) វាមិនទាន់ងាប់អ្នកណាមួយ នាំគ្នាភ័យខ្លាំងម្ល៉េះ។ ម្យ៉ាងវាអញ្ចេះ លាង ឃុន ទូរស័ព្ទសួរខ្ញុំដំបូង។ ខ្ញុំរកថ្ងៃបើកឱ្យទៀត ថាត្រូវយកថ្ងៃ ពុធ ហើយយកខ្នើត។ អញ្ចឹងថ្ងៃនេះ ១១ កើត ខែមិគសិរ ព្រោះថ្ងៃ ១៥ កើត ខ្ញុំត្រូវជាប់ប្រជុំ។ ប៉ុន្តែល្អបំផុតគឺកុំយកថ្ងៃពេញបូណ៌មី ដូចខ្ញុំធ្វើបុណ្យឱ្យលោកតា លាស់ ឡាយ អញ្ចឹង។ ថ្ងៃ ១៥ កើត តែមួយថ្ងៃទៀតចូលដល់រនោច។ អញ្ចឹងទេ បើអានេះ ១១ កើត វានៅឡើងតទៀត។ ក្បួនហោរាសាស្ត្រខ្ញុំទៅមើលព្រលានយន្តហោះថ្ងៃ ៣ កើត ខ្ញុំយកខ្នើត។ តែកាលបរិច្ឆេទព្រឹកមិញដែលខ្ញុំបាញ់ជូន សម្ដេចក្រឡាហោម សម្ដេចពិជ័យសេនា លោកជំទាវ ម៉ែន សំអន ខ្ញុំគ្រាន់តែមើលថ្ងៃបារាំងទេ ព្រោះប្រតិទិនវាអត់ចំណោលឆ្នាំ។ អត់ដឹងថាតើត្រូវប៉ុន្មានកើត ប៉ុន្មានរោច ខ្នើត ឬរនោចទេ ប៉ុន្តែទោះបីខ្នើតក៏ដោយ រនោចក៏ដោយ ត្រូវតែយកថ្ងៃហ្នឹងដែរ ដូចដែលខ្ញុំផ្ញើសារសម្លេងជូនព្រឹកមិញចឹង។
ខ្ញុំមានសង្ឃឹមថា ជាមួយនឹងការខិតខំទាំងអស់របស់យើង ចាប់ផ្តើមពីក្រុមគ្រួសារនីមួយៗ ដោយចាប់់ផ្តើមពីក្រុមហ៊ុននីមួយៗ សេដ្ឋកិច្ចរបស់យើងនឹងបន្តការរីកចម្រើន ទោះបីវាលំបាក ក៏ប៉ុន្តែវាអាច វាងើបឡើងវិញ។ ការបិទខ្ទប់ … មិនអាចកើតឡើងតាមបែបមុនសម័យវ៉ាក់សាំងទេ និយាយតាមបែបនេះ។ មុនសម័យវ៉ាក់សាំងគឺបិទខ្ទប់ទាំងភូមិ ឬក៏បិទខ្ទប់ទីក្រុងតែម្តង។ ឧទាហរណ៍ ផ្សារមួយ ពីមុនឆ្លង ៤-១០ តូប បិទផ្សារទាំងមូល។ ឥឡូវអត់ទេ បើអ្នកឆ្លងនៅតូបហ្នឹង យកទៅព្យាបាលទៅ បាញ់ថ្នាំសម្លាប់ កូនមកលក់ជំនួស។ សាលារៀនមួយ ពីមុនឆ្លងតាមសាលា ខ្លាចឆ្លងក្មេង បិទសាលារៀនទាំងអស់។ ឥឡូវអត់ទេ ឆ្លងយកទៅព្យាបាល រួចហើយសាលា ថ្នាក់នៅតែបើកបន្ត។ យើងដាក់បញ្ហានេះជូនទៅប្រជាពលរដ្ឋ មើលខ្លួនឯង។ បើមានអាការមិនស្រួល ធ្វើតេស្ត ហើយតេស្តទៅបើថាឃើញមានវិជ្ជមាន យើងអាចព្យាបាលនៅផ្ទះ រក្សាគម្លាតពីក្រុមគ្រួសារទៅ។ វិធីនេះគឺជាវិធីដែលល្អ សម្រាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់យើង។ ពីមុនខ្ញុំធ្លាប់ប្រើពាក្យថា គ្រាប់បែកអាចសម្លាប់បានមនុស្សម្នាក់ ច្រើននាក់ ឬអាចកម្ទេចបានភូមិមួយ។ នេះជាគ្រាប់បែកពិត។ ប៉ុន្តែបើគ្រាប់បែកសេដ្ឋកិច្ចវាផ្ទុះ បានសេចក្តីថាមនុស្សទូទាំងប្រទេស រាប់ទាំងក្មេងទើបកើត ក៏ទទួលរងផលប៉ះពាល់។ តែម៉ាក្រូសេដ្ឋកិច្ចបែកហើយ អតិផរណាចាប់ផ្តើម គឺបានសេចក្តីថាផលប៉ះពាល់ទាំងអស់។
រក្សាបានស្ថេរភាពនយោបាយ សេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល
ជាភ័ព្វសំណាងរបស់យើង ក្នុងកាលៈទេសៈដ៏លំបាកនេះ ម្ខាងយើងរក្សាបានស្ថេរភាពនយោបាយ ម្ខាងទៀតយើងរក្សាបានសេ្ថរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀលរបស់យើង នេះគឺជាចំណុចល្អ។ ឥឡូវគេកំពុងតែព្រួយបារម្ភអំពីអតិផរណា យើងក៏មានការព្រួយបារម្ភដែរ យើងបន់ស្រន់ឲ្យប្រទេសក្នុងតំបន់របស់យើង ជាពិសេសប្រទេសជិតខាងរបស់យើងកុំឲ្យមានអតិផរណា ព្រោះតែអតិផរណានៅប្រទេសជិតខាងរបស់យើង វានឹងនាំផ្នែកណាមួយអតិផរណាប៉ះពាល់ដល់យើង។ ខ្ញុំគិតថា ប្រសិនបើយើងធ្វើទៅបាន ការប្រជុំផ្ទាល់ក្នុងនាមជាប្រធានអាស៊ានប្តូរវេននាឆ្នាំ ២០២២ សណ្ឋាគារ Hyatt អាចទទួលថ្នាក់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលបានខ្លះ។ ចែកគ្នា។ មិនអាចនៅតែម្តុំបានទេ។ ប៉ុន្តែនៅនេះមាន suite ច្រើន ដល់ទៅ ៤៣។ ថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល មិនអាចទៅនៅក្បែរគ្នាបានទេ។ ឧបមា អាចថា ២ អីចឹង ព្រោះសណ្ឋាគារដទៃទៀត ត្រូវចែកគ្នា ព្រោះនៅជុំគ្នាក៏ពិបាកក្នុងការការពារដែរ។
បើកុំតែមាន Covid-19 ប្រទេសរបស់យើងនឹងទទួលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រហូតដល់ ៥២ ប្រទេស ដែលយើងជាប្រធានប្រជុំអាស៊ី-អឺរ៉ុបកន្លងទៅនេះ តែយើងត្រូវធ្វើតាមអនឡាញ។ ឥឡូវឆ្នាំ ២០២២ នេះ យើងនឹងធ្វើប្រធានអាស៊ានប្តូរវេន។ បើយើងប្រជុំផ្ទាល់បាន ប្រហែលជា Hyatt ក៏មានភ្ញៀវបរទេស ក្នុងក្របខណ្ឌអាស៊ាន ហើយដៃគូអាស៊ានអាចមកសម្រាកនៅ Hyatt។ ប្រហែលជាលោកជំទាវអគ្គរដ្ឋទូតសាំងហ្គាពួរហើយ ដើម្បីឲ្យនាយករដ្ឋមន្ត្រី លី សៀនលុង មកសម្រាកនៅ Hyatt ឬក៏អគ្គរដ្ឋទូតដទៃទៀត ដែលនៅទីនេះក្នុងក្របខណ្ឌអាស៊ាន ទៅកក់ Hyatt សម្រាប់ថ្វាយ ឬជូនព្រះចៅ ស៊ុល តង់ ឬនាយករដ្ឋមន្ត្រី ប្រធានាធិបតីមកពីប្រទេសអាស៊ាន សម្រាកនៅហ្នឹង។
នឹងសរសេរអំពីជីវិតជានាយករដ្ឋមន្ត្រី
ព្រឹកមិញ ខ្ញុំមានការគិតគូរមួយ។ នៅពេលដែលខ្ញុំមើលអត់ស្គាល់ថាតើប្រទេស … ខ្ញុំមើលប្រទេសខ្លួនឯងអត់ស្គាល់ ដល់ចាប់ពិធីការិនីនិយាយទេ ទើបដឹងថាប្រទេសខ្លួនឯង។ នៅពេលដែលខ្ញុំបញ្ចប់ការងារជានាយករដ្ឋមន្ត្រី ខ្ញុំនឹងសរសេរអំពីជីវិតជានាយករដ្ឋមន្ត្រី។ តើរសជាតិធ្វើនាយករដ្ឋមន្ត្រីរបៀបម៉េច? ខ្ញុំបានសរសេររួចមកហើយ ជីវិតអ្នកចំការ វាសនាអ្នកស្រែ។ មានចម្រៀងមួយបទទៅ។ ជីវិតក្មេងវត្ត គឺមានចម្រៀងមួយបទទៅ។ ប៉ុន្តែជីវិតជានាយករដ្ឋមន្ត្រី មិនអាចសរសេរជាចម្រៀងទេ។ ខ្ញុំនឹងសរសេរពីប្រវត្តិនៃជីវិតរបស់ខ្ញុំ អំពីស្ថានភាពជីវិតជាទាហាន ជាកូនទាហាន ជីវិតជានាយទាហានបន្តៗ ហើយជីវិតជារដ្ឋមន្ត្រីការបរទេស ជីវិតជានាយករដ្ឋមន្ត្រី។ អ្នកទាំងអស់គ្នា ពិតជាមានសំណាងជាងខ្ញុំ សំណាងថាទៅកន្លែងណាក៏ទៅបាន ខារ៉ាអូខេក៏ចូលបាន រហូតដល់ខ្ញុំនេះ វាមិនស្គាល់អ្វីទៅដែលហៅថា KTV។
ទៀ បាញ់ នៅចាំទេ យើងទៅវាយនៅ Grand Phnom Penh ឥឡូវ Grand Phnom Penh ធ្លាក់មកជារបស់ក្រុមហ៊ុន ជីប ម៉ុង។ សួរ caddie ម្នាក់ ថាម្តាយធ្វើការអី។ ម្តាយនៅណា ស្រុកនៅណាអីចឹង។ ថាម្តាយមើលកូនឲ្យគេ។ ថាមើលកូនរបៀបម៉េច? ថាមើលកូនក្នុងពេលយប់ ព្រលឹមឡើងគេមកយកកូនគេទៅវិញ។ អុញ! ម៉េចចឹង? ធម្មតាមើលកូនឲ្យគេថ្ងៃ ម៉េចក៏មើលកូនឲ្យគេយប់។ គាត់ធ្វើការនៅ KTV។ ដល់អញ្ចឹងងាកទៅសួរ ម៉ន។ KTV ហ្នឹងជារបស់អ្នកណា។ យើងវាមាន ហង្សមាស របស់អ្នកនេះ CTN របស់អ្នកនេះ បាយ័នរបស់អ្នកនេះ យើងដឹងអញ្ចឹង។ ដល់ KTV សួរថា KTV ជារបស់អ្នកណា? ម៉ន ថា KTV ខារ៉ាអូខេបង។ ចប់។
អញ្ចឹង តើរសជាតិជីវិតជានាយករដ្ឋមន្រ្តីវាយ៉ាងម៉េច? គ្មានអ្នកណាសរសេរបានក្រៅពីខ្ញុំខ្លួនឯង។ មិនអាចមានអ្នកនិពន្ធណាមកនិពន្ធជំនួសខ្ញុំបានទេ។ និពន្ធមកយើងកែដដែល សរសេរខ្លួនឯងតែម្តងទៅ។ ជីវិតនាយករដ្ឋមន្រ្តីក្នុងសម័យសង្រ្គាម ជីវិតនាយករដ្ឋមន្រ្តីក្នុងសម័យចរចាផងវាយផង ជីវិតនាយករដ្ឋមន្រ្តីក្នុងកាលៈទេសៈសន្តិភាព ជីវិតនាយករដ្ឋមន្រ្តីក្នុងសម័យកូវីដ-១៩ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះមហន្តរាយ រលំអគារបាក់ ក៏គួរត្រូវបានសរសេរ។ សរសេរលេង ទុកឲ្យក្មេងជំនាន់ក្រោយគេមើលទៅ ប្រហែលជាពេលនោះខ្ញុំមានពេលសរសេរ។ ឧបមាថា ខ្ញុំចាកចេញពីនាយករដ្ឋមន្រ្តី មិនមែនឧបមាទេ វាត្រូវតែចាកចេញ ព្រោះយើងមិនមែនអាចជីវិតអមតៈឯណា ប៉ុន្តែបញ្ហានៅពេលណា អាហ្នឹងរឿងមួយផ្សេងទៀត។
អភិរក្សសំណង់អគារសម័យដើម
ខ្ញុំសុំអរគុណ និងកោតសរសើរដែលបានជួយអភិរក្សនូវអគារដែលបានបន្សល់ទុកពីសម័យមុននេះ។ វីឡាមួយត្រូវចំណាយទុន ៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីរក្សាទុក ជាកេរ្តិ៍ដំណែលឲ្យឃើញអំពីសំណង់ពីសម័យដើមរបស់យើង។ ប៉ុន្តែ ប្រមាណជា ១០០ ឆ្នាំមុន គឺសម័យបារាំងកសាង។ គេចូលមកគេអាចស្គាល់ នូវរបៀបរស់នៅ និងសំណង់ជំនាន់ដើមរបស់យើង … ខ្ញុំសុំសរសើរ ព្រោះកន្លែងខ្លះអាចវាយចោលប៉ុន្តែនៅកន្លែងនេះកែច្នៃ។ អញ្ចឹង Hyatt មានអាផ្នែកទំនើបរបស់វាកសាងថ្មី និងមានផ្នែកដែលអភិរក្ស តែវាក៏ Hyatt ដែរ តែ Hyatt ដែលអភិរក្សនូវសំណង់ចាស់។
សូមរួសរាន់បង់ពន្ធរថយន្តដើម្បីទទួលបាននូវភាពអនុគ្រោះ ១០ ភាគរយ
ថ្ងៃនេះ ខ្ញុំមានបញ្ហាមួយដោយសុំយកឱកាសនេះ ថ្ងៃនេះ គឺថ្ងៃទី ១៥ ហើយ នៅសល់តែ ១៥ ថ្ងៃទៀតទេ អំពាវនាវចំពោះម្ចាស់រថយន្តដែលមិនទាន់បានបង់ពន្ធ។ សូមអញ្ជើញមកបង់ពន្ធឲ្យបានរួសរាន់ដើម្បីទទួលបាននូវភាពអនុគ្រោះ ១០ ភាគរយ។ ខ្ញុំបានបញ្ជាក់ហើយ មិនឲ្យមានព្រឹត្តិការណ៍ច្រំដែលកើតឡើងតទៅទៀតទេ លើបញ្ហារថយន្តមិនបង់ពន្ធជ្រកក្រោមផ្លាកលេខនេះ ឬលេខនោះ ហើយក៏មិនឲ្យមានវត្តមាន មិនថាតែលើផ្លូវជាតិទេ។ ឲ្យតែបើកលើផ្លូវ រថយន្តចង្កូតស្តាំ ត្រូវកែទៅឆ្វេង។ អញ្ចឹងអ្នកមិនបានបង់ពន្ធ រួសរាន់មកបង់ពន្ធ។ ក្រោយថ្ងៃ ៣១ ខែធ្នូ បង់ពន្ធពេញ អត់បានអា ១០ ភាគរយទេ។ រឿងហ្នឹងរឿងរកស៊ីរត់ពន្ធ។ យកឡានមកជិះអត់ពន្ធ ត្រូវចូលមកបង់ពន្ធ ទទួលបានការអនុគ្រោះ ១០ ភាគរយ។ ឃើញមេគយគាត់ចេញមក។
កុំថាខ្ញុំកូវីដ-១៩ ណាតែនិយាយច្រើន គឺមានការតឹងច្រមុះកុំថាខ្ញុំ កូវីដ-១៩។ មានការនិយាយលេងអញ្ចេះ … បុរសម្នាក់គេសម្លុតប្រពន្ធ “យាយឯងកុំក្អកដាក់ខ្ញុំ” ស្រាប់តែយាយហ្នឹងសម្លឹងមុខប្តី។ ម៉េចអញ្ចេះថ្ងៃនេះក៏ខ្លាំងម្ល៉េះ។ ពីដើមឡើយតែងតែខ្លាចប្រពន្ធ ស្រាប់តែហ្នឹងមកដល់ពីត្រង់ណាត្រង់ណី … ដល់ចុងក្រោយថា “តែក្អកឡានពេទ្យ”។ (រួច)ចុះកូវីដ-១៩ តែក្អកគេសង្ស័យថា វាកើតរឿងអញ្ចេះ។ របៀបអ្នកចូលចិត្តនិយាយលេង។ ពីដើមឲ្យតែក្អកនាំគ្នាគិតទុកថា កូវីដ-១៩។ ខ្ញុំកាលណាតែនិយាយយូរៗទៅវារាងតឹងច្រមុះ កុំសង្ស័យថាខ្ញុំកើតកូវីដ-១៩ ខ្ញុំទៅពីហ្នឹងទៅ ខ្ញុំត្រូវជួបភ្ញៀវមួយទៀត។
អាចនឹងប្រជុំអាស៊ាន-អាមេរិកខែកុម្ភៈ បើអត់ប្រធានអាស៊ានចូល តើវាកើតទេ?
ឥឡូវដល់ទៅចាប់ផ្តើមបើកប្រទេស និយាយពីដល់កហើយ។ ស្អែកហ្នឹងត្រូវប្រជុំគណៈរដ្ឋមន្រ្តី មុនការកំណត់ ព្រោះថ្ងៃទី ១៧ ត្រូវថ្ងៃសុក្រ ខ្ញុំត្រូវជួបឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ ដែលបានកំណត់គ្នារួចហើយ។ ស្រាប់តែឃើញសំណើទៅ ក៏មានរបៀបវារៈសុំមកប្រជុំថ្ងៃព្រហស្បតិ៍វិញ។ ឯកសារនៅលើតុក៏វាច្រើន ដោះស្រាយតាមអនឡាញ ក៏អនឡាញហើយ ក៏ប៉ុន្តែ ត្រូវដោះស្រាយតាម បើឯកសារយកទៅចុះហត្ថលេខា។ ឥឡូវនេះបានធូរបន្តិច (ដោយមាន)ម៉ាស៊ីន Printer។ សម្តេចក្រឡាហោមយកបានមួយគ្រឿង។ ឥឡូវខ្ញុំដាក់នៅវិមានសន្តិភាព ១ គ្រឿង។ ដាក់នៅផ្ទះខ្ញុំ ២ គ្រឿង ដាក់នៅកំពង់សោម ១ គ្រឿង។ បើយើងនៅផ្ទះ ផ្ទះរបស់យើងមាន Internet ពេលដែលទទួលបានសារហ្នឹងហើយ ទោះបីយើងកំពុងហាត់ប្រាណក៏យើងរុញវាទៅដើម្បីព្រីនទុកនៅហ្នឹងឲ្យហើយ។ ទៅដល់ហ្នឹងយើងចាប់ផ្តើម។ យល់ព្រម ឬមិនយល់ព្រម ផ្តល់មតិត្រឡប់មកវិញ ហើយយើងថតតែទំព័រចុងក្រោយបញ្ជូនត្រឡប់មកវិញ។ អញ្ចឹងគឺជាការងាយ ព្រោះបើទម្រាំទៅដល់ត្រូវឆ្អើភ្លើងប៉ុន្មានកន្លែង ដើម្បីមុនដល់នាយករដ្ឋមន្រ្តី អញ្ចឹងបានជាឯកសារខ្លះវាត្រូវយឺត។ ពីកន្លែងមួយទៅកាន់កន្លែងមួយ ចាំបាច់ត្រូវតែសម្លាប់មេរោគ ហើយការសម្លាប់មេរោគមុនពេលដាក់ឲ្យខ្ញុំទៀតត្រូវការពេលប៉ុន្មានម៉ោងឯណោះ។ បើមិនអញ្ចឹង ជួនកាលកូវីដ-១៩ ទៅជាមួយ ទៅចូលការិយាល័យរបស់នាយករដ្ឋមន្រ្តី។
កម្មវិធីពិតជារវល់។ ក្នុងខែវិច្ឆិកាកន្លងទៅក៏យើងមានការងារច្រើន។ ឥឡូវខែធ្នូក៏យើងមានការងារច្រើន។ ខែមករាក៏មានការងារច្រើន។ ខែកុម្ភៈ ក្នុងករណីបើសិនមានការប្រជុំអាស៊ាន-អាមេរិក ក៏ខ្ញុំត្រូវទៅក្រៅប្រទេសទៀត។ អ្នកខ្លះចាប់ផ្ដើមទៅនិយាយឆ្កុយ។ វាថា លោក ហ៊ុន សែន យកអារឿងទៅអាមេរិកយកមកអួត។ ទេ! អញធ្វើប្រធានអាស៊ាន បើប្រជុំអាស៊ាន-អាមេរិក អត់ប្រធានអាស៊ានទៅ តើវាកើតបានទេ អាស៊ាន-អាមេរិកហ្នឹង? និយាយគ្នាអញ្ចេះ។ បើប្រជុំនៅក្នុងឆ្នាំហ្នឹង គឺវាទៅជា Co-chair ហើយ អាហ្នឹងវាអញ្ចឹង។ រឿងវាពិត វាកើតឡើង វាត្រូវអញ្ចឹង … កន្លងទៅ ភាគីអាមេរិកគាត់ស្នើពាក់កណ្ដាលខែមករា ក៏ប៉ុន្តែខែមករានេះ មេដឹកនាំអាស៊ានជាប់ប្រជុំ រាប់ទាំងប្រធានអាស៊ានជាប់ប្រជុំ ជាប់ទៅក្រៅ។ ខ្ញុំទៅទស្សនកិច្ចនៅ Slovenia ថ្ងៃ ១៤ ទៅ ១៥ ខែមករា បន្ទាប់ទៅខ្ញុំត្រូវហោះចេញទៅស្វ៊ីស ដើម្បីចូលរួម World Economic Forum វេទិកាសេដ្ឋកិច្ចពិភពលោក។ ហោះចេញពីកន្លែងហ្នុងមក ត្រូវចុះនៅ Dubai ដើម្បីចូលរួមបើកនូវស្ដង់របស់កម្ពុជានៅឯពិព័រណ៍ពិភពលោកនៅ Dubai។ អញ្ចឹងយើងមិនអាចមានពេលទេ។ ឥឡូវក្រសួងការបរទេសអាស៊ានកំពុងតែសម្របសម្រួលពេលវេលាជាមួយភាគីអាមេរិក។ គ្រាន់តែនិយាយអញ្ចេះ វាថា លោក ហ៊ុន សែន អួត …។
សង្គ្រោះអាស៊ាន ៩ អោយមកជា អាស៊ាន ១០ វិញ
ខែមករាហ្នឹង ខ្ញុំសុំនិយាយដដែល។ ខ្ញុំទៅមីយ៉ាន់ម៉ា។ ហាមឃាត់ខ្ញុំមិនបានទេ។ ទុកឱកាសឲ្យខ្ញុំធ្វើបានទេ? យើងមិនអាចហៅថា អាស៊ាន ទៅរួច តែបើសិននៅតែអាស៊ាន ៩ នោះ។ ត្រូវសង្រ្គោះពីអាស៊ាន ៩ ឲ្យមកជាអាស៊ាន ១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន។ សភាពការណ៍មីយ៉ាន់ម៉ាគឺជារឿងមួយហើយ ក៏ប៉ុន្តែមុននឹងជួយមីយ៉ាន់ម៉ា ត្រូវឲ្យមានអាស៊ានពិតប្រាកដ។ រឿងនេះ មិនមែនរឿងលេងសើចទេ។ បើមិនអញ្ចឹងវានឹងបង្កើតទម្លាប់ដ៏មានគ្រោះថ្នាក់មួយ គឺអ្នកណាធ្វើប្រធានអាស៊ាន មិនពេញចិត្តនឹងអ្នកណាមួយ មិនអញ្ជើញឲ្យចូលរួមប្រជុំ។ វាម៉េចទៅអាស៊ាន? តម្លៃអាស៊ាននៅកន្លែងណាទៀត?
នេះ(ទូត)អង់គ្លេសនៅទីនេះស្រាប់ហើយ។ (អង់គ្លេស)គាត់ BREXIT នោះ គាត់ពិតជាមានហេតុផលអីមួយហើយ បានជាប្រជាជនអង់គ្លេសបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប។ តែអាហ្នឹងគេមានច្បាប់របស់អឺរ៉ុប។ ឯយើងក៏មានធម្មនុញ្ញរបស់អាស៊ាន។ បើមិនឲ្យធ្វើការជាមួយអ្នកដឹកនាំប្រទេស តើឲ្យទៅធ្វើការជាមួយអ្នកណា? ឧទាហរណ៍ ករណីផ្ដល់ជំនួយឲ្យទៅមីយ៉ាន់ម៉ា តើផ្ដល់ទៅអ្នកណា? ផ្ដល់ទៅឲ្យទ័ពព្រៃ? ផ្ញើទៅឲ្យអ្វីដែលហៅថារដ្ឋាភិបាលស្រមោល? ពិតមែនហើយ មនុស្សមួយចំនួនចូលមកជេរខ្ញុំតាមហ្វេសប៊ុក ជេរចុះ ក៏ប៉ុន្តែ ខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត ខ្ញុំមិនអាចបំពានទេ។
អាស៊ាន សំរបសំរួល មីយ៉ាន់ម៉ា ខ្លួនឯងដោះស្រាយ
សុំកុំបន្ទោសខ្ញុំ … សុំនិយាយគ្នាឲ្យហើយ។ ករណី ២ អត់ត្រូវបន្ទោសកម្ពុជាទេ។ ទី ១ មីយ៉ាន់ម៉ា ដោះចប់ ឬមិនចប់ វាមិនចំណុះលើអាស៊ានទេ។ អាស៊ានគ្រាន់តែជាចំណែកក្នុងការជួយដល់មីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាខ្លួនឯងជាអ្នកដោះ អាស៊ានគ្រាន់តែជាអ្នកសម្របសម្រួល។ ដូចករណីកម្ពុជាអញ្ចឹង។ ទាំងអាស៊ាន ទាំងអង្គការសហប្រជាជាតិ គ្រាន់តែជាចំណែកនៃការជួយខាងក្រៅ ក៏ប៉ុន្យែការស្រុះស្រួលគ្នានៅខាងក្នុង វាជារឿងរបស់កម្ពុជា។ ករណីដូចគ្នានេះ។
ខ្លះចាំមើលស្នាដៃថាកម្ពុជាដោះបាន ឬមិនបាន។ វាមិនចំណុះលើកម្ពុជាដោះបាន ឬមិនបានទេ តែកម្ពុជានឹងខិតខំដើម្បីសម្រួលសភាពការណ៍មីយ៉ាន់ម៉ា ដើម្បីវិលត្រឡប់ទៅរកស្ថានភាពមួយដ៏ប្រសើរ ដែលក្នុងនោះកុងសង់ស៊ីស ៥ ចំណុច ដែលយើងរកបាននៅហ្សាកាតា កាលពីខែមេសា ឆ្នាំ ២០២១ កន្លងទៅ ដែលនោះជាគំនិតរបស់ខ្ញុំ។ សូមមើលក្នុងកំណត់ហេតុរបស់អាស៊ាន។ ពិតមែនតែខ្ញុំបានលើកវាតែ ៣ ចំណុចទេ ហើយឯកឧត្ដម Lee Hsien Loong គាត់យកទៅកែច្នៃចេញរហូត ៥ ចំណុច … អញ្ចឹងបញ្ហាទីមួយ។ វាមិនដែលអ្នកណាទៅម្ដង ហើយនិយាយគ្នាម្ដង ដោះស្រាយចប់ទេ។
កម្ពុជាបទពិសោធន៍ចរចា ៤ ឆ្នាំ ទើបចេញកិច្ចព្រមព្រៀងប៉ារីសមួយ។ បន្ទាប់ទៅ កិច្ចព្រមព្រៀងប៉ារីសអូសបន្លាយមកដល់ ១៩៩៣ ដូច្នេះយើងពិនិត្យមើលតាំងពី ១៩៨៧ រហូតដល់ ១៩៩៣ បានយើងបញ្ចប់។ ខែ ៩ ឆ្នាំ ១៩៩៣ ទើបអ៊ុនតាក់ដកចេញ គឺពេលវេលាដែលសភាធម្មនុញ្ញក្លាយទៅជាសភាជាតិ រដ្ឋាភិបាលមួយបង្កើតឡើង។ ពេលនោះអ៊ុនតាក់ចប់ភារកិច្ច ព្រោះអាហ្នឹងកិច្ចព្រមព្រៀងប៉ារីសវាកំណត់ត្រូវចប់ត្រឹមប៉ុណ្ណឹង។ សុំកុំដាក់ការសង្ឃឹមហួសហេតុពេកលើភាពជាប្រធានរបស់កម្ពុជា។ ក៏ប៉ុន្តែ សុំកុំមាក់ងាយនូវតួនាទីរបស់កម្ពុជាផងដែរ។ សុំទុកឱកាសឲ្យខ្ញុំធ្វើសិន ខ្ញុំមិនទាន់ទាំងធ្វើផង អ្នកខ្លះថាអញ្ចេះ អ្នកខ្លះថាអញ្ចុះ។
ប្រហែលជាអ្នកមិនទាន់ស្គាល់នូវអ្វីដែលហៅថា ការចរចានោះទេ។ ខ្ញុំនិយាយដោយសើចសប្បាយថា អ្នកមិនទាន់ស្គាល់នូវរសជាតិនៃការចរចាបែបណា។ ក្នុងមួយជីវិតរបស់ខ្ញុំ ទោះបីខ្ញុំជាទាហាន របួសរហូតដល់ ៥ ដងឯណោះ ក៏ប៉ុន្តែខ្ញុំប្រើពេលវេលាក្នុងការចរចាច្រើនជាងការប្រយុទ្ធ។ ការចរចាដែលបានផលបំផុតគឺការចរចា(ក្រោមតុ)។ លើតុ គឺគ្រាន់តែយកមកប្រថាប់ត្រាទេ។ ក្រោមតុទើបវាសំខាន់។ អញ្ចឹងការជួបផ្ទាល់ជាមួយនឹងមេដឹកនាំនៅមីយ៉ាន់ម៉ា គឺវាសំខាន់ណាស់សម្រាប់ខ្ញុំ។ សុំកុំរំខានខ្ញុំ។ ទុកពេលវេលាឲ្យខ្ញុំធ្វើ។ ខ្ញុំមិនមែនធ្វើគ្រូអស់លោកអ្នកទេ។ ក៏ប៉ុន្តែអស់លោកអ្នកគួរតែកុំតាំងខ្លួនធ្វើជាគ្រូរបស់ខ្ញុំ។ តើខ្ញុំសុំប៉ុណ្ណឹងបានទេ? ខ្ញុំអត់មានតាំងខ្លួនធ្វើជាមេដឹកនាំ ឬគ្រូអាចារ្យប្រដៅអ្នកណាទេ។ តែសុំអ្នកដទៃទុកឱកាសឲ្យខ្ញុំធ្វើ … ហ្នឹងលើបញ្ហាមីយ៉ាន់ម៉ា។
សេចក្តីថ្លែងការណ៍អាស៊ាន ២០១២ ចេញមិនរួច ដោយការទាមទារដណ្តើមអធិបតេយ្យសមុទ្រចិនខាងត្បូង
ឯបញ្ហាទី ២ គឺបញ្ហា COC។ បើមិនសម្រេចបាននៅកម្ពុជាទេ សុំកុំបន្ទោសកម្ពុជា ដូចឆ្នាំ ២០១២។ ២០១២ បន្ទោសកម្ពុជាថា ចេញសេចក្ដីថ្លែងការណ៍មិនរួច។ តើអ្នកទាំងឡាយមានដឹងថា អ្វីនៅពីក្រោយ(ការ)ដែលចេញវាមិនរួចទេ? មួយ(ទាមទារ)ឲ្យទទួលស្គាល់ថា នេះជារបស់ប្រទេសនេះ។ មួយឲ្យទទួលស្គាល់ថាតំបន់នេះ ជាតំបន់របស់ប្រទេសនេះ។ ប្រធានអាស៊ានមិនមែនជាចៅក្រមកាត់សេចក្ដីទេ។ អញ្ចឹងបានជាចេញមិនរួច។ ខ្ញុំសូមបញ្ជាក់ មុនពេលដែលខ្ញុំកាន់ញញួរធ្វើប្រធានអាស៊ាន ខ្ញុំចង់ផ្ញើសារទៅកាន់ពិភពលោក សុំឲ្យស្គាល់ធាតុពិតនៃបញ្ហាឆ្នាំ ២០១២ ដែលចេញសេចក្ដីថ្លែងការណ៍មិនបាន។ អ្វីទៅនៅពីក្រោយ?
គឺចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្ដី ឲ្យប្រធានអាស៊ានកាត់សេចក្ដី ថាកោះនេះជារបស់ប្រទេសនេះ ដែនសមុទ្រនេះជារបស់ប្រទេសនេះ។ តើប្រធានអាស៊ានមានសិទ្ធិធ្វើទេ? សូមជូនទៅអ្នកវិភាគនយោបាយ មិនសំដៅតែក្នុងប្រទេសទេ គឺអ្នកវិភាគក្រៅប្រទេស ឬអ្នកសរសេរអត្ថបទកាសែតធំៗ ឲ្យបានដឹង។ អ្នកអត់ដឹងថា អ្វីដែលវាកើតឡើងនៅពេលនោះទេ។ មិនមែនកម្ពុជាការពារចិនទេ ប៉ុន្តែមកពីប្រទេសដែលដណ្ដើមអធិបតេយ្យលើសមុទ្រចិនខាងត្បូង ទាមទារឲ្យប្រធានអាស៊ានចេញសេចក្ដីប្រកាសទទួលស្គាល់កោះនេះជាកោះរបស់ប្រទេសនេះ ដែនសមុទ្រនេះជាដែនសមុទ្ររបស់ប្រទេសនេះ។ ខ្ញុំសូមបញ្ជាក់ជូនឲ្យហើយ។ ម៉េចមកបន្ទោសកម្ពុជា?
ជាមួយប្រទេសអាស៊ាន សាធារណរដ្ឋប្រជាមានិតចិន ខិតខំសំរេចអោយបាន COC
ឥឡូវសូមបញ្ជាក់ទុកមុនឲ្យហើយ ខ្ញុំនឹងខិតខំរួមជាមួយប្រទេសអាស៊ានដទៃទៀត រួមជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើការចរចាសម្រេចនូវ COC មួយដែលមានប្រសិទ្ធភាពទទួលយកបាន។ វាក៏ជាខួបនៃការចុះហត្ថលេខាលើ DOC សេចក្ដីថ្លែងការណ៍នៃភាគីសមុទ្រចិនខាងត្បូង ខួប ២០ ឆ្នាំ។ អញ្ចឹងបើសិនជាវាកើត COC នៅទីក្រុងភ្នំពេញទៀត ចុះហត្ថលេខាបាននៅទីក្រុងភ្នំពេញ គឺកម្ពុជាសប្បាយចិត្តណាស់ … ត្រង់ថា កាល DOC ក៏វាកើតនៅភ្នំពេញ COC ក៏វានឹងកើតនៅភ្នំពេញ។ RCEP គេហៅភាពជាដៃគូសេដ្ឋកិច្ចជ្រុងជ្រោយរបស់តំបន់ វាក៏បានចេញពីទីក្រុងភ្នំពេញ ហើយចូលជាធរមាននៅពេលដែលកម្ពុជាធ្វើប្រធានអាស៊ានឡើងវិញ។ ប្រកាសចេញពីទីក្រុងភ្នំពេញទេតើ RCEP ហ្នឹង …។
មូលហេតុងាយយល់។ រួចចុះប្រទេសដទៃទៀតដែលធ្វើប្រធានអាស៊ានមុនកម្ពុជា ម៉េចក៏ធ្វើមិនបាន។ ហេតុអីដល់កម្ពុជា មកបន្ទោសកម្ពុជា? និយាយគ្នាទុកឲ្យហើយកន្លែងហ្នឹង។ ក្នុងហ្នឹងរាប់ទាំងប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ដែលជាប្រទេសពាក់ព័ន្ធ ធ្លាប់ធ្វើប្រធានអាស៊ាន ដោះមិនចេញ ហើយមកដល់កម្ពុជាដោះមិនចេញ ជេរកម្ពុជាបណ្ដោយ។ អញ្ចឹងបានការមិនសប្បាយចិត្តរបស់ខ្ញុំនៅត្រង់ថា ឆ្នាំ ២០១០ វៀតណាមធ្វើប្រធានអាស៊ាន ២០១១ ឥណ្ឌូនេស៊ី កាលនោះឥណ្ឌូនេស៊ីស្នើសុំធ្វើមុន ព្រោះគាត់ឆ្នាំ ២០១៣ បោះឆ្នោត។ អញ្ចឹង ២០១២ មកដល់កម្ពុជា។ ដល់ ២០១២ មកដល់កម្ពុជា មកទម្លាក់កំហុសមកលើកម្ពុជាបណ្ដោយ តើគេបានដឹងថាអ្វីទៅនៅពីក្រោយខ្នងដែលបញ្ហាដោះមិនចេញ? សុំកុំឲ្យកម្ពុជាក្លាយទៅជាចៅក្រមកាត់សេចក្ដីលើជម្លោះដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។ គោលជំហរកម្ពុជាមិនផ្លាស់ប្ដូរទេ។
អនុវត្តពេញលេញ DOC, ប្រទេសពាក់ព័ន្ធសំរបសំរួលគ្នា, ខិតខំសំរេចអោយបាន COC
គោលជំហររបស់កម្ពុជា ដែលសូមបញ្ជាក់ឡើងវិញ ដែលចាប់ផ្ដើមពីមុនមក៖
ទីមួយ ត្រូវគោរពអនុវត្តដោយពេញលេញនូវ DOC គឺអ្វីដែលបានចុះហត្ថលេខានៅភ្នំពេញ មានតាំងពីបញ្ហាសេរីភាពនាវាចរ សេរីភាពនៃការហោះហើរ ការគោរពច្បាប់ រាប់ទាំងច្បាប់សមុទ្រ ១៩៨២។ ហ្នឹងគឺថា គោលជំហររបស់កម្ពុជា អំពាវនាវឲ្យអនុវត្តឲ្យបានត្រឹមត្រូវនូវ DOC។
ទីពីរ សុំប្រទេសពាក់ព័ន្ធសម្របសម្រួលគ្នា ព្រោះអាស៊ានគ្មានសិទ្ធិទៅវាស់ដីចែកជូនទេ។ ឧទាហរណ៍៖ ព្រំប្រទល់វៀតណាម-ចិន ដោះស្រាយជាមួយវៀតណាម-ចិនទៅ។ ខ្ញុំសូមបញ្ជាក់ ប្រទេសដែលខ្ញុំចង់និយាយ ប្រទេសពាក់ព័ន្ធមិនមែនសំដៅប្រទេស ដែលពាក់ព័ន្ធជាមួយចិនទេ។ សមុទ្រចិនខាងត្បូងពោរពេញទៅដោយភាពចម្រុះនៅក្នុងហ្នឹង។ ករណីវៀតណាម និងម៉ាឡេស៊ី ប៉ុន្មានខែមុននេះ ម៉ាឡេស៊ីចាប់នាវានេសាទរបស់វៀតណាម ដោយចោទថា (វៀតណាម)រំលោភលើដែនទឹករបស់ម៉ាឡេស៊ី។
គ្រាន់តែនៅក្នុងចំណុចមួយហ្នឹង ចិនក៏ថារបស់គាត់ វៀតណាមក៏ថារបស់គាត់ ហ្វីលីពីនក៏ថារបស់គាត់ ម៉ាឡេស៊ីក៏ថារបស់គាត់។ អញ្ចឹង បានជាយើងអត់សុំអ្វីធំទេ សុំថា អស់លោកនៅជាប់គ្នា អស់លោកពាក់ព័ន្ធជាមួយគ្នា អស់លោកដោះស្រាយជាមួយគ្នា អស់លោកនិយាយគ្នាបានតើ។ ដូចជាវៀតណាម និងចិន ដោះស្រាយជាមួយគ្នាបានច្រើនណាស់។ ខ្ញុំសូមអបអរសាទរ។ ព្រំដែនគោកគាត់ដោះស្រាយបានទាំងអស់ ព្រំដែនទឹកគាត់ដោះស្រាយបានភាគច្រើន។ ក្នុងសេចក្តីថ្លែងការណ៍វៀតណាម-ចិន មានចំណុចពិសេសមួយត្រង់ថា ចំណុចណាទាក់ទងនឹងទ្វេភាគី ដោះស្រាយដោយទ្វេភាគី ចំណុចណាមានការពាក់ព័ន្ធដោយច្រើនភាគី ដោះស្រាយដោយពហុភាគី។
ខ្ញុំសូមលើកទឹកចិត្តអោយបណ្តាប្រទេស ដែលមានការពាក់ព័ន្ធដោះស្រាយជាមួយគ្នា។ អាស៊ាន ឬអង្គការសហប្រជាជាតិ ក៏គ្មានសិទ្ធិទៅវាស់ដីជូនដែរ។ លើការជាក់ស្តែង កម្ពុជាដោះស្រាយព្រំដែនជាមួយវៀតណាម ដោះស្រាយព្រំដែនជាមួយឡាវ ដោះស្រាយព្រំដែនជាមួយថៃ គឺដោះស្រាយដោយទ្វេភាគីនោះឯង អត់មានអ្នកណាមកដោះស្រាយជំនួសនោះទេ។ ទោះបីមានអ្វីកើតឡើង វាអត់ទៅហៅអ្នកណាមកដោះស្រាយបាន។ បទពិសោធន៍ (ឆ្នាំ) ២០០៨, ២០០៩ និងឆ្នាំ ២០១១ បើកទ្វារទៅដល់ក្រុមប្រឹក្សាសន្តិសុខ យើងជាមួយថៃជំនាន់ Abhisit Vejjajiva កម្ពុជាស្នើសុំក្រុមប្រឹក្សាសន្តិសុខប្រជុំ។ ប៉ុន្តែសួរថា ក្រុមប្រឹក្សាសន្តិសុខគាត់មកវាស់ដីអោយយើងទេ? គាត់ប្រគល់តួនាទីអោយអាស៊ាន, អាស៊ាននាំមុខដោយឥណ្ឌូនេស៊ី ត្រូវបញ្ជូនកម្លាំងមកយ៉ាងម៉េចអីយ៉ាងម៉េច។ មកអត់បាន(ការអី) វាស៊ីសងលើយើងទាំងពីរនាក់។ ទីចុងបំផុតពីរនាក់យើងនិយាយត្រូវគ្នា។ អើ! តំបន់ហ្នឹងដកទ័ពរៀងខ្លួនទៅ ដាក់តែកម្លាំងប៉ូលីសបានហើយ។ ដល់សុំអោយតុលាការបកស្រាយសាលក្រមឡើងវិញ តុលាការបកស្រាយឡើងវិញថា ចំណុចអញ្ចេះៗ ប៉ុន្តែតុលាការហ្នឹងមានវាស់ដីអោយយើងទេ? (វា)ស៊ីសងលើយើងពីរនាក់នេះដោះស្រាយជាមួយគ្នា រឿងវាប៉ុណ្ណឹងឯង។
កុំអោយសមុទ្រចិនខាងត្បូងក្លាយជាដុំថ្មក្តៅ តែជាដំឡូងក្តៅ
ខ្ញុំសង្ឃឹមថា ការពន្យល់របស់ខ្ញុំនេះ វាជាការពន្យល់មួយ មិនមែនការពារខ្លាចថាគេវាយប្រហារនៅពេលខ្លួន ធ្វើជាប្រធានដោះស្រាយបញ្ហា COC មិនចេញទេ។ ប៉ុន្តែ ត្រូវនិយាយគ្នាអោយច្បាស់មុនដែរ។ បើចេញវាល្អ តែបើមិនចេញទេ សុំកុំបន្ទោស។ ខ្ញុំនឹងខិតខំរួមជាមួយសមាជិកដទៃទៀតរបស់អាស៊ាន ដើម្បីចរចាជាមួយចិន។ ក្នុងពេលប្រជុំអាស៊ាន-ចិន នាយករដ្ឋមន្ត្រីចិន Li Keqiang ក៏បានសន្យារួចហើយថានឹងជម្រុញការចរចានេះ។ ពេលដែលយើងធ្វើខួបអនុស្សាវរីយ៍ នៃភាពជាដៃគូអាស៊ាន-ចិន ប្រធានាធិបតី Xi Jinping ក៏បានអះអាង អំពីការខិតខំប្រឹងប្រែង ដើម្បីសម្រេច។ យើងជាអាស៊ាន យើងត្រូវខិតខំរួមជាមួយចិន ដើម្បីពន្លឿនការចរចា។ តាមយោបល់ខ្ញុំ យើងគួរតែវេចបាយស៊ីចរចាតែម្តង។ អាចថា អាស៊ានទៅប្រទេសចិនកន្លះខែ វេចបាយស៊ី កុំជួបគ្នា ៣ ម៉ោង រួចហើយបែកគ្នា ៥ ខែ។ បើថាគ្មានកន្លែងទេ កម្ពុជាសុំយក Hyatt Regency នេះ ធ្វើជាកន្លែងចរចា … កម្ពុជាប៉ាវតែម្តង។ (កម្ពុជា)ក្រ តែថ្លើមធំណាស់ ដើម្បីជួយដោះស្រាយមិត្តភក្តិ។ កុំអោយបញ្ហាសមុទ្រចិនខាងត្បូងក្លាយទៅជាដុំថ្មក្តៅ អោយទៅជាដំឡូងក្តៅល្អជាង។ សូមកុំបោះដុំថ្មក្តៅអោយ ហ៊ុន សែន កាន់ សូមមេត្តាបោះដំឡូងក្តៅអោយខ្ញុំវិញ។ ដំឡូងក្តៅវាក្តៅតែមួយភ្លែត តែបន្តិចទៅយើងអាចទទួលទានវាបាន ប៉ុន្តែដុំថ្មក្តៅដូចឆ្នាំ ២០១២ អញ្ចឹង បោះដុំថ្មក្តៅអោយយើងកាន់។
ខ្ញុំសុំតែពីរហ្នឹងទេ។ បើដោះស្រាយមិនចេញទេ សុំកុំជេរខ្ញុំ/កម្ពុជា។ ខ្ញុំតំណាងអោយកម្ពុជា។ ចំណុចទី ២ គឺភាគីពាក់ព័ន្ធត្រូវធ្វើការខិតខំសម្របសម្រួលគ្នា។ ឯចំណុចទី ៣ ខិតខំសម្រេចនូវ COC ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងអោយបាន … អញ្ចឹង គោលជំហរកម្ពុជាមាន ៣ ចំណុច តើវាសមហេតុ/ផលរឺអត់? ទី (១) អនុវត្តអោយបានខ្ជាប់ខ្ជួនលើ DOC។ ទី (២) ប្រទេសដែលជាប់ការពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នា។ ទី (៣) ខិតខំសម្រេច COC អោយបាន។ តើគោលជំហរ ៣ ចំណុចនេះវាខុសអ្វីទៅ? អ្នកដទៃទៀតប្រកាសចេញគោលជំហររបស់ខ្លួនមក។ ខ្ញុំគិតថា គោលជំហររបស់ប្រទេសដទៃ មិនខុសពីគោលជំហររបស់កម្ពុជាទេ។ តើហ៊ានប្រកាសថា ត្រូវតែវាយគ្នានៅសមុទ្រចិនខាងត្បូងទេ? ប្រកាសចេញមក អោយវាឆាប់ស្រួលស្តាប់។ ស្អីឡើងកម្ពុជាកៀកចិន រហូតដល់ដាក់ទណ្ឌកម្មកម្ពុជាអញ្ចេះអញ្ចុះ។
ខិតខំសម្របសម្រួលធ្វើអោយសភាពការណ៍នៅមីយ៉ាន់ម៉ាធូរស្រាល
ខ្ញុំនិយាយនេះជាការជូនសារមួយមុនពេល ១៥ ថ្ងៃ នៃការចូល(កាន់)តំណែងពេញលេញក្នុងនាមជាប្រធាន អាស៊ានប្តូរវេន។ សង្ឃឹមថា បណ្តាអគ្គរដ្ឋទូតអាស៊ាននៅទីនេះ ជូនគោលជំហរបស់ខ្ញុំនេះទៅកាន់មេដឹកនាំ របស់ខ្លួន។ ប៉ុន្តែ ខ្ញុំគិតថា សម្លេងរបស់ខ្ញុំមិនចាំបាច់ត្រូវការបកប្រែទេ។ ខ្ញុំនិយាយនៅទីនេះ អ្នកសរសេរកាសែតធំៗបកប្រែចេញត្រឡប់មកវិញ។ មិនចាំបាច់យើងបកប្រែទេ។ អញ្ចឹង ការជូនសារនេះសុំអោយចាំ។ យើងនឹងខិតខំសម្របសម្រួលធ្វើអោយសភាពការណ៍នៅមីយ៉ាន់ម៉ាធូរស្រាល។ កុងសង់ស៊ីល ៥ ចំណុច គឺជាស្នូលនៃសកម្មភាពរបស់ប្រធានអាស៊ាន។ ក្នុងចំណោមការខិតខំនោះ ត្រូវអោយអាស៊ានមានកុងសង់ស៊ីស ដែលហៅថា កុងសង់ស៊ីស ទាល់តែអាស៊ាន ១០។ អាស៊ាន ៩ មិនអាចហៅថាកុងសង់ស៊ីសបានទេ។ យើងចេះតែហៅបាន ក៏ប៉ុន្តែ វាខុសជាមួយនឹងធម្មនុញ្ញអាស៊ាន។ អញ្ចឹង អាស៊ានត្រូវតែស្តារឡើងវិញ។
ឥឡូវ អោយអ្នកណាមួយបកស្រាយធម្មនុញ្ញអាស៊ានអោយខ្ញុំស្តាប់ទៅមើល តើអាស៊ានវា ១០ ឬអាស៊ាន ៩, អាស៊ាន ៨, អាស៊ាន ៧ សុំបកស្រាយ។ យន្តការអាស៊ាន មិនមែនជាយន្តការរបស់អង្គការសហប្រជាជាតិទេ។ អង្គការសហប្រជាតិមានគណៈកម្មការពិនិត្យសារតាំង ហើយក្នុងករណីមានការដណ្តើមកៅអីគ្នា គេអាចមានការបោះឆ្នោត ដូចជាករណីកម្ពុជាលើការបោះឆ្នោតដណ្តើមអាសនៈគ្នា តែយើងមិនដែលបោះឈ្នះខ្មែរក្រហមទេ។ ប្រទេសដែលតាំងខ្លួនលទ្ធិប្រជាធិបតេយ្យគាំទ្រអាសនៈខ្មែរក្រហម។ យើងមិនដែលបោះឆ្នោតឈ្នះខ្មែរក្រហមទេ។ សូមមើលកំណត់ត្រាតាមប្រទេសទៅ បោះឆ្នោតអោយអ្នកណាពេលហ្នឹង? ខ្លះក៏បោះអនុបវាទ ប៉ុន្តែភាគច្រើនបោះអោយកម្ពុជាប្រជាធិបតេយ្យនៅអង្គការសហប្រជាជាតិ។ នៅក្នុងអាស៊ាន អត់មានកន្លែងណាមួយចែងអំពីការបោះឆ្នោតទេ។ ត្រូវយល់គ្នាអញ្ចេះ។ ប្រធានអាស៊ានកោះប្រជុំ គឺគ្រាន់តែសម្របសម្រួលពេលវេលា ខ្ញុំធ្វើទៅតាមធម្មនុញ្ញអាស៊ានតែប៉ុណ្ណោះ។ នេះជាលើកទី ៣ ហើយ ដែលខ្ញុំធ្វើជាប្រធានអាស៊ាន។
យើងធ្វើអ្វីក៏ដោយ ភាពសមហេតុ/ផល ទើបទទួលបានផល។ ការគោរពគ្នា គារផ្តល់តម្លៃអោយគ្នា។ កុំភ្លេចថា មីយ៉ាន់ម៉ាក៏ជាប្រទេសមួយ ជារដ្ឋឯករាជ្យមួយ។ ពេញចិត្ត ឬមិនពេញចិត្តជាមួយមេដឹកនាំ ប៉ុន្តែត្រូវតែធ្វើការជាមួយ។ សូម្បីតែអាហ្វហ្គានីស្ថាន តើប្រទេសប៉ុន្មានទទួលស្គាល់រដ្ឋាភិបាលតាលីបង់នៅអាហ្វហ្គានីស្ថានឥឡូវនេះ? សួរថា ចៀសវាងបានទេក្នុងការធ្វើការជាមួយអ្នកកាន់អំណាចនៅទីក្រុងកាប៊ុលសព្វថ្ងៃនេះ? ចៀសវាមិនរួច ត្រូវផ្តល់ជំនួយ ក៏ត្រូវផ្តល់ជំនួយទៅតាមហ្នឹង ត្រូវយកមនុស្ស ដែលចង់ចាកចេញ(ពីអាហ្វហ្គានីស្ថាន) ក៏ត្រូវមកតាមហ្នឹង។ ចៀសវាមិនរួច។
កម្ពុជាចង់ស្វែងរកចំណុចរួម ចំណុចខុសគ្នា ក្នុងបញ្ហា មីយ៉ាន់ម៉ា
ខ្ញុំគិតថា សាររបស់ខ្ញុំថ្ងៃនេះ ជាការចែករំលែកមួយ ដើម្បីអោយដឹងគ្នាជាមុន អំពីការត្រៀមរៀបចំខ្លួនក្នុងការអនុវត្តនូវតួនាទីជាប្រធានអាស៊ាន ដោយចាប់ផ្តើមពីដំណើររបស់ខ្ញុំទៅ។ ខ្ញុំសូមបញ្ជាក់ថា បេសកជន ខ្ញុំនឹងតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើជាបេសកជនរបស់ប្រធានអាស៊ាន។ ក្នុងនោះ ខ្ញុំក៏បានត្រៀមអ្នកជួយការងារអោយឯកឧត្តម ប្រាក់ សុខុន គឺមានឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលជាមនុស្សម្នាក់ដើរជាប់ខ្ញុំ ចរចារហូតបញ្ចប់ដំណាក់កាល។ យើងចង់ស្វែងរកចំណុចណា ដែលជាចំណុចរួម ចំណុចណា ដែលជាចំណុចខុសគ្នា។ បទពិសោធន៍របស់ខ្ញុំ គឺបទពិសោធន៍នៅកន្លែងហ្នឹងឯង។ ដំបូងស្វែងរកនូវចំណុចរួមសិន កន្លែងណារួម ដែលវាត្រូវគ្នា កន្លែងណា ដែលវាខុសគ្នា។ ប៉ុន្មានភាគរយត្រូវគ្នា ប៉ុន្មានភាគរយខុសគ្នា។ ក្នុងប៉ុន្មានភាគរយ ដែលខុសគ្នាហ្នឹង តើអ្វីទៅដែលងាយស្រួលក្នុងការដោះស្រាយ។ ត្រូវចាប់ផ្តើមពីអាងាយស្រួលមុន ទុកអាលំបាកក្រោយ ដើម្បីយើងបង្រួញ ឧទាហរណ៍ថា ៧០% ត្រូវគ្នា នៅសល់ ៣០% ក្នុង ៣០% មាន ១០% គឺពិបាកជាងគេ។ អញ្ចឹង ត្រូវដោះស្រាយអា ២០% ដែលងាយស្រួលដោះស្រាយមុន កុំទៅចាប់ផ្តើមដោះអា ១០% គឺវាគាំងអានេះ។
ទុកឱកាសអោយខ្ញុំធ្វើសិន, បើខ្ញុំមិនទាន់ធ្វើផងចាប់ផ្តើមទិតៀនទៅហើយ?
សារថ្ងៃនេះ អាស៊ានក៏ស្តាប់បាន ចិនក៏ស្តាប់បាន បណ្តាដៃគូដទៃទៀតក៏ស្តាប់បាន។ អញ្ចឹង ខ្ញុំសូមអង្វរក សូមទុកឱកាសអោយខ្ញុំធ្វើ។ បើខ្ញុំមិនទាន់ធ្វើផង ចាប់ផ្តើមទិតៀនទៅហើយ។ ថាទៅហ្នឹងដូចជាទៅទទួលស្គាល់រដ្ឋាភិបាលយោធា។ ឥឡូវ ខ្ញុំសូមតាំងជាសំណួរ បើខ្ញុំមិនទៅទេ តើអ្នកណាទៅនិយាយជាមួយ។ បើសូម្បីតែបេសកជនទៅអត់បាន? ភ្នំវាមិនអាចជួបគ្នាបានទេ តែមនុស្សវាអាចជួបគ្នាបាន។ និយាយគ្នាអញ្ចេះ។ បើទុកអាស៊ានខ្លួនឯងនៅសល់តែអាស៊ាន ៩ អ្វីទៅដែលហៅថាមជ្ឈភាពរបស់អាស៊ាន? អ្វីទៅដែល ហៅថាសាមគ្គីភាពរបស់អាស៊ាន? តើអាស៊ានគ្រប់ទឹកទេ? អាស៊ានវាមិនគ្រប់ទឹក និយាយអញ្ចេះមួយបែបទៅ។ បើថាផ្ទះមានសសរ ១០ វាបាក់សសរ ១ នៅសល់តែ ៩។ អញ្ចឹង តើហៅថាផ្ទះពេញលេញទេ? ខ្ញុំមិនសំដៅទៅលើអ្នកណាទេ ក៏ប៉ុន្តែ ខ្ញុំឃើញការធ្វើអត្ថាធិប្បាយបែបនេះ/នោះ ខ្លះក៏ដាក់ការទុកចិត្តហួស។
ប្រទេសមួយមិនអាចទទួលយកការបង្ខិតបង្ខំទេ
តាមអ្វីដែលយើងដឹង នៅមីយ៉ាន់ម៉ា ក៏មានផែនទីចង្អុលផ្លូវមួយដែរ។ ការបោះឆ្នោតនៅមីយ៉ាន់ម៉ា ក្នុងផែនទីចង្អុលផ្លូវរបស់រដ្ឋបាលបច្ចុប្បន្ននេះ ធ្វើនៅក្នុងខែសីហា ឆ្នាំ ២០២៣។ បើអញ្ចឹង ដំណាក់កាលនៃការសម្របសម្រួល វាត្រូវចាប់ផ្ដើមក្នុងឆ្នាំ ២០២២ និងឈានចូលទៅ ២០២៣ ព្រោះដំណាក់កាលចុងក្រោយរបស់វា គឺនៅត្រង់ការបោះឆ្នោតនោះឯង។ បើទោះបីយើងដាក់ការបង្ខំយ៉ាងម៉េចក៏ដោយ ប្រទេសមួយមិនអាចអោនក្បាលទទួលយកការបង្ខំទេ។ មានតែបង្កើតការជឿជាក់គ្នា និយាយគ្នាដោយត្រង់ៗ ទើបអាចធ្វើបាន។ កម្ពុជាទទួលបាននូវបទពិសោធន៍គ្រប់គ្រាន់ណាស់ទៅហើយ។ ពីការដែលគេហ៊ុមព័ទ្ធទណ្ឌកម្ម រហូតទៅដល់ទំនាក់ទំនងដ៏ទូលំទូលាយមួយ។ ខ្ញុំចង់ឲ្យអ្នកដទៃប្រកាសចេញនូវគោលជំហររបស់ខ្លួនសមុទ្រចិនខាងត្បូងជាអ្វី? សរុបគ្នាមក វានៅតែបីចំណុចដដែលហ្នឹង អត់ធ្មត់ អនុវត្ដឲ្យបានត្រឹមត្រូវ DOC ប្រទេសដែលមានការពាក់ព័ន្ធសម្របសម្រួលគ្នា ប្រឹងប្រែងសម្រេច COC ។ តើមានគោលជំហរទី ៤ ទី ៥ អត់? ប្រកាសចេញមក។ ត្រូវត្រៀមវាយគ្នា ដាក់អាវុធបន្ថែម អញ្ចឹងទេ? វាអត់មានអីលើសពីហ្នឹង ហើយមកទិតៀនតែកម្ពុជា។
សភាពការណ៍យ៉ាងម៉េចក៏ដោយ អាស៊ាននិងចិន នៅតែជាដៃគូកិច្ចសហប្រតិបត្ដិការល្អ
យើងបន់ស្រន់ធ្វើម៉េចឲ្យតែត្រូវគ្នាទៅ។ តុលាការអន្ដរជាតិ ឬអង្គការសហប្រជាជាតិ ឬអាស៊ាន គ្មានសិទ្ធិទៅវាស់ដីចែកឲ្យប្រទេសណាទេ មានតែប្រទេសដែលជាប់ពាក់ព័ន្ធនឹងកំណត់ថា ទីតាំងនេះយើងទៅបោះបង្គោលកន្លែងនេះៗ។ មានតែប្រទេសពាក់ព័ន្ធតែប៉ុណ្ណឹង។ អត់មានអ្នកណាទៅលូកដៃថា ត្រូវតែបោះកន្លែងនឹងកើតទេ។ ជាក់ស្ដែង យើងជាមួយថៃ បកស្រាយយ៉ាងម៉េច បកស្រាយទៅ ស៊ីសងលើយើងសម្របសម្រួលគ្នា។ ធ្វើបានពេលណាក៏ធ្វើទៅ។ ផ្ដល់ឱកាសឲ្យគ្នា ផ្ដល់ការទុកចិត្តឲ្យគ្នា។ ទីចុងបំផុតពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ ៧-៨ ពាន់លានដុល្លារនោះ។ ប៉ុន្ដែ ប្រសិនបើវាយគ្នា រឿងអីកើតឡើង? យើងជាមួយវៀតណាមកើនឡើងយ៉ាងខ្ពស់ (ទំហំពាណិជ្ជកម្ម) រហូតដល់ ៧ ពាន់លានដុល្លារ ដោយសារទំនាក់ទំនងយើងនិងវៀតណាមល្អ។ អញ្ចឹង ទំហំពាណិជ្ជកម្ម យើងនាំចេញទៅវៀតណាមកើនឡើងរហូតដល់ទៅ ៣០០% ។ ក្នុងសម័យកូវីដការនំាចេញរបស់យើងទៅវៀតណាមកើនឡើង ៣០០%។ អញ្ចឹង សេដ្ឋកិច្ចនៅប្រទេសជិតខាងគឺបំពេញឲ្យគ្នា។
បើវៀតណាម និង ចិន ទំហំពាណិជ្ជកម្មវៀតណាម និងចិនធំជាងវៀតណាមនាំចេញទៅអាមេរិកឬនាំទៅអឺរ៉ុប។ វៀតណាម និងចិនធ្វើពាណិជ្ជកម្ម ជាមួយគ្នាសំបើមណាស់។ អាស៊ាន និងចិនធ្វើពាណិជ្ជកម្មជាមួយគ្នា។ ពាណិជ្ជកម្មសេរី អាស៊ាន-ចិន គឺយើងរកស៊ីជាមួយគ្នា។ មានសង្គ្រាមនៅសមុទ្រចិនខាងត្បូង ការរកស៊ីជា មួយគ្នាក៏អត់ដែរ។ អញ្ចឹងបានជា យើងឃើញថាគួរឲ្យកោតសរសើរដែរ ទោះបីយ៉ាងម៉េចក៏ដោយ សភាពការណ៍យ៉ាងម៉េចក៏ដោយ អាស៊ាន-ចិន នៅតែជាដៃគូដ៏ល្អក្នុងកិច្ចសហប្រតិបត្ដិការ។ យើងបានសង្កេតឃើញពីបញ្ហាហ្នឹងអញ្ចឹង។
សូមកុំមកបង្ខំ កម្ពុជាឲ្យធ្វើនេះ ឲ្យធ្វើនោះ។ កម្ពុជាប្រហែលជាមានបញ្ញាគ្រប់គ្រាន់ល្មមធ្វើជាប្រធានអាស៊ានបានដែរ … សារនេះមិនមែនជាសារក្ដៅទេ សារត្រជាក់ទេ គ្រាន់តែខ្ញុំនិយាយឮតែប៉ុណ្ណឹងតើ។ ប៉ុន្ដែមើលខ្លឹមសារខ្ញុំមានអីទៅចាក់ដោត។ អត់ផង។ គ្រាន់តែថាបើ COC កើតហ្នឹង ទាំងអស់គ្នាសប្បាយទាំងអស់គ្នា។ ទាំងអាស៊ាន ទាំងចិន ទាំងដៃគូខាងក្រៅ សប្បាយទាំងអស់គ្នា។ ប្រសិនបើមិនអាចចុះហត្ថលេខាបានទេ សូមកុំដាក់កំហុសមកលើកម្ពុជាអី ដោយសារអ្នកធ្វើប្រធានអាស៊ានមុនកម្ពុជាហ្នឹង ក៏ធ្វើមិនទាន់ចេញដែរ។ អាចទៅចុះហត្ថលេខានៅឥណ្ឌូនេស៊ីនៅឆ្នាំ ២០២៣, ២០២៤ ឬទៅចុះបន្ទាប់ពីឥណ្ឌូនេស៊ីទៅ នៅឡាវ។ ប៉ុន្ដែ ខ្ញុំសង្ឃឹមទៅចុះថា ប្រឹងប្រែងដើម្បីសម្រេចនៅ ២០២២ ទៅ ព្រោះប្រើពេល ២០ ឆ្នាំ ហើយ ប៉ុន្ដែចាប់ផ្ដើមចរចាលើ COC គឺ ១០ ឆ្នាំ គត់ ក៏ល្មមគ្រប់គ្រាន់ដែរ។ RCEP ប្រើពេល ១០ ឆ្នាំចូលជាធរមាន។
កុំដាក់លក្ខខណ្ឌមុន អង្គុយជាមួយគ្នាឲ្យបានសិន
អរគុណណាស់ អនុញ្ញាតឲ្យខ្ញុំថ្លែងសារមុនពេលដែលភាពជាប្រធានអាស៊ានបានមកដល់ ក្នុងពេលដែលខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ ហើយមើលការលើកឡើងរបស់កាសែតធំៗមួយចំនួន រាប់ទាំងការទិតៀន ការធ្វើដំណើររបស់ខ្ញុំទៅកាន់មីយ៉ាន់ម៉ា។ ខ្ញុំសូមបកស្រាយថ្ងៃនេះ បើខ្ញុំមិនទៅ តើខ្ញុំនិយាយជាមួយពីណា? ចាត់ទុកថា ហ៊ុន សែន ទៅក្នុងនាមនាយករដ្ឋមន្ដ្រី ប៉ុន្ដែ មីន អ៊ុងឡាំង អញ្ជើញខ្ញុំទស្សនកិច្ចការងារតើ។ មិនមែនអញ្ជើញ(ក្នុងនាម)ប្រធានអាស៊ានឯណា។ ប៉ុន្ដែគេដឹងបានថា នាយករដ្ឋមន្ដ្រីកម្ពុជាពេលនោះពាក់សក្ដិអាស៊ានថែម។ ម្ខាងពាក់សក្ដិកម្ពុជា ម្ខាងពាក់សក្ដិអាស៊ាន។ អញ្ចឹង ខ្ញុំក៏មិនចាំបាច់ស្វែងរកកុងសង់ស៊ីសថា តើខ្ញុំគួរធ្វើអីទេ? ទុកឱកាសនេះឲ្យខ្ញុំ។ ខ្ញុំក៏មិនចាំបាច់ដាក់លក្ខខណ្ឌមុនថាទាល់តែខ្ញុំទៅជួបអ្នកនេះៗ ទើបខ្ញុំទៅដែរ។ មិនបាច់ទេ។ បើដាក់លក្ខខណ្ឌមុនចរចាមិនចេញទេ។ ដែលហៅការចរចាមួយ សូមយកពិសោធន៍ខ្ញុំខ្លះទៅ។ កុំដាក់លក្ខខណ្ឌទុកជាមុន។ ធ្វើម៉េចអង្គុយជាមួយគ្នាឲ្យបានសិន ចាំនិយាយជាមួយគ្នាទៅ។ ដាក់លក្ខខណ្ឌទុកជាមុនអត់ជួបគ្នាបានទេ។
អរគុណក្រុមហ៊ុន ជីប ម៉ុង
អរគុណចំពោះ ក្រុមហ៊ុន ជីប ម៉ុង ដែលអញ្ជើញខ្ញុំមកសម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារ Hyatt ព្រឹកនេះ ដែលជាការគោះជួងបញ្ជាក់ប្រាប់ប្រជាជនកម្ពុជា និងពិភពលោកថា កម្ពុជាបើកទ្វារទទួលទេសចរ ពីគ្រប់ទីកន្លែងមកកាន់ប្រទេសរបស់ខ្លួន។ យើងបានបើកសេដ្ឋកិច្ចឡើងវិញជាមួយនឹងភាពជឿជាក់លើភាពស៊ាំសហគមន៍នៃវ៉ាក់សាំង ព្រមទាំងការអនុវត្ដនូវវិធានការសុខាភិបាល។ យើងបន្ដអនុវត្ដនូវទាំងអស់គ្នា។ សូមកោតសរសើរជាមួយការចំណាយទឹកប្រាក់ ១៨០ លាន ដុល្លារ ជាមួយសណ្ឋាគារមួយ ដែលរួមចំណែកបង្កើតការងារធ្វើ បង់ពន្ធ និងផ្ដល់សេវាដទៃទៀត ហើយក៏ជាផ្នែកមួយនៃការលម្អទីក្រុងភ្នំពេញបង្កើននូវស្ថានភាពទីក្រុងភ្នំពេញឲ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ អ្នកឧកញ៉ា លោកឧកញ៉ា ដែលជាប្រធានក្រុមហ៊ុននានា ថ្ងៃនេះក៏ជុំគ្នាល្អ។ ស្ថានភាពដ៏ល្អប្រសើររបស់ប្រទេសយើង មិនត្រូវថយក្រោយណាមួយ ដោយការបំផ្លាញដល់សន្ដិភាពជាមួយនឹងការប្រកាសដាក់សម្ពោធដាក់ឲ្យប្រើប្រាស់សណ្ឋាគារ Hyatt Regency ភ្នំពេញ ខ្ញុំសូមប្រសិទ្ធពរជូនសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕