សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ផ្នែកសួរឆ្លើយក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភា
សំណួរ៖ … អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ ទ្រង់បានបន្សល់នូវមរតកនៃការបង្រួបបង្រួមជាតិខ្មែរ ដោយឡែកសម្ដេចក៏បានបន្សល់នូវមរតកស្ថិរភាពនយោបាយនិងសន្ដិភាព … តើសម្ដេចចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីនេះ ដឹកនាំប្រទេសជាបរិបទអ្វីដែលអាចបន្សល់សំរាប់ប្រទេសកម្ពុជានៅរយៈពេល ៥ ឆ្នាំ ឬ ១០ ឆ្នាំខាងមុខនេះ។ ចំលើយ៖ សូមអរគុណ។ នេះពិតជាសំណួរល្អ។ ប្រសិនបើយើងនិយាយពីសម្ដេចឪ យើងនិយាយពីឯករាជ្យជាមរតកធំបំផុតរបស់ព្រះអង្គចំពោះប្រទេសជាតិ និងការកសាងរីកចំរើននៅក្នុងទសវត្ស ៦០។ បើនិយាយពីមរតកបច្ចុប្បន្ន គេចូលចិត្តនិយាយពីសនិ្ដភាពនិងស្ថិរភាព ដែលអ្នកជំនាន់នេះរក្សាទុកឲ្យអ្នកជំនាន់បន្ដវេន។ លោកបានតាំងសំណួរថា ចង់ឃើញអ្នកដឹកនាំជំនាន់ថ្មីបន្សល់ទុកអ្វីខ្លះសំរាប់កម្ពុជា? ខ្ញុំចង់ឃើញពីរចំណុចសំខាន់។ ចំណុចទី១ ខ្ញុំចង់ឃើញអ្នកបន្ដវេនជំនាន់ក្រោយបន្ដរក្សានូវសន្ដិភាព និងស្ថិរភាពខាងនយោបាយឲ្យបានតទៅទៀត។ នេះជាចំណុចទី១ ជាមូលដ្ឋានគ្រឹះ។ ចំណុចទី២ ដែលខ្ញុំចង់ឃើញនោះ សំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់តាមការគ្រោងទុក ហើយឈានទៅដល់ប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្ដង។ អត្រានៃភាពក្រីក្របើវាមិនដល់កម្រិតសូន្យទេក៏ឲ្យបានទាបបំផុត។ នេះជាអ្វីដែលខ្ញុំចង់ឃើញថាជំនាន់នេះពួកគេនឹងខិតខំធ្វើនូវកិច្ចការងារ២នេះ។ បញ្ជាក់ឡើងវិញ យើងទុកមរតកឲ្យគេអំពីសន្ដិភាពនិងស្ថិរភាពនយោបាយ។ យើងក៏ចង់ឲ្យពួកគេបន្ដរក្សានូវសន្ដិភាពនិងស្ថិរភាពនយោបាយជាបន្ដទៅទៀត។ ឯមួយទៀតចង់ឲ្យពួកគេសំរេចឲ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់។ អត្រានៃភាពក្រីក្រត្រូវកាត់ទំលាក់ឲ្យដល់សូន្យ ឬក៏ទាបបំផុត នោះហើយជាមរតកដែលយើងចង់បាន។ បន្ថែមលើនោះ យើងក៏ចង់ឃើញអ្វីៗ(ថ្មី)កើតឡើងបន្ថែមលើសមិទ្ធផលចាស់ ដែលយើងបានបង្កើតឡើងនៅទីនេះ រាប់ទាំងការប្រែប្រួលអំពីស្ថានភាពបរិយាកាសសង្គមផងដែរ។ កម្រិតអប់រំរបស់ប្រជាជនមានកម្រិតកាន់តែខ្ពស់ឡើង…