សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មក

កម្លាំងជួរមុខទាំងអស់ត្រូវមានការអត់ធ្មត់ ព្រោះពួកឈ្លានពានកំពុងប្រើអាវុធគ្រប់ប្រភេទបាញ់មកលើយើងតាំងពីថ្ងៃម្សិល យប់ម៉ិញ និងព្រឹកនេះ ក្នុងគោលបំណងទាញយើងឲ្យតបត ដើម្បីបំផ្លាញចោលបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍សន្តិភាពកម្ពុជា-ថៃ។ បន្ទាត់ក្រហមដែលត្រូវតបតបានកំណត់រួចហើយ សូមមេបញ្ជាការគ្រប់ជាន់ថ្នាក់អប់រំបងប្អូននាយទាហាន ពលទាហានយល់ដឹងគ្រប់ៗគ្នា។ សូមអាជ្ញាធរគ្រប់ជាន់ថ្នាក់ ខិតខំជួយដល់ប្រជាជនដែលភៀសសឹកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់មានសុវត្ថិភាព។ ខ្ញុំបានលុបចោលកម្មវិធីការងារផ្សេងទៀតអស់ហើយ ដើម្បីមករួមជាមួយនាយករដ្ឋមន្ត្រីបញ្ជាលើកម្លាំងប្រដាប់អាវុធទប់ទល់ជាមួយការឈ្លានពាន។ សូមការយោគយល់ពីភ្ញៀវជាតិ និងអន្តរជាតិដែលមិនអាចជួបខ្ញុំបាន។ សូមកីឡាករ កីឡាការិនីដែលទៅចូលការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃចូលរួមការប្រកួតជាធម្មតា៕

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ

តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។ យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។ ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។ ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ។ សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។ ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។ ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៊ី? សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ចូលជួបសម្តែងការគួរសម។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោបានចាត់ទុកវត្តមានឯកឧត្តមនាយករដ្ឋមន្ត្រីមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសនេះ គឺជាច្រកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនង រវាងកម្ពុជា និងកុំមិនវែលដូមីនីក ដើម្បីឲ្យមានភាពរីកចម្រើនបន្ថែមទៀត រវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះសម្តេចតេជោ ដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបសម្តែងការគួរសមនៅពេលនេះ។ ឯកឧត្តមបានលើកឡើងថា កាលពេលឯកឧត្តមនៅជានិស្សិត ឯកឧត្តមបានសិក្សាអំពីប្រវត្តិរបស់សម្តេចតេជោ ដែលបានតស៊ូជាច្រើនក្នុងការ រំដោះប្រទេសកម្ពុជា ក៏ដូចជាការដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ឯកឧត្តមបានកោតសរសើរសម្តេចតេជោយ៉ាងខ្លាំង ចំពោះភាពជាអ្នកដឹកនាំ ដែលឯកឧត្តមបានហៅសម្តេចតេជោថា ជាស្ថាបត្យកររបស់កម្ពុជា ដែលនាំកម្ពុជាឲ្យមានសន្តិភាព និងមានភាពរីកចម្រើន…