សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព គឺបានតបត
ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព ល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះ។ តាមនាយករដ្ឋមន្ត្រីថៃ អនុធីន បានប្រកាសថានឹងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។ យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។ ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់។ សម្រាប់មេទ័ពថៃបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង។ សម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធ និងកងទ័ពនៅលើពិភពលោកនេះទៅទៀត។ យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់ របស់អស់លោកទេ។ ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្រ្គាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្ត វាយតបតដើម្បីការពារទឹកដីយើង៕


