សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលនិងចែកពូជស្រូវជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្ត ព្រៃវែង
(១) ខេត្តព្រៃវែងរងគ្រោះមុនគេ តែមានកិច្ចការងារមួយចំនួនត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាប, មិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលមិនបានដឹងនិងមិនបានដោះស្រាយ, ទឹកអត់លិចមានបញ្ហាអត់ដីល្បាប់ សត្វចង្រៃមិនងាប់, យើងមានស្បៀងបម្រុងនិងមានពូជស្រូវជួយប្រជាពលរដ្ឋ ថ្ងៃនេះយើងជួបជុំគ្នាដើម្បីដោះស្រាយបញ្ហាដែលយើងកំពុងប្រឈម ជាពិសេសប្រជាជនជាង ៦ ពាន់គ្រួសារនៅទីនេះ។ មុននឹងបន្តទៅទៀត អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះដើម្បីពាំនាំសួរសុខទុក្ខពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចព្រះ(វរ)រាជមាតាជាតិខ្មែរ ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន។ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមចែករំលែកជាមួយបងប្អូនជនរួមជាតិទាំងអស់នូវការលំបាកទាំងឡាយដែលបងប្អូនបានជួបប្រទះ។ ថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃវត្តមានរបស់ខ្ញុំនៅតាមបណ្តាខេត្តដែលបានជួបប្រទះការលិចលង់។ ការពិតទៅខេត្តព្រៃវែង ក៏ជាខេត្តដែលរងគ្រោះមុនផងដែរ គួរតែខ្ញុំមកមុន ក៏ប៉ុន្តែយើងមានកិច្ចការងារមួយចំនួនដែលត្រូវធ្វើក្នុងបណ្តាខេត្តជុំវិញទន្លេសាបគឺជាខេត្តដែលមានសភាពធ្ងន់ធ្ងរជាង។ ដូច្នេះវត្តមានខ្ញុំនៅទីនោះ ជាមួយវត្តមាននៅទីនេះមិនមានអ្វីខុសគ្នាទេ ទោះបីមកយឺតប្រសើរជាងមិនមក។ ឱកាសនៃការជួបជុំនេះ ខ្ញុំសូមយកថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ដែលបានប្រឹងប្រែងជម្នះនូវការលំបាក ខិតខំជួយដោះស្រាយជាមួយការលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ក៏សូមថ្លែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចក្រឡាហោម ស ខេង ដឹកនាំដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំពិតជាមានការអរគុណ ចំពោះការខិតខំទាំងអស់របស់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលបានជួយដោះស្រាយបញ្ហាដែលមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយនោះឡើយ។ ឆ្នាំនេះ ដូចដែលឯកឧត្តម ជា សុមេធី អភិបាលខេត្តបានធ្វើរបាយការណ៍។ ទឹកវាមិនធំហួសហេតុពេកទេ ក៏ប៉ុន្តែវារាយប៉ាយគ្រប់ទីកន្លែង…